×
ចូលរួមប្រជុំពិភាក្សាអំពីប្រព័ន្ធ វិញ្ញាបនបត្រព្រៃឈើ (PEFC) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម

កាលពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២២ លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ និងលោក គុយ ភក្តី អនុប្រធាននាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមប្រជុំពិភាក្សាពីប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលព្រៃឈើនិងវិទ្យាស្ថានស្តង់ដារនៃក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាតំណាងគណៈប្រតិកម្ពុជា និងសមាសភាពគណៈប្រតិភូមកពីប្រទេសវៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា ចិន និងអូស្រ្តាលីសរុបចំនួន៦៣នាក់។ គោល បំណងនៃកិច្ចប្រជុំពិភាក្សានេះគឺ ផ្តោតទៅលើកិច្ចសហប្រតិបត្តិការរបស់ប្រទេសនៅតាមដងទន្លេមេគង្គដើម្បីចែករំលែកនូវបទពិសោធន៍ នីតិវិធីនៃការបង្កើតនិងដំណើរការប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើ PEFC ដែលមានការគាំទ្រពីគម្រោង FAO/ UN-REDD និងកិច្ចសម្របសម្រួលដោយអង្គការ PEFC

១.សកម្មភាពការងារនិងកិច្ចប្រជុំ

ទស្សកិច្ចនៅតាមបណ្តាចម្ការ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រុមការងារបានធ្វើទស្សនកិច្ចនៅស្ថានីយសិក្សាស្រាវជ្រាវព្រៃឈើ Bau Bang ជាស្ថានីយសិក្សាស្រាវជ្រាវដែលមានកិច្ចសហប្រតិបត្ដិការជាមួយប្រទេសអូស្រ្ដាលីក្នុងការពិសោធន៍និងការបង្កាត់ពូជប្រភេទអាកាស្សា (Eucalyptus pellita) ដែលបានផលិតនូវប្រភេទពូជល្អៗសម្រាប់លក់និងចែកជូនប្រជាកសិករសម្រាប់ដាំដុះដោយទទួលបានផលិតផលឈើ ៣០‑៤៥ម៉េត្រគូប/ហិកតា។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្រុមការងារបានបន្តទស្សកិច្ចនៅចម្ការកៅស៊ូរបស់សម្ព័ន្ធកៅស៊ូវៀតណាមដែលជាក្រុមហ៊ុនទទួលបានវិញ្ញាបនបត្របញ្ជាក់ព្រៃឈើ PEFC ដំបូងគេនៅក្នុងប្រទេសវៀតណាម។ ជាកិច្ចចាប់ផ្តើម លោក ហ៊ុយ តាន់សៀវ ជាសមាជិកគណកម្មាធិការដឹកនាំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពបានធ្វើបទបង្ហាញអំពីសមទ្ធិផល និងនីតិវិធីក្នុងការដាក់ស្នើសុំវិញ្ញាបនបត្រព្រៃឈើ PEFC ជាពិសេសក្រុមហ៊ុនក៏បានបង្ហាញពីការប្តេជ្ញាក្នុងការជួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលនៅក្នុងប្រទេសកម្ពុជានិងឡាវ ដើម្បីទទួលបានវិញ្ញា​បនបត្រព្រៃឈើ PEFC ផងដែរ។ បន្ទាប់កិច្ចពិភាក្សាបានបញ្ចប់ក្រុមការងារក៏បានបន្តដំណើរពិនិត្យមើលលក្ខខណ្ឌចម្ការ រោងចក្រកែច្នៃជ័រ ការវេចខ្ចប់ អាង ប្រព្រឹត្តិកម្ម និងរចនាសម្ព័ន្ធផ្សេងៗទៀតដែលទទួលស្គាល់ដោយវិញ្ញាបនបត្រស្តង់ដារ PEFC

កិច្ចប្រជុំពិភាក្សាអំពីបទពិសោធន៍នៃការបង្កើតប្រព័ន្ធ PEFC

កិច្ចប្រជុំពិភាក្សានិងចែករំលែកបទពិសោធន៍នៃដំណើរប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើ PEFC របស់ប្រទេសនីមួយៗបានទទួលលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់៖

