អង្គការអន្តររដ្ឋាភិបាលដ៏លេចធ្លោមួយក្នុងវិស័យដំណាំពាណិជ្ជកម្មគឺសមាគមនៃបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC-Association of Natural Rubber Producing Countries) បានគម្រប់ខួប៥០ឆ្នាំ រាប់ចាប់តាំងពីថ្ងៃបង្កើតឡើងនៅក្នុងខែតុលា ឆ្នាំ១៩៧០។ បច្ចុប្បន្នសមាគម ANRPC មានតំណាងមកពីប្រទេសផលិតកៅស៊ូធម្មជាតិចំនួន១៣ ដែលមានផលិតកម្មកៅស៊ូធម្មជាតិប្រមាណ ៩៣% នៃផលិតកម្មសកលលោក។ គោលបំណងចំបងរបស់សមាគមគឺបង្កើតប្រព័ន្ធទីផ្សារសម្របសម្រួលសម្រាប់កៅស៊ូធម្មជាតិ ដើម្បីធានាបាននូវតម្លៃប្រកបដោយសមធម៌និងទទួលបានប្រាក់ចំណូលសមរម្យសម្រាប់ផលិតផលមួយនេះ។ អត្ថបទនេះពិនិត្យយ៉ាងម៉ត់ចត់អំពីប្រវត្តិដើម ការវិវត្តន៍ និងដំណើរការរបស់សមាគម បញ្ហាប្រឈម និងគោលដៅអនាគតរបស់សមាគមផងដែរ។ ប្រព័ន្ធសម្របសម្រួល/ប្រព័ន្ធទីផ្សាររួមសម្រាប់កៅស៊ូធម្មជាតិដែលបានចែងក្នុងគោលបំណង និងផែនការនៅពេលបង្កើតសមាគមដំបូងនៅតែមិនអាចសម្រេចបានរហូតមកដល់ពេលនេះ។ ប៉ុន្តែ ទោះជាយ៉ាងណាវត្តមានរបស់សមាគមបាននិងកំពុងជះឥទ្ធិពលលើការបង្កើតយុទ្ធសាស្រ្ត និងគោលនយោបាយដែលមានផលប៉ះពាល់លើកៅស៊ូធម្មជាតិ និងវិស័យពាក់ព័ន្ធដទៃទៀតនៅកម្រិតក្នុង ស្រុកផងនិងកំរិតពហុភាគីផង។ កៅស៊ូធម្មជាតិគឺជាមុខទំនិញពាណិជ្ជកម្មដែលផ្អែកលើអង្គការអន្តររដ្ឋាភិបាលដែលតំណាងដោយសមាគម ANRPC បាននឹងកំពុងប្រឈមមុខនឹងបញ្ហានានាទាក់ទងនឹងគោលនយោបាយ ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ប្រកបដោយភាពជាក់លាក់នៃរចនាសម្ព័ន្ធនិងឧស្សាហកម្ម។ សារៈសំខាន់ជាយុទ្ធសាស្ត្រ នៃទំនិញកៅស៊ូធម្មជាតិដែលជាវត្ថុធាតុដើមឧស្សាហកម្មមួយមិនអាចខ្វះបាន និងឋានៈរបស់សមាគមដែលជាវេទិកាអន្តររដ្ឋាភិបាលតែមួយគត់របស់ផលិតករកៅស៊ូធម្មជាតិ ស្តែងឱ្យឃើញពីភាពចាំបាច់របស់សមាគមដើម្បីបន្តសកម្មភាពរបស់ខ្លួន ប៉ុន្តែត្រូវការកំណត់ឡើងវិញនូវតួនាទីនិងការផ្តល់អាទិភាពដល់មុខងាររបស់ខ្លួនក្នុងការវិវត្តន៍នៃបរិបទថ្មី។
ពាក្យគន្លឹះ៖ កៅស៊ូធម្មជាតិ, អង្គការអន្តររដ្ឋាភិបាល. តម្លៃកៅស៊ូប្រកបដោយសមធម៌និងស្ថិរភាព, កិច្ចសហប្រតិបត្តិការបច្ចេកទេស, បញ្ហាប្រឈម និងការរំពឹងទុក។
Keywords: Natural rubber, intergovernmental organization, fair and stable rubber prices, technical cooperation, challenges and prospects.
នៅពេលថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំបើកវេទិកាអន្តររដ្ឋាភិបាលឈ្មោះថា សមាគមនៃបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៧០ នៅទីក្រុងគួឡាឡាំពួរ លោក Tun Haji Abdul Razak bin Hussein នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានមានប្រសាសន៍ថាការបង្កើតសមាគមមួយនេះជានិមិត្តរូបនៃបំណងប្រាថ្នារបស់បណ្តាប្រទេសជាសមាជិកក្នុងការនាំមកនូវសកម្មភាពរួមគ្នាសម្រាប់ សម្រេចឱ្យបាននូវស្ថិរភាពតម្លៃកៅស៊ូធម្មជាតិ។ ដើមកៅស៊ូដែលបានដាំដុះជាលក្ខណៈពាណិជ្ជកម្មនិងនៅតែជារបៀបវារៈដ៏មានសំខាន់នៃការពិភាក្សានៅវេទិកា ANRPC។ ដើមកៅស៊ូដែលដាំដុះជាលក្ខណៈពាណិជ្ជកម្មនៅអាស៊ី គឺជាប្រភេទដើមកៅស៊ូ Hevea brasilensis ពួកវាបានជ្រុះស្លឹក និងបានដុះស្លឹកថ្មីឡើងវិញចំនួន៥០ដងរួចមកហើយ នៅគ្រប់រដូវត្រជាក់រាប់ចាប់តាំងពីពេលកកើតសមាគមរហូតមក ប៉ុន្តែតម្លៃកៅស៊ូធម្មជាតិនៅតែមិនទាន់មានស្ថេរភាព ហើយនៅតែជារបៀបវារៈដ៏សំខាន់នៃការពិភាក្សានៅគ្រប់វេទិការបស់ ANRPC ។
១.ការបង្កើតនិងសមាជិកភាព៖ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានផ្តួចផ្តើមគំនិតរៀបចំសន្និសិទបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិចាប់ពីថ្ងៃទី ២-៤ ខែតុលា ឆ្នាំ១៩៦៧ នៅទីក្រុងគួឡាឡាំពួរដែលមានការចូលរួមពីប្រទេសផលិតកៅស៊ូចំនួនប្រាំមួយមានដូចជា ប្រទេសស្រីលង្កា ឥណ្ឌូនេស៊ី លីបេរីយ៉ា ម៉ាឡេស៊ី ថៃ និងប្រទេសវៀតណាម។ ប្រទេសសិង្ហបុរីក៏បានចូលរួមសន្និសិទមួយនេះដែរ ដោយជាចម្បងឈរលើផលប្រយោជន៍នៃការធ្វើជំនួញកៅស៊ូរបស់ខ្លួន ព្រោះសិង្ហបុរីជាកំពង់ផែដឹកជញ្ជូនដ៏សំខាន់នាពេលនោះ សម្រាប់ការនាំចេញវត្ថុធាតុដើមទៅកាន់ទីក្រុងឡុងដ៍ និងទៅកាន់ទិសដៅផ្សេងៗទៀតចេញពីអាស៊ីអាគ្នេយ៍។ សំណើសំខាន់ៗចំនួនពីរដែលបានឯកភាពគ្នាក្នុងអង្គសន្និសិទនោះគឺ៖
សន្និសីទនេះត្រូវបានបន្តការងារដោយកិច្ចប្រជុំនៅកម្រិតមន្រ្តីផ្លូវការ និងការផ្លាស់ប្តូរនៅកម្រិតការងារទូតដែលនៅទីបញ្ចប់បាននាំដល់ការបង្កើតធម្មនុញ្ញនៃសមាគម ANRPC នៅក្នុងខែឧសភា ឆ្នាំ១៩៦៨។ ធម្មនុញ្ញនេះ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៧០ ហើយក៏ជាកាលបរិច្ឆេទដែលរដ្ឋាភិបាលនៃប្រទេសស្រីលង្កា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃបានតម្កល់ឯកសារស្តីពីការចូលជាសមាជិកផងដែរ។ ប្រទេសវៀតណាមបានចូលជាសមាជិកសមាគមនៅខែឧសភា ឆ្នាំ១៩៧០ (បានដកសមាជិកភាពរបស់ខ្លួនចេញនៅខែមករា ឆ្នាំ ១៩៨៤ ប៉ុន្តែបានចូលជាសមាជិកឡើងវិញនៅខែតុលា ឆ្នាំ១៩៩៦)។ សន្និបាតលើកដំបូងនៃសមាគមត្រូវបានប្រារព្ធឡើងនៅខែតុលា ឆ្នាំ១៩៧០ ហើយបានសម្រេចជ្រើសយកទីក្រុងគូឡាឡាំពួរជាទីតាំងនៃលេខាធិការដ្ឋានរបស់ខ្លួន។ គេក៏បានជ្រើសរើសរដ្ឋាភិបាលប្រទេស ម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សូមជម្រាបថាប្រទេសម៉ាឡេស៊ីមានភាគចំណែកប្រហែល ៤០% នៃផលិតកម្មកៅស៊ូធម្មជាតិពិភពលោកនាពេលនោះ។ រដ្ឋាភិបាលប្រទេសកម្ពុជា ឥណ្ឌា កូតឌីវ័រ លីបេរីយ៉ា និងនីហ្សេរីយ៉ាបានចូលរួមក្នុងសន្និបាតដំបូងនោះ ក្នុងនាមជាអ្នកសង្កេតការណ៍តែប៉ុណ្ណោះ។
