×
កិច្ចសហប្រតិបត្តិការអាស៊ីលើវិស័យកៅស៊ូធម្មជាតិ៥០ឆ្នាំ នៃសមាគម ANRPC

អង្គការអន្តររដ្ឋាភិបាលដ៏លេចធ្លោមួយក្នុងវិស័យដំណាំពាណិជ្ជកម្មគឺជាសមាគមនៃបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (Association of Natural Rubber Producing Countries :ANRPC) បានគម្រប់ខួប៥០ឆ្នាំ រាប់ចាប់តាំងពីថ្ងៃបង្កើតឡើងនៅក្នុងខែតុលា ឆ្នាំ១៩៧០។ បច្ចុប្បន្នសមាគម ANRPC មានតំណាងមកពីប្រទេសផលិតកៅស៊ូធម្មជាតិចំនួន១៣រួមមាន៖ ប៉ាពូញូហ្គីនេ កម្ពុជា ចិន ឥណ្ឌា សឹង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា​ បង់ក្លាឌែស ហ្វីលីពីន ឥណ្ឌូនេស៊ី ស្រីលង្កា ថៃ​ និងវៀតណាមដែលមានផលិតកម្មកៅស៊ូធម្មជាតិប្រមាណ ៩៣% នៃផលិតកម្មពិភពលោក។ គោលបំណងចំបងរបស់សមាគមគឺការបង្កើតប្រព័ន្ធទីផ្សារ​សម្របសម្រួលសម្រាប់កៅស៊ូធម្មជាតិ​ ដើម្បី​ធានាបាននូវតម្លៃប្រកបដោយសមធម៌និងទទួលបានប្រាក់ចំណូលសមរម្យសម្រាប់​ផលិតផលមួយនេះ។

អត្ថបទនេះពិនិត្យយ៉ាងម៉ត់ចត់​​អំពីប្រវត្តិដើម ការវិវត្តន៍និងដំណើរការរបស់​សមាគម បញ្ហាប្រឈម និងគោលដៅអនាគតរបស់​សមាគម​ផង ដែរ។ ប្រព័ន្ធ​សម្របសម្រួល/ប្រព័ន្ធទីផ្សាររួម​សម្រាប់កៅស៊ូធម្មជាតិ ដែលបានចែងក្នុងគោលបំណងនិងផែនការនៅពេលបង្កើតសមាគមដំបូង នៅតែមិនអាចសម្រេចបានរហូតមកដល់ពេលនេះ។ ប៉ុន្តែទោះជាយ៉ាងណា វត្តមានរបស់សមាគមបាននិងកំពុងជះឥទ្ធិពលលើការបង្កើតយុទ្ធសាស្រ្តនិងគោលនយោបាយដែលមានផលប៉ះពាល់លើកៅស៊ូធម្មជាតិនិងវិស័យពាក់ព័ន្ធដទៃទៀត នៅកម្រិតក្នុងស្រុកផងនិងពហុភាគីផង។ កៅស៊ូធម្មជាតិជាមុខទំនិញពាណិជ្ជកម្មដែលផ្អែកលើអង្គការអន្តររដ្ឋាភិបាលដែលតំណាងដោយសមាគម ANRPC បាននឹងកំពុងប្រឈមមុខ ជាមួយបញ្ហានានាទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្ម ការអភិវឌ្ឍន៍ប្រកបដោយភាពជាក់លាក់នៃរចនាសម្ព័ន្ធនិងឧស្សាហកម្ម។ សារៈ សំខាន់ជាយុទ្ធសាស្ត្រនៃទំនិញកៅស៊ូធម្មជាតិដែលជាវត្ថុធាតុដើមសម្រាប់​ឧស្សាហកម្មមួយមិនអាចខ្វះបាន​និងឋានៈរបស់សមាគម ដែលជាវេទិកាអន្តររដ្ឋាភិបាលតែមួយគត់របស់ផលិតករកៅស៊ូធម្មជាតិស្តែងឱ្យឃើញពីភាពចាំបាច់របស់សមាគម​ដើម្បីបន្តសកម្មភាពរបស់ខ្លួន ក៏​ប៉ុន្តែត្រូវការកំណត់ឡើងវិញនូវតួនាទីនិងការផ្តល់អាទិភាពដល់មុខងាររបស់ខ្លួនក្នុងការវិវត្តន៍នៃបរិបទថ្មី។

ពាក្យគន្លឹះ៖ កៅស៊ូធម្មជាតិ អង្គការអន្តររដ្ឋា ភិបាល តម្លៃកៅស៊ូប្រកបដោយសមធម៌និងស្ថិរភាព កិច្ចសហប្រតិបត្តិការបច្ចេកទេស បញ្ហាប្រឈម និងការរំពឹងទុក។

នៅពេលថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំបើកវេទិកាអន្តររដ្ឋាភិបាលឈ្មោះថា សមាគមនៃបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៧០ នៅទីក្រុងគួរឡា​ឡាំពួរ លោក Tun Haji Abdul Razak bin Hussein នាយក​​រដ្ឋមន្ត្រីម៉ាឡេស៊ីបានមានប្រសាសន៍ថា ការបង្កើត​សមាគមមួយនេះគឺជានិមិត្តរូបនៃបំណងប្រាថ្នារបស់​បណ្តាប្រទេសជាសមាជិកក្នុងការនាំមកនូវសកម្មភាពរួមគ្នា សម្រាប់សម្រេចឱ្យបាននូវស្ថិរភាពតម្លៃកៅស៊ូធម្មជាតិ។ ដើមកៅស៊ូដែលដាំដុះជាលក្ខណៈពាណិជ្ជកម្មនិងនៅតែជារបៀបវារៈដ៏មានសំខាន់នៃការពិភាក្សានៅវេទិកា ANRPC។ ដើមកៅស៊ូដែលដាំដុះជាលក្ខណៈពាណិជ្ជកម្មនៅអាស៊ីគឺជាប្រភេទដើមកៅស៊ូ Hevea brasilensis ពួកវាបានជ្រុះស្លឹកនិងបានដុះស្លឹកថ្មីឡើងវិញចំនួន៥០ដងរួចមកហើយ នៅគ្រប់រដូវត្រជាក់រាប់ចាប់តាំងពីពេលកកើតសមាគមរហូតមក ប៉ុន្តែតម្លៃកៅស៊ូធម្មជាតិនៅតែមិនទាន់មានស្ថេរភាព ហើយនៅតែជារបៀបវារៈដ៏សំខាន់នៃការពិភាក្សានៅគ្រប់វេទិការបស់ ANRPC

១.ការបង្កើតនិងសមាជិកភាព

រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានផ្តួចផ្តើមគំនិតរៀបចំសន្និសិទបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិចាប់ពីថ្ងៃទី២-៤ ខែតុលា ឆ្នាំ១៩៦៧ នៅទីក្រុងគួរឡាឡាំពួរដែលមានការចូលរួមពីប្រទេសផលិតកៅស៊ូចំនួនប្រាំមួយមានដូចជា៖  ប្រទេសស្រីលង្កា  ឥណ្ឌូនេស៊ី  លីបេរីយ៉ា  ម៉ាឡេស៊ី  ថៃ និងប្រទេស​វៀត​​ណាម។

ប្រទេសសិង្ហបុរីក៏បានចូលរួមសន្និសិទមួយនេះដែរ ដោយជាចម្បងឈរលើផលប្រយោជន៍នៃ​ការធ្វើជំនួញកៅស៊ូរបស់ខ្លួនព្រោះសិង្ហបុរីជា​កំពង់ ផែ​ដឹកជញ្ជូនដ៏សំខាន់នាពេលនោះ សម្រាប់ការ​នាំចេញ​វត្ថុធាតុដើមទៅកាន់ទីក្រុងឡុងនិងទៅកាន់​ទិសដៅផ្សេងៗទៀតចេញពីអាស៊ីអាគ្នេយ៍។ សំណើ​សំខាន់ៗចំនួនពីរដែលបានឯកភាពគ្នាក្នុងអង្គសន្និសិទគឺ៖

  1. ការបង្កើតសមាគមអន្តររដ្ឋាភិបាលនៃបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិនិង
  2. ការបង្កើតប្រព័ន្ធទីផ្សាររួម (Joint Marketing System = JMS)

សន្និសីទនេះត្រូវបានបន្តការងារដោយកិច្ច​ប្រជុំនៅកម្រិតមន្រ្តីផ្លូវការនិងការផ្លាស់ប្តូរនៅកម្រិតការងារទូត​​ដែលទីបញ្ចប់បាននាំដល់ការបង្កើត​ធម្មនុញ្ញនៃសមាគម ANRPC នៅក្នុងខែឧសភា ឆ្នាំ១៩៦៨។ ធម្មនុញ្ញនេះបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៧០ ហើយក៏ជាកាលបរិច្ឆេទដែលរដ្ឋាភិបាលនៃប្រទេសស្រីលង្កា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃបានតម្កល់ឯកសារស្តីអំពីការចូលជាសមាជិកផងដែរ។ ប្រទេសវៀតណាមបានចូលជា​សមាជិកសមាគមនៅខែឧសភា ឆ្នាំ១៩៧០ (បានដក​សមាជិកភាពរបស់ខ្លួនចេញនៅខែមករា ឆ្នាំ​១៩៨៤ ប៉ុន្តែបានចូលជាសមាជិកឡើងវិញនៅខែតុលា ឆ្នាំ១៩៩៦)។ សន្និបាតលើកដំបូងនៃសមាគមត្រូវបានប្រារព្ធឡើងនៅខែតុលា ឆ្នាំ១៩៧០ ហើយបានសម្រេចជ្រើសយកទីក្រុងគួរឡាឡាំពួរជាទីតាំង​នៃ​លេខាធិការដ្ឋានរបស់ខ្លួន។ គេក៏បានជ្រើសរើស​រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនិងសូម​ជម្រាបថាប្រទេសម៉ាឡេស៊ីមានភាគចំណែកប្រហែល ៤០% នៃផលិតកម្មកៅស៊ូធម្មជាតពិភពលោក​នា​ពេលនោះ។ រដ្ឋាភិបាលប្រទេស​កម្ពុជា ឥណ្ឌា កូតឌីវ័រ លីបេរីយ៉ា និង​ប្រទេសនីហ្សេរីយ៉ាបាន​ចូលរួម​ក្នុង​សន្និបាត​ដំបូង​នោះក្នុង​នាម​ជា​អ្នកសង្កេតការណ៍តែប៉ុណ្ណោះ។

រដ្ឋាភិបាលប្រទេសសិង្ហបុរី  ឥណ្ឌា និងប្រទេសប៉ាពួញូហ្គីណេបានចូលជាសមាជិកនៃសមាគមនៅខែឧសភា សីហា និងវិច្ឆិកា ឆ្នាំ១៩៧៥ តាមលំដាប់រៀងគ្នា។ សមាជិកភាពនៃសមាគមទទួលបានការគាំទ្រយ៉ាងសម្បើមនៅពេលដែលរដ្ឋាភិបាលចិនក៏បានចូលជាសមាជិកនៅខែមិថុនា ឆ្នាំ២០០៧ បន្ទាប់មករដ្ឋាភិបាលកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០០៩  រដ្ឋាភិបាលហ្វីលីពីនចូលនៅខែមេសា ឆ្នាំ២០១០ រដ្ឋាភិបាលបង់ក្លាចូលក្នុងខែតុលា ឆ្នាំ២០១៧ និង​រដ្ឋាភិបាលមីយ៉ាន់ម៉ាចូលក្នុងខែកញ្ញា ឆ្នាំ២០១៨។ ដូច្នេះហើយបច្ចុប្បន្នសមាគម ANRPC មានតំណាងនៃ​ប្រទេសផលិតកៅស៊ូធម្មជាតិចំនួន១៣ ដែលទាំងអស់រួមបញ្ចូលគ្នាមានភាគចំណែកប្រហែល ៩៣%​ នៃផលិតកម្មកៅស៊ូធម្មជាតិពិភពលោក។ ទោះ ជា​យ៉ាងណាសមាគមមួយនេះនៅតែជាសមាគមនៃ​ប្រជាជាតិតំបន់អាស៊ីដដែល ដោយពុំមានប្រទេសផលិតកៅស៊ូធម្មជាតិនៅតំបន់អាម៉េរិក ឡាទីនឬតំបន់​អាហ្រ្វិកណាមួយបានចូលរួមជាមួយវេទិកាអន្តររដ្ឋាភិបាលនេះទេរហូតមកដល់ពេលនេះ ទោះបីជាមានការអញ្ជើញឱ្យចូលរួមជាបន្តបន្ទាប់ម្តងហើយម្តងទៀតក៏ដោយ។

