×
ជំងឺថ្មីដែលបង្កការគំរាមកំហែងដល់ឧស្សាហកម្មកៅស៊ូ

ការរាតត្បាតជំងឺមិនគ្រាន់តែជាក្តីបារម្ភសម្រាប់មនុស្សប៉ុណ្ណោះទេ ចំពោះការធ្វើធុរកិច្ចកសិកម្មក៏ស្ថិតក្នុងការ​ភ័យខ្លាចនូវការផ្ទុះឡើងនៃជំងឺផង​ ដែរ។ អតិសុខុមប្រាណដែលបង្កជំងឺដល់រុក្ខជាតិបានបំផ្លិចបំផ្លាញទូទាំងពិភពលោក។ រួម​ជាមួយ​នឹងការសម្លាប់​សត្វល្អិតនិងជំងឺ​លើដំណាំ​ក៏បង្ក​ហានិភ័យ​យ៉ាងខ្លាំងក្នុង​វិស័យ​កសិកម្មផងដែរ ហើយបញ្ហាដំណាំដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ជំងឺ​មិន​មែន​ជា​រឿង​ចម្លែក​ទេ។

ជាមួយនឹងការផ្លាស់ប្តូរអាកាសធាតុ ការកើន​ឡើងនៃសីតុណ្ហភាពពិភពលោក និងការកើតជំងឺ​លើដំណាំថ្មីៗឃើញថា មាននិន្នាការកើនឡើងដែលក្តីបារម្ភដ៏ធំបំផុតគឺកសិករទទួលបានទិន្នផលដំណាំទាប។

កៅស៊ូធម្មជាតិជាដំណាំមួយប្រភេទដែលត្រូវតែដោះស្រាយរាល់បញ្ហាជំងឺដែលកំពុងរាតត្បាត។ ជាពិសេស ​ផលប៉ះពាល់ដល់ឬសនិងស្លឹកក៏ជាកត្តា​ដ៏សំខាន់។ ជំងឺគ្រោះថ្នាក់បំផុតដែលបានកត់ត្រាគឺ​ច្បាស់ណាស់​ សំដៅលើជំងឺស្លឹក​ដែលនៅតែឆ្លងនៅតំបន់ជាច្រើននៅក្នុង​ប្រទេសប្រេ- ស៊ីល។ ជាការពិតគ្រោះ​​មហន្តរាយនៃជំងឺស្លឹកនៅអាម៉េរិកខាងត្បូង​​ (SALB: South American Leaf Blight) ដ៏គួរឱ្យភ័យខ្លាចបាន​កើតមានឡើងក្នុងឧស្សាហកម្មកៅស៊ូធម្មជាតិពិភពលោក​ជាច្រើនឆ្នាំហើយមកដល់ពេលនេះ។

នៅពេលដែលដើមកៅស៊ូមួយត្រូវបានឆ្លងជំងឺ SALB វាអាចបំផ្លាញចម្ការកៅស៊ូទាំងមូលបានឬជាក់​ស្តែងជាវិនាសកម្មសម្រាប់ឧស្សាហកម្មកៅស៊ូ​របស់​ប្រទេសយើង​ ហើយ​រហូតមកដល់ពេលនេះមិនទាន់​មានការព្យាបាលលើជំងឺនេះនៅឡើយទេ។ អ្វីដែលត្រូវធ្វើ​​គឺអនុវត្តវិធានការដាក់ឱ្យនៅ​ដាច់ពីគេដើម្បីការពារការរីករាលដាល​ដែលជាវិធានការ​រឹតបន្តឹងយ៉ាងហ្មត់ចត់បំផុត ចំពោះការធ្វើដំណើរទាំង​អស់​ចេញពីតំបន់​ដែលឆ្លងជំងឺនៅក្នុង​ប្រទេសប្រេ​ស៊ីល ពីព្រោះមេរោគអាចឆ្លងបានយ៉ាងងាយ​ស្រួលតាម​រយៈការធ្វើដំណើរ។​ ហេតុនេះវិធានការកំចាត់ជំងឺនេះ​​ចាំបាច់​ណាស់សម្រាប់អ្នកធ្វើដំណើរទាំងឡាយ ដែលចេញពីប្រទេសប្រេស៊ីលទៅកាន់ប្រទេសដែលផលិតកៅស៊ូសំខាន់ៗដូចជា៖ អាស៊ី​ និងអាហ្រ្វិក​ជាដើម។