រដ្ឋាភិបាលនៃប្រទេសសិង្ហបុរី ប្រទេសឥណ្ឌា និងប្រទេសប៉ាពួញូហ្គីណេ បានចូលជាសមាជិកនៃសមាគមនៅខែឧសភា ខែសីហា និង ខែវិច្ឆិកា ឆ្នាំ១៩៧៥ តាមលំដាប់រៀងគ្នា។ សមាជិកភាពនៃសមាគមទទួលបានការគាំទ្រយ៉ាងសម្បើមនៅពេលដែលរដ្ឋាភិបាលចិនបានចូលជាសមាជិកនៅខែមិថុនា ឆ្នាំ២០០៧ បន្ទាប់មករដ្ឋាភិបាលកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០០៩ រដ្ឋាភិបាលហ្វីលីពីនចូលនៅខែមេសា ឆ្នាំ២០១០ រដ្ឋាភិបាលបង់ក្លាដែសចូលក្នុងខែតុលា ឆ្នាំ២០១៧ និងរដ្ឋាភិបាលមីយ៉ាន់ម៉ាចូលក្នុងខែកញ្ញា ឆ្នាំ២០១៨។ ដូច្នេះហើយ បច្ចុប្បន្នសមាគម ANRPC មានតំណាងនៃប្រទេសផលិតកៅស៊ូធម្មជាតិចំនួន១៣ ដែលទាំងអស់រួមបញ្ចូលគ្នាមានភាគចំណែកប្រហែល ៩៣% នៃផលិតកម្មកៅស៊ូធម្មជាតិពិភពលោក។ ទោះជាយ៉ាងណា សមាគមមួយនេះនៅតែជាសមាគមនៃប្រជាជាតិតំបន់អាស៊ីដដែល ដោយពុំមានប្រទេសផលិតកៅស៊ូធម្មជាតិនៅតំបន់អាមេរិកឡាទីនឬតំបន់អាហ្រ្វិកណាមួយបានចូលរួមជាមួយវេទិកាអន្តររដ្ឋាភិបាលនេះទេ រហូតមកដល់ពេលនេះ ទោះបី ជាមានការអញ្ជើញឱ្យចូលរួមជាបន្តបន្ទាប់ម្តងហើយម្តងទៀតក៏ដោយ។
គោលបំណងសំខាន់របស់សមាគមគឺ៖
២.បរិបទ៖ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការក្រឡេកមើលបរិបទដែលសមាគមត្រូវបានចាប់បដិសន្ធិឡើង និងបានរស់ដើម្បីធ្វើការវាយតម្លៃនូវតួនាទីនិងតម្លៃរបស់សមគមក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ និងធ្វើការវិនិច្ឆ័យទល់នឹងគោលបំណងស្នូលនៃសមាគម។
ទោះជាយ៉ាងណា កត្តាដែលជំរុញឱ្យបណ្តាប្រទេសផលិតកៅស៊ូមានចេតនា និងឯកភាពគ្នាលើវេទិកាអន្តររដ្ឋាភិបាលមួយភាគច្រើនគឺកើតចេញពីស្ថានភាពតម្លៃកៅស៊ូធម្មជាតិទាបនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ និងការប្រកួតប្រជែងពីកៅស៊ូសំយោគ។ តម្លៃកៅស៊ូធម្មជាតិនៅតែស្ថិតក្នុងស្ថានភាពល្អប្រសើរ ក្នុងកំឡុងឆ្នាំ១៩៤០ និង ១៩៥០ ដោយសារតែពេលនោះមានតម្រូវការច្រើនក្នុងការការពារក្នុងសង្គ្រាមលោកលើកទីពីរ និងការពង្រីកឧស្សាហកម្មនៅពេលក្រោយសង្រ្គាម។ ស្ថានភាពតម្លៃកៅស៊ូធម្មជាតិធ្លាក់ចុះទាបហើយអូសបន្លាយយូរពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ ត្រូវបានមើលឃើញថា បណ្តាលមកពីតម្លៃកៅស៊ូសំយោគទាប ព្រោះតម្លៃប្រេងថោកនាពេលនោះ ហើយស្ថានភាពអតិរេកនៅក្នុងវិស័យកៅស៊ូសំយោគនេះ បានជួយបង្កើនការជំនួសកៅស៊ូធម្មជាតិដោយប្រើកៅស៊ូសំយោគវិញក្នុងការប្រើប្រាស់ចុងក្រោយ ជាច្រើន និងម៉្យាងទៀតបណ្តាលមកពីការអនុវត្តន៍ពាណិជ្ជកម្មមិនយុត្តិធម៌ ជាពិសេសក្នុងចំណោមពួកឈ្មួញកណ្តាល។
