យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឯកឧត្តម Ranjith Siyambalapitiya បានឲ្យដឹងថា ការរឹតបន្តឹង ការនាំចូលកៅស៊ូបានធ្វើឲ្យថ្លៃកៅស៊ូធម្មជាតិក្នុងប្រទេសស្រីលង្កាកំពុងមានស្ថិរភាព ដោយបរិមាណនាំចូលកៅស៊ូបានធ្លាក់ចុះពាក់កណ្តាលនៅក្នុងខែវិច្ឆិកា។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការនាំចូលកៅស៊ូបានធ្លាក់ចុះ ៤៨% មកនៅត្រឹម២ ១២៥លានតោន បើធៀបនឹងខែមុន ហើយក្នុងខែវិច្ឆិការបានធ្លាក់ចុះ ៧៧% បើធៀបនឹងការនាំចូលកៅស៊ូរយៈពេល១០ខែដើមឆ្នាំដូចគ្នា។ ឯកឧត្តមក៏បានធ្វើការកត់សម្គាល់បញ្ហាទាំងនេះ ដោយចូលរួមត្រួតពិនិត្យវឌ្ឍនភាពលើកទីពីរនៃគណៈកម្មាធិការក្រសួងដែលត្រូវបានតែងតាំង ដើម្បីពិនិត្យលើការធ្លាក់ចុះយ៉ាងខ្លាំងនៃថ្លៃកៅស៊ូក្នុងស្រុកនិងការនាំចូលកៅស៊ូច្រើនពេក។
កាលពីចុងខែតុលា រដ្ឋាភិបាលបានដាក់ចេញនូវការគ្រប់គ្រងការនាំចូលលើប្រភេទសម្ភារកៅស៊ូដែលផលិតក្នុងស្រុក ខណៈពេលដែលអ្នកដាំកៅស៊ូបង្ខំចិត្តលក់ ទោះបីជាថ្លៃកៅស៊ូធ្លាក់ចុះក៏ដោយ។
ថ្លៃកៅស៊ូធម្មជាតិមាននិន្នាការធ្លាក់ចុះជាសកលលោក។ ក្នុងខែវិច្ឆិកានេះ ថ្លៃកៅស៊ូធម្មជាតិនឹងធ្លាក់ចុះដល់កម្រិតទាបរយៈពេលពីរឆ្នាំគឺ១,២៩ដុល្លារអាម៉េរិក/គ.ក្រ ស្មើនឹង ១២% និងបន្តដល់ត្រីមាសទី៣ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ថ្លៃកៅស៊ូធម្មជាតិត្រូវបានគេរំពឹងថានឹងកើនឡើងតិចតួចនៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីមានការធ្លាក់ចុះ ១៣% នៅឆ្នាំនេះ។
ក្នុងរយៈពេល១០ខែដើមឆ្នាំ ប្រទេសស្រីលង្កាបាននាំចូលកៅស៊ូដោយមានទំហំទឹកប្រាក់៣០៥លានដុល្លារអាម៉េរិក និងនាំចេញផលិតផលកៅស៊ូដែលមានទំហំទឹកប្រាក់៨៣៨លានដុល្លារអាម៉េរិក៕