×
ស្ថានភាពនិន្នាការកៅស៊ូពាក់កណ្តាលចុងខែកញ្ញា ឆ្នាំ២០២១

១.ទិដ្ឋភាពទូទៅនៃទីផ្សារកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែកញ្ញា ឆ្នាំ២០២១

​​1.ថ្លៃកៅស៊ូធម្មជាតិជាមធ្យមក្នុងទីផ្សារសំខាន់ៗនៅក្នុងតំបន់អាស៊ី ទាំងទីផ្សារទិញលក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យាក្នុងអំឡុងពេលពាក់កណ្តាលចុងខែ​កញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញក្នុងតារាងទី១។ យើងក៏បានធ្វើការប្រៀបធៀបជាមួយនឹងតម្លៃមធ្យមនៅពាក់កណ្តាលទី១នៃខែកញ្ញា ឆ្នាំ២០២១ ផងដែរ។

តារាងទី១៖ ថ្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែកញ្ញា ឆ្នាំ២០២១ នៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី

ទីផ្សារទិញលក់ភា្លមៗ

ថ្លៃមធ្យម

% បម្រែបម្រួល

ក្រាហ្វិកថ្លៃ

ពាក់កណ្តាល​ដើមខែសីហា ២១

ពាក់កណ្តាល​ចុងខែសីហា ២១

STR 20, FOB បាងកក ($/100kg)

163.93

162.24

-1.0

ក្រាហ្វីកទី១

SMR 20, FOB គួរឡាឡាំពួរ ($/100kg)

163.30

163.14

-0.1

RSS 3, FOB បាងកក ($/100kg)

181.97

172.26

-4.2

ក្រាហ្វីកទី២

RSS 4 កូតូយ៉ាម ($/100kg)

241.30

231.99

+3.9

ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg)

122.43

120.12

-1.9

ក្រាហ្វីកទី៣

ទឹកជ័រ ៦០% បាងកក ($/100kg)

122.90

120.90

-1.6

ទីផ្សារទិញលក់តាមកិច្ចសន្យា

 

 

 

 

ទីផ្សារហ៊ុនសៀងហៃ (ផុតខែមករា ២២) (យ័ន/តោន)

13 634

13 611

-0.2

ក្រាហ្វីកទី៤

ទីផ្សារហ៊ុន SICOM (TSR 20 ផុត​ខែធ្នូ ២១) ($/100kg)

163.44

162.65

-0.5

ក្រាហ្វីកទី៥

ទីផ្សារហ៊ុន OSAKA (RSS 3 ផុតខែកុម្ភៈ ២២) (យេន/គ.ក្រ)

205.25

202.86

-1.2

ក្រាហ្វីកទី៦

២.ការពិនិត្យឡើងវិញនៃនិន្នាការក្នុងពាក់កណ្តាលចុងខែកញ្ញា ឆ្នាំ២០២១

​2.ថ្លៃកៅស៊ូធម្មជាតិនៅក្នុងពាក់កណ្តាលចុងខែកញ្ញានេះ ត្រូវបានចែកចេញជាពីរដំណាក់កាលដូចខាងក្រោម៖

  • ដំណាក់កាលទី១៖ ថ្លៃបានធ្លាក់ចុះយ៉ាងខ្លាំងនៅចន្លោះថ្ងៃទី១៥-២១ ខែកញ្ញា ឆ្នាំ២០២១។
  • ដំណាក់កាលទី២៖ ថ្លៃកៅស៊ូបានស្ទុះងើបឡើងវិញក្នុងទម្រង់ជារាងអក្សរ V ចាប់ពីថ្ងៃទី ២២-៣០ ខែកញ្ញា ឆ្នាំ២០២១។

3.ការធ្លាក់ចុះយ៉ាងគំហុករបស់ថ្លៃកៅស៊ូធម្មជាតិនៅចន្លោះថ្ងៃទី១៥-២១ ខែកញ្ញា បណ្តាលមកពីកត្តា៖

