អ្នកជំនាញបាននិយាយថា ឱកាសទីផ្សារដ៏អស្ចារ្យនឹងបើកចំហសម្រាប់ប្រទេសវៀតណាម ប្រសិនបើផលិតម្មកៅស៊ូធម្មជាតិមាននិរន្តរភាពដោយទទួលបានការគាំទ្រគ្រប់គ្រាន់ពីរដ្ឋាភិបាលរួមជាមួយនឹងសហគ្រាសដែលបានប្ដេជ្ញាអនុវត្តតាមកម្មវិធីនៃការអភិវឌ្ឍប្រកបដោយចីរភាព។
ពីព្រោះតម្រូវការកៅស៊ូធម្មជាតិពិភពលោកប្រកបដោយនិរន្តរភាពបាននិងកំពុងកើនឡើងនិងកំពុងពង្រីក ខណៈពេលដែលប្រទេសវៀតណាមជាប្រទេសផលិតកៅស៊ូធម្មជាតិធំជាងគេទីបីនៅលើពិភពលោក។
លោកបណ្ឌិត Tô Xuân Phúc អ្នកជំនាញវិភាគគោលនយោបាយនៅអង្គការគាំពារព្រៃឈើ (Forest Trends Organization) លើកឡើងថា ទោះជាយ៉ាងណាក៏ដោយផ្ទៃដីដាំកៅស៊ូនៅក្នុងប្រទេសវៀតណាមដែលមានការបញ្ជាក់វិញ្ញាបនបត្រប្រកបដោយនិរន្តរភាពគឺមានតិចណាស់។ បច្ចុប្បន្ននេះមិនមានចម្ការកៅស៊ូដែលមានការបញ្ជាក់ពីក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ (Forest Stewardship Council- FSC) នៅក្នុងប្រទេសវៀតណាមឡើយ ហើយនេះជាការខកខានឱកាសសម្រាប់វៀតណាម។
អ្នកជំនាញក៏បានថ្លែងការណ៍នៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ “កៅស៊ូធម្មជាតិវៀតណាមប្រកបដោយនិរន្តរភាព” ដែលបានធ្វើឡើង នាពេលថ្មីៗនេះតាមប្រព័ន្ធអនឡាញនិងបណ្តុះបណ្តាលផ្ទាល់នៅទីក្រុងហាណូយ ដោយរៀបចំឡើងដោយអង្គការ Forest Trends ក្រុមហ៊ុន Yulex LLC និង អ្នកដឹកនាំធុរកិច្ចនិងសហគមន៍។ សិក្ខាសាលាបានបង្ហាញអំពីបញ្ហាប្រឈមដែលរឹតត្បឹតចំពោះអ្នកដាំកៅស៊ូរួមមានក្រុមហ៊ុនចម្ការកៅស៊ូនិងកសិករកៅស៊ូគ្រួសារដែលចាប់ពីការអនុវត្តផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាព និងពិភាក្សាអំពីគន្លឹះសម្រាប់ដោះស្រាយ ឧបសគ្គទាំងនោះ។
ម្យ៉ាងទៀតទីផ្សារពិភពលោកកំពុងតម្រូវឲ្យកៅស៊ូធម្មជាតិដែលមានការបញ្ជាក់វិញ្ញាបនបត្រ។ ប្រទេសវៀតណាមជាប្រទេសផលិតកៅស៊ូធំជាងគេទីបីនៅក្នុងពិភពលោកមិនគួរទុកផលចំណេញសេដ្ឋកិច្ចនេះចោលទេ។
អ្នកជំនាញបន្ថែមថាផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពនាពេលអនាគតជាទិសដៅមួយមិនអាចជៀសបានសម្រាប់ប្រទេស វៀតណាម។ វានឹងបើកឱកាសសម្រាប់ប្រទេសនេះ ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ចរបស់ខ្លួន។
បច្ចុប្បន្នមានប្រព័ន្ធវិញ្ញាបនបត្រនិរន្តរភាពចំនួនពីរនៅក្នុងពិភពលោក៖ PEFC (កម្មវិធីសម្រាប់ការអនុម័តវិញ្ញាបនបត្រព្រៃឈើ) និង FSC (ក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ) ប៉ុន្តែលក្ខណៈវិនិច្ឆ័យ FSC ត្រូវបានចាត់ទុកថាមានភាពតឹងរ៉ឹងជាង PEFC ។
