×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែធ្នូ ឆ្នាំ២០២០

ស្ថានភាពផលិតកម្មនិងធុរកិច្ចកៅស៊ូធម្មជាតិកម្ពុជាប្រចាំខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា៖ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ១៥៩ហ.ត ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៩២ ៤៩៧ហ.ត (ស្មើនឹង៧២%) និងផ្ទៃដីថែទាំមានចំនួន១១១ ៦៦៣ហ.ត​ (ស្មើនឹង២៨%)។ បរិមាណផលិត​ផលសរុបក្នុងខែធ្នូមានចំនួន៥៧ ៩៧២តោន បានកើនឡើងចំនួន១៤ ៣៦០តោន (=​​+៣៣%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន៨ ៥៨៨តោន (=+១៧%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ រហូតមកដល់ខែធ្នូ (១២ ខែឆ្នាំ២០២០) បរិមាណផលិត សរុបមានចំនួន៣៤៩ ៣០០តោន បានកើនឡើង​ចំនួន៦០ ២៤៧តោន (=+២១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

បរិមាណបញ្ចេញលក់ក្នុងខែធ្នូ គឺមានចំនួន៥២ ៧១១តោន បានកើនឡើងចំនួន១០ ០៤៤តោន (=+២៤%) ធៀបនឹងខែមុន និងបានកើនឡើង​ចំនួន៤ ៤០៩តោន (=+៩%) ធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បរិមាណបញ្ចេញលក់សរុបរហូតដល់ខែធ្នូ (១២ខែឆ្នាំ២០២០) មានចំនួន៣៣៨ ៣០០តោន បានកើនឡើង​ចំនួន៥៦ ២២៩តោន (=+២០%) ធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។   

តម្លៃលក់ជាមធ្យមក្នុងខែធ្នូ គឺ១ ៦០៣US$/តោន បានកើនឡើង ៨៦US$/តោន (=+៦%) ធៀបនឹងខែមុន និងបានកើនឡើង២៣២US$/តោន (=+១៧%) បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៩។  រហូតដល់ខែធ្នូ (១២ខែ ឆ្នាំ២០២០) តម្លៃលក់ជាមធ្យមគឺ១ ៣៨២US$/តោន បានកើនឡើង៤៦US$/តោន (=+៣%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ មុន។ ចំណូលដុលពីការលក់នៅក្នុងឆ្នាំ២០២០ មានចំនួនប្រមាណ ៤៦៨លានដុល្លារអាម៉េរិក។ ចំពោះ ស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែធ្នូ ឆ្នាំ២០២០ មានតម្លៃ ជាមធ្យមប្រមាណពីតម្លៃ៥ ៥០០ - ៥ ៩០០៛/គ.ក្រ សម្រាប់ជ័រទឹកគិតជាជ័រស្ងួតតាមអត្រា DRC (បានកើនឡើង ១៤២៛/គ.ក្រ ធៀបនឹងខែមុន) និងតម្លៃ២៣៥០ - ២៩០០៛/គ.ក្រ សម្រាប់ជ័រកក (បានកើនឡើង៤៤៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យទៅតាមតំបន់។

យោងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ ​(ANRPC)  បានបង្ហាញថា៖ ក្នុងរយៈពេល១១ខែ (មករា - វិច្ឆិកា) ឆ្នាំ២០២០ ផលិតផល កៅស៊ូធម្មជាតិពិភពលោកមានចំនួនតែ១១,៣៧៦លានតោន បានធ្លាក់ចុះ៨,៣% និងអាចធ្លាក់ចុះប្រមាណ០,៦% បន្ថែម​​​ទៀតសម្រាប់ខែធ្នូ​ឆ្នាំ២០២០។ យោងតាមការនិទស្សន៍ចុង ក្រោយបំផុត បរិមាណផ្គត់ផ្គង់ក្នុងឆ្នាំ២០២០ មានចំនួន១២,៦៧៨លានតោន (កើនឡើង៨១ ០០០តោន បើធៀបនឹងការនិទស្សន៍កាលពីលើកមុន)។ ទន្ទឹមនឹងនេះ បរិមាណផ្គត់ផ្គង់ សម្រាប់ខែមករា ឆ្នាំ២០២១ ត្រូវបាននិទស្សថានឹងកើនដល់១,១៩២លានតោន ទល់នឹង១,០៥៦លានតោននៃខែមករា ឆ្នាំ២០២០។ ចំពោះ​​ រិមាណតម្រូវការប្រើប្រាស់ក្នុងរយៈពេល១១ខែ (មករា - វិច្ឆិកា) ឆ្នាំ២០២០ មានចំនួនតែ១១,៦៦លានតោន បានធ្លាក់ចុះ៧,៩% ប៉ុន្តែបាន កើនឡើងវិញប្រមាណ៣,៦% ស្មើនឹង១,១៦៧លានតោនសម្រាប់ខែធ្នូ ​ឆ្នាំ២០២០។ យោងតាមការនិទស្សន៍ ចុងក្រោយបំផុតតម្រូវការប្រើប្រាស់ក្នុងឆ្នាំ២០២០ មានចំនួន១២,៨២៧លានតោន (កើនឡើង១៦ ០០០ តោន ធៀបនឹងការនិទស្សន៍កាលពីលើកមុន)។ ទន្ទឹមនឹងនេះដែល បរិមាណតម្រូវការប្រើប្រាស់សម្រាប់ ខែមករា ឆ្នាំ២០២១ រំពឹងថានឹងមានកំណើន១៥,៥% ស្មើនឹង១,១៧២លានតោន ទល់នឹង ១,០១៥លាន តោននៃខែមករា ឆ្នាំ២០២០។

ក្នុងកំឡុងខែធ្នូ ឆ្នាំ២០២០ ថ្លៃកៅស៊ូធម្មជាតិបានកើនឡើងបន្តិចនៅលើទីផ្សារក្នុងស្រុកតាមប្រទេស​​នានា បើទោះបីជានៅមានពរឹត្តិការណ៍មិនច្បាស់លាស់និងមិនអាចទាយទុកបានក្នុង ឆ្នាំ២០២០។ ថ្លៃកៅស៊ូ SMR20 នៅម៉ាឡេស៊ីបានឡើងដល់១,៥៧ USD/Kg ពីតម្លៃ១ ,៥៦ USD/Kg  ថ្លៃកៅស៊ូ TSR20 ឡើងដល់១,៦០ USD/Kg  កើនពីតម្លៃ១ ,៥៨ USD/Kg កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ថ្លៃកៅស៊ូ  RSS3 ក្នុងក្រុងបាងកកបានកើនតម្លៃ១,២% និង RSS4 នៅកូតឹមយ៉ាម ប្រទេសឥណ្ឌា កើនថ្លៃ២,៥% ធៀបនឹងថ្លៃក្នុងខែវិច្ឆិកា។ ការធ្លាក់ចុះ តម្លៃប្រាក់ដុល្លារអាម៉េរិក រួមនិងនិន្នាកាកើនឡើងនៃតម្លៃប្រេងឆៅបានផ្តល់ភាពអំណោយផលដល់ថ្ឡៃកៅស៊ូនៅលើទីផ្សារ។ ឆ្នាំ២០២០នេះ គឺជាឆ្នាំដ៏តានតឹងសម្រាប់ពិភពលោកដោយសារតែទទួលរងការវាយប្រហារពីជំងឺកូវីត-១៩ ដែលមិនអាចស្មានទុកជាមុន​បណ្តាលឲ្យមានមនុស្សឆ្លងនិងស្លាប់ជាច្រើនលាននាក់ និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅជាប់គាំងក្នុងមួយ រយៈពេលយូរតទៅមុខទៀត។ ស្ថានភាពសេដ្ឋកិច្ចពិភពលោកមានសញ្ញាប្រសើរឡើងវិញ ដោយសារតែសេដ្ឋកិច្ចចិនបានងើបឡើងវិញបន្ទាប់ពីទទួលរងផលប៉ះពាល់ដោយកូវីត-១៩ ដោយមានកំណើននាំចេញរឹងមាំ ការចំណាយខ្លាំងរបស់រដ្ឋាភិបាល និងមានតំបន់រងគ្រោះទាប។ ធនាគារពិភពលោកបាននិទស្សន៍ឡើងវិញថា នៅក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចពិភពលោក នឹងមានកំណើន៤%៕ 

 

ព័ត៌មានចុងក្រោយ