×
វិស័យកៅស៊ូត្រូវចេះសម្របខ្លួនដើម្បីទប់ទល់នឹងបញ្ហាប្រឈមជាសកល

កសិករ សហគ្រិន និងអ្នកនាំចេញកៅស៊ូកំពុង​ត្រូវបានណែនាំឲ្យសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងបញ្ហាប្រឈមនានា រួមទាំងជម្លោះភូមិ​ សាស្ត្រ​នយោបាយ និងវិធានការបរិស្ថានដែលអាចប៉ះពាល់ដល់ពាណិជ្ជកម្មកសិកម្ម ក៏ដូចជាច្បាប់សហភាពអឺរ៉ុបដែលទាក់ទងនឹងផលិតផលនិងការកាប់បំផ្លាញព្រៃឈើ។

លោក Poonpong Naiyanapakorn អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មបាននិយាយថា ប្រទេស ថៃជាប្រទេស ផលិតកៅស៊ូឈានមុខគេរបស់ពិភពលោក ដោយផលិតកម្មកៅស៊ូធម្មជាតិបានឈានដល់ ៤,៨លានតោនកាលពីឆ្នាំមុន ស្មើនឹង ៣៣% នៃទិន្នផលពិភពលោក។ ប្រទេស​ថៃ​ជាប់​ចំណាត់​ថ្នាក់​ទី​ពីរ​ក្នុង​ការ​នាំ​ចេញ​កៅស៊ូនិង​ផលិតផលបន្ទាប់​ពី​ប្រទេស​ចិន។ ការនាំចេញកៅស៊ូប្រឈមមុខនឹងឧបសគ្គមួយចំនួនរួមទាំងការបែងចែកនយោបាយ និងការកើនឡើងនៃគោលនយោបាយពឹងផ្អែកលើខ្លួនឯង ដែលត្រូវបានអនុម័តដោយប្រទេសមួយចំនួន។

សហរដ្ឋ​អាម៉េរិក​​ទទួលបានជោគជ័យគួរ​ឱ្យកត់​សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​កៅស៊ូ​ធម្មជាតិ​ពី​រុក្ខជាតិជំនួស​​ដូច​ជា guayule និង dandelion។ រុក្ខជាតិ Guayule គឺគ្មានជាតិប្រូតេអ៊ីនទេ ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់​ការផលិតស្រោមដៃវេជ្ជសាស្រ្តនិងថង់កៅស៊ូ ហើយ​អាចត្រូវបានដាំដុះនៅតំបន់ស្ងួតផងដែរ។

ទឹកក្តៅត្រូវបានគេប្រើជាសារធាតុរំលាយ​សម្រាប់ការទាញយកជ័រពីរុក្ខជាតិ dandelions ដែល​មិនប៉ះពាល់ដល់បរិស្ថានឡើយ។ លោក Poonpong បានបន្ថែមថាប្រសិនបើប្រភពកៅស៊ូធម្មជាតិជំនួសទាំងនេះ អាចជំនួសកៅស៊ូប្រកបដោយប្រសិទ្ធភាពនិងបង្ហាញពីការចំណាយ មានប្រសិទ្ធភាព វាអាចប៉ះពាល់ដល់ការនាំចេញនាពេលអនាគតរបស់ប្រទេសថៃ។ លើសពីនេះទៅទៀត ទិដ្ឋភាពបរិស្ថានដែលសង្កត់ធ្ងន់លើផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាពកំពុងក្លាយជានិន្នាការពិភពលោកដ៏សំខាន់។

អ្នកផលិតត្រូវទទួលខុសត្រូវចំពោះសង្គមនិងបរិស្ថាន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ អភិរក្សធនធានធម្មជាតិ និងធានាសុខុមាលភាពរបស់ កសិករនិងសហគមន៍។

បើយោងតាមលោក Poonpong ផលិតកម្ម​កៅស៊ូប្រកបដោយនិរន្តរភាពបានកើនឡើងយ៉ាងខ្លាំង ដោយសារតម្រូវការនៃអ្នកប្រើប្រាស់ផលិតផល​គ្មាន​ប៉ះពាល់ដល់បរិស្ថាន។ ឧទាហរណ៍៖ ក្រុមហ៊ុន​ផលិតសំបកកង់រថយន្តធំៗមានគោលនយោបាយទិញជ័រកៅស៊ូពីចម្ការកៅស៊ូ ដោយមានការបញ្ជាក់​ដែលបង្ហាញពីការគ្រប់គ្រងប្រកបដោយនិរន្តរភាព។