សព្វថ្ងៃនេះ ប្រទេសវៀតណាមបានបង្កើតប្រព័ន្ធបញ្ជាក់វិញ្ញាបនបត្រព្រៃឈើជាតិ (VFCS) ដែលថ្មីៗនេះទទួលស្គាល់ដោយអង្គការ PEFC ។ មកដល់ពេលនេះប្រទេសវៀតណាមមានផ្ទៃដីចម្ការកៅស៊ូប្រហែល៩៧ ៣០០ហិកតា ដែលទទួលបានវិញ្ញាបនបត្រ VFCS ដែលផ្ទៃដីចម្ការកៅស៊ូទាំងអស់នោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរដ្ឋ។
សិក្ខាសាលាបានលើកឡើងថាទោះបីមានការពង្រីកយ៉ាងឆាប់រហ័សនៃផ្ទៃដីដែលបានបញ្ជាក់វិញ្ញាបនបត្រក៏ដោយ ក៏វានៅតែមិនសមស្របនឹងសក្ដានុពលសម្រាប់ឧស្សាហកម្មនេះដែរ ព្រោះផ្ទៃដីចម្ការកសិករកៅស៊ូទាំងអស់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ កត្តានេះក៏បង្ហាញឱ្យឃើញពីដែនកំណត់មួយចំនួននៃឧស្សាហកម្មនាពេលបច្ចុប្បន្ន មូលហេតុមកពីកសិករជាច្រើនមិនបានចាប់អារម្មណ៍នឹងការផលិតកៅស៊ូដែលមានការបញ្ជាក់វិញ្ញាបនបត្រទេ។ ម្យ៉ាងទៀតដោយសារកង្វះព័ត៌មាន ហើយការធ្វើធុរកិច្ចភាគច្រើនផ្តោតតែលើការនាំចេញទៅកាន់ទីផ្សារដែលមិនត្រូវការការបញ្ជាក់វិញ្ញាបនបត្រដូចប្រទេសចិនជាដើម។
លើសពីនេះខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្មនេះមានភាពស្មុគ្រស្មាញដោយការលាយបញ្ចូលគ្នានូវសមាសភាគធំនិងតូចដែលពឹងក្នុងស្រុកនិងការនាំចូល ហើយខ្សែច្រវាក់បណ្តាញផ្ទៃក្នុងលើ វិស័យនេះនៅតែធូររលុងនិងមិនមាននិរន្តរភាព។
លោក Phan Trần Hồng Vân អគ្គលេខាធិការរងនៃសមាគមកៅស៊ូវៀតណាម (VRA: Viet- Nam Rubber Association) បានឲ្យដឹងថា សម្ពាធនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពបានជំរុញវិស័យនេះឱ្យបន្តពង្រឹងតួនាទីរបស់ខ្លួនក្នុងការកែលម្អបរិស្ថាននិងស្ថានភាពសង្គមនៅក្នុងតំបន់ដាំកៅស៊ូ។ ដើម្បីដោះស្រាយបញ្ហានេះ បច្ចុប្បន្នសមាគមកៅស៊ូវៀតណាមបានលើកសំណើរផែនការសកម្មភាពសម្រាប់ឧស្សាហ- កម្មកៅស៊ូដើម្បីអភិវឌ្ប្រកបដោយនិរន្តរភាពតាមរយៈលើកទឹកចិត្តសមាជិកឱ្យបង្កើតកម្មវិធីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងពេលឆាប់ៗនេះ តាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ពួកគេ។ ទន្ទឹមនឹងនោះ សមាគមកៅស៊ូវៀតណាមក៏បានរៀបចំនិងបង្កើតស្លាកវិញ្ញាបនបត្រដែលហៅថា “កៅស៊ូវៀតណាម (Cao Su Việt Nam/Viet Nam Rubber)“ សម្រាប់គុណភាពនិងកិត្យានុភាពផលិតផលផងដែរ រហូតមកដល់ពេលនេះស្លាកសញ្ញានេះត្រូវបានផ្តល់លើផលិតផលចំនួន៨២មុខសម្រាប់រោងចក្រចំនួន២៩កន្លែង ដែលជាកម្មសិទ្ធិរបស់១៧ក្រុមហ៊ុន។
