×
ការកើនឡើងនៃផលិតផលកៅស៊ូសំយោគជួយទប់ផលប៉ះពាល់ថ្លៃដើមនាំចូលខ្ពស់សម្រាប់អ្នកផលិតសំបកកង់

ផលិតកៅស៊ូសំយោគ​ក្នុង​ស្រុក​កើនឡើង​បានជួយទប់ផលប៉ះពាល់​លើថ្លៃដើម​ផលិតផល​នាំ​ចូលខ្ពស់ ដែលប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ឧស្សាហកម្មសំបកកង់យានយន្តនៅក្នុងប្រទេសឥណ្ឌាដែលជួយឲ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអ្នកផលិតកំពូលទាំង​១០នៅលើពិភពលោក។

ទោះជាយ៉ាងណា អ្នកប្រើប្រាស់ដែលមិនប្រើសំបកកង់ប្រភេទកៅស៊ូសំយោគមួយចំនួនដែលបន្តនាំចូលកំពុងប្រឈមនឹងការឡើងថ្លៃដែលនេះ​ ជា​ការ​បន្ថែមលើថ្លៃដើមកៅស៊ូធម្មជាតិនិងធាតុចូលផ្សេងទៀតកាន់តែខ្ពស់។

យោងតាមការស្ទង់មតិនៅក្នុងឆ្នាំ២០២១ ប្រទេសឥណ្ឌាជាប្រទេសផលិតកៅស៊ូសំយោគធំ​ជាង​គេទី៨ ដោយបានឡើងពីចំណាត់ថ្នាក់ទី១១ នៅឆ្នាំ២០១៧ ហើយបច្ចុបន្ននេះជាអ្នកប្រើប្រាស់​កៅស៊ូ​សំយោគធំជាងគេទី៤ បន្ទាប់ពីប្រទេសចិន​ សហរដ្ឋអាម៉េរិក និងប្រទេសជប៉ុន។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ប្រើប្រាស់កៅស៊ូសំយោគដ៏ធំបំផុត​នឹងដោយការការលក់យាន​យន្ត និងសកម្មភាពសាងសង់ដែលកំពុងកើន ឡើងនៅប្រទេសចិននិងឥណ្ឌា។ ក្រៅពីការរំខានដែលបណ្តាលមកពីជំងឺកូវីដ១៩ ថ្លៃកៅស៊ូសំយោគដែលបានពីប្រេងឆៅត្រូវបានរងឥទ្ធិពល ដោយសារ​​ថ្លៃប្រេងកើនឡើង  ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ការ​កើនឡើងថ្លៃដឹកទំនិញ និងការធ្លាក់ចុះនៃប្រាក់រូពី។

យោងតាមការសិក្សាស្រាវជ្រាវរបស់សមាគមក្រុមហ៊ុនផលិតសំបកកង់រថយន្ត (Automotive Tyre Manufacturers’ Association : ATMA) បាន​ឲ្យ​ដឹងថា ក្នុងឆ្នាំ២០២១​ ផលិតកម្មកៅស៊ូ​សំយោគ​ក្នុងស្រុកបានកើនឡើងលើសទ្វេដងដែលមានចំនួន​៤៧៩ ០០០​តោន ដែលការប្រើប្រាស់ស្មើនឹង៦៤% បើធៀបទៅ​នឹង​ឆ្នាំ​២០១៦ ដែលមានចំនួនត្រឹមតែ ២១៦ ០០០​​តោន ដែលប្រើប្រាស់ស្មើនឹង ៣៥% ប៉ុណ្ណោះ។ ​ផ្អែកលើតួលេខកៅស៊ូសំយោគដែលបាន​​នាំចូលគឺបានធ្លាក់ចុះពី ៦៥% មកនៅត្រឹម ៣៥% ក្នុងរយៈពេលដូចគ្នានេះ។

ប្រភេទដែលបាននាំចូល

លោក Rajiv Budhraja អគ្គនាយក ATMA បាននិយាយថា ជារួមសមត្ថភាពផលិតកម្មកៅស៊ូ​សំយោគសរុបបានធ្វើឲ្យល្អប្រសើរ។ ទោះជា​យ៉ាងនេះក្តី វានៅតែមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹង​ការប្រើប្រាស់ដែលកើនឡើង។ ប្រភេទមួយចំនួន​ដែលមិនបានផលិតនៅក្នុងប្រទេសឥណ្ឌាត្រូវបាននាំចូលទាំងស្រុង។

ផ្ទុយទៅវិញក្នុងរយៈពេល៥ឆ្នាំ ការផលិតកៅស៊ូធម្មជាតិបានកើនឡើង ២០% ពី ៦២៤ ០០០តោនមក ដល់ទៅ ៧៥១ ០០០តោន។ រីឯការប្រើប្រាស់វិញកៅស៊ូបានកើនឡើងលឿនជាង ២២% មានចំនួន១,២៦លានតោនក្នុងរយៈពេលនេះ។ ជាលទ្ធផលបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបាននាំចូលកៅស៊ូធម្មជាតិច្រើនជាងកៅស៊ូសំយោគ។

