×
កិច្ចសហប្រតិបត្តិការប្រទេសថៃ-ឥណ្ឌូនេស៊ី-ម៉ាឡេស៊ីលើវិស័យកៅស៊ូ

ថ្មីៗនេះ កៅស៊ូធម្មជាតិមាននិន្នាការធ្លាក់ចុះ ស្របតាមកំណើននៃសេដ្ឋកិច្ចពិភពលោក។ ការ​ផ្ទុះ​ឡើងនៃ COVID-19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចពិភពលោកនិងតម្រូវការកៅស៊ូដោយ​ប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់និងរំខានដល់ទីផ្សារ។ ក្រុមប្រឹក្សាកៅស៊ូត្រីភាគីអន្តរ ជាតិ (The International Tripartite Rubber Council: ITRC) បានបើកកិច្ច​ប្រជុំលើកទី៣៦ ចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២១ ដែលមានការចូលរួមដោយលោក Nakorn Tangavirapat អភិបាលនៃអាជ្ញាធរកៅស៊ូ​ថៃជាប្រធានអង្គប្រជុំ លោក Datuk Ravi Muthayah ប្រធាន​គណៈ​ប្រតិ​ភូ​​​ប្រទេសម៉ាឡេស៊ី លោក Farid Amir ប្រធានគណៈ​ប្រតិភូ​ប្រទេសឥណ្ឌូនេស៊ី និងលោក Sukatus Tarng​wiriyakul អនុប្រធានក្រុមប្រឹក្សា​នៃ​អាជ្ញាធរ​កៅស៊ូថៃ និងប្រធានគណៈប្រតិភូប្រទេស​ថៃ ព្រម​ទាំងលោក Supadetch Ong-sakul អគ្គលេខា​ធិការ​រង​នៃសមាគមកៅស៊ូថៃ (TRA), លោកស្រី Piyaporn Saelim អ្នកគ្រប់គ្រងនៃសមាគមកៅស៊ូថៃ លោក Phudit Junthawadee លេខាធិការនៃសមាគមកៅស៊ូ​ថៃ និងមន្រ្តីសមាគមកៅស៊ូថៃក៏បានចូលរួមកិច្ច​ប្រជុំ​​នេះ​​ផងដែរ។

បញ្ហាសំខាន់ៗនៅក្នុងកិច្ចប្រជុំរួមមាន៖ (១) អង្គប្រជុំបានឯកភាពគ្នាបង្កើតក្រុមប្រឹក្សាកៅស៊ូអាស៊ាន (ASEAN Rubber Council : ARCO)។ លេខាធិការអាស៊ានបានជូនដំណឹងថា នឹងនាំយកសំណើនៃការបង្កើត ARCO មកពិភាក្សានៅក្នុងក្រុមការងារ ASEAN Sectoral Working Group (ASEAN)។ លើសពីនេះ កិច្ចប្រជុំក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការសម្របសម្រួល និងការទាក់ទងទីស្នាក់ការអាស៊ានសម្រាប់ការឆ្លើយតប/ការសម្រេចចិត្តជាផ្លូវការលើសំណើ ARCO ឱ្យស្ថិតនៅក្រោមអាស៊ាន។ (២) កិច្ចប្រជុំបានយល់ព្រមអញ្ជើញប្រទេសកូតឌីវ័រឱ្យសហការជាមួយ ITRC ជាសមាជិកភាពស្ថិតនៅ​ក្រោម ARCO ឬក្លឹបសមាជិកភាពនៃ TIM រួមជា​មួយបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិផ្សេង​ទៀត (៣) ការស្រាវជ្រាវបន្ថែមដើម្បីផ្លាស់ប្តូរ IRCO ទៅ​ជា​​អង្គការអន្តររដ្ឋាភិបាល (Inter government organization: IGO) (៤) ការពិចារណាលើការកែលម្អវិធានការនិងយន្តការរបស់ ITRC ដូចជា SMS, AETS, DPSC និង SMO ឱ្យកាន់តែមានប្រសិទ្ធភាពនិង (៥) ការពិចារណាលើយន្តការថ្លៃប្រកបដោយនិរន្តរភាព (SPM) ដែលចាំបាច់ត្រូវស្របតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)។ ថ្មីៗនេះសមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្កើតក្រុមការងារមួយដើម្បីដោះស្រាយបញ្ហាថ្លៃកៅស៊ូក្នុងរយៈពេលខ្លី ហើយបានបញ្ជាក់ថា SPM អាចដោះស្រាយបញ្ហាថ្លៃកៅស៊ូបានក្នុងកម្រិតជាក់​លាក់មួយ។ ទោះជាយ៉ាងណា​​យន្តការផ្សេងៗទៀតនៅតែត្រូវការដូចជា៖ ការគ្រប់គ្រងការផ្គត់ផ្គង់កៅស៊ូ​រយៈពេលវែង ការបង្កើនតម្រូវការកៅស៊ូ​ធម្មជាតិ​ឬ​ការកែច្នៃផលិតផលសម្រេចចេញពីកៅស៊ូ និងការ​ស្វែង​រកប្រាក់ចំណូលបន្ថែមដល់កសិករ។ល។​សរុបមកកិច្ចប្រជុំនេះ បានឯកភាពគ្នាយកបញ្ហាយន្ត​ការ​ថ្លៃប្រកបដោយនិរន្តរភាពយក​ទៅពិភាក្សាជាមួយនឹង ANRPC ។

សមាគមកៅស៊ូថៃមានសេចក្តីរីករាយក្នុងការគាំទ្រគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល។ យើងជឿជាក់ថាកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់ប្រទេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីស្ថិតនៅក្រោម​ក្រុមប្រឹក្សា​កៅស៊ូអន្តរជាតិ (ITRC) នឹងដើរ​តួនាទី​យ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពថ្លៃកៅស៊ូ​និង​ការ​អភិវឌ្ឍឆ្ពោះទៅមុខ នៃឧស្សាហកម្មកៅស៊ូធម្មជាតិ ​របស់ពិភពលោកប្រកបដោយនិរន្តរភាព៕

ព័ត៌មានចុងក្រោយ