  1. វិបត្តិបំណុលដ៏ធំនៅក្នុងប្រទេសចិនដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Evergrande (វិបត្តិបំណុល Evergrande) បានបណ្តាលឱ្យ ភាគហ៊ុនសកលលោកនិងសកម្មភាពជួញដូរប្រែក្លាយជាការលក់ដ៏គួរឱ្យភ័យខ្លាច។ ពួកវិនិយោគិនភាគច្រើនភ័យខ្លាចថា ប្រសិនបើប្រាក់បំណុលចំនួន៣០៥ពាន់លានដុល្លារសហរដ្ឋអារិកម៉េរបស់ក្រុមហ៊ុននៅតែមិនមានស្ថិរភាពនោះ វាអាចបង្កឱ្យមានហានិភ័យធំទៅ ដល់វិស័យអចលនទ្រព្យប្រទេសចិន ក៏ដូចជាទៅដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសដែលអាច​មានផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភព- លោកទាំងមូល។ ដោយបានកំណត់ហានិភ័យចំពោះការរីករាលដាលនៃវិបត្តិបំណុល Evergrande​ នេះពួកវិនិយោគិន​នៅទូទាំងពិភពលោកបានគេចខ្លួនចេញពីទ្រព្យសម្បត្តិប្រកបដែលមានគ្រោះថ្នាក់ ព្រមទាំងគេចចេញពីការជួញដូរទំនិញសព្វសារពើរផងដែរ។
  2. នៅមុនកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃនៃគណៈកម្មាធិការទីផ្សារបើកចំហរបស់សហព័ន្ធ (The Federal Open Market Committee​ - FOMC) នៃធនាគារ​កណ្តាលអាមេរិកកាលពីថ្ងៃទី២១-២២ ខែកញ្ញា ពួកពាណិជ្ជករភាគច្រើនបានព្យាយាមនៅឆ្ងាយពីការជួញដូរប្រកបដោយហានិភ័យ ពីព្រោះពួកគេមានការប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធផលដែលអាចកើតចេញពីកិច្ចប្រជុំនេះ។ ពិសេសជាងនេះទៅទៀត អ្នកពួកវិនិយោគិនបានឈរនៅជ្រុងម្ខាងរង់ចាំការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិកលើអត្រាការប្រាក់គោលនិងកាលវិភាគនៃការវិលត្រឡប់មកវិញនូវកម្មវិធីទិញមូលបត្របំណុលដ៏ធំរបស់ខ្លួន។
  3. ប្រាក់ដុល្លារសហរដ្ឋអាមេរិកមានដំណើររឹងមាំខ្លាំងនៅចំពោះមុខការភ័យខ្លាចនៃការរីករាលដាលនៃវិបត្តិ Evergrande ហើយភាពរឹងមាំនេះក៏សំអាងលើលទ្ធភាពនៃសេចក្តីសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិកលើពេលវេលា ដើម្បីចាប់ផ្តើមវិលត្រឡប់កម្មវិធី ទិញមូលបត្របំណុលដ៏ធំរបស់ខ្លួននិងការដំឡើងអត្រាការប្រាក់គោលនយោបាយ។
  4. ទីផ្សារកៅស៊ូធម្មជាតិបានបង្ហាញពីការធ្លាក់ចុះនៅក្នុងផ្សារភាគហ៊ុនពិភពលោកនិងការធ្លាក់ចុះ នៅក្នុងផ្សារទិញលក់ភ្លាមៗ ដោយសារ តែវិបត្តិ Evergrande ផង តម្លៃប្រាក់ដុល្លារកាន់តែរឹងមាំផង និងលទ្ធផលដ៏មានសក្តានុពលនៃកិច្ចប្រជុំ FOMC របស់ធនាគារកណ្តាលអាមេរិកផង។

4.ក្នុងរយៈពេលដ៏ខ្លីនៅចន្លោះថ្ងៃទី២២-៣០ ខែកញ្ញា គេឃើញការវិវត្តមួយចំនួនដ៏មានសក្តានុពលទៅក្នុងបរិយាកាសអាប់អួរនៅក្នុងទីផ្សារធ្លាក់ចុះ។ ការវិវត្តទាំងនេះ មានបង្ហាញជូនដូចខាងក្រោម៖

