×
ស្ថានភាពនិន្នការកៅស៊ូក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២១

ទិដ្ឋភាពទូទៅនៃទីផ្សារកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលទី១នៃខែមិថុនា ឆ្នាំ២០២១

ការប្រែប្រួលអត្រាភាគរយនៃតម្លៃកៅស៊ូធម្មជាតិក្នុងទម្រង់ពាណិជ្ជកម្មសំខាន់ៗនៅក្នុងទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗ នៅក្នុងអំឡុងថ្ងៃទី៣១ ឧសភា ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ មានបង្ហាញជូននៅក្នុងតារាងទី១

ការពិនិត្យឡើងវិញនៃនិន្នាការក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២១

តម្លៃកៅស៊ូធម្មជាតិ (NR) នៅក្នុងទីផ្សារទិញលក់តាមកិច្ចសន្យា និងទីផ្សារទិញលក់ភ្លាមៗ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងពាក់កណ្តាលដើមខែ មិថុនា ឆ្នាំ២០២១នេះ។ ការធ្លាក់ចុះនេះត្រូវបានគេអង្កេតឃើញថា បណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម៖

  • ដោយសារតែមានរកឃើញជាង ១០០ ករណីនៃការឆ្លងរាលដាលជម្ងឺ COVID-១៩ បំប្លែងខ្លួនថ្មីដ៏មានគ្រោះថ្នាក់ប្រភេទ 'Delta' នៅក្នុងទីក្រុងក្វាងចូវ ដែលជារដ្ឋធានីនៃខេត្តក្វាងទុង ភាគខាងត្បូងនៃប្រទេសចិន បានបង្ខំឱ្យតំបន់ខ្លះនៃប្រទេសចិនវិលត្រលប់ដាក់ ប្រទេសក្នុងគ្រាអាសន្ន ធ្វើចត្តាឡីស័ក និងដាក់ចេញវិធានការទប់ស្កាត់ជាច្រើន បន្ទាប់ពីស្ងប់ស្ងាត់អស់ជិត មួយ​ឆ្នាំកន្លងមកនេះ។ ស្ថានភាពដ៏គួរឱ្យព្រួយបារម្ភនេះ បានបង្ខំឱ្យអាជ្ញាធរសម្រុកធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនចំនួន ១៨,៧ លាននាក់នៃទីក្រុងទាំងមូល និងដាក់ប្រទេសក្នុងគ្រាអាសន្នឡើងវិញ រួមជាមួយនឹងការរឹតបន្តឹងការធ្វើដំណើរនៅក្នុងខេត្តទាំងមូល។ ខេត្តក្វាងទុងគឺជាមជ្ឈមណ្ឌល ផលិតកម្មរបស់ប្រទេសចិន និងក៏ជាខេត្តផ្តល់ផលសេដ្ឋកិច្ចធំជាងគេបំផុតផងដែរ។ ម៉្យាងទៀតប្រតិបត្តិការនៅស្ថានីយកុងតឺន័រ យ៉ានទៀន (Yantian) ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងសិនជិននៃខេត្តនេះ ក៏ត្រូវបានផ្អាកនៅពេលដែលកម្មករជាច្រើនបានធ្វើតេស្ត ឃើញវិជ្ជមាន COVID-១៩។ ការរំខានខាងលើបាននាំឱ្យកិច្ចការជំនួញមានការថយចុះ ពោលគឺចំនួនកប៉ាល់ទំនិញថយចុះនៅឯចំណត កំពង់ផែ ដែលទីនោះជាកំពង់ផែធំបំផុតមួយនៅលើពិភពលោក។ លើសពីនេះទៀត ការរំខាននៅស្ថានីយកុងតឺន័រយ៉ានទៀន បានបន្ថែមឥទ្ធិពលអាក្រក់ទៅលើស្ថានភាពដែលកំពុងកកស្ទះរួចទៅហើយនៅឯកំពង់ផែណានសា(Nansha) និងកំពង់ផែសេគូ (Shekou)។ ដើម្បីឱ្យកាន់តែស៊ីជម្រៅជាងនេះ គឺថាការផ្ទុះថ្មីនៅខេត្តក្វាងចូវ បានធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ប្រព័ន្ធដឹកជញ្ជូនទំនិញ និងដល់ប្រតិបត្តិការកំពង់ផែដែលកំពុង រាំងស្ទះស្រាប់ហើយនោះ ដូច្នេះវាក៏ជះឥទ្ធិពលដល់វិស័យពាណិជ្ជកម្មរបស់ប្រទេសទាំងមូល។
