យោងតាមអ្នកវិភាគក្នុងវិស័យកៅស៊ូបានឱ្យដឹងថា កត្តាមូលដ្ឋាននៃការផ្គត់ផ្គង់-តម្រូវការនិងកត្តាមិនមែនមូលដ្ឋាននឹងនៅតែមិនអំណោយផលដល់ទីផ្សារកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លីនេះ។
លោក Jom Jacob អ្នកវិភាគឯករាជ្យក្នុងឧស្សាហកម្មកៅស៊ូធម្មជាតិពិភពលោកបានលើកឡើង ថាការបន្តសង្រ្គាមនិងការដាក់ទណ្ឌកម្មសេដ្ឋ- កិច្ចដ៏ធំបណ្តាលឱ្យមានភាពវឹកវរក្នុងឧស្សាហកម្ម ផលិតបន្ទះឈីប និងធ្វើឲ្យជាប់គាំងដល់បដិវត្តន៍យានយន្តអគ្គីសនីពិភពលោក។
ការវិវឌ្ឍន៍ទាំងអស់នេះ មានឥទ្ធិពលផ្ទាល់ ដល់តម្រូវការកៅស៊ូធម្មជាតិពិភពលោក ដោយសារតែកៅស៊ូធម្មជាតិពឹងផ្អែកលើវិស័យយានយន្ត។ ដូចគ្នានេះដែរ ការបិទខ្ទប់ដ៏តឹងរ៉ឹងនៅក្នុងទីក្រុងសៀងហៃកំពុងធ្វើឱ្យប៉ះពាល់ដល់សកម្មភាពផលិតកម្មនិងធុរៈកិច្ចនៅក្នុងប្រទេសចិនផងដែរ។ ការអភិវឌ្ឍននេះមានសារៈសំខាន់ណាស់សម្រាប់តម្រូវការកៅស៊ូធម្មជាតិពិភពលោក ដោយសារតែប្រទេសចិនតំណាងឱ្យតម្រូវការកៅស៊ូធម្មជាតិពិភពលោកប្រហែលជា ៤៣%។
ទស្សនវិស័យនៃការផ្គត់ផ្គង់
ក្រៅពីនោះ សកម្មភាពផលិតកម្មនៅទូទាំងពិភពលោកត្រូវបានរងផលប៉ះពាល់ ដោយសារតែអតិផរណាកើនឡើងថ្លៃវត្ថុធាតុដើមកើនឡើង ថ្លៃដឹកជញ្ជូនកើនឡើង និងភាពប្រែប្រួលកើនឡើង និងភាពមិនច្បាស់លាស់ផ្សេងៗទៀត។
ទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់កៅស៊ូធម្មជាតិនៅទូទាំងពិភពលោកត្រូវបានកំណត់ថានឹងកើនឡើងក្នុងរយៈពេលខ្លី ដោយសារកសិករកៅស៊ូគ្រួសារនៅក្នុងប្រទេសផលិតកៅស៊ូធំៗនឹងបន្តការចៀរកៅស៊ូឡើងវិញ បន្ទាប់ពីរដូវរងាបានបញ្ចប់។
ជាក់ស្តែងកសិករមួយភាគធំបានបើកការចៀរកៅស៊ូរបស់ពួកគេឡើងវិញ ហើយទីផ្សារក៏បានចាប់ផ្តើមមានភាពប្រសើរឡើងវិញនៅក្នុងប្រទេសមួយចំនួន។ ជាមួយគ្នានោះ កសិករនៅភាគខាងត្បូងប្រទេសថៃ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ីរំពឹងថានឹងចាប់ផ្តើមចៀរជ័រឡើងវិញ បន្ទាប់ពីពិធីបុណ្យតមអាហារមូស្លីមត្រូវបានបញ្ចប់នៅចុងខែនេះ។
លោក KN Raghavan នាយកប្រតិបត្តិក្រុមប្រឹក្សាកៅស៊ូបាននិយាយថា នៅឆ្នាំនេះផលិតកម្មក៏ល្អផងដែរ។ តម្រូវការក៏ខ្ពស់ ថ្លៃក៏បានល្អពោលគឺវិស័យនេះមានការកើនឡើង រីឯការបាញ់ថ្នាំការពារជំងឺក៏ត្រូវបានបញ្ចប់ផងដែរ៕