  1. កង្វះខាតការផ្គត់ផ្គង់ថាមពលអគ្គិសនីយ៉ាងធ្ងន់ធ្ងរនៅប្រទេសចិន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ ក្រៅពីនោះធ្វើឱ្យផ្ទះរាប់លានខ្នងនៅភាគឦសានប្រទេសចិនធ្លាក់ក្នុងភាពងងឹតនិងបានបង្កការរំខានដល់ការផ្គត់ផ្គង់ទឹកស្អាតទៀតផង។ យោងតាមការប៉ាន់ប្រមាណរបស់ក្រុមវិនិយោគដ៏ល្បីឈ្មោះទូទាំងពិភពលោកបង្ហាញថា កង្វះថាមពលនេះបានជះឥទ្ធិពលដល់សកម្មភាពឧស្សាហកម្មចំនួន ៤៤% នៅក្នុងប្រទេសចិនដែលអាចកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ GDP ចំនួន ១% នៅក្នុងត្រីមាសទី៣ (កក្កដា-កញ្ញា) និងបន្ថយអស់ចំនួន ២% នៅត្រីមាសទី៤ (តុលា - ធ្នូ)។ ក្រុមនេះដដែលក៏បានធ្វើការកាត់បន្ថយការព្យាករណ៍អំពីកំណើនផលិតផលក្នុងស្រុកសរុប GDP ឆ្នាំ២០២១ របស់ខ្លួនសម្រាប់ប្រទេសចិនឱ្យមកនៅត្រឹម ៧,៨% ពោលគឺបញ្ចុះពីការព្យាករណ៍លើក មុនរបស់ខ្លួនដែលបានកំណត់ថាអាចមានដល់ ៨,២% ។
  2. ភាពរអាក់រអួលលើការផ្គត់ផ្គង់ធ្យូងថ្មនិងការកើនឡើងយ៉ាងគំហុកនៃថ្លៃធ្យូងថ្មនៅក្នុងប្រទេស បានបង្ខំឱ្យប្រទេសចិនធ្វើការត្បិតត្បៀត បែងចែកការផ្គត់ផ្គង់អគ្គិសនីដល់បណ្តារោងចក្ររបស់ខ្លួនដែលកំពុងត្រូវការថាមពលខ្លាំង។ យោងតាមរបាយការណ៍គោលនយោបាយរបស់ប្រទេសចិនក្នុងការរឹតបន្តឹងវិធានការការពារសុវត្ថិភាពនៅអណ្តូងរ៉ែធ្យូងថ្មរបស់ចិនអមដោយការបង្កើនការចុះត្រួតពិនិត្យសុវត្ថិភាពការងារជីកយករ៉ែធ្យូងថ្មផង បានបង្កការរារាំងដល់ប្រតិបត្តិការរុករកធ្យូងថ្មនិងបន្ថយទិន្នផលធ្យូងថ្មឱ្យធ្លាក់ចុះទាបជាងកម្រិតកាលពីឆ្នាំមុន។ ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងស្តីពីជម្លោះពាណិជ្ជកម្មរវាងប្រទេសចិនជាមួយនឹងប្រទេសអូស្ត្រាលីបានធ្វើឱ្យការនាំចូលធ្យូងថ្មពីប្រទេសអូស្ត្រាលីចូលទៅកាន់ប្រទេសចិនត្រូវជាប់គាំង។ ការផ្គត់ផ្គង់ធ្យូងថ្មត្រូវរួមតូច គួបផ្សំជាមួយនឹងតម្រូវការកើនឡើងនៅក្រោយ កូវីដ-១៩ បានធ្វើឱ្យថ្លៃធ្យូងថ្មកើនឡើងលើសពីកាលពីឆ្នាំមុនរហូតដល់ ៨០% ។
  3. ដោយសារថ្លៃវត្ថុធាតុដើមឡើងខ្ពស់ផងនិងការដាច់ចរន្តអគ្គិសនីផង សកម្មភាពផលិតកម្មរបស់ចិនមិនរំពឹងថាអាចគោរពបានតាមកិច្ចសន្យានៅក្នុងងខែកញ្ញានេះទេ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិនៅថ្ងៃទី៣០ ខែកញ្ញាបង្ហាញថា​ សន្ទស្សន៍ឧស្សាហកម្ម PMI បានធ្លាក់ចុះមកនៅត្រឹម ៤៩.៦ ក្នុងខែកញ្ញា បើធៀបកាលពីក្នុងខែសីហា ៥០.១ (សន្ទស្សន៍ PMI ចុះទាបជាង ៥០.០ តំណាងឱ្យឃើញពីការធ្លាក់ចុះ)។ នេះជាលើកដំបូងហើយចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ដែលសន្ទស្សន៍ PMI ស្ថិតនៅក្រោមកំរិត ៥០.០ យ៉ាងនេះ។
  4. ការព្រួយបារម្ភចំពោះការផ្គត់ផ្គង់ធ្យូងថ្មនិងការកើនឡើងថ្លៃធ្យូងថ្មមិនមែនកើតឡើងចំពោះប្រទេសចិនតែម្នាក់ឯងនោះទេ។ ភាពរអាក់ រអួលនៃការផ្គត់ផ្គង់ធ្យូងថ្មកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួនផងដែរ ជាពិសេសនៅមុនរដូវរងាដែលជារដូវត្រូវការថាមពលខ្លាំងបំផុត។
  5. ក្នុងរយៈពេលដែលកំពុងពិនិត្យសិក្សារនេះ យើងបានឃើញថាស្ថានីយ៍ប្រេងឥន្ធនៈរបស់ប្រទេសអង់គ្លេសភាគច្រើនបានអស់ប្រេង។ ការខ្វះប្រេងនេះបណ្តាលមកពីកង្វះអ្នកបើកបររថយន្តដឹកប្រេងដែលមានបទពិសោធន៍ បន្ទាប់ពីប្រទេសអង់គ្លេសចាកចេញពីអឺរុប Brexit។ ប្រទេសអង់គ្លេសពិបាកក្នុងការនាំយកអ្នកបើកបរដែលមានជំនាញមកពីបណ្តាប្រទេសនៅអឺរ៉ុបខាងកើត ទោះបីអង់គ្លេសបានបន្ធូរបន្ថយច្បាប់អន្តោប្រវេសន៍និងបានបង្កើតលក្ខខណ្ឌអនុគ្រោះលើការងារក៏ដោយ។ កង្វះអ្នកបើកបររថយន្តដឹកប្រេងនេះ កំពុងរាំងស្ទះដល់ការបញ្ជូនប្រេងឥន្ធនៈទៅកាន់ស្ថានីយ៍ប្រេង និងរាំងស្ទះដល់ការផ្គត់ផ្គង់ទំនិញសព្វសារពើរទៅកាន់ហាងលក់រាយផងដែរ។
