ទស្សនៈទានទីផ្សារកៅស៊ូរយៈពេលខ្លីក្នុងខែមេសា ឆ្នាំ២០២២
តើថ្លៃកៅស៊ូធម្មជាតិឈានដល់កម្រិតណាក្នុងរយៈពេលខ្លីនេះ?
១- ការផ្គត់ផ្គង់កៅស៊ូធម្មជាតិសកលលោកត្រូវបានកំណត់ថានឹងកើនឡើងនៅក្នុងរយៈពេលខ្លីនេះ ដោយសារមានក្តីរំពឹងថាកសិករកៅស៊ូនៅក្នុងប្រទេសផលិតកៅស៊ូធំៗនឹងត្រឡប់មកធ្វើការចៀរជ័រកៅស៊ូឡើងវិញ បន្ទាប់ពីបញ្ចប់រដូវត្រជាក់ដែលជារដូវសម្រាកចៀរ។ ផ្នែកមួយនៃកសិករបានបើកដំណើរការចៀរជ័ររបស់ពួកគេឡើងវិញសម្រាប់ការប្រមូលផលជ័រកៅស៊ូ ហើយការចូលមកដល់ទីផ្សារបានចាប់ផ្តើមប្រសើរឡើងវិញរួចហើយនៅក្នុងប្រទេសមួយចំនួន។ ក្នុងតំបន់ដែលមានប្រជាជនកាន់សាសនាឥស្លាមដូចជា នៅភាគខាងត្បូងប្រទេសថៃ ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីរំពឹងថា កសិករនឹងបើកដំណើរការចៀរជ័រឡើងវិញនៅសប្តាហ៍ដំបូងនៃខែឧសភានេះ បន្ទាប់ពីបញ្ចប់រដូវតមអាហាររបស់ពួកគេ (Eid ul fitr)។
២-ទស្សនវិស័យលើតម្រូវការប្រើប្រាស់កៅស៊ូសកលលោកត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែកត្តាមួយចំនួនដូចខាងក្រោម៖
- ជម្លោះរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែននិងទណ្ឌកម្មដ៏ធំសម្បើមដែលបានប្រកាសដាក់ទៅលើប្រទេសរុស្ស៊ីបានធ្វើឱ្យមានភាពច្របូកច្របល់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលលោក ការពន្យារពេលដឹកជញ្ជូន និងពាណិជ្ជកម្មពិភពលោកកាន់តែអាក្រក់ទៅៗ។
- ប្រទេសរុស្ស៊ីនិងអ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់លោហៈសំខាន់ៗ ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការផលិតបន្ទះឈីបនិងផលិតអាគុយរថយន្តអគ្គិសនី (electric vehicle- EV)។ សង្រ្គាមនៅតែបន្តនិងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំសម្បើម ដែលបានធ្វើឱ្យមានភាពវឹកវរក្នុងឧស្សាហកម្មផលិតឧបករណ៍បន្ទះឈីបអេឡិចត្រូនិកកាន់តែធ្ងន់ធ្ងរថែមទៀត។ សង្រ្គាមនេះត្រូវបានគេរាយការណ៍ថាបានបង្អាក់ទៅ ដល់បដិវត្តន៍ EV ជាសកលលោក។ សកម្មភាពទាំងនេះ មានផលប៉ះពាល់ដោយផ្ទាល់លើតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិជាសកលលោកដោយសារតែកៅស៊ូធម្មជាតិមានការពឹងផ្អែកខ្លាំងទៅលើវិស័យយានយន្ត។
- ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានធ្វើការកាត់បន្ថយទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣។ IMF បានទម្លាក់ទស្សនវិស័យសម្រាប់ឆ្នាំ២០២២ មកនៅត្រឹម ៣,៦% ពីកំណើន ៤,៤% ដែលខ្លួនបានរំពឹងទុកកាលពីបីខែមុនគឺក្នុងខែមករា ឆ្នាំ២០២២។ ចំណែកទស្សនវិស័យសម្រាប់ឆ្នាំ២០២៣ ក៏ត្រូវបានកែ សម្រួលចុះមកនៅត្រឹម ៣,៦% ពីកំណើន ៣,៨% ដែលគេបានព្យាករណ៍កាលក្នុងខែមករា ឆ្នាំ២០២២។ ការកែប្រែទាំងនេះបង្ហាញថា សេដ្ឋកិច្ចពិភពលោករំពឹងថានឹងកើនឡើងគួរឱ្យកត់សម្គាល់ក្នុងកំឡុងឆ្នាំ២០២២ បែជាត្រូវថយចុះជាងការរំពឹងទុកកាលពី៣ខែមុនទៅ វិញ។
