លោក Tran Ngoc Thuan ប្រធានសមាគមកៅស៊ូវៀតណាមនិងសមភាគីឡាវ លោក Bounthong Buahom នាពេលថ្មីៗនេះបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃឧស្សាហកម្មកៅស៊ូក្នុងប្រទេសទាំងពីរ។
សមាគមទាំងពីរនឹងចែករំលែកបទពិសោធន៍គ្នា ហើយគាំទ្រក្រុមហ៊ុនកៅស៊ូវៀតណាមដែលកំពុងដំណើរការនៅប្រទេសឡាវឲ្យទទួលបានវិញ្ញាបនបត្រអភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសទាំង២នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលបានព្រមព្រៀងគ្នាដើម្បីផលប្រយោជន៍ ទៅវិញទៅមក។
ភាគីទាំងពីរក៏បានឯកភាពថា សមាគមកៅស៊ូឡាវគួរតែពង្រឹងការគាំទ្រនិងទាក់ទាញអ្នកកែច្នៃកៅស៊ូបន្ថែមទៀត ដើម្បីបំពេញតម្រូវការនាំចេញសម្រាប់វៀតណាមនិងប្រទេសដទៃៗទៀត។
កៅស៊ូជាដំណាំមួយដែលរកបានរូបិយប័ណ្ណបរទេសច្រើនជាងគេសម្រាប់ប្រទេសឡាវដែលមានទឹកប្រាក់ជាង៦៥០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២។ មកដល់បច្ចុប្បន្ននេះ ប្រទេសឡាវមានកៅស៊ូប្រហែល ៣០ម៉ឺនហិកតា ក្នុងនោះ ៤៦% ដំណើរការដោយក្រុមហ៊ុនបរទេសក្រោមកិច្ចព្រមព្រៀងសម្បទាន ២៤% ដោយកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបុគ្គល និង ៣០% ដោយប្រជាជនក្នុងតំបន់។
ដើមកៅស៊ូសរុបនៅក្នុងប្រទេសប្រហែលជា ៨៥% អាចប្រមូលផលបាន។ ទីផ្សារនាំចេញកៅស៊ូសំខាន់ៗរបស់ប្រទេសឡាវគឺប្រទេសវៀត- ណាមនិងចិន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឡាវកៅស៊ូទាំងអស់ដែលផលិតនៅក្នុងប្រទេសត្រូវបាននាំចេញក្នុងទម្រង់ឆៅ ដោយសារតែមិនមានរោងចក្រកែច្នៃ។ ប្រទេសឡាវមិនអនុវត្តស្តង់ដារជាក់លាក់ណាមួយសម្រាប់គុណភាពកៅស៊ូទេ ដោយសារនៅមិនទាន់មានមន្ទីរពិសោធន៍ដើម្បីធ្វើតេស្តនិងបញ្ជាក់។
កៅស៊ូជាគម្រោងមួយក្នុងចំណោមគម្រោងធំៗចំនួនបួន ដែលរដ្ឋាភិបាលឡាវបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិសម្រាប់ឆ្នាំ២០១៦ - ២០២១ និងចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥ - ២០៣០៕