  6. យោងតាមក្រុមប្រឹក្សាសន្និសីទ សន្ទស្សន៍ទំនុកចិត្តនៃការប្រើប្រាស់ទំនិញ (consumer confidence index) បានធ្លាក់ចុះដោយមិននឹកស្មានដល់មកនៅត្រឹម ១០៩.៣ ពីកំរិត ១១៥.២ ពោលគឺទាបជាងកម្រិតដែលពួកសេដ្ឋវិទូព្យាករណ៍ទុកថានឹងមាន ១១៥.០ ។
  7. វិស័យយានយន្តវិញរំពឹងថា នឹងបាត់បង់ផលិតផលនៅទូទាំងពិភពលោកចំនួន ៧,៧លាន គ្រឿងនៅឆ្នាំ២០២១នេះ ដោយសារកង្វះខាត ឧបករណ៍បន្ទះឈីបអេឡិចត្រូនិកនិងភាពរអាក់រអួលនៃខ្សែសង្វាក់ផ្គត់ផ្គង់ បូកបន្ថែមនឹងថ្លៃឡើងខ្ពស់និងភាពតានតឹងនៃការផ្គត់ផ្គង់ទំនិញនានាដូចជាដែកថែបនិងជ័រប្លាស្ទិកជាដើម បើយោងតាមការវាយតម្លៃដោយទីភ្នាក់ងារប្រឹក្សាយោបល់អាមេរិក Alix Partners ។ ករណីទាំងអស់នេះ អាចបណ្តាលឱ្យខាតបង់ប្រាក់ចំណូលប្រមាណ ២១០ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកក្នុងឆ្នាំនេះ។
  8. នៅសប្តាហ៍ចុងក្រោយនៃខែកញ្ញាបានបង្ហាញថា កំណើនលទ្ធផលលើកទី១០របស់រតនាគារសហរដ្ឋអាម៉េរិកបានកើនឡើងខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០២១មកម្ល៉េះ ដែលបណ្តាលឱ្យមានការរំពឹងទុក​សម្រាប់ការកាត់បន្ថយការជំរុញរបស់ធនាគារកណ្តាល (ឧ. ការត្រលប់មកវិញនៃកម្មវិធីប្រមូលទិញមូលបត្របំណុលដ៏ធំ) ចាប់ពីខែវិច្ឆិកា និងការដំឡើងអត្រាការប្រាក់នៅឆ្នាំ២០២២។ ការកើនឡើងនៃលទ្ធផលរតនាគារនេះបាននាំឱ្យភាគហ៊ុនធ្លាក់ចុះនៅក្នុងទីផ្សារ Wall Street ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា៖ Apple, Facebook, Google-parent Alphabet, Amazon និង Microsoft ជាដើម។
  9. នៅចុងខែកញ្ញានេះ ប្រាក់ដុល្លារអាមេរិកបានកើនឡើងជិតដល់កម្រិតខ្ពស់មួយក្នុងរយៈពេលមួយឆ្នាំ ធៀបនឹងរូបិយប័ណ្ណគូប្រជែងធំៗ ចំនួន៦ផ្សេងទៀត។ ប្រាក់ដុល្លារសហរដ្ឋអាមេរិកកើនឡើង បានជំរុញឱ្យមានការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាល និងការដំឡើងអត្រាការប្រាក់ដែលអាចកើតមាននៅឆ្នាំ២០២២។ ប្រាក់ដុល្លារក៏បានកើនឡើងដោយសារស្ថានភាពប្រកបដោយសុវត្ថិភាពរបស់ខ្លួនផងដែរ។ បណ្តុំនៃក្តីបារម្ភថ្មីមួយក៏បានជំរុញយពួកវិនិយោគិនមួយផ្នែករំកិលខ្លួនចេញពីទ្រព្យសកម្មដែល មានហានិភ័យទៅស្វែងរកទ្រព្យសកម្មដែលមានសុវត្ថិភាព។ កង្វល់ថ្មីទាំងនេះរួមមាន កំណើនសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ ការភ័យខ្លាចចំពោះអតិផរណាខ្ពស់ដែលជិតចូលមកដល់ និងការព្រួយបារម្ភអំពីវិបត្តិបំណុលអាមេរិកដែលអាចធ្វើឱ្យរដ្ឋាភិបាលធ្លាក់ចុះ។
  10. វិបត្តិបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើឱ្យបរិយាកាសទីផ្សារភាគហ៊ុនសាកលធ្លាក់ចុះ។
  11. នៅប្រទេសចិន សមត្ថភាពផលិតទឹកជ័រកៅស៊ូបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប្រការនេះត្រូវបានគេរាយការណ៍ថា បានជួយបំពេញតម្រូវការជ័រកៅស៊ូធម្មជាតិនៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងឧស្សាហកម្មផលិតស្រោមដៃពីកៅស៊ូ។ ដោយសារតម្រូវការថយចុះ អ្នកផ្គត់ផ្គង់ទឹកជ័រកៅស៊ូធម្មជាតិបានផ្លាស់ប្តូរជាប្រភេទស្តង់ដារជ័រស្រស់របស់ចិន (Standard Chinese Rubber Whole Fresh-SCR WF) ដែលអាចជួញដូរបាននៅផ្សារហ៊ុនសៀងហៃ។ ជាលទ្ធផលស្តុកសារពើភ័ណ្ឌនៅក្នុងឃ្លាំងបានបង្ហាញពីការកើនឡើងផងដែរ។