  • រលកថ្មីនៃការឆ្លងមេរោគ COVID-១៩ នៅក្នុងតំបន់អាស៊ានបានប៉ះពាល់ដល់តម្រូវការប្រើប្រាស់ទំនិញពីខាងក្រៅរបស់ប្រទេសចិន ពីព្រោះអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ ប្រទេសចិន។ ក្រៅពីទទួលរងឥទ្ធិពលពីតម្រូវការខាងក្រៅខ្សោយហើយនោះ ផ្នែកផលិតកម្មរបស់ប្រទេសចិនត្រូវរងផលប៉ះពាល់ដោយតម្រូវការប្រើប្រាស់ក្នុងស្រុក ការកើនឡើងខុស ប្រក្រតីនៃតម្លៃវត្ថុធាតុដើម  ការបន្តខ្វះខាតបន្ទះឈីបពិភពលោក និងការរំខានពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទំនិញ។ ផលិតកម្មឧស្សាហកម្មប្រទេសចិនបានធ្លាក់ចុះដល់ ៨,៨% នៅខែឧសភា ឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងកំណើន ៩,៨% ដែលបានប្រកាសនៅក្នុងខែមេសាកន្លងមកនេះ បើយោងតាម ការចេញផ្សាយទិន្នន័យនៅថ្ងៃទី១៦ ខែមិថុនា ដោយការិយាល័យស្ថិតិជាតិ។ ឧបសគ្គរារាំងធំជាងគេ គឺការខ្វះខាតបន្ទះឈីប ពិភពលោកដែលនៅតែបន្ដកើនឡើង ក្រៅពីនោះនៅមានឧបសគ្គដូចជា ផលិតផលយានយន្តនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៤% នៅក្នុងខែឧសភា ឆ្នាំ ២០២១ ធៀបនឹងកំណើនប្រចាំឆ្នាំ ៦,៨% កាលពីខែមេសា ឆ្នាំ ២០២១ ។
  • នៅពេលអតិផរណាកំពុងឡើងកំដៅនៅទូទាំងពិភពលោក ប្រទេសចិនបានស្វែងយល់អំពីវិធីការពារវិស័យផលិតកម្មរបស់ខ្លួនសម្រាប់ ទប់ទល់ការកើនឡើងមិនប្រក្រតីនៃតម្លៃវត្ថុធាតុដើម ជាពិសេសតម្លៃរ៉ែដែក រ៉ែទង់ដែង អាលុយមីញ៉ូម សង្កសី និងរ៉ែធ្យូងថ្ម។ គេបានគិតថា ការកើនឡើងមិនប្រក្រតីនៃតម្លៃរ៉ែទាំងនេះ វាប៉ះពាល់ខ្លាំងទៅដល់ការព្យាករណ៍ខុសរបស់អ្នកគ្រប់គ្រងមូនិធិច្រើនជាង លក្ខខណ្ឌជាក់ស្តែងដែលកំពុងកើតមាននៅក្នុងការផ្គត់ផ្គង់និងតម្រូវការ។ ឱ្យច្បាស់ជាងនេះទៅទៀត ការរក្សាឱ្យមានលំនឹងឡើងវិញ អំពីការព្យាករណ៍ត្រឹមត្រូវចំពោះ មុខទំនិញទាំងនេះ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនានានៃគោលនយោបាយប្រទេសចិន។ ដោយការរំពឹងទុកថា រដ្ឋាភិបាលចិននឹងដាក់ចេញនូវគោលនយោបាយអន្តរាគមន៍ភ្លាមៗចំពោះរឿងនេះ ពួកពាណិជ្ជករភាគច្រើនបាន កាត់បន្ថយជំហររបស់ពួកគេនៅក្នុងផ្សារហ៊ុនសៀងហៃ។
  • ទោះបីជាមានការដកចេញរនាំងរឹតត្បិតទាក់ទង COVID-១៩ នៅសហរដ្ឋអាមេរិក និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ដែលបាន បង្កើតឱ្យមានតម្រូវការប្រើប្រាស់យ៉ាងខ្លាំងនូវសំបកកង់យានយន្តនៅក្នុងប្រទេសក៏ដោយ ក៏វិស័យសំបកកង់យានយន្តរបស់សហរដ្ឋ អាមេរិកត្រូវបានរារាំងដោយបញ្ហាប្រឈមផ្នែកបណ្តាញដឹកជញ្ចូនទំនិញពិភពលោកក្នុងទម្រង់ផ្សេងៗ ដូចជា កង្វះកុងតឺន័រនៅតែ អូសបន្លាយ កង្វះទីតាំងចតកប៉ាល់ដើម្បីផ្ទេរកុងតឺន័រ ការពន្យាពេលរង់ចាំនៅកំពង់ផែ ការកើនឡើងថ្លៃដឹកជញ្ជូនតាមមហាសមុទ្រ និងតាមផ្លូវដែក និងកង្វះអ្នកបើកបរ យានយន្តពាណិជ្ជកម្មជាដើម។ ក្រុមហ៊ុនផលិតកម្មជាច្រើនកំពុងតស៊ូដើម្បីនាំផលិតផល របស់ខ្លួនចេញ និងទទួលផលិតផលចូលបានទាន់ពេលវេលា។ ការកើនឡើងនៃថ្លៃដឹកជញ្ជូនទំនិញ និងថ្លៃវត្ថុធាតុដើម ការពន្យាពេលយូរនៅកំពង់ផែ និងអតិផរណាឡើងខ្ពស់កំពុងជះឥទ្ធិពលទៅដល់កំរិតប្រាក់ចំណេញនៅក្នុងវិស័យផលិតកម្មទាំងមូល ហើយឧស្សាហកម្មផលិតសំបកកង់ យានយន្តក៏មិនទាន់មានក្តីសង្ឃឹមនៅឡើយ។
  • ទាក់ទងនឹងវិធានការដំបូង ចក្រភពអង់គ្លេស បានសម្រេចចិត្តពន្យារពេលនៃការបន្ធូរបន្ថយការបិទខ្ទប់ រហូតដល់ថ្ងៃទី១៩ ខែកក្កដា។ យោងតាមផែនការដំបូង វិធានការទប់ស្កាត់លើជួបជុំក្នុងសង្គមត្រូវបានគេលុបចោលនៅថ្ងៃទី២១ ខែមិថុនា។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តីអង់គ្លេសបានបង្ហាញពីលទ្ធភាពនៃជំរុញឲ្យបើកដំណើរការឡើងវិញឲ្យច្រើន ប្រសិនបើស្ថានការណ៍អាចធានា បាន។ ខណៈពេលដែលអត្រាឆ្លងមានការកើនឡើងចំពោះមនុស្សគ្រប់វ័យទាំងអស់ ក៏មានករណីឆ្លងថ្មីចំនួន ១១ ០០០ករណីនៃ ប្រភេទមេរោគបំប្លែងខ្លួនថ្មី Delta ត្រូវបានរាយការណ៍នៅថ្ងៃទី១៧ ខែមិថុនា ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាល ខែកុម្ភៈមក។ រដ្ឋាភិបាលបារម្ភថា អាចនឹងមានចំនួនប្រជាជនច្រើនត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ ប្រសិនបើការរឹតបន្តឹងត្រូវបាន ដកចេញត្រឹមថ្ងៃទី ២១ ខែមិថុនា។
  • GDP របស់ប្រទេសឥណ្ឌាបានធ្លាក់ចុះ ៧,៣% នៃឆ្នាំសារពើពន្ធ ដែលបញ្ចប់ត្រឹមខែមីនា ឆ្នាំ២០២១ នេះបើយោងតាមការព្យាករណ៍ ដែលចេញផ្សាយដោយរដ្ឋាភិបាលនៅថ្ងៃទី៧ ខែមិថុនាកន្លងមក។ ការកើនឡើងគួរឱ្យព្រួយបារម្ភនៃចំនួនករណីឆ្លងមេរោគ COVID-១៩ បំប្លែងខ្លួនថ្មី ហើយបានបង្ខំឱ្យរដ្ឋាភិបាលក្នុងរដ្ឋជាច្រើនត្រូវបិទខ្ទប់ឡើងវិញចាប់តាំងពីខែឧសភា ឆ្នាំ២០២១មក។ ទោះបីជាករណីឆ្លងថ្មីប្រចាំថ្ងៃកំពុងធ្លាក់ចុះចាប់តាំងពីសប្តាហ៍ទី២នៃខែមិថុនា ឆ្នាំ២០២១ មក​ក៏ដោយ តែប្រទេសឥណ្ឌានៅតែមាន ករណីឆ្លងសកម្មជិត ០,៩លានករណី គិតត្រឹមពាក់កណ្តាលខែមិថុនានេះ។ សេដ្ឋកិច្ចឥណ្ឌាត្រូវបានទ្រទ្រង់យ៉ាងខ្លាំងដោយ សហគ្រាសធុនតូចនិងធុនមធ្យម (MSME) ។ វិស័យសហគ្រាស MSME បានរួមចំណែកច្រើនជាង ៣០% ដល់ GDPរបស់ប្រទេស និងបានបង្កើតការងារច្រើនកន្លែងជូនប្រជាពលរដ្ឋ។ ការបិទខ្ទប់រយៈពេលយូរនាពេលបច្ចុប្បន្ន បានធ្វើឱ្យអង្គភាពជាច្រើននៅក្នុង MSME នេះត្រូវក្ស័យធន ឬប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដោយសារកង្វះថវិកា និងកង្វះជម្រើសហិរញ្ញប្បទាន។ ការគ្របដណ្តប់ឡើងវិញ នៃរោគរាតត្បាត COVID-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យរថយន្តរបស់ប្រទេសឥណ្ឌា ដែលធ្លាប់បានបង្ហាញសញ្ញា ងើបឡើងវិញយ៉ាងល្អកាលពីដើមឆ្នាំ ២០២១។ ការលក់រថយានយន្តនៅឥណ្ឌាបានធ្លាក់ចុះ ៥៩,០% នៅក្នុងខែឧសភា ឆ្នាំ ២០២១ ពោលគឺពីចំនួន ២០៨ ៩០០គ្រឿង ក្នុងខែមេសា ឆ្នាំ ២០២១ មកនៅត្រឹម ៨៥ ៧០០គ្រឿង ក្នុងខែឧសភា។ ការលក់ ទោចក្រយានយន្តវិញបានធ្លាក់ចុះយ៉ាងគំហុកចំនួន ៥២.៥% នៅក្នុងខែឧសភា ឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២១។ ការវិវឌ្ឍន៍ទាំងនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទាំងតម្រូវការសំបកកង់យានយន្តដែលត្រូវបំពាក់ផ្ទាល់ ក៏ដូចជា សំបកកង់ជំនួស។
  • ការរីករាលដាលឡើងវិញនៃការឆ្លងមេរោគ COVID-១៩ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើការប្រើប្រាស់កៅស៊ូធម្មជាតិ នៅក្នុងតំបន់អាស៊ាន។ ដូចដែលបានចង្អុលបង្ហាញនៅក្នុងការចេញផ្សាយមុនៗរួចហើយថា សកម្មភាពផលិតកម្មនៅប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី ត្រូវបានបង្អាក់ដោយសារតែការបិទខ្ទប់ ការរឹតត្បិតការធ្វើដំណើរ ការកាត់បន្ថយដល់កម្រិត អប្បបរមានៃកម្លាំងពលករ និងវិធានការត្រួតពិនិត្យរឹតបន្តឹងផ្សេងៗដែលដាក់ដោយរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន។ រោងចក្រផលិត នានាត្រូវបានកំណត់ថាជាប្រភពចំបងនៃការចម្លងរោគនៅក្នុងប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសវៀតណាម។ ប្រទេសម៉ាឡេស៊ី បានពង្រឹងការអនុវត្តន៍បទបញ្ជារឹតត្បិតការធ្វើដំណើរនៅទូទាំងប្រទេសរហូតដល់ថ្ងៃទី២៨ ខែមិថុនា។ នៅក្នុងប្រទេសថៃការឆ្លងមេរោគ នេះត្រូវបានរាយការណ៍ថាបានបង្ខំឱ្យមានការបិទទ្វារជាបណ្តោះអាសន្ននូវរោងចក្រប្រហែល១៣០កន្លែង ក្នុងនោះមានទាំងរោងចក្រ ផលិតស្រោមដៃកៅស៊ូនិងរោងចក្រផលិតផលិតផលពីកៅស៊ូផ្សេងទៀត រហូតដល់ពាក់កណ្តាលខែមិថុនា។ ប្រទេសវៀតណាមវិញ ត្រូវបានរាយការណ៍ថា បានបិទឧទ្យានឧស្សាហកម្មជាច្រើនកន្លែងរហូតដល់មានការជូនដំណឹងជាថ្មី ដោយសារតែការផ្ទុះឡើងនៃជម្ងឺ COVID-១៩។ ខណៈពេលដែលការចាក់វ៉ាក់សាំងកំពុងធ្វើឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូបានបើកដំណើរការ អាជីវកម្មរបស់ពួកគេឡើងវិញយ៉ាងរលូន បែរជានៅអាស៊ានបានដាក់ពង្រាយទីតាំងចាក់វ៉ាក់សាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យ សេដ្ឋកិច្ចមានជីវិតរស់ឡើងវិញ។ ចំនួនប្រជាជនដែលទទួលថ្នាំវ៉ាក់សាំងរពេញលេញមានតិចជាង ៥% នៃប្រជាជនសរុបនៅប្រទេស ឥណ្ឌូនេស៊ី ស៊ីម៉ាឡេស៊ី  ថៃ  និងនៅប្រទេសវៀតណាមគិតត្រឹមពាក់កណ្តាលខែមិថុនានេះ (តារាងទី២)។ តាមបទដ្ឋានចេញដោយ អង្គការសុខភាពពិភពលោក WHO គឺយ៉ាងហោចណាស់ត្រូវមានចំនួនប្រជាជន ៧០% ទទួលថ្នាំបានបង្ការពេញលេញ ទើបអាចមាន ប្រព័ន្ធភាពសាំទាប់ទល់នឹងជម្ងឺ។ បើស្ថិតក្នុងល្បឿនបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងពេញលេញចំនួន ៧០% នៃចំនួនប្រជាជនសរុប បានទំនងជាត្រូវចំណាយពេលច្រើនខែទៅមុខទៀត នៅក្នុងតំបន់អាស៊ាននិងនៅប្រទេសឥណ្ឌា។