- ទីក្រុងសៀងហៃ និងផ្នែកមួយចំនួនទៀតនៃប្រទេសចិនត្រូវបានដាក់ឱ្យស្ថិតក្រោមការបិទខ្ទប់ពីរជាន់ (two-tier lock down) បន្ទាប់ពីមានការផ្ទុះឡើងថ្មីនៃជំងឺកូវីដ១៩ ដែលចាប់ផ្តើមពីចុងខែមីនាមកនេះ។ គោលនយោបាយ «កូវីដ-សូន្យ» "Zero-Covid" ដែលកំពុងត្រូវបានអនុវត្តក្នុងប្រទេសចិននិងការបិទខ្ទប់ដ៏តឹងរ៉ឹងដែលបានដាក់នៅក្នុងទីក្រុងពាណិជ្ជកម្មសៀងហៃកំពុងធ្វើឱ្យខូចដល់ផលិតកម្ម និងសកម្មភាពអាជីវកម្មនៅក្នុងប្រទេសចិន។ ការវិវឌ្ឍន៍ទាំងនេះនៅក្នុងប្រទេសចិនមានផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់តម្រូវការកៅស៊ូធម្មជាតិសកលលោក ពីព្រោះប្រទេសនេះតំណាងឱ្យប្រមាណ ៤៣% នៃតម្រូវការកៅស៊ូ ធម្មជាតិសកលលោក។
- ការធ្លាក់ចុះនៃផលិតកម្មនៅក្នុងប្រទេសចិនមានឥទ្ធិពលដល់សកម្មភាពផលិតកម្មក្នុងប្រទេសអាស៊ីផ្សេងទៀតផងដែរ។ ប្រការនេះក៏ព្រោះ តែឧស្សាហកម្មផលិតដែលពាក់ព័ន្ធនឹងគ្រឿងបង្គំនិងគ្រឿងបន្លាស់នៅក្នុងប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម និងកោះតៃវ៉ាន់ត្រូវពឹងផ្អែកយ៉ាងខ្លាំងលើឧស្សាហកម្មផលិតរបស់ប្រទេសចិន។
- សកម្មភាពផលិតកម្មទូទាំងពិភពលោកត្រូវបានរងផលប៉ះពាល់ដោយកំដៅអតិផរណា ការកើនឡើងតម្លៃវត្ថុធាតុដើម ការកើនឡើងថ្លៃដឹកជញ្ជូន និងដោយការកើនឡើងនៃការប្រែប្រួលនិងភាពមិន ច្បាស់លាស់ជាច្រើន។
៣- ពួកអ្នកប្រឡូកក្នុងទីផ្សាររំពឹងទុកដោយក្តីជឿជាក់ខ្លាំងថា ធនាគារកណ្តាលរបស់សហរដ្ឋអាម៉េរិកនឹងឈានទៅដល់ការដំឡើងអត្រាការប្រាក់យ៉ាងខ្ពស់នៅក្នុងកិច្ចប្រជុំនាពេលខាងមុខនៃ FOMC (គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ)។ ទស្សនវិស័យនៃការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លានិងជាលទ្ធផលនាំឱ្យតម្លៃប្រាក់ដុល្លាររឹងមាំកំពុងទាញពួកអ្នកវិនិយោគស្ថិតឱ្យនៅឆ្ងាយពីចំណាត់ថ្នាក់ទ្រព្យសកម្ម និងផលប័ត្រដែលមានហានិភ័យ។
៤- សរុបសេចក្តីមកទាំងកត្តាផ្គត់ផ្គង់-តម្រូវការនិងកត្តាមិនមែនជាមូលដ្ឋាននឹងនៅតែមិនអំណោយផលដល់ទីផ្សារកៅស៊ូធម្មជាតិក្នុងរយៈពេល ខ្លីនេះទេ។ ទីផ្សារទាំងមូលកំពុងរង់ចាំមើលបទឈប់បាញ់ដែលអាចកើតមានរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន រួមនិងការដកចេញនូវវិធានការបិទខ្ទប់ប្រឆាំងកូវីដ (Covid-lockdown) នៅក្នុងប្រទេសចិនផងដែរ៕