គោលបំណងសំខាន់របស់សមាគមគឺ

  1. នាំមកនូវការសម្របសម្រួលក្នុងផលិតកម្មនិងទីផ្សារកៅស៊ូធម្មជាតិ
  2. ការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេសនិង
  3. នាំមកនូវតម្លៃប្រកបដោយសមធម៌និង ស្ថិរភាពនិងប្រាក់ចំណូលសមរម្យសម្រាប់កៅស៊ូធម្មជាតិ។

២.បរិបទ

ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការក្រឡេកមើលបរិបទ​ដែលសមាគមនេះត្រូវបានចាប់​បដិសន្ធិឡើងនិងបានរស់ដើម្បីធ្វើការវាយតម្លៃតួនាទី​ និងតម្លៃរបស់សមគមនៅក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ និងធ្វើការវិនិច្ឆ័យទល់នឹងគោលបំណងស្នូលនៃសមាគម។

  • ដំបូងឡើយការរៀបចំថ្នាក់អន្តរជាតិក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩១០ និងទសវត្សរ៍ឆ្នាំ១៩២០ សម្រាប់ស្ថិរភាពតម្លៃកៅស៊ូធម្មជាតិត្រូវបានបង្កើតនិងដំណើរការដោយសមាគមអ្នកដាំដុះដែលគ្រប់គ្រងដោយអ្នកដាំដុះលោកខាងលិច។ ការរៀបចំអង្គការអន្តររដ្ឋាភិបាលជាផ្លូវការលើកដំបូងគឺកិច្ចព្រមព្រៀង​បទ​ប្បញ្ញត្តិកៅស៊ូអន្តរជាតិ (International Rubber Regula​tion Agreement :IRRA) នៅឆ្នាំ១៩៣៤ ដោយបានព្រមព្រៀងគ្នាក្នុងបរិបទនៃការធ្លាក់ចុះដ៏យូរឆ្នាំនៃតម្លៃកៅស៊ូធម្មជាតិចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩២០ ដែលបង្កើតឡើយដោយវិបត្តិសេដ្ឋកិច្ចដ៏ធំនាពេលនោះឈ្មោះ Great Depression។ ការរៀបចំជាស្ថាប័នថ្នាក់អន្តរជាតិទាំងអស់នេះក្នុងគោល បំណងរក្សាស្ថិរភាពតម្លៃកៅស៊ូធម្មជាតិតាមរយៈវិធានការរឹតបន្តឹងពាណិជ្ជកម្មនិងផលិតកម្ម។
  • តម្លៃកៅស៊ូធម្មជាតិចុះទាបនិងមិនមានស្ថេរភាព តែបែជាបានបើកផ្លូវដល់ការកើនឡើង នៃតម្លៃនិងការខ្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ពួកសម្ព័ន្ធមិត្តក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដោយសារការកាន់កាប់តំបន់អាស៊ីអាគ្នេយ៍ដោយប្រទេសជប៉ុនដែលពេលនោះជប៉ុនត្រូវការស្វែងរកសំណប៉ាហាំង កៅស៊ូ និងប្រេង។ កត្តានេះហើយបាននាំឱ្យមានការជម្រុញគោលនយោបាយកៅស៊ូឆ្ពោះទៅរកការប្រមូលផលយ៉ាងខ្លាំងក្លានិងការលើកកម្ពស់ការដាំដុះយ៉ាងសម្បើម។ ក្រោយមកទៀត មានការវិនិយោគដ៏ធំបានកើតឡើងនៅក្នុងការស្រាវជ្រាវនិងការផលិតកៅស៊ូសំយោគនៅសហរដ្ឋអាម៉េរិកក្រោមការឧបត្ថម្ភរបស់រដ្ឋ និងសម្របសម្រួលដោយក្រុមហ៊ុនកៅស៊ូបម្រុង RRC (Rubber Reserve Company :RRC) ដែលបង្កើតឡើងក្រោមការបញ្ជាផ្ទាល់របស់ប្រធានាធិបតី Franklin D. Roosevelt ក្នុងខែមិថុនា ឆ្នាំ១៩៤០ ។
  • ក្នុងកំឡុងសម័យកាលក្រោយសង្គ្រាមមានការអភិវឌ្ឍន៍ជាច្រើនបានកើតឡើងដែលមានឥទ្ធិពលលើក្តីរំពឹងចំពោះផ្នែកចម្ការកៅស៊ូធម្មជាតិ។
  • មានរដ្ឋាភិបាលឯករាជ្យមួយចំនួនបានចូលមកជំនួសអតីតរដ្ឋាភិបាលអាណានិគមនៅប្រទេសផលិតកៅស៊ូធម្មជាតិមួយចំនួន
  • រាល់ការរៀបចំជាលក្ខណៈពហុភាគីណាមួយនៅក្នុងមុខទំនិញសំខាន់ៗក្នុងសម័យអាណានិគម​ត្រូវបានផុតកំណត់ហើយរាល់វេទិកាទាំងឡាយដែល​​បានបង្កើតឡើងដើម្បីអនុវត្តសម្រាប់មុខទំនិញនានា​ ត្រូវបានកែសម្រួលឱ្យទៅជាភ្នាក់ងារប្រមូលផ្តុំ និ​ង​ផ្សព្វផ្សាយស្ថិតិជំនួសវិញ
  • នៅពេលនេះកម្មសិទ្ធិលើចម្ការកៅស៊ូបានផ្លាស់ប្តូរយ៉ាងទូលំទូលាយពីជនជាតិលោកខាងលិច ក្លាយមកជាអ្នកដាំកៅស៊ូជនជាតិដើម ភាគតិចនៅក្នុងស្រុកដែលបាននាំមកនូវផលប្រយោជន៍ជូនជាតិក្នុង​វិស័យនេះ
  • ភាគចំណែកនៃចម្ការកៅស៊ូគ្រួសារខ្នាតតូចនៅក្នុងផ្ទៃដីដាំចម្ការកៅស៊ូសរុបក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ​​​ ដែលនាំមកនូវបញ្ហាសេដ្ឋកិច្ច​ សង្គម និងជីវភាពរស់នៅឈានមុខគេ។
  • បរិមាណជាង៩០%​ នៃកៅស៊ូធម្មជាតិដែល​បាន​ផលិតសុទ្ធតែត្រូវបាននាំចេញ ដោយប្រទេសផលិតទាំងអស់ក្នុងកំឡុងឆ្នាំ១៩៦០ មានករណីលើកលែងតែប្រទេសឥណ្ឌាមួយដែលបានប្រើប្រាស់ធ្វើជាវត្ថុធាតុដើម លើសពីផលិតកម្មកៅស៊ូក្នុងស្រុកនៅដើមឆ្នាំ១៩៤៧។ ជាងនេះទៅទៀត ប្រាក់ចំណូលជារូបិយបណ័្ណបរទេសបានមកពីការនាំចេញកៅស៊ូធម្មជាតិមានច្រើនយ៉ាងសន្ធឹកសន្ធាប់និងមានសារៈសំខាន់សម្រាប់ប្រទេសនាំចេញធំៗ និងមានសារៈ​សំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការនាំចូលវត្ថុធាតុសំខាន់ៗរបស់ពួកគេ​​ និងសម្រួលតុល្យភាពនៃ​ស្ថានភាពទូទាត់ផ្សេងៗទៀតផង។ ទឹកប្រាក់ដែល​បានមកពីការនាំចេញកៅស៊ូធម្មជាតិធៀបនឹងចំណូនាំចេញសរុបនៅប្រទេសម៉ាឡេស៊ីមានចំនួន៣៥% ឥណ្ឌូនេស៊ី ២៣% និងប្រទេសថៃ ១៤% នៅឆ្នាំ​១៩៧០ ដូចនេះគេអាចយល់បានថា បញ្ហានៅក្នុងវិស័យកៅស៊ូធម្មជាតិត្រូវបានផ្សារភ្ជាប់ទៅនឹងកម្រិតនយោបាយខ្ពស់បំផុតនៅក្នុងប្រទេសទាំងនេះ។
  • កិច្ចការពាណិជ្ជកម្មទំនិញបានធ្វេសប្រហែសក្នុងកតិកាសញ្ញាសេដ្ឋកិច្ចពហុភាគីដែលគេបានធ្វើក្រោយសង្គ្រាមលោកលើកទីពីរ ពេលនោះគេបានព្រមព្រៀងគ្នាក្នុងខែកក្កដា ឆ្នាំ១៩៤៤ ដោយបានបង្កើតស្ថាប័ន Bretton Woods នៃមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក ប៉ុន្តែខកខានក្នុងការបង្កើតស្ថាប័នអន្តរជាតិសម្រាប់ពាណិជ្ជកម្ម។ ធម្មនុញ្ញ Havana ឆ្នាំ១៩៤៨ ដែលផ្តល់ឱ្យមានការបង្កើតអង្គការពាណិជ្ជកម្មអន្តរជាតិ (International Trade Organization : ITO) ក្នុងនោះមានជំពូកផ្តាច់មុខស្តីអំពីកិច្ចព្រមព្រៀងទំនិញថ្នាក់អន្តររដ្ឋាភិបាលប៉ុន្តែមិនអាចអនុវត្តបាន ចំណែក​ការរៀបចំជាបណ្តោះអាសន្ននៃកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយនិងពាណិជ្ជកម្មឆ្នាំ១៩៤៧ មិន​បានចែងអំពីបទប្បញ្ញត្តិច្បាស់លាស់លើពាណិជ្ជកម្មទំនិញ​ចម្បងៗនិងស្ថិរភាពតម្លៃនោះទេ។

ទោះជាយ៉ាងណា កត្តាដែលជំរុញឱ្យបណ្តា​ប្រទេសផលិតកៅស៊ូមានចេតនានិងឯកភាពគ្នា​លើ​វេទិកាអន្តររដ្ឋាភិបាលមួយ​​ភាគច្រើន គឺកើតចេញពី​ស្ថានភាពតម្លៃកៅស៊ូធម្មជាតិទាបនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ និងការប្រកួតប្រជែងពីកៅស៊ូ​សំយោគ។ ថ្លៃកៅស៊ូធម្មជាតិ​នៅ តែស្ថិតក្នុង​ស្ថានភាព​​ល្អប្រសើក្នុងកំឡុងឆ្នាំ១៩៤០ និងឆ្នាំ១៩៥០ ដោយសារតែពេលនោះមានតម្រូវការច្រើនក្នុងការការពារក្នុងសង្គ្រាមលោកលើកទីពីរ និងការពង្រីក​ឧស្សាហកម្មនៅពេលក្រោយសង្រ្គាម។ ស្ថានភាព​ថ្លៃកៅស៊ូធម្មជាតិធ្លាក់ចុះទាបហើយអូសបន្លាយយូរពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ បានមើលឃើញ​ថា បណ្តាលមកពីតម្លៃកៅស៊ូសំយោគទាបព្រោះតែថ្លៃប្រេងថោកនាពេលនោះ ហើយស្ថានភាព​អតិ​រេក​នៅក្នុងវិស័យកៅស៊ូសំយោគនេះ បានជួយ​បង្កើនការជំនួសកៅស៊ូធម្មជាតិ ដោយប្រើកៅស៊ូសំយោគវិញក្នុងការប្រើប្រាស់ចុងក្រោយជាច្រើននិងម៉្យាងទៀត​បណ្តាលមកពីការអនុវត្តន៍ពាណិជ្ជកម្មមិនយុត្តិធម៌ ជាពិសេសក្នុងចំណោមពួកឈ្មួញកណ្តាល។