ការផលិតកៅស៊ូសំយោគរបស់ឥណ្ឌាមានបីប្រភេទគឺ styrene butadiene (SBR), poly butadiene (PBR) និង butyl rubber។ ការ​នាំ​ចូលប្រភេទ​ទាំង​បី​នេះមាន​ការ​ថយ​ចុះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ដោយ​សារការ​កើន​ឡើង​​ទិន្នផល​ក្នុង​ស្រុក។ ប្រភេទផ្សេងទៀតៗដូចជាកៅស៊ូ nitrile (NBR), ethylene propylene (EPDM) និង ethylene vinyl acetate (EVA) ត្រូវបាននាំចូលស្ទើតែទាំងស្រុង។

សព្វថ្ងៃកៅស៊ូសំយោគមានប្រហែល ៧០% បានប្រើសម្រាប់ផលិតសំបកកង់និងគ្រឿងបន្លាស់ផ្សេងៗទៀត។ ហើយសំបកកង់យានយន្តដឹក​អ្នក​ដំណើរ​​បានប្រើកៅស៊ូ​សំយោគពី ៧៥% - ៨០%។ ដោយឡែកចំពោះសំបកកង់​រថយន្តដឹកទំនិញ ឡាន ​និងរថយន្តក្រុង​ដែលត្រូវការសមត្ថភាពផ្ទុកទម្ងង់​ធ្ងន់គឺប្រើសមាមាត្រកៅស៊ូធម្មជាតិខ្ពស់ជាង។

បន្ទាប់ពីជំងឺរាតត្បាតបានធូរស្រាលកាលពីឆ្នាំមុន តម្រូវការកៅស៊ូសំយោគបានកើនឡើងវិញដោយសារការបើកចំហរសេដ្ឋកិច្ច ហើយការផ្គត់ផ្គង់ក៏​កំពុងព្យាយាមរក្សាសន្ទុះតាមតម្រូវការផងដែរ។

លោក Vishal Jhunjhunwala នាយកក្រុមហ៊ុន Bombay Chemical and Rubber Products បាននិយាយថា បច្ចុប្បន្នការផ្គត់ផ្គង់កំពុងមានភាពតានតឹង ហើយថ្លៃដើមបានធ្លាក់ចុះដោយសារតែប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់។ ប៉ុន្តែក្រោយ​​ពីសង្គ្រាម​បាន​ចាប់​ផ្តើម ការផ្គត់ ផ្គង់​ពី​ប្រទេសនេះត្រូវបានបញ្ឍប់ដែល​​ធ្វើឲ្យមានកង្វះកៅស៊ូសំយោគ​ប្រភេទ PBR នៅ​ក្នុងប្រទេសឥណ្ឌា។

យោងតាមការស្រាវជ្រាវអំពីតម្លាភាព​ទីផ្សារកៅស៊ូធម្មជាតិមានថ្លៃដើមខ្ពស់ ​ដោយសារ​ការ​ថយ​ចុះផ្ទៃដីចម្ការកៅស៊ូនៅទូទាំងពិភពលោកដែលជា​កត្តាមួយទៀតជំរុញឲ្យមានកំណើនទីផ្សារកៅស៊ូ​សំយោគពិភពលោក។ ម៉្យាងទៀត កៅស៊ូសំយោគ​ដែល​មានតម្លៃថោកជាង​​ជាជម្រើសមួយដែល​អាច​ទទួល​យកបានដើម្បី​ឆ្លើយតបទៅនឹងងតម្រូវការកើន​ឡើងរបស់វិស័យយានយន្តនិងសំណង់។

សំណង់និងហេដ្ឋារចនាសម្ព័ន្ធ

ចំណែកដ៏សំខាន់នៃតម្រូវការកៅស៊ូសំយោគសរុបបានកើនឡើង ដោយការប្រើប្រាស់សម្រាប់ផលិតសម្ភារៈសំណង់​ដែលមានតម្លៃថោក​ដែលជាកម្លាំងរុញច្រានដ៏ធំមួយទៀត បានមកពីប្រទេស​ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដែលមានកា​រ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធបានរីកចម្រើនក្នុងប៉ុន្មាន​​ឆ្នាំថ្មីៗនេះ។ រីឯឧស្សាហកម្មសំបកកង់​មានក្រុម​ហ៊ុនធំៗជាច្រើននិងអាចស្រូបយកការនាំចូលកៅស៊ូសំយោគដែលមានតម្លៃខ្ពស់។ ចំពោះផ្នែកមិនមែនសំបកកង់ដែល​ភាគច្រើជាក្រុមហ៊ុនខ្នាតតូច ​និងមធ្យមកំពុង​តស៊ូដើម្បីរស់ដោយសារជាបន្ទុកបន្ថែមលើការកើនឡើងថ្លៃកៅស៊ូធម្មជាតិនិងចំណាយផ្សេងៗទៀត។ ហើយផ្នែកឧស្សាហកម្មមិនមែនជាសំបកកង់បានបម្រើដល់ការផលិតទុយោ ខ្សែពាន បំពង់ផ្សេងៗ ទ្រនាប់ជើង ត្រា និងបង់ស្អិត។

