×
សិក្ខាសាលាស្តីពីការវិវត្ដកៅស៊ូធម្មជាតិ នៅខេត្តកំពង់ធំ

ចាប់ពីថ្ងៃទី១៣ - ១៥ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ នៃអគ្គនាយកដ្ឋានកៅស៊ូបានរៀបចំវគ្គសិក្ខាសាលាស្ដីពី “ការ  វិវត្តកៅស៊ូធម្មជាតិ” នៅសណ្ឋាគារដំរីជាន់ខ្លា​វល្លិ៍មាស​ទីរួមខេត្ដកំពង់ធំ ក្រោមអធិបតីភាពលោកបណ្ឌិត អូន សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ និងលោក ដៀប ពិសិដ្ឋ អនុប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តី​អគ្គនាយក​ដ្ឋានកៅស៊ូ មន្ត្រីការិយាល័យកៅស៊ូ​តាមខេត្ត និងនិយោជិកក្រុមហ៊ុនចំការកៅស៊ូកសិឧស្សាហកម្មសរុបចំនួន២៥នាក់ (ស្រី ២នាក់)។

វគ្គសិក្ខាសាលានេះ មានគោលបំណងដើម្បីបង្កើននិងពង្រឹងចំណេះដឹងដល់មន្ត្រីរាជការនិងនិយោជិកក្រុមហ៊ុនអំពីការប្រមើលសេដ្ឋកិច្ចកៅស៊ូនៅបរិការណ៍វិបត្ដិពិភពលោកនិងការវិភាគទិន្នន័យ​​ កៅស៊ូដោយប្រើកម្មវិធី Excel

ជាកិច្ចចាប់ផ្តើម លោក ដៀប ពិសិដ្ឋ បានសំដែងនូវកិច្ចស្វាគមន៍ដល់គណៈអធិបតីនិងសិក្ខាកាមទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានកៅស៊ូ ទោះបីជាបញ្ហាជំងឺ Covid-19 នៅតែជាបញ្ហាប្រឈមក៏ដោយ ក៏នៅតែបន្ដការខិតខំយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីរាជការការិយាល័យកៅស៊ូតាមបណ្តាខេត្ត និងក្រុមហ៊ុនចម្ការកៅស៊ូកសិ-ឧស្សាហកម្ម ឱ្យទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។ លើសពីនេះទៅទៀតលោកក៏បានលើកពីសក្ដានុពលដំណាំកៅស៊ូក្នុងខេត្តកំពង់ធំ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្កើតការងារនិងផ្ដល់ចំណូលដល់ប្រជាពលរដ្ឋ ព្រមទាំងបញ្ហាប្រឈមដែលកសិករកៅស៊ូគ្រួសារជួបប្រទះផងដែរ។