5.ទោះបីជាមានឥទ្ធិពលនៃកត្តាអវិជ្ជមានផ្សេងៗដូចដែលបានលើកបង្ហាញនៅក្នុងកថាខណ្ឌទី៤ក៏ដោយ ក៏តម្លៃកៅស៊ូធម្មជាតិបានស្ទុះ ងើបឡើងវិញយ៉ាងខ្លាំងចាប់ពីថ្ងៃទី២២ ខែកញ្ញា និងបានរក្សាសន្ទុះនេះរហូតដល់ចុងខែ។ បណ្តុំកត្តាខាងក្រោមនេះ ជាកត្តាដែលគាំទ្រដល់ការងើបឡើងវិញដ៏ខ្លាំងក្លាចាប់ពីថ្ងៃទី២២ ខែកញ្ញា ដែលជះឥទ្ធិពលទៅលើកត្តាអវិជ្ជមាន៖

  1. កិច្ចប្រជុំរយៈពេលពីរថ្ងៃនៃគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (Federal Open Market Committee - FOMC) នៃធនាគារកណ្តាលអាមេរិកដែលបានបញ្ចប់នៅថ្ងៃទី២២ ខែកញ្ញា បានធ្វើឱ្យអត្រាការប្រាក់គោលមិនមានការផ្លាស់ប្តូរ។ គណៈកម្មាធិការ FOMC បានសំរេចជាឯកច្ឆ័ន្ទរក្សាអត្រាការប្រាក់រយៈពេលខ្លីនៅជិតសូន្យដដែល។ ភាគហ៊ុនសហរដ្ឋអាមេរិកបានកើនឡើងបន្ទាប់ពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ FOMC។ (ទោះបីជាកិច្ចប្រជុំនេះត្រូវបានរាយការណ៍ថា ចាប់ផ្តើមនៅខែវិច្ឆិកា និងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ក៏ដោយ ក៏វាមិនមានបំណងភ្លាមៗក្នុងការដកចេញគោលនយោបាយជំរុញសេដ្ឋកិច្ចដែលបានគាំទ្រសេដ្ឋកិច្ចឱ្យមានដំណើរការពេញមួយរយៈពេលនៃជំងឺរាតត្បាត)។
  2. ការភ័យខ្លាចអំពីផលប៉ះពាល់ស្តែងចេញពីវិបត្តិសេដ្ឋកិច្ច Evergrande បានធូរស្រាលបន្តិចចាប់ពីថ្ងៃទី២២ ខែកញ្ញា។ នៅថ្ងៃទី២២ ខែកញ្ញា ធនាគារកណ្តាលចិនបានចាត់វិធានការបន្ទាន់មួយដោយធ្វើការចាក់បញ្ចូលសាច់ប្រាក់សម្រាប់រយៈពេលខ្លីចំនួន ១៨,៦​​ពាន់ លានដុល្លារសហរដ្ឋអាមេរិកចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីដោះស្រាយការព្រួយបារម្ភចំពោះវិបត្តិបំណុលក្នុងក្រុមហ៊ុនយក្សរបស់ចិន Evergrande។ លើសពីនេះទៅទៀតក្រុមហ៊ុន Evergrande បានប្រកាសថា ខ្លួននឹងសងការប្រាក់ឱ្យបានទាន់ពេលវេលាទៅដល់មូលបត្របំណុលដែលបានជួញដូរជាប្រាក់យ័នចិន។ ពួកវិនិយោគិនភាគច្រើនក្នុងទីផ្សារជឿជាក់ថា រដ្ឋាភិបាលចិននឹងចេញធ្វើអន្តរា- គមន៍ដើម្បីកាត់បន្ថយគ្រោះមហន្តរាយធ្ងន់ធ្ងរណាមួយដែលអាចកើតមានឡើង។ នៅពេលដែលការភ័យខ្លាចវិបត្តិ Evergrande បានធូរស្រាលនិងបរិយាកាសបានប្រសើរឡើងវិញ ភាគហ៊ុនដែលទាក់ទងនឹងមុខទំនិញបានអូសទាញឱ្យវិលត្រឡប់មកវិញនៅទីផ្សារ ភាគហ៊ុនសកលកាលថ្ងៃទី២២ ខែកញ្ញា។ មធ្យមភាគនៅក្នុងទីផ្សារហ៊ុនធំៗទាំង៣របស់អាមេរិក (S&P 500, Dow Jones Industrial Average, and Nasdaq Composite) បានត្រឡប់មកដូចដើមវិញ។