លោក Sawar Dhanania ប្រធានសមាគមឧស្សាហកម្មកៅស៊ូឥណ្ឌាបាននិយាយថា វិស័យមិនមែនសំបកកង់កំពុងតែពិបាកក្នុងការស្រូបយកឲ្យតម្លៃកើនឡើង ដោយសារការកើនឡើងថ្លៃនិងការ​ធ្លាក់ថ្លៃនៃប្រាក់រូពី ជាមួយគ្នានោះយើងក៏កំពុងពិភាក្សាជាមួយ​រដ្ឋាភិបាលអំពីលទ្ធភាព​នៃការចាប់​ផ្តើមផលិតប្រភេទ​កៅស៊ូសំយោគទាំងនោះ​ ដែល​ត្រូវនាំចូលជា​ចម្បង។

បន្ទាប់ពីការរាតត្បាតនៃជំងឺរាតត្បាតនេះ ប្រទេសនានាកំពុងតែបង្កើនសមត្ថភាពផលិតកៅស៊ូសំយោគ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេស ផ្សេងទៀតសម្រាប់វត្ថុធាតុដើម។

ពន្ធស្បែកជើង

ឧស្សាហកម្មស្បែកជើងបានរងផលប៉ះពាល់ដោយសារការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនពន្ធលើមុខទំនិញនិងសេវាកម្ម (Goods services tax :GST) ពី៥% ទៅ ១២% សម្រាប់​ផលិតផលដែលមានតម្លៃក្រោម១២,៥០ដុល្លារអាម៉េរិកក្នុងឆ្នាំនេះដែលវាជាចំនួនកំណត់នៃការលក់ដ៏ធំ។ ការ​ប្រើ​ប្រាស់កៅស៊ូសំយោគក្នុងការផលិតស្បែកជើងបា​ន​កើន​ឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលជាច្រើន​ឆ្នាំមក​​នេះ ដែលការប្រើប្រាស់មានប្រហែល ៨០% នៅ​ក្នុង​ឧស្សាហកម្មនេះនាពេលបច្ចុប្បន្ន។

លោក V Noushad ប្រធានគ្រប់​គ្រងក្រុមហ៊ុន Walkaroo International បាននិយាយថា ថ្លៃកៅស៊ូសំយោគប្រភេទ​ polyurethane និង EVA បានកើនឡើងពី ៦០% ទៅ ១០០%។ ថ្លៃប្រភេទកៅស៊ូសំយោគ polyvinyl chloride (PVC) បា​ន​ធ្លាក់ចុះបន្តិច ប៉ុន្តែនៅតែមានតម្លៃខ្ពស់។ ប្រទេស​រុស្ស៊ី​គឺជា​អ្នកផ្គត់ផ្គង់ដ៏ធំ ប៉ុន្តែការនាំចូលក៏ត្រូវបា​ន​​រំខាន​បន្ទាប់ពីសង្គ្រាមបានចាប់ផ្តើម។

លោកបន្តថា ផលិតករជាច្រើនមានការស្ទាក់ស្ទើរក្នុងការដំឡើងថ្លៃផលិតផល ព្រោះខ្លាចបាត់បង់ការលក់ដែលមានតិចទៅហើយនោះ ដែលឥឡូវនេះមានអតិថិជនជាច្រើនកំពុងផ្លាស់ប្តូរទៅរកផលិតផល​ដែលមានគុណភាពទាប។

លោក PS Kannan ប្រធានទីផ្សារក្រុមហ៊ុនបានលើកឡើងថា​ ​លទ្ធភាព​រក​បាននូវ​វត្ថុធាតុ​ដើម​កៅស៊ូ​សំយោគ​មិន​មែន​ជា​បញ្ហា​នោះ​ទេ បើ​ទោះ​បីក្រុមហ៊ុន​ជា​ច្រើន​បាន​បិទ​ក៏​ដោយ។ យើងក៏អាចនាំចូលពីប្រទេសកូរ៉េ ជប៉ុន និងអាម៉េរិក។ ប៉ុន្តែ​អត្រាថ្លៃ​នៃការ​ដឹក​ជញ្ជូន​បាន​កើន​ឡើង​បួន​ដង ហើយ ប្រភេទកៅស៊ូ​សំយោគ​បាន​ក្លាយជាវត្ថុធាតុដើមមានតម្លៃដោយបានកើន​ ​ឡើងពី ៤០% ទៅ ៦០% ៕

ព័ត៌មានចុងក្រោយ