៣.តម្លៃកៅស៊ូធម្មជាតិប្រកបដោយសមធម៌និងស្ថិរភាព៖ តម្លៃកៅស៊ូធម្មជាតិប្រកបដោយសមធម៌និងស្ថិរភាពគឺជាចំណុចស្នូលនៃការពិភាក្សាគ្នានៅក្នុងវេទិកា ANRPC តាំងពីការចាប់ផ្តើមដំបូង។ សន្និសីទនៃក្រុមប្រទេសផលិតកៅស៊ូធម្មជាតិនៅខែតុលា ឆ្នាំ១៩៦៧ បានផ្តល់អាទិភាពដល់ការបង្កើត JMS សម្រាប់ការជួញដូរកៅស៊ូធម្មជាតិ ក្នុងរយៈពេលរង់ចាំការបង្កើត ANRPC និងបានបង្កើតក្រុមការងារដើម្បីព្រាងគោលគំនិតលើប្រធានបទមួយនេះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាអធិបតីបានថ្លែងនៅក្នុងសុន្ទរកថាបើកសម្ពោធនៅខែតុលា ឆ្នាំ១៩៧០ បានបញ្ជាក់ច្បាស់ថា “ផ្សារពាណិជ្ជកម្មឬទម្រង់មួយចំនួននៃទីផ្សារទំនើបដែលពួកអ្នកទិញកៅស៊ូធម្មជាតិនៅទូទាំងពិភពលោកអាចទទួលបានការលើកទឹកចិត្តឱ្យមកទិញទំនិញសម្រាប់តម្រូវការជាក់លាក់របស់ពួកគេ” ទន្ទឹមនោះ លោកក៏បានជំរុញឱ្យប្រទេសជាសមាជិកទាំងអស់ត្រូវធ្វើសកម្មភាពភ្លាមៗ និងជាក់ស្តែងចំពោះ JMS នេះ។ សន្និបាតដំបូងនៃសមាគមពួកគេបានឯកភាពគ្នាជាគោលការណ៍ចំពោះការបង្កើត JMS សម្រាប់កៅស៊ូធម្មជាតិនិងបានតែងតាំងក្រុមការងារមួយដើម្បីសិក្សាអំពីយន្តការនិងនីតិវិធីផ្សេងៗ។ JMS ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ផលិតកម្ម និងការប្រើប្រាស់កៅស៊ូធម្មជាតិតាម រយៈសេដ្ឋកិច្ចក្នុងផលិតកម្មក្នុងទីផ្សារក្នុងការដឹកជញ្ជូននិងក្នុងទំនាក់ទំនងតាមរយៈការកាត់បន្ថយតួនាទីរបស់ពួកឈ្មួញកណ្តាល។
សមាគម ANRPC បានបញ្ជូនគណៈប្រតិភូទៅកាន់បណ្តាប្រទេសផលិតកៅស៊ូធំៗដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃដើម្បីសិក្សាពីប្រព័ន្ធទីផ្សារកៅស៊ូធម្មជាតិដែលមានស្រាប់ ដើម្បីទទួលបានប្រភពធាតុចូលសម្រាប់ធ្វើការលើយន្តការនិងនីតិវិធីនានាក្នុងក្របខ័ណ្ឌ JMS ដែលបានព្រមព្រៀងគ្នារួចហើយ។ របបពាណិជ្ជកម្មកៅស៊ូធម្មជាតិដែលមាននៅក្នុងបណ្តាប្រទេសជាសមាជិកមានភាពខុសគ្នាយ៉ាងខ្លាំងដែលធ្វើឱ្យមានការខកចិត្តចំពោះការបង្កើត JMS។ លើសពីនេះ វាពិបាកផងដែរក្នុងការបំបែកបណ្តាញពាណិជ្ជកម្មក្នុងស្រុក និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដែលបានបង្កើតជាប្រវត្តិសាស្ត្ររួច ហើយដោយមានការពាក់ព័ន្ធនឹងពួកពាណិជ្ជករ ពួកឈ្មួញកណ្តាល ពួកអ្នកដឹកជញ្ជូន និងពួកអ្នកប្រើប្រាស់កៅស៊ូ។
ការវិវឌ្ឍន៍ផ្សេងទៀត ដើម្បីធ្វើសកម្មភាពឆ្ពោះទៅរក JMS គឺការបង្កើនតម្លៃកៅស៊ូធម្មជាតិក្នុងកំឡុងឆ្នាំ១៩៧០ និងការបន្តកិច្ចពិភាក្សាក្រោមការឧបត្ថម្ភរបស់ UNCTAD (United Nations Conference on Trade and Development- UNCTAD) សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្អែកលើទំនិញ។ ការកើនឡើងនៃតម្លៃកៅស៊ូធម្មជាតិក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ភាគច្រើនកើតឡើងពាក់ព័ន្ធជាមួយនឹងការកើនឡើងនៃតម្លៃកៅស៊ូសំយោគ ដោយសារតែពេលនោះមានការកើនឡើងនៃតម្លៃប្រេងដែលបណ្តាលមកពីអង្គការ OPEC រួមនិងការវិវឌ្ឍន៍ទាក់ទងនឹងការហ៊ុមព័ទ្ធប្រេង។ ការអភិវឌ្ឍន៍នៅកំរិត UNCTAD បាននាំឱ្យមាន ការពិភាក្សានៅ ANRPC ដើម្បីសម្រេចបានកិច្ចព្រមព្រៀងអន្តរជាតិមួយស្តីពីប្រព័ន្ធស្តុកសម្រាប់ស្ថិរភាពតម្លៃកៅស៊ូធម្មជាតិ ហើយនឹងឈានដល់ការបង្កើតកិច្ចព្រមព្រៀងកៅស៊ូធម្មជាតិអន្តរជាតិស្តីពីស្ថិរភាពតម្លៃ (the International Natural Rubber Agreement on Price Stabilization - INRAPS) ដែលបានចូលរួមអនុម័តដោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបូរី ស្រីលង្កា និងប្រទេសថៃ នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ ប៉ុន្តែមិនដែលអនុវត្តនោះទេ។
៤.កិច្ចព្រមព្រៀងកៅស៊ូធម្មជាតិអន្តរជាតិ (INRAS: INTERNATINAL NATURAL RUBBER AGREEMENTS)៖ កិច្ចព្រមព្រៀងកៅស៊ូធម្មជាតិអន្តរជាតិ INRAs នៃឆ្នាំ១៩៧៩, ឆ្នាំ១៩៨៧ និងឆ្នាំ១៩៩៥ ត្រូវបានចរចានិងឈានដល់ការបង្កើតកម្មវិធីរួមបញ្ចូលគ្នាសម្រាប់គ្រប់ទំនិញ (IPC: the Integrated Program for Commodities) នៃក្របខ័ណ្ឌ UNCTAD។ រាល់បញ្ហាទំនិញត្រូវបានលើកយកមកពិភាក្សានៅក្នុងក្របខ័ណ្ឌ UNCTAD ពីសម័យដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៦៤ ដែលគោលការណ៍ដូចមានចែងក្នុងជំពូកទី៦ នៃធម្មនុញ្ញ Havana ស្តីពីកិច្ចព្រមព្រៀងទំនិញអន្តររដ្ឋាភិបាលបានបង្កើតឡើងសម្រាប់ធ្វើជាមូលដ្ឋាន។ សម័យប្រជុំលើកទីពីរនៃ UNCTAD នៅក្នុងឆ្នាំ១៩៦៨ បានអំពាវនាវឱ្យមានគោលនយោបាយទំនិញរួមមួយ ដែលត្រូវបានបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងទំនិញទូទៅ ហើយគេថែមទាំងបានស្នើសុំឱ្យមានមូលនិធិកណ្តាល (Central Fund) មួយសម្រាប់ធ្វើជាអ្នកផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការទំនិញ។ ទោះជាយ៉ាងណា បណ្តាប្រទេសអភិវឌ្ឍន៍បានធ្វើការជជែកវែកញែកមួយករណីម្តងៗ ហើយក៏មិនបានផ្តល់លទ្ធភាពចំពោះការបង្កើតមូលនិធិកណ្តាលដែលបានស្នើឡើង ហើយក៏ពុំមានការរីកចម្រើនណាមួយអាចសម្រេចបាននោះទេ។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងអន្តរជាតិផ្អែកលើទំនិញត្រូវបានសម្រេចលើមុខទំនិញស្ករសនៅក្នុងឆ្នាំ១៩៦៨ និងទំនិញកាកាវនៅឆ្នាំ១៩៧២ ប៉ុន្តែទាំងនេះមិនមែនជាធាតុផ្សំនៃកម្មវិធីរួមបញ្ចូលគ្នាដូចដែលបានលើកបង្ហាញដោយ UNCTAD ឡើយ (កិច្ចព្រមព្រៀងទំនិញស្រូវសាលីអន្តរជាតិត្រូវបានសម្រេចនៅឆ្នាំ១៩៤៩ ចំណែកកិច្ចព្រមព្រៀងមុខទំនិញសំណប៉ាហាំងអន្តរជាតិត្រូវបានចរចាគ្នានៅឆ្នាំ១៩៥៤ គឺនៅមុនពេលការបង្កើត UNCTAD) ។ UNCTAD បានស្នើឱ្យមានកម្មវិធីរួមបញ្ចូលគ្រប់មុខទំនិញ (Integrated Program for Commodities - IPC) ដែលពាក់ព័ន្ធនឹងភាគហ៊ុនដែលជាកម្មសិទ្ធិអន្តរជាតិ ហើយការប្តេជ្ញាចិត្តពហុភាគីរវាងអ្នកទិញនិងអ្នកលក់និងការបង្កើតមូលនិធិហិរញ្ញប្បទានរួមមួយ ដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំលើកទី៤ របស់ UNCTAD ក្នុងខែឧសភា ឆ្នាំ១៩៧៦ នៅទីក្រុងណៃរ៉ូប៊ី (Kenya)។ កិច្ចព្រមព្រៀងកៅស៊ូធម្មជាតិអន្តរជាតិ (INRA) បានសម្រេចចេញជារូបរាងនៅឆ្នាំ១៩៧៩ គឺជាកិច្ចព្រមព្រៀងទំនិញដំបូងដែលត្រូវបានបង្កើតឡើងក្នុងក្របខ័ណ្ឌនៃ IPC ហើយកិច្ចព្រមព្រៀងនេះចូលជាធរមានជាបណ្តោះអាសន្ននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៨០ និងចូលជាធរមានពេញសិទ្ធិនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៨២។ អង្គការកៅស៊ូធម្មជាតិអន្តរជាតិ (The International Natural Rubber Organization - INRO) ត្រូវបានបង្កើតឡើងដើម្បីអនុវត្តរាល់បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង ហើយដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចព្រមព្រៀងកៅស៊ូធម្មជាតិអន្តរជាតិ (INRA) មានតម្លៃក្នុងដៃតម្លៃយោងនិងតម្លៃអន្តរាគមន៍ជាអតិបរមានិងអប្បរិមា។ កិច្ចព្រមព្រៀងនេះ ក៏បានបង្កើតឱ្យមានស្តុកនិយ័តកម្មកៅស៊ូធម្មជាតិជាលក្ខណៈអន្តរជាតិក្នុងបរិមាណចំនួន៤០០ ០០០តោន និងបរិមាណស្តុកបម្រុងបណ្តោះអាសន្នចំនួន១៥០ ០០០តោនសម្រាប់ធ្វើអន្តរាគមន៍ ទីផ្សារ។ តម្លៃសូចនាករដែលហៅថា តម្លៃសន្ទស្សន៍ទីផ្សារប្រចាំថ្ងៃ (Daily Market Indicator Price - DMIP) គឺជាតម្លៃមធ្យមរួមប្រចាំថ្ងៃផ្លូវការនៃខែនោះ សម្រាប់កៅស៊ូធម្មជាតិបីចំណាត់ថ្នាក់ (RSS1, RSS3 និង TSR 20) នៅឯទីក្រុងគួឡាឡាំពួ ទីក្រុងឡុងដ៍ ទីក្រុងញវយ៉ក និងនៅទីផ្សារសិង្ហបុរីដោយគេបានបំប្លែងទៅជាតម្លៃ FOB កំពង់ផែម៉ាឡេស៊ី/សិង្ហបុរី និងគិតជារូបិយប័ណ្ណម៉ាឡេស៊ី/សិង្ហបុរី។ កិច្ចព្រមព្រៀងទីមួយនេះ បានគ្របដណ្តប់ប្រទេសនាំចេញកៅស៊ូធម្មជាតិចំនួនប្រាំពីរនិងប្រទេសនាំចូលកៅស៊ូចំនួន ២៥ ហើយដែលមាន ភាគចំណែកស្មើនឹងចំនួន ៩៥% នៃការនាំចេញនិងចំនួន ៧៥% នៃការនាំចូលនៅទូទាំងពិភពលោក។ ក្នុងចំណោមប្រទេសផលិតកៅស៊ូធម្មជាតិធំៗ ប្រទេសឥណ្ឌាមិនមែនជាប្រទេសហត្ថលេខីរបស់ INRA ទេ ដោយហេតុថាប្រទេសនេះទោះ បីតិចឬច្រើនគេត្រូវតែការពារទីផ្សារកៅស៊ូធម្មជាតិក្នុងស្រុករបស់គេ ហើយម៉្យាងឥណ្ឌាមិនមែនជាប្រទេសអ្នកនាំចេញកៅស៊ូឡើយ។ មាន INRAs ជាបន្តបន្ទាប់ចំនួនពីរទៀត ដែលត្រូវបានបង្កើតក្នុងឆ្នាំ១៩៨៧ និងឆ្នាំ១៩៩៥ ។
ប្រទេសជាសមាជិក ANRPC សំខាន់ៗបានចូលរួមយ៉ាងសកម្មក្នុងការចរចា ហើយដែលបាននាំទៅដល់ការបង្កើត INRA និងការបង្កើត INRO។ ប្រទេសជាសមាជិកភាគច្រើនពឹងផ្អែកលើ INRAPS សម្រាប់ការស្នើសុំបទប្បញ្ញត្តិរបស់ INRA។ ANRPC បានបំពេញតួរនាទីជាវេទិកាមួយសម្រាប់ប្រទេសផលិតកៅស៊ូធម្មជាតិដើម្បីបង្រួបបង្រួមទស្សនៈរបស់ពួកគេ និងឈរលើការបង្កើតកិច្ចព្រមព្រៀង INRA។ ការពិគ្រោះយោបល់នៅក្នុង