គណៈរដ្ឋមន្ត្រីថៃបានយល់ព្រមអនុម័តថវិកាប្រហែល២២៣លានដុល្លារ ដើម្បីធានាថ្លៃកៅស៊ូសម្រាប់កសិករដែលបានចុះបញ្ជីចំនួន១,៦លានគ្រួសារ ហើយផែនការនេះគឺជាដំណាក់កាលទី៤ នៃកម្មវិធីដែលកំពុងដំណើរការ និងសន្យាថានឹងបែងចែកប្រាក់ចំណូលរវាងអ្នកចៀរនិងម្ចាស់ចម្ការកៅស៊ូ ពី៤០ ទៅ ៦០%។
យោងតាមគណៈកម្មាធិការជាតិកៅស៊ូបានឲ្យដឹងថា ការធានាថ្លៃកៅស៊ូសម្រាប់រដូវកាលឆ្នាំ២០២២-២០២៣ សម្រាប់កសិករកៅស៊ូចំនួន១,៦ លានគ្រួសារ ជាមួយនឹងផ្ទៃដីដាំកៅស៊ូចំនួន២,៩លានហិកតា។ ម្ចាស់ចម្ការកៅស៊ូនិងកម្មករសរុបមានចំនួន១,៣៧លាននាក់ ក្នុងនោះកម្មករកៅស៊ូមានចំនួន២៣១ ៥១៤នាក់។
កម្មវិធីគម្រោងសម្រាប់កសិករនេះនឹងទទួលបានសំណង ប្រសិនបើតម្លៃទីផ្សារកៅស៊ូធ្លាក់ចុះក្រោមតម្លៃគោល។
កសិករត្រូវបានផ្តល់ជូនការធានាតម្លៃអតិបរមានៃកៅស៊ូសន្លឹកគឺ១,៧៦$/គ.ក្រ ទឹកជ័រ១,៦៧$/គ.ក្រ និងជ័រចាន០,៦៧$/គ.ក្រ ដែលបានកំណត់ ត្រឹម ៤ហិកតា/គ្រួសារ។
កម្មវិធីនេះ ត្រូវបានគ្រប់គ្រងដោយធនាគាររដ្ឋសម្រាប់វិស័យកសិកម្មនិងសហគមន៍កសិកម្ម។
នាយករដ្ឋមន្ត្រី Prayut Chan-o-cha បានលើកឡើងនាពេលថ្មីៗនេះថា ការដោះស្រាយការធ្លាក់ថ្លៃដំណាំនៅតែជាអាទិភាពមួយ ខណៈដែលរដ្ឋាភិបាលកំពុងព្យាយាមរកដំណោះស្រាយដ៏ល្អបំផុត។
នៅថ្ងៃទី១៩ ខែកុម្ភៈ នាយករដ្ឋមន្ត្រីបានលើកឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ខេត្ត Nakhon Si Thammarat ថាថ្លៃកៅស៊ូទាបគឺជាបញ្ហាសំខាន់បំផុត។ ផលិតផលកៅស៊ូរបស់យើងភាគច្រើនត្រូវបាននាំចេញ ដោយរក្សាទុកត្រឹមតែ១/៣សម្រាប់ប្រើប្រាស់ក្នុងស្រុក។ យើងត្រូវតែគិតថា តើផលិតផលចំនួនពីរភាគបីអាចប្រើប្រាស់ក្នុងប្រទេសនេះយ៉ាងដូចម្តេច? ដើម្បីទទួលបានតម្លៃកើនឡើង។ រដ្ឋាភិបាលបានចំណាយថវិកាជាតិចំនួន៣០% ដើម្បីដោះស្រាយការធ្លាក់ចុះថ្លៃដំណាំគ្រប់ប្រភេទ ហើយនឹងព្យាយាមដោះស្រាយបញ្ហានេះបន្ថែមទៀត៕