១- លោក Paul Wilson អ្នកសម្របសម្រួលគម្រោងក្នុងប្រទេសស្ថិតនៅក្នុងអនុតំបន់ទន្លេមេគង្គ (កម្ពុជា ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា និងប្រទេសចិន​) បានធ្វើការរាយការណ៍ពីវឌ្ឍនៈភាពការងារនិងលទ្ធផល នៃការអនុវត្តគម្រោងវិញ្ញាបនបត្រព្រៃឈើ ដោយបញ្ជាក់ថាប្រទេស វៀតណាម ថៃ និងមីយ៉ាន់ម៉ា​​ជាប្រទេសទទួលបានជោគជ័យសម្រាប់​ការនាំចេញផលិតផលព្រៃឈើ បន្ទាប់ពីបានបង្កើតប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើ PEFC។ ដោយឡែក ប្រទេសកម្ពុជានិងឡាវក៏បានចាប់ផ្តើមបង្កើតគណៈកម្មាធិការវិញ្ញាបនបត្រព្រៃឈើ PEFC​ បណ្តោះអាសន្ន (INGB) ដូចនេះការងារចំពោះមុខគួរបង្កើតឲ្យបានជាគណៈកម្មាធិការឬក្រុមប្រឹក្សាវិញ្ញាបនបត្រព្រៃឈើថ្នាក់ជាតិ ដើម្បីឆ្លងកាត់ការវាយតម្លៃទទួលស្គាល់និងត្រួតពិនិត្យស្តង់ដារ PEFC សម្រាប់នាំចេញ ផលិតផលព្រៃឈើឲ្យបានឆាប់ផងដែរ។

២-កម្ពុជា បានចាប់ផ្ដើមរៀបចំប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើនៅដើមឆ្នាំ២០២១ ដោយបានរៀបចំកិច្ចប្រជុំភាគីពាក់ព័ន្ធជាតិស្ដីអំពីការរៀបចំនិងបង្កើតប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើថ្នាក់ជាតិក្រោមស្ដង់ដារ PEFC ដោយមានការចូលរួមពីរដ្ឋបាលព្រៃឈើអគ្គនាយកដ្ឋានកៅស៊ូនាយកដ្ឋាន ស្ដង់ដារជាតិ អង្គការ ដៃគូ គ្រឹះស្ថានអប់រំ និងវិស័យឯកជន។ បន្ទាប់ពីកិច្ចប្រជុំក្រុមហ៊ុនខេម៉ាហ្រ្គា (CAMAGRA Investment Group Co.,LTD) បានដាក់សំណើស្នើគោលការណ៍ ដើម្បីបង្កើតប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើជាតិបណ្ដោះអាសន្ន (INGB) មកកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទទួលបានការអនុញ្ញាតឲ្យរៀបចំនៅ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយរដ្ឋបាលព្រៃឈើជាស្ថាប័នបង្គោលក្នុងការដឹកនាំបង្កើតប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើជាតិបណ្ដោះអាសន្ន (INGB)នេះ។ ក្នុងដំណើរការនៃការរៀបចំបង្កើតប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើជាតិបណ្ដោះអាសន្ន រដ្ឋបាលព្រៃឈើបាន ប្រជុំជាមួយភាគីពាក់ព័ន្ធនានានិងស្នើសុំសមាជិកមកពីក្រសួងពាក់ព័ន្ធចូលរួមនៅក្នុងក្រុមការងាររួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យានិងនវា​នុវត្តន៍ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍជនបទ។ ក្រោមការសម្របសម្រួលនិងគាំទ្រដោយអង្គការ PEFC ក្រុមការងារបានរៀបចំសេចក្តីព្រាងតួនាទីភារកិច្ចក្រុមការងារប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើជាតិបណ្ដោះអាសន្នបានកំណត់អត្តសញ្ញាណភាគីពាក់ព័ន្ធរួមមាន (ស្ថាប័ន រដ្ឋាភិបាល អង្គការក្រៅក្នុងរដ្ឋាភិបាល គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍនានា និងវិស័យឯកជន) ដើម្បីគៀងគររកមូលនិធិសម្រាប់គាំទ្រអភិវឌ្ឍនិងបង្កើតប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើថ្នាក់ជាតិដែលទទួលស្គាល់ពីស្ដង់ដារ PEFC នៅជំហានបន្ទាប់។

៣- ឡាវ៖ កំពុងដំណើរការនិតិវិធីនិង​ស្នើសុំ ក្រសួងកសិកម្មឡាវដើម្បីបង្កើតក្រុមការងារវិញ្ញាបនបត្រព្រៃឈើជាតិបណ្ដោះអាសន្ន​ (INGB)

