×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែធ្នូ ឆ្នាំ២០២២

សម្រាប់​ខែធ្នូនេះ ស្ថានភាពកៅស៊ូធម្មជាតិនៅ​ប្រទេសកម្ពុជាបាន​បង្ហាញ​ថា ផ្ទៃដីកៅស៊ូសរុបមាន​ចំនួន​៤០៤ ៥៧៨ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន​៣១៥  ៣៣២ហិក​តា ស្មើនឹង​៧៨% និងផ្ទៃដីថែ​ទាំ​ចំនួន៨៩ ២៦៤ហិកតា ស្មើនឹង២២%។  ក្នុងខែនេះ ​បរិមាណ​ផលិតផលសរុប​មាន​ចំនួន៥៣ ០១៩​តោន បាន​កើនឡើងចំនួន​​១ ៤៦៧តោន (=+៣%) ធៀប​នឹងខែមុននិងបានកើនឡើងចំនួន២ ១២៨តោន (=+៤%) ធៀប​នឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមក​ដល់ខែ​នេះ បរិមាណផលិតផលសរុបមាន​​ចំនួន៣៨២ ០០០​តោន បានកើនឡើងចំនួន១៤ ០០០តោន (=+៤%) ធៀប​​​នឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ​២០២១។ ក្នុងខែនេះ បរិមាណ​បញ្ចេញលក់មានចំនួន៥០ ៣១៤តោន បានកើនឡើងចំនួន២ ១៩៥តោន (=+៥%) ធៀបនឹងខែមុន ​និងបានយចុះចំនួន២ ៥៣៩តោន (=-៥%) ធៀបនឹងខែដូចគ្នា​ក្នុង​ឆ្នាំ២០២១។​ រហូតមកដល់ខែនេះ បរិមាណបញ្ចេញលក់មានចំនួន៣៧២ ៩០០តោន បានកើនឡើងចំនួន៦ ៦០០តោន (=+២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះថ្លៃលក់ជាមធ្យមស្មើនឹង១ ២៣១US$/តោន មិនមានការកើនឡើងទេ បើធៀបនឹងខែមុន ប៉ុន្តែបានថយចុះចំនួន២៧៥US$/តោន (=-១៨%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់​ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៤១៥US$/តោន បានថយចុះ២២៥US$/តោន (=-១៤%) ធៀបនឹង​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២១។​

យោងតាមរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកដែលបានចុះបញ្ជីមានកំណើន ០,១% ដោយមានបរិមាណចំនួន១,៣៧៩លានតោន នេះជាកំណើនយឺតបំផុតនៅក្នុងផលិតកម្មប្រចាំឆ្នាំ។ ផ្ទុយទៅវិញ តម្រូវការកៅស៊ូធម្មជាតិពិភពលោកបានកើនឡើងក្នុងល្បឿនលឿនជាងគឺ ២,៥% ដែលមានបរិមាណចំនួន១,៣១១លានតោនក្នុងអំឡុងពេលយោងដូចគ្នានេះ។ ទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យាក៏ដំណើរការល្អប្រសើរផងដែរ ដោយសារតែថ្លៃកៅស៊ូឡើងខ្ពស់ជាងខែមុនៗ។

ថ្លៃកៅស៊ូនៅឆ្នាំ២០២២ បានកើនឡើងនិងធ្លាក់ចុះ ដោយសារតែជំងឺរាតត្បាតកូវិដ-19 និងភាពតានតឹងភូមិសាស្រ្តនយោបាយរវាងរុស្សីនិងអ៊ុយក្រែន បានបន្តបង្កបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចពិភពលោក ហេតុនេះយើងក៏មិនអាចដោះស្រាយបាននៅឆ្នាំ២០២៣ដែរ។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចត្រូវបានគេសង្កេតឃើញនៅបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពូលមួយចំនួននៅដើមឆ្នាំនេះ។ អ្នកសេដ្ឋកិច្ចភាគច្រើនកំពុងព្យាករថា សេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកជាងឆ្នាំ២០២២ ដោយសារតែការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដោយធនាគារកណ្តាលភាគច្រើន ការកើនឡើងថ្លៃជីវភាពនិងបញ្ហាបំណុល ការរំខានដែលបណ្តាលមកពីភូមិសាស្រ្តនយោបាយ និងជម្លោះហានិភ័យដែលអាចកើតមាននៃរលកមួយផ្សេងទៀតនៃជំងឺរាតត្បាតកូវិត-19។ ជាលទ្ធផល ធនាគារពិភពលោកក៏បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ គឺកំណើនសេដ្ឋកិច្ចពិភពលោកមានត្រឹមតែ ១,៧% បើធៀបនឹងការចេញកាលពី៦ខែមុន គឺ៣%៕

ព័ត៌មានចុងក្រោយ