ក្រុមហ៊ុន Bridgestone នឹងគ្រោងបញ្ចប់ការ បង្កើតបច្ចេកវិទ្យាថ្មីសម្រាប់ការកែច្នៃសំបកកង់ឡើងវិញនៅដើមឆ្នាំ២០៣០ ដោយព្យាយាមកាត់បន្ថយផលប៉ះពាល់នៃកាបូនឌីអុកស៊ីតក្នុងខ្សែច្រវ៉ាក់ផ្តត់ផ្គង់រថយន្ត។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូមានបំណងប្រើប្រាស់ការកែច្នៃសាធាតុគីមីឡើងវិញ ដែលអាចបំបែកសារធាតុសំបកកង់ឲ្យទៅជា ម៉ូលេគុលសម្រាប់ការប្រើប្រាស់ឡើងវិញ។ ដំបូងសំបកកង់ត្រូវបានរំលាយ បន្ទាប់មកសមាភាពទាំងនោះត្រូវបានបំបែកធាតុ ដោយការប្រើប្រាស់កាតាលីករនៅសីតុណ្ហភាពដែលបានកំណត់។
ក្រុមហ៊ុន Bridgestone ជឿជាក់ថាដំណើរការនេះ នឹងអាចកែច្នៃសំបកកង់ប្រមាណ១០ម៉ឺនតោន/ឆ្នាំឬប្រហែល ១០% នៃសំបកកង់ដែលបានបោះ ចោលប្រចាំឆ្នាំនៅក្នុងប្រទេសជប៉ុន។
កម្មវិធីស្រាវជ្រាវនិងការអភិវឌ្ឍន៍នេះ កំពុងធ្វើឡើងជាមួយក្រុមហ៊ុនប្រេងជប៉ុន Eneos Holding។ ក្រុមហ៊ុន Bridgestone នឹងចំណាយទឹកប្រាក់ប្រហែល១៣៤លានដុល្លារអាម៉េរិក រហូតដល់ឆ្នាំ២០៣០ ដើម្បីសម្រេចកិច្ចការនេះ ។
រោងចក្រដែលអាចកែច្នៃសំបកកង់ពី២០ ទៅ ៣០ម៉ឺនតោន នឹងចាប់ផ្តើមនៅឆ្នាំ២០២៤ ដើម្បីបង្ហាញអំពីវិធីសាស្ត្រនៃការកែច្នៃឡើងវិញដ៏មានប្រសិទ្ធភាពបំផុត ម្យ៉ាងទៀតរោងចក្រកែច្នៃឡើងវិញដែលពេញលក្ខណៈមួយនឹងត្រូវបានសាងសង់នៅឆ្នាំ២០៣០។
កៅស៊ូជាដុំប្រមាណពាក់កណ្តាលដែលច្នៃពីសំបកកង់យានយន្តត្រូវបានផលិតផ្សំដោយសារធាតុអ៊ីសូព្រីន ដែលជាសារធាតុផលិតចេញពីដើមកៅស៊ូឬជាសារធាតុបប៊ុយតាយ៉ែន (Butadiene) ដែលជាវត្ថុធាតុសំយោគបានមកពីប្រេងកាតមិនទាន់ចម្រាញ់ (Naphtha)។ ក្រុមហ៊ុន Bridgestone នឹងប្រើសារធាតុទាំងពីរនេះឡើងវិញ ហើយនឹងចម្រាញ់យកវត្ថុធាតុដើមពីសំបកកង់យានយន្តចាស់ៗមកវិញដែរ។ ចំពោះសំបកកង់ដែលបានកែច្នៃឡើងវិញត្រូវបាន រំពឹងថានឹងមានតម្លៃខ្ពស់ជាងសំបកកង់ថ្មី។
លោក Masashi Otsuki ជាប្រធានក្រុមផ្នែកទំនើបកម្មសម្ភារៈរបស់ក្រុមហ៊ុន Bridgestone បាននិយាយថាប្រសិនបើយើងផ្តល់សំបកកង់មានអាយុកាលប្រើប្រាស់បានយូរនិងមានតម្លៃបន្ថែមខ្ពស់ជាងផលិតផលធម្មតា នោះយើងអាចស្រូបយកថ្លៃដើមនៃការកែច្នៃឡើងវិញបាន ដោយការបញ្ចូលចំនួនប្រាក់ជាក់លាក់មួយទៅក្នុងថ្លៃរបស់វា។
ក្រុមហ៊ុនផលិតសំបកកង់ជប៉ុន Yokohama Rubber និងក្រុមហ៊ុនផលិតសម្ភារៈ Zeon ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូក៏បានសហការគ្នាចាប់ផ្តើមបង្កើតបច្ចេកវិទ្យាថ្មី ដើម្បីទាញយកវត្ថុធាតុដើមពីសំបកកង់យានយន្តដែលបានបោះចោល។
