×
ការវិវត្តន៍និន្នាការថ្លៃកៅស៊ូធម្មជាតិទិញលក់នៅតាមបណ្តាទីផ្សារហ៊ុនក្នុងអំឡុងខែឧសភា ឆ្នាំ២០២១

១.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែឧសភា ឆ្នាំ២០២១

បន្ទាប់ពីថ្ងៃឈប់សម្រាប់​មួយសប្តាហ៍​នៅប្រទេសចិន ទីផ្សារហ៊ុនសៀងហៃនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០១ ថ្លៃកៅស៊ូទិញលក់តាម កិច្ចសន្យាសម្រាប់ខែសីហា ឆ្នាំ២០២១ មានតម្លៃ១៤ ២៩៥យ័ន/​តោន​ ចំណែកឯថ្លៃកៅស៊ូកាលពីចុងខែឧសភា ឆ្នាំ២០២១ មានតម្លៃ ១៣ ៤៨៥យ័ន/តោន។ ថ្លៃ​កៅ​ស៊ូ​ជា​​មធ្យម​ប្រចាំ​ខែ​ឧសភា ឆ្នាំ២០២១ បានកើនឡើង១% ស្មើនឹង ១៣ ៧៨៧យ័ន/តោនបើធៀបនឹង​ខែ​មេសា ឆ្នាំ២០២១ ដែល​មាន​​តម្លៃ​ ១៣​ ៦៥៧យ័ន/តោន។​

នៅចុងសប្តាហ៍ទី៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលចិនបានប្តេជ្ញាដាក់វិធានការណ៍ប្រឆាំងមោះមុត (Zero-tolerance Approach) ចំពោះរោងចក្រទំនិញពាណិជ្ជកម្មដែលមានឥរិយាបថផ្តាច់មុខ (Monoply Behavior) និងទិញទំនិញលើសតម្រូវការមកស្តុកទុក (Hoarding) ជាមូលហេតុធ្វើឲ្យតម្លៃវត្ថុធាតុដើមឡើងខ្ពស់ហួសពីការស្មាន និងអាចធ្វើឲ្យអតិផរណាកើនឡើងខ្ពស់ផងដែរ។

លើសពីនេះទៀត អាជ្ញាធរមានបទប្បញ្ញត្តិពាក់ព័ន្ធនឹងការតាមដានយ៉ាងដិតដល់​នូវនិន្នាការតម្លៃមុខទំនិញ ពង្រឹងការត្រួតពិនិត្យរួមគ្នាលើ មុខទំនិញទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញ​​លក់ភ្លាមៗ អនុវត្តវិធានការណ៍ប្រឆាំងមោះមុតចំពោះសកម្មភាពខុសច្បាប់ បន្តពង្រឹងការ អនុវត្តច្បាប់អធិការកិច្ច​ស៊ើបអង្កេតប្រតិបត្តិការមិនប្រក្រតី​ និងប្រមើលរកភាពអយុត្តិធម៌។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មានបានប្រកាសថា តម្លៃមុខទំនិញពាណិជ្ជកម្មឧស្សាហកម្មរបស់ប្រទេសចិនបានធ្លាក់ចុះ​ ជាពិសេសការធ្វើពាណិជ្ជកម្មរ៉ែដែក Dalian តាម​​កិច្ចសន្យាបានធ្លាក់ចុះ ៩,៥%។ កត្តានេះក៏មានឥទ្ធិពល​ដល់​ការ​ធ្លាក់ចុះតម្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ បន្ទាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

ក្រាហ្វិកទី១នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូប្រចាំថ្ងៃ ទិញលក់តាមកិច្ចសន្យាសម្រាប់ខែសីហា ឆ្នាំ២០២១ នៅក្នុងទីផ្សារហ៊ុនសៀងហៃក្នុងអំឡុង ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ក្រាហ្វិកទី១)

២.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែឧសភា ឆ្នាំ២០២១

នៅក្នុងអំឡុងថ្ងៃទី៣-៣១ ខែឧសភា ឆ្នាំ២០២១ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យា​គិតជាមធ្យមនៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែ កក្កដា ឆ្នាំ២០២១ នឹងបង្ហាញនៅក្នុងក្រាហ្វិកខាងក្រោម។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃមាននិន្នាការប្រហាក់ ប្រហែលគ្នាទៅនឹងថ្លៃ​កៅស៊ូ​ទិញលក់​តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរី ​ក្នុងកំឡុងពេលដូចគ្នានេះ។ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាម​​កិច្ច​សន្យានៅទីផ្សារហ៊ុនសឹង្ហបុរីគឺ ១,៦៩ដុល្លារ/គ.ក្រនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ និង​មាន​​តម្លៃ១,៦៨ដុល្លារ/គ.ក្រ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ប៉ុន្តែថ្លៃកៅស៊ូ TSR-20 ជា​មធ្យម​ប្រចាំខែឧសភា ឆ្នាំ២០២១ ស្មើនឹង ១,៦៩ដុល្លារ/គ.ក្រ គឺបាន​កើន​ឡើង ២,៧% បើធៀបនឹងខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ ១,៦៥ដុល្លារ/គ.ក្រ។ (ក្រាហ្វិកទី២)

៣.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែឧសភា ឆ្នាំ២០២១

ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅក្នុងទីផ្សារ​ហ៊ុនអូសាកាសម្រាប់ខែតុលា ឆ្នាំ២០២១ ចាប់ពីថ្ងៃទី៣-៣១ ខែឧសភា ឆ្នាំ២០២១។ ថ្លៃកៅស៊ូទិញ-លក់តាមកិច្ចសន្យានៅទីផ្សារ​ហ៊ុនអូសាកា មាននិន្នាការប្រហាក់ប្រហែលគ្នា ទៅនឹងថ្លៃកៅស៊ូ​ទិញ​លក់​តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃនិងទីផ្សារហ៊ុនសឹង្ហបុរី។ នៅទីផ្សារ​ហ៊ុនអូសាកាបានចាប់ផ្តើមពាណិជ្ជកម្ម របស់ខ្លួនឡើងវិញ បន្ទាប់ពីឈប់សម្រាកបុណ្យជាតិរយៈវែង រីឯថ្លៃកៅស៊ូ RSS-3 ទិញ-លក់តាមកិច្ចសន្យានៅថ្ងៃទី១ ខែឧសភា​ មានតម្លៃ ២៥៧,៩០យេន/គ.ក្រ និងនៅថ្ងៃ​ទី​៣១ ខែឧសភា មានតម្លៃ ២៤៥,៣០យេន/គ.ក្រ)។ ថ្លៃកៅស៊ូ RSS-3 ជាមធ្យមប្រចាំខែឧសភា ឆ្នា២០២១ ស្មើនឹង​២៥២ យេន/គ.ក្រ បានកើនឡើង៥,៣% បើធៀបនឹងខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ២៣៩យេន/ គ.ក្រ។ (ក្រាហ្វិកទី៣)

ព័ត៌មានចុងក្រោយ