ទោះបីជាជំងឺ SALB ត្រូវបានគ្រប់គ្រងយ៉ាងល្អតាមរយៈការដាក់ឱ្យនៅដាច់ពីគេបែបនេះក៏ដោយ ជំងឺស្លឹកថ្មីលើកៅស៊ូនាពេលថ្មីៗនេះបានបង្កើត​ការភ័យខ្លាចដ៏ធំមួយក្នុងចំណោមអ្នកដាំកៅស៊ូនៅក្នុងតំបន់។

ជំងឺជ្រុះស្លឹកបង្កដោយផ្សិត Pestalotiopsis ជាឈ្មោះជំងឺថ្មី​មួយ​ដែល​ប៉ះ​ពាល់​ដល់ស្លឹកកៅស៊ូ។ ​បើ​យោងតាម​ការ​កត់ត្រាជំងឺនេះ​លេចឡើងរាល់ពេល​​មាន​ភ្លៀង​ធ្លាក់ខ្លាំងក្នុងករណីខ្លះនៅពេលដែល​ឆ្លង​ជំងឺនេះ ដើមកៅស៊ូនឹងបាត់បង់ស្លឹកយ៉ាងច្រើន ហើយ​ទិន្នផលទឹកជ័របាន​ធ្លាក់ចុះរហូតដល់២០%។ រហូត​មក​ដល់​ពេល​នេះ មិន​មាន​ការ​ព្យាបាលណា​ដែល​មាន​ប្រសិទ្ធភាព​ត្រូវ​បាន​រក​ឃើញនោះ​ទេ លើសពីនោះការព្រួយបារម្ភមួយទៀតគឺដើមកៅស៊ូដែលបានឆ្លងជំងឺជ្រុះស្លឹកបង្កដោយផ្សិត pestalotiopsis អាចវិវត្តទៅជាជំងឺផ្សេង​ទៀត ដូចជាជំងឺជ្រុះស្លឹករដូវភ្លៀង phytophthora

ជាការពិតគ្រប់តំបន់ដាំកៅស៊ូនៅក្នុងបណ្តាប្រទេសផលិតធំៗបានរាយការណ៍អំពីឧប្បត្តិហេតុនៃជំងឺស្លឹកបង្កដោយផ្សិត pestalotiopsis។ ដូច្នេះលុះត្រាតែមានការស្រាវជ្រាវដើម្បីបង្កើតវិធីសាស្រ្តព្យាបាល ពីព្រោះអាចប៉ះពាល់ដល់ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកបន្ថែមទៀត។ សូម្បី​តែ​ពេលនេះ​ ក៏​មាន​ការ​ព្រួយ​បារម្ភដែរ​ថាពិភពលោក​ប្រហែល​ជា​មិន​មាន​កៅស៊ូ​ធម្មជាតិ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់ដល់ឧស្សាហកម្ម​សំបក​កង់ឡើយ មកពីថ្លៃ​ទាប​ខ្លាំងពេកបាន​បង្ខំ​ឱ្យ​កសិករកៅស៊ូគ្រួសារ​បោះបង់ចម្ការកៅស៊ូ​របស់​ពួកគាត់។

អ្នកជំនាញខាងជំងឺកៅស៊ូបានស្នើឱ្យធ្វើការស្រាវជ្រាវរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយគ្រប់គ្រងជំងឺនេះឱ្យបានល្អប្រសើរ។ ក្រោមការគ្រប់គ្រង់របស់ក្រុមប្រឹក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍កៅស៊ូអន្តរជាតិ (The International Rubber Research and Development Board: IRRDB) ការស្រាវជ្រាវនឹងមានការសហការគ្នារវាងអ្នកវិទ្យាសាស្ត្រមកពីបណ្តា ប្រទេសផលិតកៅស៊ូជាច្រើន។