ANRPC លើកិច្ចព្រមព្រៀង INRA បានបន្តក្នុងទម្រង់ជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ANRPC លើបញ្ហា INRO ដែលធ្លាប់ចូលរួមក្នុងការពិភាក្សាមុនពេលមានកិច្ចប្រជុំរបស់ INRO។ ដូច្នេះ គេអាចសន្មត់បានថាទោះបីជា JMS មិនដែលបានកើតឡើងក៏ដោយ ក៏ ANRPC មានផលប៉ះពាល់របស់វាទៅលើការពិភាក្សាលើការចាប់ផ្តើមនៃ INRA និងការប្រព្រឹត្តទៅនៃ INRO បន្ទាប់ពីនោះមកទៀត។ ប្រព័ន្ធទីផ្សារសម្របសម្រួល (The coordinated marketing system - CMS) គំនិតផ្តួចផ្តើមពហុភាគីដើម្បីមានឥទ្ធិពលលើតម្លៃកៅស៊ូធម្មជាតិ ការកំណត់តម្លៃឧស្សាហកម្មផ្អែកលើតម្លៃកិច្ចសន្យារយៈពេលវែង និងទីផ្សារកៅស៊ូក្នុងតំបន់សុទ្ធសឹងតែស្ថិតក្នុងរបៀបវារៈរបស់ ANRPC ដែលបង្ហាញឱ្យឃើញក្នុងអំឡុងពេលតម្លៃកៅស៊ូធ្លាក់ចុះនិងទទួលបានមកវិញនៅពេលដែលតម្លៃប្រសើរឡើង។ កិច្ចព្រមព្រៀង INRA ១៩៧៩ ត្រូវបានគេយល់ថាមានប្រសិទ្ធភាពជាទូទៅ ហើយចំណែក INRA ១៩៨៧ ត្រូវបានគេវាយតម្លៃថាមាន ប្រយោជន៍តែមួយផ្នែក។ ភាពមិនគ្រប់គ្រាន់នៃកិច្ចព្រមព្រៀង INRA ១៩៨៧ បាននាំឱ្យមានការពិភាក្សាជាថ្មីលើសកម្មភាពសម្របសម្រួលនៅក្នុងទីផ្សារកៅស៊ូធម្មជាតិនៅក្នុងវេទិកា ANRPC ពិសេសក្នុងកំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០ ។
5.ការដួលរលំនៃ INRA និងដំណើរបន្ទាប់៖ កិច្ចព្រមព្រៀង INRA ឆ្នាំ១៩៩៥ មិនអាចរស់រានមានជីវិតតទៅទៀតបានទេ ដោយសារតែប្រទេសនាំចេញកៅស៊ូធម្មជាតិធំៗបានដកខ្លួនចេញពីអង្គការ INRO នៅខែកញ្ញា ឆ្នាំ១៩៩៩ ដែលនាំទៅដល់ការដួលរលំនៃកិច្ចព្រមព្រៀង និងដួលរលំនៃអង្គការអន្តរជាតិនេះ។ មូលហេតុដែលប្រទេសនាំចេញកៅស៊ូដកខ្លួនចេញ គឺដោយសារពួកប្រទេសនាំចូលកៅស៊ូធ្វើការបដិសេធមិនឱ្យធ្វើការពិនិត្យឡើងវិញនូវតម្លៃយោងនៅក្នុងបរិបទនៃវិបត្តិហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍។ តម្លៃសូចនាករនៅក្រោមកិច្ចព្រមព្រៀង INRA ដែលត្រូវបានវាស់វែងជារូបិយប័ណ្ណម៉ាឡេស៊ី/សិង្ហបុរីបានឡើងថ្លៃភ្លាមៗ ហើយតម្លៃរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ថ្លៃយ៉ាងខ្លាំង ប៉ុន្តែតម្លៃពិតប្រាកដបានធ្លាក់ចុះតាមលំនាំនៃតម្លៃប្រាក់ដុល្លារអាម៉េរិក។
ការអាក់អន់ចិត្តចំពោះភាពអសកម្មរបស់ INRO ក្នុងអំឡុងពេលមានភាពចលាចលនៃរូបិយប័ណ្ណបាននាំឱ្យមានការបន្តការពិភាក្សាដ៏តឹងតែងលើ CMS ម្តងទៀតនៅក្នុងវេទិកា ANRPC នៅឆ្នាំ១៩៩៨ ។ លើកនេះ ការសិក្សានិងការពិភាក្សាផ្តោតសំខាន់ទៅលើលទ្ធភាពនៃទីផ្សារកិច្ចសន្យាសម្រាប់អនាគតនៅក្នុងតំបន់រួមជាមួយនឹង CMS ។ ការពិភាក្សាមិនទទួលបានជោគជ័យច្រើននោះទេ ហើយប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃបានយល់ព្រមគ្នាបង្កើតជាក្រុមប្រឹក្សាកៅស៊ូត្រីភាគីអន្តរជាតិ (International Tripartite Rubber Council - ITRC) និងជាបន្តបន្ទាប់ទៅជាសហាគមនកៅស៊ូអន្តរជាតិ (International Rubber Consortium - IRCo) ដែលមានមូលដ្ឋានស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ពោលបន្ទាប់ពីមានសេចក្តីប្រកាសរួមថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០០២ នៅលើកោះបាលី ប្រទេស ឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងដោយថ្នាក់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីដែលឆ្លុះបញ្ចាំងពីការបន្តផ្តល់សារៈសំខាន់សេដ្ឋកិច្ច និងនយោបាយទៅលើវិស័យទំនិញក្នុងស្រុករបស់ពួកគេ។ ITRC/IRCo បានធ្វើសកម្មភាពទៅមុខយ៉ាងសកម្មជាមួយនឹងការប្រកាសវិធានការនានា មានដូចជាគម្រោងការនាំចេញក្នុងបរិមាណដែលបានព្រមព្រៀង (Agreed Export Tonnage Scheme - AETS) និងផែនការគ្រប់គ្រងការផ្គត់ផ្គង់ (Supply Management Scheme - SMS) ដែលពាក់ព័ន្ធនឹងការរឹតបន្តឹងលើការនាំចេញនិងលើផលិតកម្ម។ ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពិសេសនៃសន្និបាត ANRPC ថ្នាក់រដ្ឋមន្ត្រី ក្នុងខែមេសា ឆ្នាំ២០០៥ នៅឯខេត្តឈៀងម៉ៃដែលធ្វើជាអធិបតី ដោយលោកនាយករដ្ឋមន្ត្រីកាលនោះគឺលោកបណ្ឌិត Dr Thaksin Shinawatra។ នៅក្នុងសុន្ទរកថាបើកលោក Thaksin បានអញ្ជើញប្រទេសសមាជិកផ្សេងទៀតនៃ ANRPC ឱ្យចូលរួមក្នុងសកម្មភាពរបស់ ITRC ។ ទោះជាយ៉ាងណា គំនិតផ្តួចផ្តើមនេះនៅតែបន្តជាលក្ខណៈត្រីភាគីរហូតមកដល់សព្វថ្ងៃ។
ចាប់ពីឆ្នាំ២០០២មក តម្លៃកៅស៊ូធម្មជាតិបានងើបឡើងវិញ ហើយដែលទោះតិចឬច្រើនបានរក្សានៅក្នុងភាពល្អប្រសើអស់ជាងមួយទសវត្សរ៍ជាមួយនឹងតម្លៃខ្ពស់ និងពេលខ្លះក៏ចុះទាបក្នុងរយៈពេលខ្លី។ ទោះយ៉ាងណា វិស័យកៅស៊ូធម្មជាតិត្រូវបានប្រឈមមុខជាមួយនឹងតម្លៃចុះទាប និងមានអស្ថិរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ការធ្លាក់ចុះនៃតម្លៃកៅស៊ូធម្មជាតិជាថ្មីម្តងទៀតបាននាំមកនូវគំនិត “តម្លៃប៉ះប៉ូវនិងតម្លៃស្ថិរភាព” នៅក្នងរបៀបវារៈជួរមុខនៃវេទិការបស់ ANRPC។ យោងតាមសេចក្តីថ្លែងការណ៍រួម នៃសម័យប្រជុំពិសេសចុងក្រោយនៃសន្និបាត ANRPC នៅថ្នាក់រដ្ឋមន្ត្រីដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នៅទីក្រុង Kuala Lumpur ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម Amar Douglas Uaughter Embas ដែលជារដ្ឋមន្ត្រីក្រសួងដំណាំឧស្សាហកម្មនិងមុខទំនិញនៃប្រទេសម៉ាឡេស៊ីនាពេលនោះ លោកបានអំពាវនាវឱ្យប្រទេសជាសមាជិកធ្វើការអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ តនិងសាមគ្គីភាពរួមគ្នាក្នុងចំណោមអ្នកផលិតកៅស៊ូធម្មជាតិ ក្រោមក្របខណ្ឌសមាគមសំដៅឆ្ពោះទៅរកការពង្រឹងតម្លៃកៅស៊ូធម្មជាតិ។ ជាសកម្មភាពតាមលំអាននេះ គេបានបង្កើតក្រុមអ្នកជំនាញ (Expert Group) មួយក្រុមសិក្សាស្តីពីស្ថិរភាពតម្លៃកៅស៊ូធម្មជាតិកាលក្នុងខែតុលា ឆ្នាំ២០១៥។