ក្រុមហ៊ុន Yulex LLC ជាក្រុមហ៊ុនកម្រិតពិភពលោកមួយដែលប្រើប្រាស់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពដោយមានវិញ្ញាបនបត្រ FSC បានធ្វើការស្ទង់មតិលើក្រុមហ៊ុនកៅស៊ូនិងកសិករកៅស៊ូគ្រួសារជាច្រើន ដើម្បីបង្កើតទំនាក់ទំនងនិងជម្រុញផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាពនៅប្រទេសវៀតណាម។ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទិញផលិតផលកៅស៊ូវៀតណាមក្នុងតម្លៃខ្ពស់ ជាងតម្លៃទីផ្សារកៅស៊ូធម្មតា ប្រសិនបើអ្នកផលិតអាចផ្គត់ផ្គង់ប្រភពកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព ជាពិសេសអ្នកផលិតដែលមានវិញ្ញាបនបត្រ FSC ។
លោកបណ្ឌិត Elizabeth Bui មកពីក្រុមហ៊ុន Yulex LLC បាននិយាយថាកសិករកៅស៊ូគ្រួសារនៅវៀតណាមជាឆ្អឹងខ្នងនៃផលិតកម្មកៅស៊ូរបស់ប្រទេស ហើយក្រុមហ៊ុនប្តេជ្ញាធានាថាកសិករទាំងនោះនឹងជួយឲ្យសេដ្ឋកិច្ចកើនឡើង ដោយការចូលរួមរបស់ពួកគេក្នុងការផលិតកៅស៊ូប្រកបដោយនិរន្តរភាព។
ដូច្នេះដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មកៅស៊ូនិងធ្វើឱ្យវាបន្តរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចចាំបាច់ត្រូវមានគោលនយោបាយគាំទ្រពីរដ្ឋាភិបាល ទន្ទឹមនឹងនោះការកំណត់លើការធ្វើធុរៈកិច្ច អង្គការនានា និងបុគ្គលដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាមួយគ្នានេះដែរ រដ្ឋត្រូវបង្កើតក្របខណ្ឌច្បាប់សម្រាប់ការពង្រឹងនិងលើកទឹកចិត្តដល់គំរូនៃការគ្រប់គ្រងព្រៃកៅស៊ូប្រកបដោយនិរន្តរភាពដោយ មានកសិរុក្ខាសាស្ត្រដែលភ្ជាប់ជាមួយនឹងការការពារបរិស្ថានក្នុងទិសដៅ នៃការបញ្ជាក់គុណភាពជាតិឬអន្តរជាតិ។
តំណាងក្រុមហ៊ុន Liên Anh Rubber Production Co., Ltd បានលើកឡើងពីការលំបាកក្នុងទំនាក់ទំនងរវាងការធ្វើធុរៈកិច្ចនិងកសិករកៅស៊ូគ្រួសារថាផ្ទៃដីកៅស៊ូរបស់កសិករកៅស៊ូគ្រួសារដែលមានតិចជាង៣ហិកតា ស្មើនឹង៨៧% រីឯផ្ទៃដីលើសពី១០ហិកតាមានត្រឹមតែ ១,៥%ប៉ុណ្ណោះ។ ការធ្វើអាជីវកម្មទិញ-លក់ទឹកជ័រតាមរយៈឈ្នួញកណ្តាលនៅតែកើតមានឡើងភាគច្រើន ដូច្នេះកសិករកៅស៊ូគ្រួសារងាយស្រួលនឹងបញ្ឈប់ផ្តាច់ការប្តេជ្ញាចិត្តលក់ឲ្យក្រុមពីហ៊ុនទិញទាំងនោះ ដោយលក់ទឹកជ័រទៅឲ្យអាជីវករផ្សេងទៀត។ ដូច្នេះហើយ ចាំបាច់ត្រូវមានយន្តការគាំទ្របណ្តាញរវាងកសិករកៅស៊ូគ្រួសារនិងដៃគូធុរៈកិច្ចរបស់ពួកគេឲ្យមានតម្លាភាព ដោយកំណត់ឈ្នួញកណ្តាលមានចំនួនតិចដើម្បីធានាបាននូវភាពយុត្តិធម៌ ភាពស្របច្បាប់ និងប្រភពដើមច្បាស់លាស់។