  • កត្តាមួយចំនួនបានធ្វើឱ្យការព្រមទទួលយកហានិភ័យថយចុះ (Down Risk-appetite) និងបានបង្ខំឱ្យពួកឈ្មួញដកខ្លួន ឬឈានចូល ដោយប្រុងប្រយ័ត្ន នៅក្នុងផ្សារហ៊ុនស៊ាងហៃ។ កត្តាទាំងនោះរួមមាន៖
    • ការកើនឡើងនៃអតិផរណា និងការភ័យខ្លាចការដាក់ចេញនូវគោលនយោបាយអន្តរាគមន៍ ដោយប្រទេសចិន ដើម្បីទប់ទល់នឹង អតិផរណាតាមរយៈការដំឡើងអត្រាការប្រាក់។
    • សេចក្តីប្រកាសគោលនយោបាយធ្វើឡើងដោយប្រទេសចិន ដើម្បីបង្ក្រាបការព្យាករណ៍មិនត្រឹមត្រូវនិងការឡើងថ្លៃទំនិញ ខុសប្រក្រតី។
    • ការឡើងថ្លៃយ៉ាងឆាប់រហ័សនៃប្រាក់យ័នចិន។
    • ការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ​ ចំពោះការខូចខាតសេដ្ឋកិច្ចរបស់ប្រទេសចិនដែលកើតចេញពីភាពរអាក់រអួលនៅតែបន្តក្នុង ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទំនិញសាកល និងការពន្យាពេលដឹកជញ្ជូនទំនិញ។
    • ការផ្ទុះជាថ្មីនៃការឆ្លងមេរោគ COVID-១៩ នៅខេត្តក្វាងទុង និងការផ្អាកប្រតិបត្តិការខ្លះនៅស្ថានីយកុងតឺន័ររយ៉ានទៀន (Yantian) ដែលត្រូវបានគេចាត់ទុកថាជាចំណុចស្នូលសម្រាប់ផលិតកម្មនិងពាណិជ្ជកម្មរបស់ប្រទេសចិន។
    • អារម្មណ៍អវិជ្ជមានកើតចេញពីការព្រួយបារម្ភលើការរាំងស្ទះដល់ការដឹកជញ្ជូន ការកើនឡើងនៃតម្លៃដឹកជញ្ជូនទំនិញ និងតម្លៃ វត្ថុធាតុដើម។
    • ការធ្លាក់ចុះនៅក្នុងវិស័យផលិតកម្មរបស់ប្រទេសចិន។
    • ភាពមិនស្ថិតស្ថេរនៃទីផ្សារ bitcoin។
    • ភូមិសាស្ត្រនយោបាយថ្មីដែលកើតចេញពីចលនារបស់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិកសំដៅតទល់ជាមួយ ប្រទេសចិននិងប្រទេសរុស្ស៊ី។
  • ដូចដែលបានរាយការណ៍នៅក្នុងការចេញផ្សាយមុនរួចហើយថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានផ្តួចផ្តើមសកម្មភាពប្រឆាំងនឹង ការលក់បង្ខូចថ្លៃទីផ្សារចំពោះក្រុមហ៊ុនផលិតសំបកកង់យានយន្តជាច្រើន ដែលកំពុងដំណើរការនៅតៃវ៉ាន់ ប្រទេសកូរ៉េខាងត្បូង  ថៃ និងនៅវៀតណាម។ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក គ្រោងនឹងបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេនៅថ្ងៃទី២៣ ខែមិថុនានេះ។ ពន្ធប្រឆាំងការលក់បង្ខូចតម្លៃមានចន្លោះពី ១៤,៦% ទៅដល់១០១,៨%។ នៅក្នុងការព្យាករណ៍នៃការដាក់ពន្ធគយ ខ្ពស់ទៅលើក្រុមហ៊ុនផលិតសំបកកង់យានយន្តទាំងឡាយណាដែលជាប់ពន្ធនេះ ត្រូវបានរំពឹងថានឹងធ្វើឱ្យក្រុមហ៊ុនទាំងនោះកាត់បន្ថយការផលិតរបស់ពួកគេជាក់ជាមិនខាន។