៣.តម្លៃកៅស៊ូធម្មជាតិប្រកបដោយ​​សមធម៌និងស្ថិរភាព

ថ្លៃកៅស៊ូធម្មជាតិប្រកបដោយសមធម៌និង​ស្ថិរភាពជាចំណុចស្នូលនៃការពិភាក្សានៅក្នុងវេទិកា ANRPC តាំងពីការចាប់ផ្តើមដំបូង។ សន្និ​សីទក្រុម ប្រទេសផលិតកៅស៊ូធម្មជាតិនៅខែតុលា ឆ្នាំ១៩៦៧ បានផ្តល់អាទិភាពដល់ការបង្កើត JMS សម្រាប់ការជួញដូរកៅស៊ូធម្មជាតិក្នុងរយៈពេលរង់​ចាំ​ការបង្កើត ANRPC និងបានបង្កើតក្រុមការងារដើម្បីព្រាងគោលគំនិតលើប្រធានបទមួយនេះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជា គណៈអធិបតីបានថ្លែង​នៅ​ក្នុងសុន្ទរកថា បើកសម្ពោធនៅខែតុលា ឆ្នាំ១៩៧០ បានបញ្ជាក់ច្បាស់ថា “ទីផ្សារពាណិជ្ជកម្មឬទម្រង់​មួយ​ចំនួននៃទីផ្សារទំនើប ដែលពួកអ្នកទិញកៅស៊ូ​ធម្ម​ជាតិ​នៅ​ទូទាំងពិភពលោកអាចទទួលបានការលើកទឹកចិត្តឱ្យមកទិញទំនិញសម្រាប់តម្រូវការជាក់លាក់​របស់​ពួកគេ” ទន្ទឹមនោះលោកក៏បានជំរុញឱ្យប្រទេសជា​សមាជិកទាំងអស់ត្រូវធ្វើសកម្មភាពភ្លាមៗនិងជាក់​ស្តែងចំពោះ JMSនេះ។ សន្និបាតដំបូងនៃសមាគមពួកគេបានឯកភាពគ្នាជាគោលការណ៍ចំពោះការ​បង្កើត JMS សម្រាប់កៅស៊ូធម្មជាតិនិង​បានតែងតាំងក្រុមការងារមួយ ដើម្បីសិក្សាអំពីយន្តការនិងនីតិ​វិធី​ផ្សេងៗ។ JMS បានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ផលិតកម្មនិងការប្រើប្រាស់កៅស៊ូធម្មជាតិ តាមរយៈសេដ្ឋកិច្ចក្នុងផលិតកម្មក្នុងទីផ្សារ ការដឹកជញ្ជូន និងក្នុងទំនាក់ទំនងតាមរយៈការកាត់បន្ថយតួនាទី​របស់ពួកឈ្មួញកណ្តាល។

សមាគម ANRPC បានបញ្ជូនគណៈប្រតិភូ​ទៅកាន់បណ្តាប្រទេសផលិតកៅស៊ូធំៗដូចជា៖ ថៃ​ម៉ាឡេស៊ីនិងប្រទេសឥណ្ឌូនេស៊ីដើម្បីសិក្សាពីប្រព័ន្ធ​​ទីផ្សារកៅស៊ូធម្មជាតិដែលមានស្រាប់ ដើម្បីទទួល​បាន​ប្រភពធាតុចូលសម្រាប់ធ្វើការលើយន្តការនិង​នីតិវិធីនានាក្នុងក្របខ័ណ្ឌ JMS ដែលបានព្រមព្រៀង​គ្នារួចហើយ។ របបពាណិជ្ជកម្មកៅស៊ូធម្មជាតិ​ដែល​មាននៅក្នុងបណ្តាប្រទេសជាសមាជិកមានភាពខុសគ្នាយ៉ាងខ្លាំងដែលធ្វើឱ្យមានការខកចិត្តចំពោះការ​បង្កើត JMS។ លើសពីនេះវាក៏ពិបាកផងដែរក្នុង​ការ​បំបែកបណ្តាញពាណិជ្ជកម្មក្នុងស្រុកនិងពាណិជ្ជកម្ម​ឆ្លងកាត់ព្រំដែនដែលបានបង្កើតជាប្រវត្តិសាស្ត្ររួចហើយ ដោយមានការពាក់ព័ន្ធនឹងពួកពាណិជ្ជករ ពួកឈ្មួញកណ្តាល ពួកអ្នកដឹកជញ្ជូន និងពួកអ្នកប្រើប្រាស់កៅស៊ូ។

ការវិវឌ្ឍន៍ផ្សេងទៀតដើម្បីធ្វើសកម្មភាពឆ្ពោះទៅរក JMS គឺការបង្កើនថ្លៃកៅស៊ូធម្មជាតិក្នុងកំឡុង​ឆ្នាំ១៩៧០ និងការបន្តកិច្ចពិភាក្សាក្រោមការឧបត្ថម្ភរបស់ UNCTAD (United Nations Conference on Trade and Development​ - UNCTAD) សម្រាប់កិច្ច​ព្រមព្រៀងពាណិជ្ជកម្មផ្អែកលើទំនិញ។ ការកើន​ឡើងនៃថ្លៃកៅស៊ូធម្មជាតិនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ​១៩៧០ ភាគច្រើនកើតឡើងពាក់ព័ន្ធជាមួយនឹងការ កើនឡើងនៃតម្លៃកៅស៊ូសំយោគ ដោយសារតែពេល​នោះមានការកើនឡើងនៃតម្លៃប្រេងដែលបណ្តាល​មកពីអង្គការ OPEC រួមនិងការវិវឌ្ឍន៍ទាក់​ទងនឹង​ការហ៊ុមព័ទ្ធប្រេង។ ការអភិវឌ្ឍន៍នៅកំរិត UNCTAD បាននាំឱ្យមានការពិភាក្សានៅ ANRPC ដើម្បីសម្រេច​បានកិច្ចព្រមព្រៀងអន្តរជាតិមួយស្តីពីប្រព័ន្ធស្តុក​សម្រាប់ស្ថិរភាពតម្លៃកៅស៊ូធម្មជាតិ ហើយនឹងឈាន​ដល់ការបង្កើតកិច្ចព្រមព្រៀងកៅស៊ូធម្មជាតិអន្តរជាតិស្តីពីស្ថិរភាពតម្លៃ (the International Natural Rubber Agreement on Price Stabilization -​ INRAPS) ដែលបានចូលរួមអនុម័តដោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបូរី ស្រីលង្កា និងប្រទេស​ថៃនៅខែវិច្ឆិកា ឆ្នាំ១៩៧៦ ប៉ុន្តែមិនដែលអនុវត្តនោះ​ទេ។