៤-វៀតណាម៖ បានរៀបចំប្រព័ន្ធវិញ្ញាបនបត្រ​ព្រៃឈើជាតិ ដោយទទួលស្គាល់ដោយស្ដង់ដារ PEFC ដោយមានការិយាល័យវិញ្ញាបនបត្រព្រៃឈើវៀតណាម (VFCO) ជាភ្នាក់ងារសម្របសម្រួល។ សម្ព័ន្ធកៅស៊ូវៀតណាមក៏ទទួលបានវិញ្ញាបនបត្ររួមមាន៖ វិញ្ញាបនបត្រទទួលស្គាល់លើការគ្រប់គ្រង់ព្រៃឈើប្រកបដោយចីរភាព (Certifying on Sustainable Forest Management) និង​ខ្សែ​ច្រវាក់ផលិតកម្ម (Certifying on Chain of Custody)

៥-ថៃ៖ បានរៀបចំប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើ ជាតិដោយទទួលស្គាល់ដារ PEFC ដោយមានក្រុមប្រឹក្សាវិញ្ញាបនបត្រព្រៃឈើថៃ (TFCC) ជាអ្នកសម្របសម្រួល។ បច្ចុប្បន្នចម្ការកៅស៊ូខ្នាតធំ (Large Scale Rubber Company) និងចម្ការកៅស៊ូខ្នាតតូច (Small Scale Rubber Company) មួយចំនួនទទួលបានវិញ្ញាបនបត្រគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព (Certified on Sustainable Forest Management) និងខ្សែ ច្រវាក់ផលិតកម្ម (Certified on Chain of Custody)។

៦-មីយ៉ានម៉ា៖ បានរៀបចំប្រព័ន្ធវិញ្ញាបនបន្រព្រៃឈើជាតិ និងដាក់ជូនអង្គការ PEFC ដើម្បីត្រួតពិនិត្យនិងទទួលស្គាល់ជាផ្លូវការ។

២.សន្និដ្ឋាន

នីតិវិធីនៃការបង្កើតនិងដំណើរការប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើ PEFC នេះ ពិតជាមានសារៈសំខាន់ណាស់ ដោយសារតែវិញ្ញាបនបត្រព្រៃឈើនេះត្រូវបានសកលលោកទទួលស្គាល់ពីការគ្របគ្រងព្រៃឈើប្រកបដោយចីរភាព។ ចំពោះប្រទេសដែលបានក្លាយជាសមាជិកវិញ្ញាបនបត្រព្រៃឈើ PEFC គឺបង្ករភាពងាយស្រួលក្នុងការនាំចេញផលនិងអនុផលព្រៃឈើ ទៅដល់រោងចក្រកម្មន្តសាល ជាពិសេសផលិតផលជ័រនិង ឈើកៅស៊ូ បច្ចុប្បន្នក៏ទាមទារជាចាំបាច់ក្នុងការឈានដល់ទីផ្សារចុងក្រោយដូចជា៖ រោងចក្រ កែច្នៃ សំបកកង់យានយន្ត រោងចក្រផលិតស្រោមដៃ ​និងបរិក្ខាពេទ្រ និងរោងចក្រកែច្នៃ​ផលិតផល​ផលិ​ត​ពីកៅស៊ូផ្សេងៗទៀត​ ប្រកបដោយចីរភាពនិង​ទទួលបានតម្លៃខ្ពស់។

៣.សំណូមពរ

ដើម្បីពង្រឹងនិងពង្រីកទីផ្សារនាំចេញថ្មីៗ និងបំពាក់តម្លៃបន្ថែមដល់ផលិតផលជ័រនិងឈើកៅស៊ូកម្ពុជាគួរ៖

  • បន្តជំរុញបង្កើតប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើថ្នាក់ជាតិដែលទទួលស្គាល់ដោយស្តង់ដារ PEFC
  • គាំទ្រថវិកាថ្នាក់ជាតិនិងដៃគូអភិវឌ្ឍនានា ដើម្បីផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជនអំពីអត្ថប្រយោជន៍នៃវិញ្ញាបនបត្រព្រៃឈើ PEFC
  • បន្តគាំទ្ររាល់កិច្ចប្រជុំពិភាក្សានិងទស្សនកិច្ចនៅតាមបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងក្នុងការគ្រប់គ្រងប្រព័ន្ធវិញ្ញាបនបត្រនេះបន្ថែមទៀត៕
ព័ត៌មានចុងក្រោយ