  • រដូវត្រជាក់នៃការផ្គត់ផ្គង់កៅស៊ូធម្មជាតិបានបិទបញ្ចប់នៅចុងខែឧសភាក្នុងបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិសំខាន់ៗ។ ការប្រមូល ផលកៅស៊ូនៅតែបន្ត ទោះបីជាមានឧបសគ្គដែលបណ្តាលមកពីការរឹតត្បិតប្រទេសដើម្បីទប់ទល់នឹងជំងឺរាតត្បាត COVID-១៩  និងទោះបីមានភ្លៀងធ្លាក់រំខានខ្លះក៏ដោយ។ ការផ្គត់ផ្គង់កៅស៊ូមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ និងខែមិថុនា ឆ្នាំ២០២១ នៅក្នុងប្រទេសផលិតកៅស៊ូមួយចំនួនដូចបានបង្ហាញក្នុងតារាងទី៣
  • ប្រទេសឥណ្ឌាអាចនឹងកើនឡើងផលិតផលកៅស៊ូធម្មជាតិក្នុងអំឡុងខែមិថុនាបើប្រៀបធៀបទៅនឹងរយៈពេល២ខែមុននេះ (ពោលគឺ  ខែមេសានិងខែឧសភាឆ្នាំ២០២១) ដោយសារតែកសិករនៅក្នុងតំបន់ដាំកៅស៊ូប្រពៃណីបានប្រើប្រាស់ក្បាំងការពារទឹកភ្លៀងបំពាក់ ឱ្យដើមកៅស៊ូរបស់ពួកគេយ៉ាងច្រើន សំដៅការពារការប្រមូលផលកៅស៊ូក្នុងអំឡុងពេលខ្យល់មូសុងនិរតីមកដល់។ តម្លៃកាន់តែប្រសើរ ជាងមុនក្នុងឆ្នាំនេះ បូករួមទាំងយុទ្ធនាការផ្សព្វផ្សាយដែលធ្វើឡើងដោយក្រុមប្រឹក្សាកៅស៊ូ និងការបង្ករភាពងាយស្រួលក្នុងការទទួល បានឥណទានហិរញ្ញវត្ថុដែលបានផ្សព្វផ្សាយដោយសហករណ៍ និងដោយក្រុមហ៊ុនសហកម្មសិទ្ធិរវាងសហគមន៍ផលិតកៅស៊ូ (Rubber Producers Societies -RPS) ជាមួយនិងក្រុមប្រឹក្សាកៅស៊ូ (Rubber Board)ផង បានជំរុញធ្វើឱ្យកសិករចំនួនច្រើនឡើងប្រើប្រាស់ ក្បាំងការពារទឹកភ្លៀងបំពាក់លើដើមកៅស៊ូសម្រាប់ការចាប់ផ្តើមនៃរដូវខ្យល់មូសុងនិរតី។ ប៉ុន្តែទោះយ៉ាងណា ការរីករាលដាលនៃជំងឺ រាតត្បាតកើតឡើងវិញ បានទៅបង្អាក់ដល់ការប្រមូលផលជ័រកៅស៊ូ និងផលិតកម្មកៅស៊ូអស់មួយកំរិតទៅវិញ។
  • ក្រុមហ៊ុនផលិតស្រោមដៃពីកៅស៊ូធម្មជាតិ កំពុងពុះពារជំរុញការផលិត ដើម្បីបំពេញតម្រូវការប្រើប្រាស់ស្រោមដៃយ៉ាងខ្លាំង នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត COVID-១៩។ ក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូទាំងនោះ កំពុងស្ថិតនៅក្រោមសម្ពាធមួយដែលថា តើត្រូវធ្វើដូចម្តេចដើម្បីបង្កើនទិន្នផលឱ្យដល់កំរិតអតិបរិមានៃរោងចក្ររបស់ពួកគេដោយគ្មានការរំខាន។ ពួកគេក៏ចង់បានការធានាលើ ការផ្គត់ផ្គង់ទឹកជ័រកៅស៊ូក្នុងបរិមាណច្រើនជាងមុនផងដែរ។ នេះក៏ជាបញ្ហាប្រឈមពិតប្រាកដមួយដែរក្នុងការធានាឱ្យមានការផ្គត់ផ្គង់ ទឹកជ័រកៅស៊ូច្រើននៅក្នុងអំឡុងពេលនៃរដូវក្តៅ ប៉ុន្តែក្រុមហ៊ុនផលិតស្រោមដៃទាំងនោះធ្វើការគ្រប់គ្រងស្ថានការដោយព្រមផ្តល់តម្លៃ ខ្ពស់ដល់ទឹកជ័រកៅស៊ូ ដូច្នេះកសិករកៅស៊ូគ្រួសារបានព្យាយាមបន្តប្រមូលផលកៅស៊ូនៅក្នុងរដូវក្តៅ ហើយបានលក់ផលិតផលជ័រ ក្នុងទម្រង់ជាទឹកជ័រជំនួសឱ្យជ័រចានវិញ ប៉ុន្តែតម្លៃពិសេសមិនត្រូវបានផ្តល់ជូនឱ្យដូចកាលក្នុងរដូវត្រជាក់ទៀតទេ។