បន្ទាប់មក លោក ទី រិត្ថា អនុប្រធាននាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិបានសំដែងនូវកិច្ចស្វាគមន៍ដល់គណៈអធិបតីនិងសិក្ខាកាមទាំងអស់ និងបានជម្រាបជូនអំពីគោលបំណង​នៃវគ្គសិក្ខាសាលានិងអត្ថប្រយោជន៍ដំណាំកៅស៊ូ ព្រមទាំងរាយការណ៍នូវទិន្នន័យកៅស៊ូកម្ពុជានៅរយៈ- ពេល១១ខែ ឆ្នាំ២០២២នេះ មានផ្ទៃដីសរុប​ចំនួន៤០៤ ៥៧៨ ហិកតា (ផ្ទៃដីចៀរជ័រ៣១៥ ៣៣២ហិកតា និងផ្ទៃដីថែទាំ៨៩ ២៤៦ ហិកតា) ដែលក្នុងនោះផ្ទៃដីក្រុមហ៊ុន​កៅស៊ូកសិ-ឧស្សាហកម្មសរុបមានចំនួន២៣៩ ៤២២ហិកតា ស្មើនឹង៦០% និងផ្ទៃដីកៅស៊ូគ្រួសារសរុបមានចំនួន១៦៥ ១៥៦ហិកតា​ ស្មើនឹង៤០%។ ផលិតផលកៅស៊ូសម្រេច​បាន​សរុបចំនួន៣២៨ ៩៨១តោន ដែលបរិមាណនៃការនាំ​ចេញ​ជ័រកៅស៊ូ​សម្រេច​បានសរុប​ចំនួន៣២២ ៥៨៦ តោន និងការនាំចេញ​ឈើ​កៅស៊ូ​​​សម្រេចបានចំនួន២៤ ៩៨៩ម ដោយទទួលបាន​ចំណូល​ជា​ទឹកប្រាក់សរុបប្រមាណជាង៤៦៩ ៧០២ ៦២៨លាន​ដុល្លារសហរដ្ឋអាម៉េរិក​​ (ចំណូលជ័កៅស៊ូចំនួន៤៦៥ ៨៣៨ ៣៨៨​ដុល្លារ​សហរដ្ឋ​អាម៉េ​រិក និងចំណូលពីឈើកៅស៊ូចំនួន៣ ៨៦៤ ២៤០​​ដុល្លារសហរដ្ឋ​​អាម៉េរិក)។ កៅស៊ូ​ថ្លៃជា​មធ្យម​​១ ៤៤៤ដុល្លារសហរដ្ឋអាម៉េរិក/តោន និងឈើកៅស៊ូថ្លៃជាមធ្យម​ចំនួន១៩៦​ដុល្លារ​​​​សហ​រដ្ឋ​អាម៉េរិក/ម៉ែត្រគូប។

ជាកិច្ចបន្ទាប់ លោកបណ្ឌិត​ អូន សុវណ្ណ បានមានមតិសំណេះ​​សំណាល​និងប្រកាស​បើកវគ្គ​សិក្ខាសាលា ដោយបានលើកឡើង​​អំពីអត្ថប្រយោជន៍​នៃដំណាំកៅស៊ូធៀបទៅនឹងដំណាំផ្សេងៗនិងស្ថានភាពរីកចម្រើននៃវិស័យនេះ ដោយសារប្រទេសកម្ពុជាមានស្ថានភាពនយោបាយនិងសន្តិសុខល្អប្រសើរ សក្តានុពលនៃដីសមស្រប និងគោលនយោបាយទីផ្សារសេរីលើការលក់ដូរផលិតផលកៅស៊ូគ្រួសារក្នុងស្រុក។​ ទន្ទឹមនឹងការរីកចម្រើនអនុវិស័យនេះ ការគ្រប់គ្រងនិងការតាមដានការវិវត្ត​កៅស៊ូធម្មជាតិ ក៏ជាជារឿងចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ដើម្បីទទួលបានធាតុចូលជាក់លាក់សម្រាប់រៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលខ្លីនិងវែង សំដៅការអភិវឌ្ឍវិស័យកៅស៊ូកម្ពុជាប្រកបដោយនិរន្តរភាព។ វគ្គសិក្ខាសាលានេះរំពឹងថា នឹងផ្ដល់ជូនសិក្ខាកាមនូវចំណេះដឹងពីការប្រមើល​​​សេដ្ឋកិច្ចកៅស៊ូនៅក្នុងបរិការណ៍ វិបត្ដិពិភពលោកនិងការវិភាគទិន្នន័យកៅស៊ូ ដោយប្រើកម្មវិធី Excel។ ជាចុងក្រោយ លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ស្តាប់និងលើកឡើងនូវសំនួរ​ដែលខ្លួនមាន ដើម្បីទទួល​​បាន​នូវ​ចំណេះដឹងនិងបទពិសោធន៍​ពីវគ្គសិក្ខាសាលានេះ​ទៅ​អនុវត្តនិងចែករំលែកបន្ដ។

វគ្គសិក្ខាសាលារយៈពេលបីថ្ងៃនេះ បាន​ចាប់ដំណើរការតាមកម្មវិធីដែលបានគ្រោងទុករួមមាន៖ ​ការធ្វើបទបង្ហាញដោយលោក​បណ្ឌិត អូន សុវណ្ណ ពាក់ព័ន្ធនឹង៖

