×
កិច្ចប្រជុំការងារចុះពិនិត្យតាមដានសកម្មភាពអភិវឌ្ឍន៍ចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចនិងចម្ការកៅស៊ូអវិនិយោគ

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ អគ្គនាយកដ្ឋានកៅស៊ូ មានកិច្ចប្រជុំក្រុមការងារចុះពិនិត្យតាមដានសកម្មភាពអភិវឌ្ឍន៍ចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចនិងចម្ការកៅស៊ូអវិនិយោគក្រោម​ អធិបតីភាព ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជ​រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​​ដ្ឋានកៅស៊ូ និងមានវត្តមានសមាជិកក្រុមការងារសរុប ចំនួន១០នាក់។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាការងារនិងលើកផែនការសកម្មភាពចុះអនុវត្តនាពេលខាងមុខ។

កិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ឹម អូន បានមានមតិស្វាគមន៍ដល់សមាជិកសមាជិកាទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំនាថ្ងៃនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រតិភូ​ក៏ បានណែនាំបន្ថែមដល់​ក្រុម​ការងារត្រូវ៖ (១) បង្ហាញសមត្ថភាពរបស់​ខ្លួនទៅតាមមុខការការងាររៀងៗខ្លួន និងគិតអំពីអ្វីដែលត្រូវផ្តល់​ឱ្យគេនិងទទួលយកពីគេមកវិញ (២) ប្រមូលឱ្យ​​បាននូវទិន្នន័យស្ថិតិ (ផ្ទៃដី ផលិតផល រោងចក្រ ធុរកិច្ច កម្លាំងពលកម្ម រចនាសម្ព័ន្ធគ្រប់គ្រង និងរចនា​សម្ព័ន្ធរូបវន្ត។ល។ (៣) រៀបចំរបាយការណ៍លទ្ធផលនៃការ​ចុះបំពេញការងារឱ្យបានត្រឹមត្រូវជូនថ្នាក់ដឹកនាំនិងជូនក្រុមហ៊ុនវិញនិង (៤) រៀបចំរបាយការណ៍ជូនក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងចងក្រងជារបាយការណ៍ប្រចាំឆ្នាំដើម្បីតាមដានបន្ត។

បន្ទាប់មក លោក ឃុន កក្កដា ប្រធានក្រុមការងារបានពន្យល់លម្អិតអំពីតួរនាទីភារកិច្ចរបស់ក្រុមការងារដែលមានចែងក្នុងសេចក្តីសម្រេចលេខ១៩៥អក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ និងបានលើកយកចំណុចនីមួយៗមកពិភាក្សាដូចខាងក្រោម៖

១.សកម្មភាពការងារចុះអនុវត្តកន្លងមកក្រុម ការងារបានចុះដល់ក្រុមហ៊ុនត្រួតពិនិត្យជាក់ស្តែង ពន្យល់ការបំពេញតារាងទាំង១៣ និងសូមឱ្យ​ក្រុមហ៊ុនផ្ញើរមកអគ្គនាយកដ្ឋានកៅស៊ូ ប៉ុន្តែឆ្នាំ២០២០កន្លងទៅនេះ ការ​ទទួលរបាយការណ៍ពីបណ្តាក្រុមហ៊ុននៅតែមានការយឺតយ៉ាវ មិនមាន​ទិន្ន​ន័យគ្រប់គ្រាន់ដែលអាចបូកសរុបបាននៅឡើយ​ ​ដូច្នេះ ស្នើ សុំឱ្យមានការប្រជុំរួមមួយពេលជាមួយក្រុមហ៊ុនទាំង នោះនៅអគ្គនាយកដ្ឋានកៅស៊ូ។ បញ្ហានេះអាចមក ពីអ្នកកាន់ការងាររបាយការណ៍នេះនៅតាមក្រុមហ៊ុន ខ្លះមានការផ្លាស់ប្តូរអ្នកថ្មីដែលមិនយល់ច្បាស់នាំឱ្យលំបាកនិងយឺតយ៉ាវ។

២.សកម្មភាពសម្រាប់ឆ្នាំ២០២១ មាន៥លើកទៅខេត្តគោលដៅចំនួន៦គឺ៖ ខេត្តមណ្ឌល​គិរី ក្រចេះ កំពង់ធំ រតនគិរី ព្រះវិហារ និងស្ទឹងត្រែង។ ដោយការទម្លាក់ថវិកាមានខ្លះហើយគួររៀបចំបេស​កកម្មចុះឱ្យបាន១ដងក្នុងខែមិថុនាខាងមុខ។

៣.ផែនការសកម្មភាពការងារនិងថវិកាឆ្នាំ២០២២ បានរៀបចំហើយចំនួន១៤លើក ដោយបន្ថែមសកម្មភាពចុះត្រួតពិនិត្យចម្ការកៅស៊ូអវិនិយោគ របស់រដ្ឋផងដែរ។

៤.ចំពោះផែនការអនុវត្តនាពេលខាងមុខ បានដាក់ផែនការ​និងណែនាំដូចខាងក្រោម៖

  • រៀបចំកម្មវិធីចុះបំពេញការងារទាំង៥ លើកឱ្យហើយដោយកំណត់អាទិភាពក្រុមហ៊ុនដែល ត្រូវចុះអនុវត្តឱ្យបានច្បាស់លាស់
  • ការចុះបំពេញកាងារមួយលើកៗក្រុមការងារត្រូវបែងចែកការងារគ្នាធ្វើឱ្យមានប្រសិទ្ធភាព ទៅតាមជំនាញរៀងៗខ្លួននិងឆ្លាស់វេនគ្នាដោយឈរលើស្មារតីទទួលខុស ត្រូវមានប្រសិទ្ធភាព និងលទ្ធផលការងារតាមសំណូមពរថ្នាក់ដឹកនាំនិងត្រូវសន្សំសំចៃកម្រិតខ្ពស់
  • ជំនាញនីមួយៗពិនិត្យតារាងទាំង១៣ ឡើងវិញនិងត្រៀមប្រមូលព័ត៌មានចាំបាច់ថ្មីៗដែលត្រូវការនិងមិនទាន់មានក្នុងតារាង ពិសេសផ្នែក​តម្រូវការកម្លាំងពលកម្ម
  • ជួបពិភាក្សាគ្នាអំពីកិច្ចការត្រូវធ្វើដូចជ៖ ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុននីមួយៗ មុននឹងចុះបេសកកម្មទៅតាមខេត្តគោលដៅនីមួយៗ
  • រៀបចំរបាយការណ៍លទ្ធផលការងារបន្ត​បន្ទាប់​ដូចមានចែងក្នុងមាត្រា២​ ​នៃសេចក្តី​សម្រេច​ក្រុមការងារ
  •  ចាត់លោក គា សុគន្ធ ទទួលរៀបចំផែន​ការសកម្មភាពប្រចាំឆ្នាំនីមួយៗនិងគ្រប់គ្រងលើការចំណាយរបស់ក្រុមការងារ៕
ព័ត៌មានចុងក្រោយ