ទស្សនវិស័យរយៈពេលខ្លី

ខាងក្រោមនេះជាកត្តាទាំងឡាយដែលរំពឹងថានឹងកំណត់និន្នាការនៃថ្លៃកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លី៖

  • ទន្ទឹមពេលដែលមានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបផងនោះ គេរំពឹងថានឹងអាចជំរុញតម្រូវការ ប្រើប្រាស់កៅស៊ូធម្មជាតិក្នុងរយៈពេលខ្លី ប៉ុន្តែកត្តាដែលបានចង្អុលបង្ហាញនៅក្នុងកថាខណ្ឌទី២ (iv & v) ទំនងជាអាចបង្អាក់កំណើន តម្រូវការប្រើប្រាស់ពីលោកខាងលិចទៅវិញ។ ត្រឡប់មកមើលប្រទេសចិនដែលជាប្រទេសអ្នកប្រើប្រាស់កៅស៊ូធម្មជាតិជាង ៤០% នៃកៅស៊ូសាកលលោកនោះ ត្រូវបានព្យាករណ៍ថា តម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិនៅមានចំនួនខ្សោយនៅក្នុងរយៈពេលខ្លី ដោយសារតែមានឧបសគ្គដូចដែលបានចង្អុលបង្ហាញនៅក្នុងកថាខណ្ឌទី ២ (i & ii)។ ចំពោះប្រទេសឥណ្ឌា ទោះបីអត្រាឆ្លងជំងឺ COVID-១៩ កំពុងធ្លាក់ចុះ ចាប់តាំងពីសប្តាហ៍ទី២ នៃខែមិថុនាមកហើយក៏ដោយ​ ក៏ប្រទេសនេះនៅតែមានករណីឆ្លងសកម្មប្រហែល ០,៩ លានករណីគិតត្រឹមពាក់កណ្តាលខែមិថុនានេះ។ មកទល់ពេលនេះមានប្រជាជនតែ ៣,៤% នៃប្រជាជនសរុបរបស់ប្រទេស ប៉ុណ្ណោះ ដែលទទួលថ្នាំបង្ការពេញលេញ ហើយរលកទី៣នៃជំងឺរាតត្បាតកំពុងវាយលុកនៅក្នុងរដ្ឋមួយចំនួនទៀតផង។ បណ្តាប្រទេស ប្រើប្រាស់កៅស៊ូធម្មជាតិសំខាន់ៗ នៅក្នុងតំបន់អាស៊ានក៏ត្រូវទទួលរងផលប៉ះពាល់ពីអត្រាយឺតយ៉ាវនៃការចាក់វ៉ាក់សាំងនេះផងដែរ។ ដោយសារប្រទេសឥណ្ឌានិងប្រទេសប្រើប្រាស់កៅស៊ូធម្មជាតិធំៗនៅតំបន់អាស៊ានត្រូវការចំណាយពេលយូរ ដើម្បីទទួលបានភាពស៊ាំ ទៅនឹងជំងឺ COVID-១៩  ដើម្បីបានបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដូច្នេះតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិនៅប្រទេសទាំងនេះ ទំនងជានៅតែខ្សោយដដែលក្នុងរយៈពេលខ្លី។
  • ក្នុងអំឡុងរដូវត្រជាក់ ការផ្គត់ផ្គង់កៅស៊ូធម្មជាតិបានបិទបញ្ចប់នៅក្នុងបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិសំខាន់ៗ។ ទោះជាការរំខានពី វិធានការទប់ស្កាត់ទៅនឹងរោគរាតត្បាតនៅតែបន្ត ហើយវាពិតជាអាចមានឥទ្ធិពលលើការផ្គត់ផ្គង់កៅស៊ូធម្មជាតិនៅក្នុងប្រទេស មួយចំនួនក្តី ក៏ការផ្គត់ផ្គង់កៅស៊ូនៅក្នុងពិភពលោកត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ចាប់ពីខែមិថុនានេះតទៅ។ ចំណុចនេះត្រូវបាន លើកមកបង្ហាញក្នុងកថាខណ្ឌទី២ (x) រួមជាមួយនឹងតារាងទិន្នន័យភ្ជាប់ផង។
