×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែមីនា ឆ្នាំ២០២២

ស្ថានភាពទូទៅឧស្សាហកម្មកៅស៊ូធម្មជាតិនៅខែនេះ មិនជាអំណោយផលល្អទេ។ រដូវបិទការធ្វើអាជីវកម្មមិនទាន់ចប់នៅឡើយ។ ការចាប់ផ្តើមការធ្វើអាជីកម្មនៅខែក្រោយ​កំពុងតែស្ថិតនៅក្នុងស្ថានភាពព្រួយបារម្ភ ដោយសារតែឥទ្ធិពលនៃសង្រ្គាមនៅអឺរ៉ុបរវាងប្រទេស​ រុស្ស៊ីនិងអ៊ុយក្រែនដែលអាចប៉ះពាល់ដល់​ឧស្សាហកម្ម​មួយនេះ។ ប្រទេសរុស្ស៊ីគឺជាប្រទេសធំមួយដែលនាំចេញកៅស៊ូសំយោគ។ ការមានសង្គ្រាមរបស់​​ប្រទេសនេះនិងជះឥទ្ធិពលដល់ការនាំចេញកៅស៊ូសំយោគ ហើយវាធ្វើអោយមានការប្រែប្រួលចំពោះ​តម្រូវការកៅស៊ូ ធម្មជាតិដែរ។ ថ្លៃកៅស៊ូជាទូទៅបានឡើងខ្ពស់នៅដើមខែ ប៉ុន្តែបានធ្លាក់ចុះបណ្តើរៗមក​វិញនៅចុងខែ។​ ​ទោះបីជាយ៉ាងណាស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជា​​ក្នុងខែមីនា ឆ្នាំ២០២២ បាន​បង្ហាញថា ផ្ទៃដីកៅស៊ូសរុប​មានចំនួន៤០៤ ០៤៤ហិកតា​ ក្នុងនោះផ្ទៃដី ចៀរជ័រចំនួន៣១០  ១៩៣ហិក​តា ស្មើនឹង៧៧% និងផ្ទៃដីថែទាំចំនួន៩៣ ៨៥១ហិកតា ស្មើនឹង២៣%។  ក្នុងខែមីនាបរិមាណ​ ផលិតសរុបមានចំនួន១១ ៩១៤តោន បានថយចុះចំនួន​២ ៩៨១តោន (-២០%) ធៀបនឹងខែមុន និងបានថយចុះចំនួន៥១៤តោន (-៤%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ត្រីមាសទី១ ឆ្នាំ២០២២ បរិមាណផលិតសរុបមានចំនួន៦០ ៩៤៨តោន បានកើនឡើងចំនួន១ ១០៧តោន (+២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែមីនា ឆ្នាំ២០២២  បរិមាណបញ្ចេញលក់មានចំនួន១៣ ៣៣០តោន បានថយចុះចំនួន២ ២៦០តោន (-១៦,៦%) ធៀបនឹងខែមុននិងបានថយចុះចំនួន១ ៧៥៤តោន (-១១,៦%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។​ រហូតមកដល់ត្រីមាសទី១ ឆ្នាំ២០២២ បរិមាណបញ្ចេញ លក់មានចំនួន៦១ ៨៣៩តោន បានកើនឡើងចំនួន៧៨៣តោន (+១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែមីនា ឆ្នាំ២០២២ ថ្លៃលក់មធ្យមស្មើនឹង១ ៦២៧US$/តោន បានកើនឡើង៤៤US$/តោន (=+២,៨១%) ធៀបនឹងខែមុន និងបានថយចុះ១៥៨US$/តោន (=-៩%) ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែមីនា ឆ្នាំ២០២២ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៥៩៤US$/តោន បានថយចុះ៤២US$/តោន (=-៣%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

យោងតាមរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ផលិតកម្មកៅស៊ូធម្មជាតិ (NR) ពិភពលោកមានចំនួនត្រឹមតែ៩៥៤ ០០០តោន ខណៈដែលការប្រើប្រាស់កៅស៊ូពិភពលោកមានចំនួន១,២៨៨លានតោន។ តាមការព្យាករការផ្គត់ផ្គង់កៅស៊ូធម្មជាតិកាន់តែមានភាពតានតឹងនៅប៉ុន្មាន​ខែ​ខាង​មុខនេះ ដោយសារតែប្រទេសផលិតកៅស៊ូធម្មជាតិភាគច្រើនបានចូលដល់រដូវផ្អាកចៀរកៅស៊ូ។ ប៉ុន្តែទីផ្សារកៅស៊ូធម្មជាតិនៅតែរក្សានូវ​មាន​ភាពវិជ្ជមាន។

ថ្មីៗនេះសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (The United Nation Conference Trade and Develop- ment :UNCTAD) ​បានកាត់​បន្ថយ​ការព្យាករនៃកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២២ ពី ២,៦% ទៅ ១% នៅដើមខែមីនា ឆ្នាំ​២០២២នេះ ដែលការទម្លាក់ចុះនេះកើតឡើងបន្ទាប់ពីជម្លោះរវាងប្រទេស​រុស្ស៊ីនិងប្រទេស​អ៊ុយក្រែន។ ជាលទ្ធផលវាអាចជះឥទ្ធិពលដល់កំណើននៃឧស្សាហកម្មកៅស៊ូធម្មជាតិពិភពលោកក្នុងកំឡុង​ឆ្នាំ២០២២​ គឺកង្វះបន្ទះមីក្រូឈីបអាចនឹងកាន់តែធ្ងន់ ធ្ងរក្នុង​ឧស្សាហកម្មយានយន្តពិភព​លោក ដោយសារប្រទេសរុស្ស៊ីត្រូវបានហាមឃាត់ការនាំចេញសម្ភារៈបន្ទះសៀគ្វីរបស់ខ្លួន ហើយការដាក់ទណ្ឌកម្ម​ទៅ​លើប្រទេសរុស្ស៊ីក៏អាចប៉ះពាល់ដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនិងបញ្ហាជាច្រើនទៀតផងដែរ។ នៅខណៈពេលនេះ ប្រទេសនានាក៏បានចាត់វិធានការផ្សេងៗគ្នា ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ សម្រាប់ប្រទេសជាតិនិងសេដ្ឋកិច្ចរបស់គេរៀងៗខ្លួន ពីព្រោះការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃជំងឺរាតត្បាតកូវីដ១៩ នៅតែជាគន្លឹះសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចបន្ទាប់ពីបានរងគ្រោះដោយសារជំងឺនេះ។ ម្យ៉ាងវិញទៀត ភាព​មិនច្បាស់លាស់នៅតែបន្តដាក់បន្ទុកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ពួកគេ៕

ព័ត៌មានចុងក្រោយ