អង្គការ OPEC រំពឹងថាតម្រូវការប្រេងពិភព-លោកនៅឆ្នាំ២០២១នេះ នឹងកើនឡើង ៥,៨លានបារ៉ែល/ថ្ងៃ បន្ទាប់ពីបានធ្លាក់ចុះនៅឆ្នាំ២០២០ និងបានធ្លាក់ចុះពីការព្យាករកាលពីខែមុននូវកំណើនប្រចាំឆ្នាំចំនួន ៥,៩៦លានបារ៉ែល/ថ្ងៃ។
នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែ (MOMR) ដែលបានតាមដានយ៉ាងដិតដល់បានឲ្យដឹងថា ក្រុមជំនួញនៅតែរក្សាការព្យាករកំណើនតម្រូវការប្រេងឆ្នាំ២០២២ របស់ខ្លួនគឺមិនមានការប្រែប្រួលឡើយដែលមានចំនួន ៤,២លានបាលរ៉ែល/ថ្ងៃ ស្មើនឹងតម្រូវការប្រេងសកលសរុបជាមធ្យមចំនួន ១០០,៨លានបារ៉ែល/ថ្ងៃនៅឆ្នាំក្រោយ។
កាលពីខែមុនអង្គការ OPEC បានបង្កើនការព្យាករណ៍តម្រូវការប្រេងនៅឆ្នាំ២០២២ មានចំនួនត្រឹមតែ ៩០០ ០០០បាលរ៉ែល/ថ្ងៃ ដោយសារការកើនឡើងនៃវីរុសបំលែងខ្លួនថ្មី DELTA អាចពន្យារពេលដល់ផ្នែកខ្លះនៃការងើបឡើងវិញនៃតម្រូវការប្រេងនៅឆ្នាំក្រោយ ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏រឹងមាំនិងការងើបឡើងវិញកាន់តែខ្លាំងក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ។
របាយការណ៍ក្នុងខែនេះ អង្គការ OPEC ក៏បានពិនិត្យឡើងវិញនៃការព្យាកររបស់ខ្លួននៅឆ្នាំ២០២១នេះ ដោយសារទិន្នន័យជាក់ស្តែងទាបជាងការរំពឹងទុកក្នុងត្រីមាសទី៣ឆ្នាំនេះ ហើយបើទោះបីជាការសន្មត់នៃតម្រូវការប្រេងមានភាពល្អប្រសើរក៏ដោយ ក៏វាអាចនឹងឈានដល់ត្រីមាសចុងក្រោយឆ្នាំនេះផងដែរ។
ក្រុមអ្នកជំនួញបានកត់សម្គាល់ឃើញថា តម្រូវការប្រេងពិភពលោកនៅត្រីមាសទី៤ នឹងងើបឡើងដោយការកើនឡើងតាមរដូវកាលនៃតម្រូវការប្រេងឥន្ធនៈកំដៅ និងគីមីឥន្ធនៈ ក៏ដូចជាការផ្លាស់ប្តូរសក្តានុពលពីឧស្ម័នធម្មជាតិទៅជាផលិតផលប្រេងឥន្ធនៈ ដោយសារតែតម្លៃឧស្ម័នខ្ពស់។
អង្គការ OPEC បន្តថា ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងការប្តូរពីឧស្ម័នទៅជាប្រេង ហើយប្រសិនបើនិន្នាការនេះនៅតែបន្ត នោះឥន្ធនៈដូចជា៖ ប្រេងឥន្ធនៈប្រេងម៉ាស៊ូត និង naphtha អាចទទួលបានការគាំទ្រដែលអាចជំរុញឲ្យមានតម្រូវការប្រេងកាន់តែខ្ពស់ តាមរយៈការផលិតថាមពលការចម្រាញ់ និងការប្រើប្រាស់គីមីឥន្ធនៈ។ ប្រសិនបើត្រីមាសទី៤ អាកាសធាតុនឹងត្រជាក់ជាងមុននោះទីផ្សារប្រេងកំដៅអាចនឹងត្រូវបានគាំទ្រ ជាពិសេសនៅក្នុងខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែការជំរុញតម្រូវការនេះអាចត្រូវបានទូទាត់ដោយការប្រើប្រាស់ប្រេងសាំងទាប។
ក្រុមអ្នកជំនួញបានកត់សម្គាល់ឃើញថា ទោះបីជាមានការរំពឹងទុកការកើនឡើងតាមរដូវកាលនៃតម្រូវការប្រេងកំដៅ ក៏ដូចជាការផ្លាស់ប្តូរសក្តានុពលពីឧស្ម័នធម្មជាតិទៅជាឥន្ធនៈរាវក៏ដោយ ក៏ទីផ្សារផលិតផលត្រូវបានគេមើលឃើញពីភាពទន់ខ្សោយមួយចំនួនក្នុងរដូវរងារខាងមុខនេះ ដោយសារតែលំហូររោងចក្រចម្រាញ់ប្រេងមានច្រើនធ្វើឲ្យមានប្រេងគ្រប់គ្រាន់។
អង្គការ OPEC នៅតែមើលឃើញថា ទោះជាយ៉ាងណាក៏ដោយការធ្លាក់ចុះបន្តិចនៃតម្រូវការប្រេងពិភពលោកឆ្នាំ២០២១នេះ មិនបណ្តាលឱ្យមានការធ្លាក់ចុះណាមួយប៉ះពាល់ដល់តម្រូវការប្រងនៅឆ្នាំ២០២២ឡើយនិងត្រូវបានគាំទ្រដោយសន្ទុះសេដ្ឋកិច្ចដែលមានភាពល្អប្រសើរនៅក្នុងប្រទេសប្រើប្រាស់សំខាន់ៗ និងការគ្រប់គ្រងកាន់តែប្រសើរឡើងនៃជំងឺរាតត្បាត COVID-19៕