×
មណ្ឌលកែច្នៃកៅស៊ូ Crip ថ្មីនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករកៅស៊ូគ្រួសារ

ក្រសួងចម្ការឧស្សាហកម្មនិងមុខទំនិញ (MPIC: Ministry of Plantation Industries and Commodities) មានទំនុកចិត្តថា មណ្ឌលកែច្នៃកៅស៊ូ Crip ដែលទើបនឹងបើកដំណើរការនៅទីនេះ នឹងជួយបង្កើតឱកាសការងារនិងបង្កើនប្រាក់ចំណូល ជាច្រើនដល់កសិករកៅស៊ូគ្រួសារ។

លោកជំទាវ Zuraida Kamaruddin រដ្ឋ​មន្ត្រីក្រសួងចម្ការឧស្សាហកម្មនិងមុខទំនិញបានឲ្យ​ដឹងថា ការប្តេជ្ញាចិត្តដែលបង្ហាញដោយអង្គការមិន​មែនរដ្ឋាភិបាលក្នុងស្រុកក៏នឹង ជួយកាត់បន្ថយគម្លាត​សេដ្ឋកិច្ចរវាងផ្នែកលំហូរខាងលើ និងផ្នែកលំហូរខាង​ក្រោមនៅក្នុងឧស្សាហកម្មកៅស៊ូជាតិផងដែរ។ លោក​ជំទាវក៏បានបើក​ដំណើរការគម្រោង​ផ្លាស់​ប្តូរឧស្សា​ហកម្មកៅស៊ូនៅ Padang Terap, និង Kedah។ ​កៅស៊ូ​ Crip ​អាច​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់ ហើយ​វាជា​ជម្រើស​ថ្មី​មួយ​សម្រាប់​កសិករកៅស៊ូគ្រួសារ​ក្នុង​ការ​ធ្វើ​ពិពិធកម្ម សម្រាប់​ប្រភព​ចំណូល​របស់​ពួកគាត់។ វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅលើ​​ផលិតផលទឹកជ័រ​ឬ​ជ័រចានរបស់​ពួក​គាត់។ កៅស៊ូ​ Crip ​មាន​បរិមាណ​កៅស៊ូ​ច្រើន ហេតុនេះវា​មាន​តម្លៃ​ខ្ពស់​ជាងជ័រចាន។

គម្រោងគោលដៅគឺជាកិច្ចខិតខំប្រឹងប្រែង​របស់ក្រសួង ដើម្បីបង្កើនប្រាក់ចំណូលនិងការប្រកួ​តប្រជែងរបស់កសិករកៅស៊ូគ្រួសារនៅប្រទេស។ សហករណ៍និងពាណិជ្ជករកៅស៊ូអាចទទួលបានអត្ថ​ប្រយោជន៍ពីការចូលរួមក្នុងកម្មវិធីនេះ។

គោល​បំណងនៃគម្រោងគោលដៅ គឺដើម្បីកាត់បន្ថយខ្សែច្រវាក់អាជីវកម្មកៅស៊ូ កាត់បន្ថយការខ្វះខាត បង្កើនតម្លាភាពក្នុងប្រតិបត្តិការកៅស៊ូ និងពង្រឹងសហជីពកសិករកៅស៊ូគ្រួសារតាមរយៈសហករណ៍។ លើសពីនេះទៀត  វាអាចធ្វើឱ្យប្រសើរឡើង​នូវការអនុវត្តកសិកម្មល្អនិងផ្តល់ឱកាសដល់កសិករកៅស៊ូគ្រួសារ ក្នុងការបង្កើនតម្លៃបន្ថែមនៃផលិតផលរបស់ពួកគាត់ តាម​​រយៈការចូលរួមក្នុងឧស្សាហកម្មកែច្នៃកៅស៊ូ។ សហករណ៍និងពាណិជ្ជករកៅស៊ូ​ដែលចូល​រួមគម្រោងនេះ នឹងមានសិទ្ធិទទួលបាន​ជំនួយ​​ផ្នែក​បច្ចេកទេសនិងហិរញ្ញប្បទាន។

ក្រសួងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាដែលទាក់ទងនឹងកសិករកៅស៊ូគ្រួសារ ជាពិសេសគម្លាតសេដ្ឋកិច្ចដែលពួកគាត់កំពុងជួបប្រទះ ហើយតែងតែស្វែងរកមធ្យោបាយនានា ដើម្បីជួយបង្កើនប្រាក់ចំណូលនិងលើកកម្ពស់កម្រិតជីវភាពរបស់ពួក គាត់។

មានកសិករកៅស៊ូគ្រួសារប្រហែល ៦៥ 000 នៅ Kedah ដែលរួមចំណែកប្រមាណ៣០% ដល់ការផ្គត់ផ្គង់កៅស៊ូជាតិនិងជាអ្នកផលិតដ៏ធំបំផុតនៅក្នុងប្រទេស។ Kedah មានចម្ការកៅស៊ូចំនួន​ ៩៣ពាន់ហិកតាដែលនៅរាយប៉ាយនៅក្នុងស្រុក Padang Terap, Sik, Baling និង Kubang Pasu ដែល​ដាំដុះដោយកសិករកៅស៊ូគ្រួសារ។

លោកជំទាវបានបន្ថែមថា គម្រោងកំណត់​នេះ​គឺជាគម្រោងមួយក្នុងចំណោមគម្រោង​ ដែលដឹក​នាំដោយ​ក្រសួង​តាមរយៈក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី ដើម្បីបង្កើតលំហូរប្រាក់ចំណូលប្រកប​ដោយនិរន្តរ​-ភាពសម្រាប់កសិករកៅស៊ូគ្រួសារ ដោយសម្រេចបាននូវខ្សែច្រវាក់តម្លៃរួមគ្នានៃការផ្គត់ផ្គង់កៅស៊ូខ្នាតពាណិជ្ជកម្ម៕

ព័ត៌មានចុងក្រោយ