ក្រសួងចម្ការឧស្សាហនិងមុខទំនិញកំពុងរិះរកគំនិតថ្មីៗសម្រាប់ការអនុវត្តការគ្រប់គ្រងពាណិជ្ជកម្មសាជីវកម្ម ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវនិរន្តរភាពសម្រាប់កសិករកៅស៊ូគ្រួសារនាពេលអនាគត។
រដ្ឋមន្រ្តីលោកស្រីបណ្ឌិត Zuraida Kamaruddin បានលើកឡើងថា ការផ្លាស់ប្តូរនេះគឺសំខាន់ណាស់ដើម្បីធានាបាននូវការផ្គត់ផ្គង់កៅស៊ូប្រកបដោយនិរន្តរភាពរបស់ប្រទេសសម្រាប់ទីផ្សារពិភពលោក។ ជាច្រើនទសវត្សរ៍កន្លងមក យើងមានអង្គភាពសាជីវកម្មដូចជា Sime Darby និងអ្នកផ្សេងៗទៀតកំពុងគ្រប់គ្រងចម្ការកៅស៊ូរបស់យើង ប៉ុន្តែពួកគេបានបញ្ឈប់ការគ្រប់គ្រងចម្ការកៅស៊ូទាំងនោះ។ បច្ចុប្បន្ន ៩០% នៃការផ្គត់ផ្គង់កៅស៊ូរបស់ប្រទេសម៉ាឡេស៊ីត្រូវបានផលិតដោយកសិករកៅស៊ូគ្រួសារនៅទូទាំងប្រទេស ដូច្នេះយើងត្រូវរក្សាចម្ការកៅស៊ូនោះ។ យើងក៏កំពុងប្រឈមមុខនឹងបញ្ហានេះ ដោយសារ ៤០% នៃកសិករកៅស៊ូគ្រួសារអសកម្មដោយពួកគាត់ភាគច្រើនជាមនុស្សចាស់និងមានសុខភាពមិនល្អដែលមិន ចៀរកៅស៊ូបាន។
លោកស្រីបណ្ឌិតបានជម្រាបដល់អ្នកកាសែតថា បន្ទាប់ពីការបើកតំបន់ទេសចរណ៍មុខទំនិញកសិកម្មនៅភាគខាងជើង Keluarga Malay- sia Agro-commodity Tour នៅរដ្ឋ Dewan Al Hana ដែលមានកសិករកៅស៊ូគ្រួសារចូលរួមចំនួន៣០០នាក់ ហើយពួកគេភាគច្រើនមានទំនោរលក់ចម្ការកៅស៊ូរបស់ខ្លួន ដោយសារតែពួកគេលែងសាកសមនឹងការងារនៅចម្ការកៅស៊ូទៀតហើយ។
លោកស្រីក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី (Malaysian Rubber Board: MRB) និងសាជីវកម្មអភិវឌ្ឍន៍កៅស៊ូម៉ាឡេស៊ី Bhd (Mardec) នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ MoUនេះ ភាគី MRB និង Mardec នឹងអនុវត្តសិក្សាលើការគ្រប់គ្រងចម្ការកៅស៊ូរបស់កសិករកៅស៊ូគ្រួសារដែលមាននិរន្តរភាព គឺយើងចង់បង្កើតគំរូមួយអំពីរបៀបដែលអាចប្រែក្លាយប្រតិបត្តិការរបស់កសិករកៅស៊ូគ្រួសារទៅជាអ្នកមានវិជ្ជាជីវៈ និងមានផលិតភាពបានច្រើន មានកម្មករធ្វើការពេញម៉ោង។
ក្រោមគំនិតធ្វើពាណិជ្ជកម្មនេះ គោលបំណងរបស់យើងគឺធានាបាននូវប្រាក់ចំណូលខ្ពស់និងមានស្ថិរភាពសម្រាប់កសិករកៅស៊ូគ្រួសាររបស់យើងតាមរយៈកម្មវិធីលើកទឹកចិត្តផលិតកម្មជ័រកៅស៊ូ ហើយក្រសួងក៏បានផ្តួចផ្តើមគំនិតដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការផ្គត់ផ្គង់កៅស៊ូដូចជាការបង្រួមទំហំចម្ការកៅស៊ូទូទាំងប្រទេស ដោយសារតែចំនួនប្រជាជនមានវ័យចំណាស់ជាកសិករកៅស៊ូគ្រួសារនិងការបំប្លែងទៅជាចម្ការ ដូងប្រេង។ ទន្ទឹមនឹងនោះ ក្រសួងត្រូវមានគំរូដ៏មានប្រសិទ្ធភាពមួយដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ នឹងអនុវត្តគម្រោងសាកល្បងនៅតំបន់ភាគខាងជើងនិងបានជ្រើសរើសយកតំបន់ Kedah សម្រាប់ជាគម្រោងសាកល្បងនេះ ដោយសាររដ្ឋបានដើរតួជាអ្នកផ្គត់ផ្គង់កៅស៊ូធំបំផុតនៅក្នុងប្រទេសក្នុងអត្រា ៣០%។
កៅស៊ូធម្មជាតិដែលផលិតនៅក្នុងប្រទេសម៉ាឡេស៊ីមានតម្រូវការខ្ពស់នៅក្នុងទីផ្សារពិភពលោក ជាពិសេសក្នុងប្រទេសអឺរ៉ុប។ ដូច្នេះយើងត្រូវការការស្រាវជ្រាវបន្ថែមទៀត ដើម្បីផលិតផលិតផលសម្រេចពីកៅស៊ូសម្រាប់ទីផ្សារពិភពលោក ហើយតាមរយៈការធ្វើបែបនេះយើងនឹងអាចរក្សាស្ថិរភាពថ្លៃទំនិញកៅស៊ូរបស់យើងក្នុងរយៈពេលវែង៕