  3. ថ្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយគិតក្នុងរយៈពេលបីឆ្នាំ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែកញ្ញាដែលបណ្តាលមកពី ការរអាក់រអួលនៃទិន្នផលប្រេងសកលផង ការស្ទុះងើបឡើងវិញនៃតម្រូវការប្រេងឥន្ធនៈផង និងកង្វះខាតឧស្ម័នធម្មជាតិនៅអឺរ៉ុបផង (ក្រាហ្វិកទី១០)។ យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Goldman Sachs រាយការណ៍ថា ថ្លៃប្រេងឆៅអាចឡើងដល់ ៩០ដុល្លារ/បារ៉ែល នៅចុងឆ្នាំនេះ។
  4. ភាពតានតឹងផ្នែកពាណិជ្ជកម្មនិងផ្នែកសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសចិនជាមួយសហរដ្ឋអាម៉េរិក និងជាមួយកាណាដាបានធូរស្រាលមក វិញបន្ទាប់ពីមានការដោះលែងប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ពីប្រទេសកាណាដា និងការដោះលែងជនជាតិកាណាដាពីរនាក់ចេញពីពន្ធនាគារប្រទេសចិនទៅវិញ។
  5. កាលពីថ្ងៃទី២៧ ខែកញ្ញា រដ្ឋាភិបាលជប៉ុនបានប្រកាសពីផែនការរបស់ខ្លួនក្នុងការលើកចេញបម្រាមប្រកាសអាសន្នចំពោះជំងឺកូវីដ-១៩ នៅចុងខែនេះ ដែលបានគ្របដណ្តប់ទីក្រុងតូក្យូនិងខេត្តចំនួន១៨ផ្សេងទៀត។ ទីក្រុងតូក្យូបានស្ថិតនៅក្នុងការប្រកាសអាសន្នជំងឺកូវីដ -១៩ ចាប់តាំងពីថ្ងៃទី១២ ខែកក្កដាមកម៉្លេះ។ ព័ត៌មាននៃការបើកអាជីវកម្មឡើងវិញនេះ បានបន្ថែមល្បឿនឱ្យទីផ្សារភាគហ៊ុនរបស់ជប៉ុនកើនឡើង។
  6. ក្រុមហ៊ុនផលិតទំនិញពីជ័រកៅស៊ូនៅក្នុងប្រទេសចិន មានសកម្មភាពរទិញជ័រកៅស៊ូធម្មជាតិច្រើនជាងមុនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃខែកញ្ញានេះ ពោលគឺទិញឱ្យបានមុនថ្ងៃឈប់សម្រាករយៈពេលយូរ «សប្តាហ៍មាស» (Golden Week holiday) ចាប់ពីថ្ងៃទី១-៧ ខែតុលា។ ទីផ្សារកៅស៊ូធម្មជាតិទទួលបានការគាំពារយ៉ាងខ្លាំងពីតម្រូវការទិញឱ្យបានមុនថ្ងៃឈប់សម្រាកយូររបស់ប្រទេស ចិន។
  7. នៅប្រទេសឥណ្ឌា រដ្ឋាភិបាលបានដាក់ចេញនូវគម្រោងលើកទឹកចិត្តដែលភ្ជាប់ទំនាក់ទំនងជាមួយផលិតកម្មដែលមានទឹកប្រាក់ ៣,៥ ពាន់លានដុល្លារ (២៥,៩៣៨កោដិរូពី) ដល់វិស័យរថយន្តរបស់ខ្លួន ដោយមានគោលបំណងជំរុញការផលិតក្នុងស្រុកនូវផលិតផលបច្ចេកវិទ្យារថយន្តទំនើបនិងបំណងទាក់ទាញការវិនិយោគនៅក្នុងខ្សែសង្វាក់តម្លៃផលិតកម្ម។