យោង​តាម​ការ​​ស្នើ​របស់​អ្នកជំនាញ  វិធីសាស្ត្រតែ​មួយ​អាច​​មិន​សម​ស្របឬសម​ប្រកបក្នុង​ការ​គ្រប់​គ្រង​ជំងឺទេ​ ពីព្រោះការ​គ្រប់​គ្រងជំងឺ​ដោយ​សារធាតុ​គីមីដែល​ប្រើ​តែ​ថ្នាំ​សម្លាប់​ផ្សិតគឺ​មិន​គ្រប់​គ្រាន់​ទេ។ អ្នកជំនាញក៏បានស្នើវិធីសាស្រ្តរួមមួយដើម្បីដោះស្រាយបញ្ហានេះ ដោយផ្អែកលើការសម្រេចចិត្តពាក់ព័ន្ធនឹងការប្រើវិធីសាស្រ្តជាច្រើនដែលបានសម្របសម្រួលដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងមេរោគនេះ តាមបែបអេកូ- ឡូស៊ីនិងសេដ្ឋកិច្ច។

ការងារទាំងនេះអាចរាប់បញ្ចូលនូវការជ្រើស​រើសនិងការរៀបចំទីតាំងដ៏ត្រឹមត្រូវ ការប្រើប្រាស់​រុក្ខសម្ភាដែលធន់នឹងជំងឺ​ ​ការផ្លាស់ប្តូរការអនុវត្តការ​ដាំដុះ ការកែប្រែបរិស្ថានតាមរយៈការជីកប្រឡាយ ការស្រោចស្រព ការកាត់មែកតូចៗចេញ ការកាប់​ឆ្ការសម្អាតចម្ការ និងការប្រើថ្នាំសម្លាប់សត្វល្អិតបើ​ចាំបាច់។ ដូច្នេះដើម្បីបន្ថែមពីលើវិធានការប្រពៃណី​ទាំងនេះ ចាំបាច់ត្រូវអនុវត្តការពិនិត្យតាមដានកត្តាបរិស្ថានមាន៖ សីតុណ្ហភាព សំណើម pH ដី និងសារធាតុចិញ្ចឹមផងដែរ។

ការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវនៃភ្នាក់ងារបង្កជំងឺតាមវិធីសាស្រ្តសាមញ្ញនិងម៉ូលេគុលគឺត្រូវការបន្ទាន់ណាស់ បើគ្មានការកំណត់អត្តសញ្ញាណនិងការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវទេ​ នោះវានឹងពិបាក​ក្នុងការរៀបចំគ្រោងការណ៍គ្រប់គ្រងជំងឺឲ្យបានសម​ស្រប។

ការយល់ដឹងឱ្យបានហ្មត់ចត់អំពីវដ្ដនៃជំងឺ រួម​ទាំងកត្តាអាកាសធាតុនិងបរិស្ថានៗផ្សេងទៀត ដែល​ជះឥទ្ធិពលលើវដ្តជំងឺនិងតម្រូវការបរិស្ថាន​របស់រុក្ខជាតិគឺជាកត្តាចាំបាច់ផ្សេងទៀត ដើម្បីគ្រប់គ្រងជំងឺ​នេះឱ្យមានប្រសិទ្ធភាព។

តាមពិតគ្មាន​អ្វី​គួរឲ្យសង្ស័យ​ទេ​ដែល​ជំងឺស្លឹក​​កៅស៊ូ​ថ្មី​នេះ ​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​កៅស៊ូធម្មជាតិ ហើយការ​ប្រែប្រួល ​អាកាសធាតុក៏​ជា​ផ្នែក​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​​យ៉ាងខ្លាំងផងដែរ៕

ព័ត៌មានចុងក្រោយ