      ក. ការប្រមើលសេដ្ឋ​កិច្ចកៅស៊ូ​នៅ​​បរិការណ៍ វិបត្ដិពិភពលោក

១.សេចក្តីផ្តើម

២.កត្ដាមានឥទ្ធិពលលើតម្លៃកៅស៊ូ

៣.ការប្រមើលអនាគតកៅស៊ូធម្មជាតិ

៤.សន្និដ្ឋាន

      ខ.​“ទិន្នន័យកៅស៊ូសំខាន់” ៖

១.សេចក្តីផ្តើម

២.ការរៀបចំស្ថិតិ

៣.សន្និដ្ឋាន

      គ. “ការសរុបសង្ខេបទិន្នន័យ​កៅស៊ូ​តាម Pivot Table” ៖

         ១. សេចក្តីផ្តើម

         ២.​ ជំហានអនុវត្ដ

      ឃ. “ការដកស្រង់ទិន្នន័យដោយ Slicer” ៖

           ១. សេចក្តីផ្តើម

           ២. ជំហានអនុវត្ដ

      ង. “ការបង្ហាញលទ្ធផលដោយ​ផ្ទាំង​សរុប Dash- board”៖

           ១. សេចក្ដីផ្ដើម

           ២. ជំហានអនុវត្ដ

សន្និដ្ឋាន

សិក្ខាសាលានេះបានសម្រេចទៅដោយរលូន ដោយមានការបកស្រាយ ពន្យល់យ៉ាងក្បោះក្បាយ​ពីវាគ្មិន ​​និងមានការចូលរួមយ៉ាងសកម្មពីសិក្ខាកាម​ទាំងអស់។ ព្រមទាំងបានផ្ដល់នូវអត្ថប្រយោជន៍និង​ការយល់​ដឹងជាច្រើនដល់សិក្ខាកាមដូចជា របៀប​បង្កើត​ទម្រង់បញ្ចូលទិន្នន័យក្នុង​ ​Excel ការសរុប​ទិន្ន​ន័យ Pivot​Table ការរៀបចំវិធីដកស្រង់ទិន្នន័យដោយ Slicer និង​​ការបង្ហាញលទ្ធផលដោយផ្ទាំងសរុប Dashboard និង​គន្លឹះសំខាន់ៗបន្ថែមទៀត។ ជាង​នេះទៅទៀត កម្មវិធី​សិក្ខាសាលានេះ​ក៏បានផ្ដល់​ឱកាស​ដល់សិក្ខាកាម​ដែល​ចូលរួមបានផ្លាស់ប្ដូរ និង​ចែក​រំលែក​បទពិសោធន៍​ជាក់ស្ដែង​កន្លងមកនិងបាន​អនុវត្ដផ្ទាល់ផងដែរ និង​ខិតខំយកចិត្តទុកដាក់អនុវត្ត​តាមវិធានការ​៣កុំ-៣ការពារ និងការណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់​ ​និងបង្កា​ជំងឺកូវីដ-១៩ ទោះបីជាបានធ្វើការ​ចាក់វ៉ាក់សាំង​ពេញលេញក៏ដោយ។

សំណូមពរ

សិក្ខាកាមបានសំណូមពរមកកាន់ក្រុមការងារ​ ​រួមមាន៖

  • គួររៀបចំជាខ្លីបវីដេអូមេរៀនបន្ថែមទៀត
  • គួរបន្ថែមពេលវេលាសម្រាប់អនុវត្ដឱ្យបានច្រើន
  • ស្នើសុំបើកវគ្គសិក្ខាសាលាដទៃទៀតដូចជា ការ​បំពេញទម្រង់តារាងរបាយការណ៍ស្ថិតិ​ និង​ការ​គ្រប់គ្រងស្ថិតិ​កៅស៊ូ ការគ្រប់គ្រង​ទិន្នន័យ​កៅស៊ូតាមប្រព័ន្ធ GPS GIS Maping និង​បច្ចេកទេស​កៅស៊ូ​ថ្មីៗនិងការគ្រប់គ្រងចម្ការកៅស៊ូ៕
ព័ត៌មានចុងក្រោយ