6.ការសង្កេតបន្ថែមខាងក្រោមនេះមានសារៈប្រយោជន៍ក្នុងការស្វែងយល់អំពីនិន្នាការថ្លៃនៅគ្រប់កំរិតជាក់លាក់ និងគ្រប់ទីតាំងភូមិ សាស្ត្រនៅពាក់កណ្តាលចុងខែកញ្ញានេះ។

  1. បើនិយាយពីសន្ទុះនៃការងើបឡើងវិញដែលបង្ហាញឱ្យឃើញនៅចន្លោះថ្ងៃទី២៤-­៣០ ខែកញ្ញា ទីផ្សារកៅស៊ូប្រភេទ SMR20 នៅទីក្រុងគូឡាឡាំពួបានកើនឡើងខ្ពស់ជាងទីផ្សារកៅស៊ូ STR20 ក្នុងទីក្រុងបាងកក។ ទន្ទឹមពេលដែលកៅស៊ូប្រភេទ STR20 បានងើបឡើងវិញចំនួន ១,៧% នៅចន្លោះថ្ងៃទី២៤-៣០ ខែកញ្ញា និងកៅស៊ូប្រភេទ SMR20 ក៏បានងើបឡើងវិញខ្ពស់ជាងរហូតដល់ ៤,៧% ក្នុងរយៈពេលដូចគ្នា។ កៅស៊ូប្រភេទ SMR20 បានគ្រប់គ្រងថ្លៃ ៤,២៥ដុល្លារ លើសកៅស៊ូប្រភេទ STR20 នៅថ្ងៃចុងក្រោយនៃខែនេះ (ក្រាហ្វិកទី១)។ ការស្ទុះងើបឡើងវិញក្នុងល្បឿនយឺតនៃថ្លៃកៅស៊ូប្រភេទ STR20 នេះ​ បានកំណត់ដោយកត្តាពីរយ៉ាង៖
  1. ប្រាក់បាតថៃបានធ្លាក់ចុះ២,៩%(ធៀបទៅនឹងប្រាក់ដុល្លារ) នៅពាក់កណ្តាលចុងខែកញ្ញា។ ទោះបីជា ប្រាក់រីងហ្គីតរបស់ម៉ាឡេស៊ីធ្លាក់ចុះបន្តិចក៏ដោយ ប៉ុន្តែរូបិយប័ណ្ណរីងហ្គីតបានបាត់បង់តម្លៃត្រឹមតែ​ ០,៧% ធៀបនឹងប្រាក់ដុល្លារគិតក្នុងរយៈពេលដូចគ្នា។ ប្រាក់បាតថៃចុះខ្សោយបានជំរុញឱ្យអ្នកនាំចេញនៅប្រទេសថៃទិញកៅស៊ូធម្មជាតិក្នុងតម្លៃថោកដោយទិញដូរគិតជាប្រាក់ដុល្លារ។ ម្យ៉ាងទៀត ប្រាក់បាតដែលចុះខ្សោយបានធ្វើឱ្យអ្នកនាំចេញនៅប្រទេសថៃប្រកួតប្រជែងតម្លៃ និងផ្តល់ឱ្យពួកគេនូវឱកាសសម្រាប់បញ្ចុះអត្រាតម្លៃកៅស៊ូដើម្បីទាក់ទាញអ្នកទិញ(ក្រាហ្វិកទី៨និងទី៩)
  2. សន្ទុះទន់ខ្សោយដែលមាននៅក្នុងទីផ្សារទឹកជ័រនិងកៅស៊ូប្រភេទ RSS នៅក្នុងប្រទេសថៃ អាចមានឥទ្ធិពលលើថ្លៃកៅស៊ូប្រភេទ STR20 ។
  1. ខណៈពេលដែលទីផ្សារហ៊ុនសឹង្ហបូរីនិងទីផ្សារហ៊ុនអូសាកាទទួលបានការងើបឡើងវិញយ៉ាងរហ័សតាមទម្រង់អក្សរ V ចាប់ពីថ្ងៃទី២២ ខែកញ្ញា ប៉ុន្តែការងើបឡើងវិញនៅទីផ្សារហ៊ុនសៀងហៃបានចាប់ផ្តើមងើបនៅប៉ុន្មានថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី២៧ ខែកញ្ញា។ ការពន្យាពេលនៃការងើបឡើងវិញនៅក្នុងទីផ្សារភាគហ៊ុនសៀងហៃ ត្រូវបានបង្កឡើងដោយសារពួកវិនិយោគិនមានការព្រួយបារម្ភចំពោះបញ្ហាកើតឡើងនៅក្នុងប្រទេសចិន ដូចដែលបានចង្អុលបង្ហាញនៅកថាខណ្ឌទី ៤(ក្រាហ្វិកទី៤ ទី៥ និង ទី៦) 