លោកបណ្ឌិត Phúc បន្ថែមថាសម្រាប់ជម្រុញកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសវៀតណាមក្រៅពីការដោះស្រាយបញ្ហាដែលបានលើកឡើងនោះចាំបាច់ យើងត្រូវអនុវត្តកម្មវិធីគាំទ្រសម្រាប់ការតភ្ជាប់រវាងដៃគូធុរៈកិច្ចដែលមានសក្តានុពលដូចជាក្រុមហ៊ុន Yulex, Weber & Schaer ព្រមទាំងក្រុមហ៊ុនវៀតណាមដែលមានគ្រួសារកសិករកៅស៊ូ។
បន្ថែមពីនោះ លោកបានផ្តល់ឧទាហរណ៍នៃភាពជោគជ័យនៅក្នុងឧស្សាហកម្មឈើដែលបានអនុវត្តគំរូម៉ូឌែលតំណភ្ជាប់ដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រភពឈើដែលមានការបញ្ជាក់វិញ្ញាបនបត្រ FSC។ តាមរយៈនោះឧស្សាហកម្មកៅស៊ូក៏អាចរៀនពីម៉ូឌែលនៃឧស្សាហកម្មឈើបានផងដែរ។
សក្តានុពលនាំចេញ
ដូចគ្នានឹងកសិរុក្ខកម្មមួយចំនួនទៀតគន្លឹះនៃការអភិវឌ្ឍឧស្សាហកម្មកៅស៊ូរបស់វៀតណាមគឺផ្អែកលើការនាំចេញកៅស៊ូរួមមានមុខទំនិញសំខាន់ ពីរគឺកៅស៊ូធម្មជាតិនិងផលិតផលដែលផលិតពីកៅស៊ូ នាពេលបច្ចុប្បន្ន។
ក្នុងឆ្នាំ២០២១ ការនាំចេញរបស់ប្រទេសរៀតណាមបានកើនឡើង ១៧,៤% នៃពាណិជ្ជកម្មកៅស៊ូសរុបទូទាំងពិភពលោក ហើយចំណូលនៃឧស្សាហកម្មកៅស៊ូ (បានពីកៅស៊ូធម្មជាតិផលិតផលផលិតពីកៅស៊ូនិងឈើកៅស៊ូ) បានកើនឡើង២០,៨% ដែលគិតជាទឹកប្រាក់មានចំនួន ៩,៥ពាន់លានដុល្លារអាម៉េរិក បើធៀបនឹងឆ្នាំ២០២០។
ក្នុងឆ្នាំ២០២១ ការនាំបចេញកៅស៊ូធម្មជាតិឈានដល់១,៩លានតោន បានកើនឡើង១១,៧% ធៀបនឹងឆ្នាំមុន។ ប្រាក់ចំណូលពីការនាំចេញកៅស៊ូទទួលបានជិត ៣,៣ពាន់លានដុល្លារអាម៉េរិក បានកើនឡើង៣៧,៥% បើធៀបនឹងឆ្នាំមុនដោយសារថ្លៃកៅស៊ូកើនឡើងគិតជាមធ្យម ២៣%។ ចំណែកការនាំចេញផលិតផលដែលផលិតពីកៅស៊ូសម្រេចបាន៣,៧ពាន់លានដុល្លារអាម៉េរិក បានកើនឡើង១៨,៥% បើធៀបនឹង ឆ្នាំ២០២០។ ការនាំចេញឈើកៅស៊ូក៏សម្រេចបានជាង២,៥ពាន់លានដុល្លារអាម៉េរិក ស្មើនឹង១៧,១% នៃចំណូលនាំចេញឈើសរុបនិងផលិតផលពីឈើបានកើនឡើង៦,៩% បើធៀបនឹងឆ្នាំ២០២០។
កាលពីឆ្នាំមុនផ្ទៃដីកៅស៊ូរបស់វៀតណាមមានប្រហែល៩៣៩ ០០០ហិកតា ស្មើនឹង៧,២% នៃផ្ទៃដីកៅស៊ូពិភពលោក។ ការប្រមូលផលជ័រកៅស៊ូបានឈានដល់១,២៦លានតោន ក្នុងឆ្នាំ២០២១ ស្មើនឹង៨,៧% នៃផលិតកម្មកៅស៊ូពិភពលោកជាមួយនឹងទិន្នផលជាមធ្យម១ ៦៨២ គ.ក្រ/ហ.ត ដែលជាប់ចំណាត់ថ្នាក់លេខមួយនៅអាស៊ី។
លោក Phuc បានបន្ថែមថាក្នុងចំណោមតួលេខទាំងនោះ ផ្ទៃដីកៅស៊ូដែលបានកាន់កាប់ដោយម្ចាស់ធំៗ(ក្រុមហ៊ុនរដ្ឋ) មានចំនួន៤៥៥ ០០០ ហិកតា ស្មើនឹងជិត៤៨% នៃផ្ទៃដីកៅស៊ូសរុបក្នុងប្រទេស។ ផ្ទៃដីដែលនៅសល់ចំនួន៤៧៧ ០០០ ហិកតា ឬ ៥២%ទៀត ជាកម្មសិទ្ធិរបស់កសិករកៅស៊ូគ្រួសារ ឬក្រុមហ៊ុនខ្នាតតូចដែលគេស្គាល់ថាជាកសិករកៅស៊ូគ្រួសារ។ផ្ទៃដីកសិករកៅស៊ូគ្រួសារបានកាន់កាប់មានប្រហែលពាក់កណ្តាលនៃចំនួនសរុប ហើយផ្ទៃដីនៅសល់ពីនោះជិត ៤០% ជាកម្មសិទ្ធិរបស់រដ្ឋ និង ១០% ជាក្រុមហ៊ុនឯកជន៕