៤.កិច្ចព្រមព្រៀងកៅស៊ូធម្មជាតិអន្តរជាតិ

កិច្ចព្រមព្រៀងកៅស៊ូធម្មជាតិអន្តរជាតិ INRAs នៃឆ្នាំ១៩៧៩ ឆ្នាំ១៩៨៧ និងឆ្នាំ១៩៩៥ ត្រូវបាន​ចរចានិងឈានដល់ការបង្កើតកម្មវិធីរួមបញ្ចូលគ្នាសម្រាប់គ្រប់ទំនិញ (the Integrated Program for Commodities -​ IPC) នៃក្របខ័ណ្ឌ UNCTAD។ រាល់បញ្ហាទំនិញបានលើកយកមកពិភាក្សានៅក្នុងក្របខ័ណ្ឌ UNCTAD ពីសម័យដំបូងរបស់ខ្លួននៅក្នុងឆ្នាំ១៩៦៤ ដែលគោលការណ៍ដូចមានចែងក្នុងជំពូក​ទី៦ នៃធម្មនុញ្ញ Havana ស្តីពីកិច្ចព្រមព្រៀងទំនិញ​អន្តររដ្ឋាភិបាលបានបង្កើតឡើងសម្រាប់ធ្វើជាមូលដ្ឋាន។ សម័យប្រជុំលើកទីពីរនៃ UNCTAD នៅក្នុងឆ្នាំ១៩៦៨ បានអំពាវនាវឱ្យមានគោលនយោបាយទំនិញរួមមួយដែលត្រូវបានបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងទំនិញទូទៅ ហើយគេថែមទាំងបានស្នើសុំឱ្យមានមូលនិធិកណ្តាល (Central Fund) មួយសម្រាប់ធ្វើជាអ្នកផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការទំនិញ។ ទោះជាយ៉ាងណា បណ្តាប្រទេសអភិវឌ្ឍន៍បានធ្វើការជជែកវែកញែកមួយករណីម្តងៗ ហើយក៏មិនបានផ្តល់លទ្ធភាពចំពោះការបង្កើតមូលនិធិកណ្តាលដែលបានស្នើឡើង ហើយពុំមានការរីកចំរើនណាមួយអាចសម្រេចបាននោះទេ។ ទន្ទឹមនឹងនេះកិច្ចព្រមព្រៀងអន្តរជាតិផ្អែកលើទំនិញត្រូវបានសម្រេចលើមុខទំនិញស្ករសនៅក្នុងឆ្នាំ១៩៦៨ និងទំនិញកាកាវនៅឆ្នាំ១៩៧២ ប៉ុន្តែទាំងនេះមិនមែនជាធាតុផ្សំនៃកម្មវិធីរួមបញ្ចូលគ្នាដូចដែលបានលើកបង្ហាញដោយ UNCTAD ឡើយ (កិច្ចព្រមព្រៀងទំនិញស្រូវសាលីអន្តរជាតិត្រូវបានសម្រេចនៅឆ្នាំ១៩៤៩ ចំណែកកិច្ចព្រមព្រៀងមុខទំនិញសំណប៉ាហាំងអន្តរជាតិត្រូវបានចរចាគ្នានៅឆ្នាំ១៩៥៤ នៅមុនពេលការបង្កើត UNCTAD)។ UNCTAD បានស្នើឱ្យមានកម្មវិធីរួមបញ្ចូលគ្រប់មុខទំនិញ (Integrated Program for Commodities - IPC) ដែលពាក់ព័ន្ធនឹងភាគហ៊ុនដែលជាកម្មសិទ្ធិអន្តរជាតិ ហើយការប្តេជ្ញាចិត្តពហុភាគីរវាងអ្នកទិញនិងអ្នកលក់ និងការបង្កើតមូលនិធិហិរញ្ញប្បទានរួមមួយដែលត្រូវបានអនុម័តក្នុងសម័យប្រជុំលើកទី៤របស់ UNCTAD នៅក្នុងខែឧសភា ឆ្នាំ១៩៧៦ ក្នុងនៅទីក្រុងណៃរ៉ូប៊ី។ កិច្ចព្រមព្រៀងកៅស៊ូធម្មជាតិអន្តរជាតិ (INRA) បានសម្រេចចេញជារូបរាងនៅឆ្នាំ១៩៧៩ ជាកិច្ចព្រមព្រៀងទំនិញដំបូងដែលត្រូវបានបង្កើតឡើងក្នុងក្របខ័ណ្ឌនៃ IPC ហើយកិច្ចព្រមព្រៀងនេះចូលជាធរមានជាបណ្តោះអាសន្ននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៨០ និងចូលជាធរមានពេញ​សិទ្ធិនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៨២។ អង្គការ​កៅស៊ូធម្មជាតិអន្តរជាតិ (The International Natural Rubber Organization - INRO) ត្រូវបានបង្កើតឡើង​ដើម្បីអនុវត្តរាល់បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង ហើយដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងគួឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។ កិច្ចព្រមព្រៀងកៅស៊ូធម្មជាតិអន្តរជាតិ (INRA) មានតម្លៃក្នុងដៃ តម្លៃយោង និងតម្លៃអន្តរាគមន៍ជាអតិបរមានិងអប្បរិមា។ កិច្ចព្រមព្រៀងនេះក៏បានបង្កើតឱ្យមានស្តុកនិយ័តកម្មកៅស៊ូធម្មជាតិជាលក្ខណៈអន្តរជាតិក្នុងបរិមាណចំនួន៤០ ម៉ឺនតោន និងបរិមាណស្តុកបម្រុងបណ្តោះអាសន្ន​ចំនួន១៥ម៉ឺនតោនសម្រាប់ធ្វើអន្តរាគមន៍ទីផ្សារ។ ថ្លៃសូចនាករហៅថា តម្លៃសន្ទស្សន៍ទីផ្សារប្រចាំ​ថ្ងៃ (Daily Market Indicator Price  - DMIP) គឺជា​តម្លៃ​មធ្យម​រួមប្រចាំថ្ងៃផ្លូវការនៃខែនោះសម្រាប់កៅស៊ូធម្មជាតិបីចំណាត់ថ្នាក់ (RSS1, RSS3 និង TSR 20) នៅឯ​ទី​ក្រុង​គួរឡាឡាំពួរ ទីក្រុងឡុងដ៍ ទីក្រុងញវយ៉ក និង​នៅទីផ្សារសិង្ហបុរី ដោយបានបំប្លែងទៅជាតម្លៃ FOB កំពង់ផែម៉ាឡេស៊ី/សិង្ហបុរី និងគិតជារូបិយប័ណ្ណម៉ាឡេស៊ី/សិង្ហបុរី។ កិច្ចព្រមព្រៀងទីមួយនេះ បានគ្របដណ្តប់ប្រទេសនាំចេញកៅស៊ូធម្មជាតិចំនួនប្រាំពីរនិងប្រទេសនាំចូលកៅស៊ូចំនួន២៥ ហើយដែលមានភាគចំណែកស្មើនឹងចំនួន៩៥% នៃការនាំចេញនិងចំនួន ៧៥% នៃការនាំចូលនៅទូទាំងពិភពលោក។ នៅក្នុងចំណោមប្រទេសផលិតកៅស៊ូធម្មជាតិធំៗ ប្រទេសឥណ្ឌាមិនមែនជាប្រទេសហត្ថលេខីរបស់ INRA ទេ ដោយហេតុថាប្រទេសនេះទោះបីតិចឬ​ច្រើនគេត្រូវតែការពារទីផ្សារកៅស៊ូធម្មជាតិក្នុងស្រុករបស់គេ ហើយម៉្យាងឥណ្ឌាមិនមែន​ជាប្រទេស​អ្នក​នាំចេញកៅស៊ូឡើយ។ មាន INRAs ជាបន្តបន្ទាប់​ចំនួន​ពីរទៀតដែលត្រូវបានបង្កើតក្នុងឆ្នាំ១៩៨៧ និងឆ្នាំ១៩៩៥ ។