វិញ្ញាបនប័ត្រទាំងនេះ ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិដូចជាក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ (FSC: The Forest Stewardship Council) ដែលធានាថា ឈើនិងផលិតផលដែលមានស្លាក FSC បានពីព្រៃឈើត្រូវបានគ្រប់គ្រងដោយអនុលោមតាមគោលការណ៍និរន្តរភាពរួមទាំងការអនុវត្តការស្តារព្រៃឈើប្រកបដោយនិរន្តរភាព។ អង្គភាពមួយទៀតគឺកម្មវិធីសម្រាប់ការអនុម័តវិញ្ញាបនប័ត្រព្រៃឈើ (PEFC: The Programme for the Endorsement of Forest Cer-tification) ដែលដើរតួជាបណ្តាញផ្តល់ការវាយតម្លៃនិងការទទួលយកប្រព័ន្ធបញ្ជាក់ព្រៃឈើជាតិ។

ប្រទេសថៃក៏បានបង្កើតស្តង់ដារជាតិសម្រាប់ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពនិងខ្សែច្រវាក់ស្តង់គ្រប់គ្រងសម្រាប់ផលិតផលព្រៃឈើដែលស្មើនឹងស្តង់ដារ PEFC ។

ជាងនេះទៅទៀត បទប្បញ្ញត្តិផលិតផលគ្មានការកាប់បំផ្លាញព្រៃឈើ (EUDR) របស់សហភាពអឺរ៉ុបក៏បានចូលជាធរមាន។ បទប្បញ្ញត្តិទាំងនេះគ្រប ដណ្តប់លើផលិតផលកៅស៊ូនិងទំនិញកសិកម្មផ្សេងទៀតរួមមាន៖ ប្រេងដូង សាច់គោ សណ្តែកសៀង កាហ្វេ កាកាវ ឈើ និងផលិតផលដែលមានប្រភពចេញពីទំនិញទាំងនេះ។ វាមានរយៈពេលផ្លាស់ប្តូរ១៨ខែ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់អាជីវកម្មដើម្បីគោរពតាមបទប្បញ្ញត្តិរបស់ EUDR។ សហភាពអឺរ៉ុបនឹងធ្វើការវាយតម្លៃនៃប្រទេសដៃគូពាណិជ្ជកម្មដោយបែងចែកវាជាបីកម្រិត៖ ហានិភ័យ​ ខ្ពស់ ស្តង់ដារ និងហានិភ័យទាប។

វានឹងប៉ះពាល់ដល់អាំងតង់ស៊ីតេនៃការត្រួត​ពិនិត្យផលិតផល។ ដំបូងប្រទេសទាំងអស់នឹង​ត្រូវ​ចាត់ថ្នាក់ជាហានិភ័យស្តង់ដារ ហើយបន្ទាប់​មកនៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ សហភាពអឺរ៉ុបនឹងប្រកាស​​បញ្ជីប្រទេសដែលមានហានិភ័យខ្ពស់ និងហានិភ័យទាប។

នៅឆ្នាំ២០២២ ការនាំចេញកៅស៊ូនិងផលិតផលកៅស៊ូពិភពលោកគិតជាទឹកប្រាក់ប្រមាណជា ២១៨ពាន់លានដុល្លារអាម៉េរិក។ ប្រទេសនាំចេញ​កំពូលទាំងប្រាំរួមមាន៖ ប្រទេសចិន​ការនាំចេញ​គិត​ជាទឹកប្រាក់គឺ ៣១,៥ពាន់លានដុល្លារ​អាម៉េរិក ថៃ ១៨,៨ពាន់លានដុល្លាអាម៉េរិករ អាល្លឺម៉ង់១៧,៥ពាន់ លានដុល្លារអាម៉េរិកសហរដ្ឋអាម៉េរិក ១៤,៧ពាន់​​លានដុល្លារអាម៉េរិក និងប្រទេសជប៉ុន ១០,៧ពាន់លានដុល្លារអាម៉េរិក៕

ព័ត៌មានចុងក្រោយ