  • ពួកពាណិជ្ជករទំនងជាសម្រេចនៅឲ្យឆ្ងាយ ឬក៏ចាត់វិធានការដោយប្រុងប្រយ័ត្នបំផុតនៅក្នុងផ្សារហ៊ុនសៀងហៃ ដោយពួកគេបារម្ ភក្នុងហេតុផលផ្សេងៗដូចដែលបានចង្អុលបង្ហាញនៅក្នុងកថាខណ្ឌទី២ (viii) ។ អ្វីដែលពិសេសជាងនេះទៀត អនាគតកៅស៊ូ ធម្មជាតិដែលបានជួញដូរនៅផ្សារហ៊ុនសៀងហៃអាចពុំសូវមានការចាប់អារម្មណ៍ ប៉ុន្តែប្រេងបែរជាមានតម្រូវការច្រើន ទោះបីជា តម្លៃខ្ពស់។
  • ប្រាក់ដុល្លារសហរដ្ឋអាម៉េរិកទំនងជានឹងកើនឡើងយ៉ាងហោចណាស់ក៏ក្នុងរយៈពេលខ្លីនេះដែរ។ ធនាគារសហព័ន្ធសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចប្រជុំអំពីគោលនយោបាយមានរយៈពេលពីរថ្ងៃរបស់ខ្លួននៅថ្ងៃទី១៦ ខែមិថុនា ដោយសម្រេចរក្សាគោលនយោបាយ អត្រាការប្រាក់ និងការទិញមូលបត្រប្រចាំខែឱ្យនៅដដែលពុំមានការផ្លាស់ប្តូរ។ ទោះយ៉ាងជាចង់ងាកចេញពីជំហរដែលបានសម្រេច នៅក្នុងកិច្ចប្រជុំមុនរបស់ខ្លួន ធនាគារកណ្តាលអាមេរិកបានបង្ហាញសញ្ញានៃការដំឡើងអត្រាការប្រាក់ចំនួន២៥ចំណុចគោលនីមួយៗ ក្នុងឆ្នាំ២០២៣។ ធនាគារកណ្តាលសហរដ្ឋអាម៉េរិកបានបង្ហាញជំហរផ្លាស់ប្តូររបស់ខ្លួនដោយចង្អុលបង្ហាញថា ទស្សនវិស័យសេដ្ឋកិច្ច របស់សហរដ្ឋអាម៉េរិកមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយកំណើននេះត្រូវបានរំពឹងថានឹងកើនឡើង ៧% នៅឆ្នាំ២០២១។ ពួកពាណិជ្ជករទីផ្សារ Forex បានព្យាករណ៍ថា ការប្រជុំជាបន្តបន្ទាប់របស់ធនាគារកណ្តាលអាមេរិក អាចធ្វើការពិចារណាឱ្យអត្រា ការប្រាក់កើនឡើងខ្ពស់ជាងមុន នៅមុនឆ្នាំ២០២៣។ ជាទូទៅ តម្លៃប្រាក់ដុល្លារកាន់តែរឹងមាំនិងធ្វើឱ្យអារម្មណ៍នៅក្នុងការជួញដូរ ទំនិញថយចុះ។
  • ទោះបីជាការពង្រឹងឥទ្ធិពលនៃប្រាក់ដុល្លារត្រូវថ្លឹងថ្លែងជាមួយតម្លៃប្រេងឆៅក៏ដោយ ក៏ការរំពឹងថាការងើបឡើងវិញនៃតម្រូវការប្រើ ប្រាស់ប្រេងអាចជួយឱ្យតម្លៃប្រេងឆៅរឹងមាំឡើង និងទទួលបានផលចំណេញបន្ថែមទៀត ហើយអាចជួយកំចាត់ឥទ្ធិពលអវិជ្ជមាន មកលើតម្លៃប្រាក់ដុល្លារថែមទៀតផង។ ទោះជាយ៉ាងណា ការតម្លើងតម្លៃប្រេងមិនចាំបាច់បកស្រាយភ្ជាប់ទៅនឹងនិន្នាការកើនឡើង នៃតម្លៃកៅស៊ូធម្មជាតិនោះទេ។

សរុបមក ការរួមបញ្ចូលគ្នានៃកត្តាទាំងឡាយខាងលើត្រូវរំពឹងថា ការធ្លាក់ចុះនៅក្នុងទីផ្សារកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លីខាងមុខ។  អត្រានៃ ការចាក់វ៉ាក់សាំងយឺតនៅក្នុងបណ្តាប្រទេសខាងក្រៅសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប អាចពន្យារពេលការស្តារឡើងវិញនៃសកម្មភាព សេដ្ឋកិច្ច ក៏ដូចជាពន្យាការធ្វើឱ្យបានប្រសើរជាថ្មីឡើងវិញនៃតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិដូច្នោះដែរ។ ល័ក្ខខ័ណ្ឌនានាកំពុងលេចចេញ នៅក្នុងតម្រូវការនិងការផ្គត់ផ្គង់ រួមជាមួយនឹងកត្តាមិនអនុគ្រោះផ្សេងៗទៀត ហាក់មិនអំណោយផលដល់ការងើបឡើងវិញនៃតម្លៃកៅស៊ូ ធម្មជាតិក្នុងរយៈពេលខ្លីនេះឡើយ។

ព័ត៌មានចុងក្រោយ