ប្រទេសជាសមាជិក ANRPC សំខាន់ៗបាន​ចូលរួម​យ៉ាងសកម្មក្នុងការចរចា​ហើយដែលបាននាំ​ទៅដល់ការបង្កើត INRA និងការបង្កើត INRO។ ប្រទេសជាសមាជិកភាគច្រើនពឹងផ្អែកលើ INRAPS សម្រាប់ការស្នើសុំបទប្បញ្ញត្តិរបស់ INRA ANRPC បានបំពេញតួរនាទីជាវេទិកាមួយសម្រាប់ប្រទេស​ផលិតកៅស៊ូធម្មជាតិដើម្បីបង្រួបបង្រួមទស្សនៈរបស់ពួកគេនិងឈរលើការបង្កើតកិច្ចព្រមព្រៀង INRA។ ការពិគ្រោះយោបល់នៅក្នុង ANRPC លើកិច្ចព្រម​ព្រៀង INRA បានបន្តក្នុងទម្រង់ជាគណៈកម្មាធិការ​​អចិន្ត្រៃយ៍របស់ ANRPC លើបញ្ហា INRO ដែលធ្លាប់ចូលរួមក្នុងការពិភាក្សាមុនពេលមានកិច្ចប្រជុំរបស់ INRO។ ដូច្នេះគេអាចសន្មត់ថា ទោះបីជា JMS មិនដែលបានកើតឡើងក៏ដោយ ក៏ ANRPC មានផលប៉ះពាល់របស់វាទៅលើការពិភាក្សាលើការចាប់ផ្តើមនៃ INRA និងការប្រព្រឹត្តទៅនៃ INRO បន្ទាប់ពីនោះមកទៀត។ ប្រព័ន្ធទីផ្សារសម្របសម្រួល (The coordinated marketing system  - CMS) គំនិតផ្តួចផ្តើមពហុភាគី ដើម្បីមានឥទ្ធិពលលើតម្លៃកៅស៊ូធម្មជាតិ ការកំណត់តម្លៃឧស្សាហកម្មផ្អែកលើតម្លៃ កិច្ចសន្យារយៈពេលវែង និងទីផ្សារកៅស៊ូក្នុងតំបន់សុទ្ធសឹងតែស្ថិតក្នុងរបៀបវារៈរបស់ ANRPC ដែល​បង្ហាញឱ្យឃើញក្នុងអំឡុងពេលថ្លៃកៅស៊ូធ្លាក់ចុះ និងទទួលបានមកវិញនៅពេលដែលតម្លៃប្រសើរឡើង។​ កិច្ចព្រមព្រៀង INRA ឆ្នាំ១៩៧៩ ត្រូវបានគេយល់ថាមាន​​ប្រសិទ្ធភាពជាទូទៅ ហើយចំណែក INRA ១៩៨៧ ត្រូវបានគេវាយតម្លៃថាមានប្រយោជន៍តែ​១ផ្នែក។ ភាពមិនគ្រប់គ្រាន់នៃកិច្ចព្រមព្រៀង INRA ឆ្នាំ១៩៨៧ បាននាំឱ្យមានការពិភាក្សាជាថ្មីលើ​សកម្ម​ភាពសម្របសម្រួលនៅក្នុងទីផ្សារកៅស៊ូធម្មជាតិនៅក្នុងវេទិកា ANRPC ពិសេសក្នុងកំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០។

៥.ការដួលរលំនៃ INRA និងដំណើរបន្ទាប់

កិច្ចព្រមព្រៀង INRA ឆ្នាំ១៩៩៥ មិនអាចរស់រានមានជីវិតតទៅទៀតបានទេ ដោយសារប្រទេសនាំចេញកៅស៊ូធម្មជាតិធំៗបានដកខ្លួនចេញ ពីអង្គការ INRO នៅខែកញ្ញា ឆ្នាំ១៩៩៩ ដែលនាំទៅដល់ការដួលរលំនៃកិច្ចព្រមព្រៀងនិងដួលរលំនៃអង្គការអន្តរជាតិនេះ។ មូលហេតុដែលប្រទេសនាំចេញកៅស៊ូដកខ្លួនចេញ ដោយសារពួកប្រទេសនាំចូលកៅស៊ូធ្វើការបដិសេធមិនឱ្យធ្វើការពិនិត្យឡើងវិញនូវតម្លៃយោងនៅក្នុងបរិបទនៃវិបត្តិហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍។ តម្លៃសូចនាករនៅក្រោមកិច្ចព្រមព្រៀង INRA ដែលត្រូវបានវាស់វែងជារូបិយប័ណ្ណម៉ាឡេស៊ី/សិង្ហបុរីបានឡើងថ្លៃភ្លាមៗ ហើយតម្លៃរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ថ្លៃយ៉ាងខ្លាំង ប៉ុន្តែតម្លៃពិតប្រាកដបានធ្លាក់ចុះតាមលំនាំនៃតម្លៃប្រាក់ដុល្លារអាមេរិក។

