កិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» ដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាកសិករ អំពីគោលនយោបាយ អនុគ្រោះថ្លៃអគ្គិសនីនៅក្នុងវិស័យកសិកម្ម ដែលរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។ កិច្ចសន្ទនានេះរៀបចំ ធ្វើឡើងនៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ =======================
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កសិករ ម្ចាស់កសិដ្ឋាន និងអ្នកផលិតនៅក្នុង វិស័យកសិកម្មភាគច្រើនលើសលប់ដែលឯកឧត្តមបានជួបនៅក្នុងដំណើរចុះបេសកកម្មនិងក្នុងជំនួបជាច្រើនពុំបានដឹងអំពីគោលនយោបាយអនុគ្រោះ ថ្លៃអគ្គិសនីនេះទេ ដែលជាហេតុធ្វើឱ្យពួកគាត់មិនអាចចំណេញច្រើន។ តាមរយៈកិច្ចសន្ទនាដែលមានការចូលរួមពី ឯកឧត្តម ស៊ុយ សែម រដ្ឋ- មន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និង ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា។
ឯកឧត្តរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា អ្នកប្រកបរបរនៅក្នុងវិស័យកសិកម្មដែលចូលរួមនៅក្នុងកិច្ចសន្ទនានេះនឹងបានយល់ដឹងកាន់តែច្បាស់អំពី គោលនយោបាយអនុគ្រោះថ្លៃអគ្គសិនីសម្រាប់វិស័យកសិកម្ម ហើយឈានដល់ការអនុវត្តឲ្យបានពេញលេញនូវការអនុគ្រោះថ្លៃអគ្គិសនីនេះ។ ការអនុគ្រោះថ្លៃអគ្គិសនីនេះបានពេញលេញនិងអាចកាត់បន្ថយការចំណាយ នឹងជួយឱ្យកសិករទទួលបានផលចំណេញច្រើនជាងមុន។
ថ្លែងទៅកាន់អ្នកចូលរួមដែលជាកសិករមកពីបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានចាត់ទុកអ្នកប្រកបរបរកសិកម្មថាជា «អ្នកក្លាហាន» សម្រាប់ឯកឧត្តម វិស័យកសិកម្មជាវិស័យមួយដែលមានបញ្ហាប្រឈមច្រើននិងត្រូវចាយ ទុនខ្ពស់។ ហេតុនេះហើយទើបរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់និងចាត់ទុកវិស័យកសិកម្មជាវិស័យស្នូល។ ចាប់តាំងពីឆ្នាំ២០២១មក រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម ដែលមានតម្លៃទាបជាងការប្រើប្រាស់អគ្គិសនីប្រភេទផ្សេងៗ។ ចំពោះការប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ទាំងនៅពេលថ្ងៃនិងនៅពេលយប់ ជាពិសេសគឺនៅពេលយប់ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ថ្លៃអគ្គិសនីត្រូវបានអនុគ្រោះឲ្យបង់ត្រឹមតែ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។ តម្លៃអគ្គិសនីអនុគ្រោះ ៤៨០រៀលក្នុង១ គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យកសិកម្មចាប់ពីម៉ោង៩យប់ ដល់៧ព្រឹកត្រូវបាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជាសង្កត់ធ្ងន់ថា ជាតម្លៃដែលរាជរដ្ឋាភិបាលឧបត្ថម្ភធនមានន័យថា រាជរដ្ឋាភិបាលលក់ភ្លើងក្នុងតម្លៃខាតដែលថ្លៃដើមអគ្គិសនីក្នុងពេលបច្ចុប្បន្នមានតម្លៃប្រមាណ ១ពាន់រៀលក្នុង១គីឡូវ៉ាត់ម៉ោង។ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យបងប្អូនកសិករ អ្នកផលិត អ្នកចិញ្ចឹមសត្វ អនុវត្តគោលនយោបាយអនុគ្រោះអគ្គិសនីសម្រាប់វិស័យកសិកម្មឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមនិងបង្កើនផលចំណេញ។ ជាមួយគ្នានេះ អគ្គនាយកអគ្គិសនីកម្ពុជា និងប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានប្រកាសការរង់ចាំសហការជាមួយបងប្អូនក្នុងវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងការភ្ជាប់បណ្តាញអគ្គិសិនីដែលមានការអនុគ្រោះថ្លៃ។ ចំពោះព័ត៌មានបន្ថែម បងប្អូនកសិករ អ្នកផលិត អ្នកចិញ្ចឹមសត្វ និងអ្នកដែលធ្វើការក្នុងវិស័យកសិកម្មទាំងអស់ អាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈ លេខទូរសព្ទ ០៧៧ ២២២ ០១២ និង ០៩០ ៩០៣ ៣១១ ឬអាចទាក់ទងតាមរយៈ Facebook របស់អគ្គិសនីកម្ពុជា៕