×
ចម្ការកៅស៊ូនៅប្រទេសស្រីលង្កាបានរងគ្រោះ ដោយសារជំងឺស្លឹករាងជារង្វង់

យោងរបាយការណ៍ទីផ្សារកៅស៊ូរបស់ Forbes & Walker Commodity Brokers បាន បង្ហាញថាចម្ការកៅស៊ូនៅប្រទេសស្រីលង្កាប្រហែល​ ៥១% បានរងផលប៉ះពាល់ពីជំងឺស្លឹករាងជារង្វង់។

តាមការប៉ាន់ស្មានរបស់នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូរបស់ស្រីលង្កាបានបង្ហាញថា ក្នុងចំណោមចម្ការកៅស៊ូ៩៨ ០០០ហិកតា មានចម្ការកៅស៊ូជាង ៥០ ០០០ហិកតាបានរងផលប៉ះពាល់ដោយជំងឺនេះ។

លក្ខខណ្ឌអាកាសធាតុមិនល្អដូចជាភ្លៀងនៅតែធ្លាក់ជាបន្តបន្ទាប់ ដែលប្រទេសស្រីលង្កាកំពុងជួបប្រទះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក៏បានរំខានដល់ការប្រមូលផលនិងធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។

នៅពេលដែលជំងឺនេះត្រូវបានរាយការណ៍ជាលើកដំបូងកាលពីប្រាំឆ្នាំមុនមានចម្ការកៅស៊ូប្រហែល១០ ០០០ហិកតានៅក្នុងស្រុក Kalutara, Ratnapura និង Galle ដែលស្ថិតនៅក្នុងតំបន់ទំទាបត្រូវបានរងផលប៉ះពាល់។ វិសាលភាពនៃចម្ការដែលរងផលប៉ះពាល់បានកើនឡើងដល់ ២០​ ០០០ហិកតា ក្នុងឆ្នាំ២០២០ និង ៤០ ០០០ហិកតា នៅឆ្នាំ២០២១។

យោងតាមវិទ្យាស្ថានស្រាវជ្រាវកៅស៊ូបានបង្ហាញថា ក្នុងឆ្នាំ២០១២ ផលិតកម្មកៅស៊ូមានចំនួន ១៥២​ ១០០តោន និងឆ្នាំ២០២២ ទិន្នផលកៅស៊ូបានធ្លាក់ចុះមកនៅត្រឹមពាក់កណ្តាលដែលមានចំនួន ៧០ ៨៧០តោន។

ជំងឺស្លឹកនេះ​មាន​ដើម​កំណើត​ដំបូងនៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ១៩៨៧ និងកើតឡើង​ម្ដង​ទៀត​ក្នុង​ឆ្នាំ២០០៣ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស្រីលង្កា។ វាបានរីករាលដាលដល់ប្រទេសជិតខាងដែលផលិតកៅស៊ូនៅអាស៊ីដូចជា៖ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។ ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាមិនប៉ះពាល់ដល់ប្រទេសផលិតកៅស៊ូក្នុងទ្វីបអាហ្រ្វិកឡើយ ដែលបណ្តាលមកពីកម្រិតសំណើម បើធៀបជាមួយអាស៊ី។

ទន្ទឹមនឹងនេះយោងតាមសមាគមអ្នកដាំកៅស៊ូបានឲ្យដឹងថាផលិតកម្មកៅស៊ូរំពឹងថានឹងកើនឡើងត្រឹមតែ៦០លានគីឡូក្រាមនៅចុងឆ្នាំ២០២៣។ ផលិតកម្មកៅស៊ូជាតិបានទទួលរងការខាតបង់ប្រហែល ១២លានដុល្លារអាម៉េរិកចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២។ សមាគមអ្នកដាំដំណាំក៏បានអំពាវ​នាវឱ្យមានការគាំទ្រកាន់តែខ្លាំងលើកំណែទម្រង់សំខាន់ៗដែលមានចែងក្នុងផែនការមេនៃឧស្សាហកម្មកៅស៊ូ និងការស្រាវជ្រាវលើវិធីសាស្ត្រជីវសាស្ត្រ និងមេកានិចដើម្បីបង្កើនផលិតភាពកៅស៊ូ។

ប្រទេសស្រីលង្កាត្រូវការកៅស៊ូប្រហែល១៤០ ០០០តោនសម្រាប់ការប្រើប្រាស់ក្នុងស្រុក ប៉ុន្តែនាពេលបច្ចុប្បន្នផលិតបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។ ចម្ការកៅស៊ូនិងក្រុមហ៊ុនផលិតផលិតផលកៅស៊ូ ដែលស្ថិតនៅក្រោមវិស័យផ្តល់តម្លៃបន្ថែមបាននាំមកនូវប្រាក់ចំណូលប្រហែល ១,១ពាន់ លានដុល្លារអាម៉េរិកតាមវិធី Forex ៕

ព័ត៌មានចុងក្រោយ