ការអាក់អន់ចិត្តចំពោះភាពអសកម្មរបស់ INRO ក្នុងអំឡុងពេលមានភាពចលាចលរូបិយប័ណ្ណបាននាំឱ្យមានការបន្តការពិភាក្សាដ៏តឹងតែងលើ CMS ម្តងទៀតនៅក្នុងវេទិកា ANRPC នៅឆ្នាំ១៩៩៨។ លើកនេះការសិក្សានិងការពិភាក្សាផ្តោតសំខាន់ទៅលើលទ្ធភាពនៃទីផ្សារកិច្ចសន្យាសម្រាប់អនាគតនៅក្នុងតំបន់រួមជាមួយនឹង CMS ។ ការពិភាក្សាមិនទទួលបានជោគជ័យច្រើននោះទេ ហើយប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃបានយល់ព្រមគ្នាបង្កើតជាក្រុមប្រឹក្សាកៅស៊ូត្រីភាគីអន្តរជាតិ (ITRC: Interna-tional Tripartite Rubber Council) និងជាបន្តបន្ទាប់ទៅជាសហាគមនកៅស៊ូអន្តរជាតិ (IRCo:  Interna-tional Rubber Consortium) ដែលមានមូលដ្ឋានស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ពោលបន្ទាប់ពីមានសេចក្តីប្រកាសរួមថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០០២ នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងដោយថ្នាក់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ដែលបានឆ្លុះបញ្ចាំងពីការបន្តផ្តល់សារៈសំខាន់នៃសេដ្ឋកិច្ចនិងនយោបាយទៅលើវិស័យទំនិញក្នុងស្រុករបស់ពួកគេ។ ITRC/IRCo បានធ្វើសកម្មភាពទៅមុខយ៉ាងសកម្មជាមួយនឹងការប្រកាសវិធានការនានាដូចជាគម្រោងការនាំចេញ​ ក្នុងបរិមាណដែលបានព្រមព្រៀង (AETS: Agreed Export Tonnage Scheme) និងផែនការគ្រប់គ្រងការផ្គត់ផ្គង់ (Supply Management Scheme :SMS) ដែលពាក់ព័ន្ធនឹងការរឹតបន្តឹងលើការនាំចេញនិងលើផលិតកម្ម។ ប្រទេស​ថៃ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម័យ​ប្រជុំ​ពិសេស​នៃ​សន្និបាត ANRPC ថ្នាក់​រដ្ឋមន្ត្រី​ក្នុង​ខែមេសា ឆ្នាំ២០០៥ នៅ​ខេត្ត​ឈៀងម៉ៃដែល​ធ្វើជាអធិបតី​ដោយ ​លោកនាយក​រដ្ឋមន្ត្រី​កាល​នោះគឺលោកបណ្ឌិត Dr Thaksin Shinawatra។ នៅក្នុងសុន្ទរកថាបើកលោក​ Thaksin បានអញ្ជើញប្រទេសសមាជិកផ្សេងទៀត នៃ ANRPC ឱ្យចូលរួមក្នុងសកម្មភាពរបស់ ITRC ។ ទោះ​ជា​យ៉ាង​ណា​ក៏គំនិត​ផ្តួច​ផ្តើម​នេះ​​នៅ​តែ​បន្ត​ជា​លក្ខណៈត្រីភាគីរហូតមកដល់សព្វថ្ងៃ។

ចាប់ពីឆ្នាំ២០០២មក ថ្លៃកៅស៊ូធម្មជាតិបាន​ងើបឡើងវិញ ហើយដែលទោះតិចឬច្រើនបានរក្សានៅក្នុងភាពល្អប្រសើរអស់ជាងមួយទសវត្សរ៍ជាមួយ នឹងថ្លៃខ្ពស់និងពេលខ្លះក៏ចុះទាបក្នុងរយៈពេលខ្លី។ ទោះយ៉ាងណាវិស័យកៅស៊ូធម្មជាតិត្រូវបានប្រឈមមុខជាមួយនឹងថ្លៃចុះទាបនិងមានអស្ថិរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ថ្លៃកៅស៊ូធម្ម​​ជាតិបានធ្លាក់​ចុះ​​ជាថ្មីម្តងទៀតបាននាំមកនូវគំនិត “ថ្លៃប៉ះប៉ូវនិង​ថ្លៃស្ថិរភាព” នៅក្នងរបៀបវារៈជួរមុខនៃវេទិការបស់ ANRPC។ តាមសេចក្តីថ្លែងការណ៍រួមនៃ​សម័យប្រជុំ​ពិសេសចុងក្រោយនៃសន្និបាត ANRPC នៅថ្នាក់​រដ្ឋមន្ត្រីដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នៅទីក្រុង Kuala Lumpur ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់លោក Datuk Amar Douglas Uaughter Embas ដែលជារដ្ឋមន្ត្រីក្រសួងដំណាំឧស្សាហកម្មនិងមុខទំនិញនៃប្រទេសម៉ាឡេស៊ីនាពេលនោះ លោកបានអំពាវនាវឱ្យប្រទេសជាសមាជិកធ្វើការអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តនិងសាមគ្គីភាពរួមគ្នាក្នុងចំណោមអ្នកផលិតកៅស៊ូធម្មជាតិក្រោមក្របខណ្ឌសមាគមសំដៅឆ្ពោះទៅរកការពង្រឹងតម្លៃកៅស៊ូធម្មជាតិ។ ជាសកម្មភាពតាមលំអាននេ

ព័ត៌មានចុងក្រោយ