នៅក្នុងវេទិកាជាតិអេកូទេសចរណ៍លើកទី៣ កាលពីថ្ងៃទី២១ វិច្ឆិកា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីការនាំចេញនៅនឹងកន្លែង ដែលជាប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សំដៅដល់ការផលិតដើម្បីផ្គត់ផ្គង់សម្រាប់ភ្ញៀវទេសចរនិងជាឱកាសលក់ផលិតផលបានយ៉ាងងាយស្រួលនិងឆាប់រហ័សសម្រាប់បងប្អូនអ្នកផលិតនៅតាមសហគមន៍ទេសចរណ៍ ផ្ទាល់តែម្តង ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសូមអបអរសាទរនិងកោតសរសើរការដឹកនាំរបស់ក្រសួងទេសចរណ៍ និងការចូលរួមរបស់ក្រសួងបរិស្ថាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់តួអង្គពាក់ព័ន្ធដែលបានខិតខំជំរុញអេកូទេសចរណ៍កម្ពុជា ជាពិសេសនៅក្នុងបរិបទនៃវិបត្តិសាកលជំងឺកូវីដ-១៩ និងដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើភាពទាក់ទាញនៃសម្រស់ធម្មជាតិ ភាពប៉ិនប្រសព្វនៃមគ្គុទេសទេសចរណ៍ ការផ្គត់ផ្គង់ចំណីអាហារ ឈ្ងុយឆ្ងាញ់និងមានសុវត្ថិភាព ព្រមទាំងសេវារួសរាយរាក់ទាក់ល្អថាជាកត្តាគន្លឹះនៃភាពជោគជ័យនៃអេកូទេសចរណ៍។ កញ្ចប់សេវាទេសចរណ៍ដែលល្អ តម្រូវឱ្យមានការគិតគូររៀបចំតាំងពីការធ្វើយ៉ាងណាបង្កើតភាពទាក់ទាញឱ្យភ្ញៀវទេសចរមកកម្សាន្ត រហូតដល់ពេលភ្ញៀវត្រឡប់ទៅវិញ ជាមួយនឹងស្នាមញញឹមនិងអនុស្សាវរីយ៍ល្អៗ និងនឹកចង់ត្រឡប់មកកំសាន្តម្តងទៀត។ កិច្ចការនេះ ទាមទារឱ្យមានកិច្ចសហការល្អពីគ្រប់តួអង្គនិងភាគីពាក់ព័ន្ធ ហើយការចូលរួមថែរក្សាការពារបរិស្ថាននិងធម្មជាតិ គឺជាកិច្ចការសំខាន់ដើម្បីធានានិរន្តរភាពនៃអេកូទេសចរណ៍៕