ជាដំបូងក្រុមហ៊ុនផលិតគីមីយកកាបូនម៉ូណូអុកស៊ីតនិងអ៊ីដ្រូសែនចេញពីសំបកកង់ដែលបានប្រើរួច ហើយបំលែងវាទៅជាអេតាណុល។ បន្ទាប់ មកក្រុមហ៊ុន Zeon ប្រើអេតាណុលនេះ ដើម្បីផលិតជាសម្ភារៈកៅស៊ូសំយោគប៊ុយតាយ៉ែន ហើយក្រុមហ៊ុននឹងសាងសង់រោងចក្របង្ហាញនៅឆ្នាំ២០២៤ខាងមុខនេះ។
បច្ចុប្បន្ននេះ ប៊ុយតាយ៉ែនមានប្រហែលតែ ៦០%ប៉ុណ្ណោះ ដែលអាចកែច្នៃចេញពីសំបកកង់បោះចោល ដោយប្រើវិធីសាស្ត្រអេតាណុល។ ក្រុមហ៊ុន Zeon និង Yokohama Rubber សង្ឃឹមថានឹងបង្កើនទិន្នផលប៊ុយតាយ៉ែនប្រហែលដល់៨០% នៅពេលដែលដំណើរការរបស់ពួកគេ ឈានដល់ដំណាក់កាលដែលអាចធ្វើបាននៅឆ្នាំ២០៣៤។ ជាមួយគ្នានេះអ្នកស្រាវជ្រាវនឹងស្វែងរកកាតាលីករដែលត្រឹមត្រូវដើម្បីបង្កើនទិន្ន- ផលនេះ។
ក្រុមហ៊ុន Zeon មានរោងចក្រផលិតសំបកកង់នៅក្នុងខេត្ត Yamaguchi របស់ប្រទេសជប៉ុននិងនៅប្រទេសសិង្ហបុរី ហើយនឹងពិចារណាលើកន្លែងផលិតជាលក្ខណៈទ្រង់ទ្រាយធំទាំងនៅក្នុងនិងក្រៅប្រទេស។
យោងតាមសមាគមក្រុមហ៊ុនផលិតសំបកកង់យានយន្តជប៉ុនបានឲ្យដឹងថា សំបកកង់យានយន្តភាគច្រើនត្រូវបានដុតចោល ហើយសំបកកង់មួយអាចបញ្ចេញកាបូនឌីអុកស៊ីតប្រហែល៣០០គ.ក្រ.ពេញមួយវដ្តជីវិតរបស់វា។ ឆ្នាំ២០២១ ប្រទេសជប៉ុនបានបោះចោលសំបកកង់ចំនួន ៩១លានសំបក តាមរយៈការផ្លាស់ប្តូរសំបកកង់ឬការបោះចោលយានយន្តមានន័យថា សំបកកង់ត្រូវបានគេបោះចោលមានចំនួនមួយលានតោន ដែលមានតែមួយផ្នែកប៉ុណ្ណោះត្រូវបានយកទៅកែច្នៃឡើងវិញ។
យោងតាមរបាយកាណ៍ Ocean របស់ក្រុមហ៊ុនអាម៉េរិកបានឲ្យដឹងថា តម្រូវការសំបកកង់រំពឹងថានឹងកើនឡើង ហើយទីផ្សារសំបកកង់យានយន្តពិភពលោកនឹងមានទឹកប្រាក់ឈានដល់២១៩,៨ពាន់លានដុល្លារនៅក្នុងឆ្នាំ២០៣០ បានកើនឡើងប្រហែល ៥០% ចាប់ពីឆ្នាំ២០២១ មក។
ប៉ុន្តែតំបន់មួយចំនួនដែលផលិតកៅស៊ូធម្មជាតិនៅតែមានកម្រិត។ ប្រសិនចលនាកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតទទួលបានជោគជ័យក្នុងការកាត់បន្ថយលើការប្រើប្រាស់ប្រេងឥន្ទនៈ នោះវត្ថុធាតុដើមសម្រាប់កៅស៊ូសំយោគនឹងកាន់តែពិបាកចូលប្រើប្រាស់។
ទោះបីជាសំបកកង់អាចកែច្នៃឡើងវិញបានពេញលេញក៏ដោយ ក៏ការផ្គត់ផ្គង់នឹងមិនមានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការនាពេលអនាគតឡើយ ហេតុនេះហើយអ្នកស្រាវជ្រាវមួយចំនួនកំពុងសម្លឹងរកការផលិតសំបកកង់ចេញពីវត្ថុធាតុជីវម៉ាសដូចជា ពោតជាដើម៕