សម្រាប់ខែវិច្ឆិការនេះ ការផ្គត់ផ្គង់កៅស៊ូធម្មជាតិនិងថ្លៃកៅស៊ូហាក់ដូចជាមានភាពល្អប្រសើរ ទោះបីជាការរាលដាលជំងឺកូវីតមិនទាន់ថមថយទៅវិញក៏ដោយ។ ការផ្គត់ផ្គង់ផលិតផលកៅស៊ូធម្មជាតិបានកើនឡើងប្រមាណ២,១% ស្មើនឹង១៣,៨៨លានតោនគិតត្រឹមខែនេះ។ ជាការកត់ សំគាល់ឆ្នាំនេះនៅក្នុងខែវិច្ឆិកា នៅមានភ្លៀងបន្តធ្លាក់ ពិសេសតំបន់ដាំកៅស៊ូខ្លះនៃប្រទេសឥណ្ឌាដែលធ្លាប់តែរាំងស្ងួត ប៉ុន្តែនៅខែនេះមានភ្លៀងធ្លាក់ទៅវិញ។ កត្តានេះ បានកាត់បន្ថយការផ្គត់ផ្គង់នៅតាមប្រទេសខ្លះដូចជាប្រទេសថៃនិងប្រទេសឥណ្ឌាដែលរងការប៉ះពាល់ដោយសារកត្តាភ្លៀង។ គិតដោយឡែកមកដល់ខែវិច្ឆិកាឆ្នាំនេះ ស្ថានភាពកៅស៊ូក្នុងប្រទេសយើងបានបង្ហាញថា៖ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ១៦០ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣១៤ ៣១៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩ ៨៤១ហិកតា ស្មើនឹង២២%។ បរិមាណផលិតផលសរុបសម្រេចបានក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ មានចំនួន ៤៨ ៥០៩តោន បានកើនឡើងចំនួន៩ ៦៨៥តោន ( =+២៥%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន ៤ ៨៩៧តោន (=+១១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ ២០២១ បរិមាណផលិតផលសរុបសម្រេចបានចំនួន ៣១៩ ៥០៩តោន បានកើនឡើងចំនួន ២៨ ១៩១តោន (=+១០%) ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មានចំនួន៤៥ ៩៧៨តោន បានកើនឡើងចំនួន ៦ ៧៨០តោន (=+១៧%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន ៣ ២៤៥តោន (=+៨%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបរយៈពេល ១១ខែដើមឆ្នាំ២០២១ មានចំនួន៣១២ ៨១២តោន បានកើនឡើងចំនួន ២៦ ៩៥៥តោន (=+៩%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃលក់ជាមធ្យមក្នុង ខែវិច្ឆិកាគឺ១ ៦៦៩US$/តោន បានកើនឡើង ចំនួន ៣២៣US$/តោន (=+ ១,៤%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន ១៥២US$/តោន (=+១០%) ធៀបនឹងខែរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃលក់ជាមធ្យមរយៈពេល ១១ខែដើមឆ្នាំ២០២១ គឺ១ ៦៦៤US$/តោន បានកើនឡើងចំនួន ៣២៣US$/តោន (=+២៤,១%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែវិច្ឆិកាមានតម្លៃចាប់ពី៥ ៨០០៛/គ.ក្រ - ៦ ២០០៛/គ.ក្រ សម្រាប់ជ័រស្ងួត (កើនឡើង ៦១៛/គ.ក្រ បើធៀបនឹងខែមុន) និងចាប់ពី២ ៣០០៛/គ.ក្រ - ៣ ៣០០៛/គ.ក្រ សម្រាប់ជ័រកក (កើនឡើង២៤៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់និងរយ:ពេល បង្កក។
យោងតាមរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា៖ ទស្សនវិស័យនៃកៅស៊ូធម្មជាតិពិភពលោក (NR) មានភាពប្រសើរឡើងបន្ថែមទៀតនៅក្នុងខែនេះ។ ទោះបីជាផលិតកម្មកៅស៊ូនៅក្នុងបណ្តាប្រទេសផលិតភាគច្រើនបានរងផលប៉ះពាល់ដោយសារអាកាសធាតុមិនល្អនៅក្នុងខែនេះក៏ដោយ ក៏ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកត្រូវបានព្យាករ ថា នឹងកើនឡើង ២,១% ស្មើនឹង ១៣,៨៨២លានតោន។ ចំណែកឯតម្រូវការកៅស៊ូពិភពលោកវិញនៅតែមានភាពវិជ្ជមានជាមួយនឹងកំណើន ៨,៧% ស្មើនឹង១៤,០៧៦លានតោន។ កត្តាមូលដ្ឋានទីផ្សារដែលអំណោយផលបានធ្វើឲ្យមានរំញោចវិជ្ជមានដល់ទីផ្សារកៅស៊ូធម្មជាតិ។
បម្រែបម្រួលថ្លៃកៅស៊ូធម្មជាតិនៅទូទាំងទីផ្សារហ៊ុនទិញ-លក់ភ្លាមនិងទីផ្សារតាមកិច្ចសន្យាបានបង្ហាញពីនិន្នាការថ្លៃកើនឡើងក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០២១ ដោយសារការផ្គត់ផ្គង់វត្ថុធាតុដើមនៅតែតឹងតែងដែលបណ្តាលមកពីអាកាសធាតុមិនល្អនៅក្នុងបណ្តាប្រទេសផលិត។ ឧទាហរណ៍៖ ភ្លៀងធ្លាក់កាន់តែច្រើនបានជះឥទ្ធិពលដល់សកម្មភាពចៀរជ័រនៅក្នុងប្រទេសនិងធ្វើឱ្យផលិតកម្មធ្លាក់ចុះ។ ថ្មីៗនេះ ប្រទេសថៃបានរកឃើញការផ្ទុះឡើងនៃជំងឺស្លឹកថ្មីនៅតំបន់ភាគខាងកើតនៃខេត្តចាន់ថាបុរីនិងខេត្តត្រាតដែលមានផ្ទៃដីចំនួន១៦ហិកតាបានរងផលប៉ះពាល់ ហើយអាជ្ញាធរថៃបានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះដើម្បីទប់ស្កាត់កុំឱ្យរាលដាលដល់ចម្ការដ៏ទៃទៀត។
ទោះបីជា រដ្ឋាភិបាលបានណែនាំអំពីកញ្ចប់ជំរុញទឹកចិត្តនិងជំនួយហិរញ្ញវត្ថុផ្សេងៗ ដើម្បីស្តារសេដ្ឋកិច្ចដែលបានរងផលប៉ះពាល់ពីជំងឺរាតត្បាតឲ្យងើបឡើងវិញក៏ដោយ ក៏សន្ទុះនៃការងើបឡើងវិញអាស្រ័យលើការវិវត្តនៃ Covid-19 ផងដែរ ដូចជាការលេចចេញនៃមេរោគបំលែងថ្មី Omicron បានបន្ថែមភាពមិនប្រក្រតីបន្ថែមទៀតក្នុងអំឡុងពេលនេះ ហើយប្រទេសមួយចំនួនក៏បានអនុវត្តវិធានការ Covid-19 ឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនិងការពារការខាតបង់បន្ថែមទៀត សម្រាប់សកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន៕