×
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមបើកកិច្ចប្រជុំ បូកសរុបការងារអគ្គនាយកដ្ឋានកៅស៊ូឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅអគ្គនាយកដ្ឋានកៅស៊ូ

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបាន​ចូលរួម​ពិធី​បើក​កិច្ច​ប្រជុំបូកសរុបការងារអគ្គនាយកដ្ឋានកៅស៊ូឆ្នាំ២០២២ និងលើកទិសដៅ២០២៣ អគ្គនាយកដ្ឋានកៅស៊ូ។

ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារនៃអគ្គនាយកដ្ឋានកៅស៊ូឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះសមិទ្ធផលដែល​សម្រេច​បាន​ និងស្នើឱ្យមន្ដ្រីនៃអគ្គនាយកដ្ឋានកៅស៊ូយកកិច្ចប្រជុំនេះ ជាឱកាសជួបជុំជាមួយវិស័យឯកជន ដើម្បីពិភាក្សានិងសហការ​គ្នាធ្វើ ផែន​ការខ្លី មធ្យម និងវែង ដើម្បីជំរុញប្រសិទ្ធភាពសេដ្ឋកិច្ចនិងការរីកចម្រើន។

សូមជម្រាបជូនផងដែរថា វិបត្តិសាកលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ចូលក្នុងកំណើនអវិជ្ជមាន -៣,១% ក្នុងឆ្នាំ២០២០ តែទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងងស់ពីកម្លាំងកាយចិត្ត ធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញគួរកត់សម្គាល់ ក្នុងអត្រាប្រមាណ ៥.៥% ក្នុងឆ្នាំ២០២២ ក្នុងនោះដែរវិស័យកៅស៊ូក៏បានអភិវឌ្ឍប្រកបដោយភាពប្រកួតប្រជែង និងអនុវត្តសម្រេចបានជោគ ជ័យ តាមគោលដៅនិងសូចនាករដែលបានគ្រោងទុកក្នុងផែនការយុទ្ធសាស្ត្រកៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០នៅកម្ពុជា។

គួរកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០២២ ផ្ទៃដីដាំកៅស៊ូសរុបទូទាំងប្រទេសមាន ៤០៤.៥៧៨ហិកតា ដែលក្នុងនោះផ្ទៃដីកៅស៊ូចៀវជ័រមាន ចំនួន ៣១៥.៣៣២ហិកតា ហើយការនាំកៅស៊ូចេញកៅស៊ូទៅបរទេសបានចំនួន ៣៧២.៩០០តោន ស្មើនឹង ៥២៨លានដុល្លា ដែលតម្លៃជ័រ កៅស៊ូជាមធ្យមក្នុងឆ្នាំ២០២២កន្លងទៅនេះគឺ ១.៤១៥ដុល្លាក្នុងមួយតោនទាបជាងឆ្នាំមុនប្រមាណ ១៥.៦%។ រីឯការនាំចេញឈើកៅស៊ូពីការ កាប់ ដើមកៅស៊ូចាស់ៗអស់ប្រសិទ្ធភាពសេដ្ឋកិច្ចមានចំនួនប្រមាណ ២៦.៤៨៩ម៉ែត្រគូប ស្មើនឹង៤.១លានដុល្លា។

ដើម្បីតម្រង់ទិសដៅការងារឆ្នាំ២០២៣ និងការលើកទិសដៅការងារអនុវត្តឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍នៅក្នុងទិសដៅថ្មី អាទិភាពសម្រាប់អនុវស័យកៅស៊ូត្រូវបានផ្តល់លើ៖
១.ការស្រាវជ្រាវពូជដែលផ្តល់ទិន្នផលល្អ ធន់នឹងអាកាសធាតុនិងជំងឺ
២.ការស្រាវជ្រាវនិងព្យាករណ៍ទីផ្សារ ដើម្បីដាក់ផែនការនិងរូបមន្តចៀរជ័រឲ្យចំស្ថានភាព
៣.ព្យាយាមជួយប្រជាកសិករកៅស៊ូគ្រួសារ ដើម្បីឲ្យពួកគាត់ទទួលបាននូវវិធីសាស្រ្តអាជីវកម្មប្រកបដោយប្រសិទ្ធភាព
៤.រៀបចំគោលនយោបាយសេដ្ឋកិច្ចកៅស៊ូ ដើម្បីគ្រប់គ្រងប្រកបដោយនិរន្តភាព៕

ព័ត៌មានចុងក្រោយ