  2. ការងើបឡើងវិញយ៉ាងរហ័សជារាងអក្សរ V នៅក្នុងទីផ្សារហ៊ុនអូសាកា នៅចន្លោះថ្ងៃទី២២-៣០ ខែកញ្ញា ក៏អាចជំរុញមួយផ្នែកពីការធ្លាក់ចុះនៃប្រាក់យ៉េនជប៉ុនផងដែរ។ ប្រាក់យ៉េនជប៉ុនបានបាត់បង់តម្លៃអស់ ២,១% ធៀបទៅនឹងប្រាក់ដុល្លារនៅចន្លោះថ្ងៃទី២១-៣០ ខែកញ្ញា។ តាមទ្រឹស្តីសេដ្ឋកិច្ ចជាទូទៅប្រាក់យ៉េនចុះខ្សោយបានធ្វើឱ្យទីផ្សារហ៊ុនហ៊ុនអូសាកាដែលប្រើប្រាស់ប្រាក់យ៉េនកាន់តែមានភាពទាក់ទាញពួកវិនិយោគិនបរទេស(ក្រាហ្វិកទី៧)
  3. ទន្ទឹមពេលកៅស៊ូប្រភេទ TSR (SMR20 និង STR20) បានស្ទុះងើបឡើងជារាងអក្សរ V នៅចន្លោះថ្ងៃទី២២-៣០ ខែកញ្ញា បែរជាថ្លៃទឹកជ័រកៅស៊ូ Latex ពុំមានសន្ទុះកើនឡើងឡើយនៅក្នុងកំឡុងពេលនេះ។ ដូចដែលបានបញ្ជាក់រួចមកហើយថា​ តម្រូវការទឹកជ័រកៅស៊ូធម្មជាតិ Latex ត្រូវបានបំពេញបង្គ្រប់ដោយការបន្ថែមបរិមាណទឹកជ័ររបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តម្រូវការទឹកជ័រកៅស៊ូធម្មជាតិត្រូវបានកាត់បន្ថយជះឥទ្ធិពលដល់ថ្លៃរបស់វា។ ទីផ្សារទឹកជ័រ Latex នៅទីក្រុងបាងកកក៏រងផលប៉ះពាល់ផងដែរពីការធ្លាក់ចុះនៃប្រាក់បាតថៃ។ ការធ្លាក់ចុះអស់២,៩% នៃប្រាក់បាតថៃ (ធៀបនឹងប្រាក់ដុល្លារ) នៅពាក់កណ្តាលចុងខែកញ្ញានេះ បានជម្រុញឱ្យអ្នកនាំចេញរបស់ថៃបន្ថោកថ្លៃក្នុងករណីជួញដូរជាប្រាក់ដុល្លារ។
  4. ថ្លៃកៅស៊ូប្រភេទ RSS3 នៅបាងកកជាមធ្យមទាបជាង ៤,២% នៅពាក់កណ្តាលចុងខែកញ្ញា បើប្រៀបធៀបទៅនឹងពាក់កណ្តាលដើមខែកញ្ញានេះដដែល។ ប្រការនេះភាគច្រើនត្រូវបានគេចាត់ទុកថា មានមូលហេតុមកពីសន្ទុះងើបឡើងវិញមិនល្អនៅក្នុងទីផ្សារទឹក​ ជ័រ Latex និងពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់បាតថៃ។ ដូចដែលបានបញ្ជាក់រួចមកហើយថា ថ្លៃទឹកជ័រកៅស៊ូ Latex បានងើបឡើងវិញតែបន្តិចបន្តួចប៉ុណ្ណោះ នៅចន្លោះថ្ងៃទី២២-៣០ ខែកញ្ញា ផ្ទុយពីការងើបឡើងវិញយ៉ាងរហ័សជារាងអក្សរ  V  សម្រាប់កៅស៊ូប្រភេទ TSR (STR20 និង SMR20)។ ដោយសារតែមានលទ្ធភាពសម្របសម្រួលពីសំណាក់កសិករនិងបណ្តុំកសិករសម្រាប់ការផ្លាស់ប្តូររវាងផលិតផលទឹកជ័រ Latex និងជ័រប្រភេទ RSS បានធ្វើឱ្យនិន្នាការថ្លៃទឹកជ័រកៅស៊ូ Latex ជារឿយៗត្រូវបានឆ្លុះបញ្ចាំងទៅក្នុងថ្លៃកៅស៊ូ RSS ផងដែរ។
  5. ថ្លៃកៅស៊ូប្រភេទ RSS4 នៅក្នុងទីផ្សារក្នុងស្រុកនៅ Kottayam (ឥណ្ឌា) បានបន្តគ្រប់គ្រងគួរ ឱ្យកត់សម្គាល់នៅខ្ពស់ជាងទីផ្សារ RSS3 នៅទីក្រុងបាងកកក្នុងកំឡុងពេលដែលយើងកំពុងពិនិត្យសិក្សានេះ (ក្រាហ្វិកទី២)។ ថ្លៃកៅស៊ូប្រភេទ RSS4 នៅក្នុងទីផ្សារក្នុងស្រុកនៅផ្សារ Kottayam ជាមធ្យមមានកំរិត ៣៣% ខ្ពស់ជាងតម្លៃ FOB របស់កៅស៊ូ RSS3 នៅទីក្រុងបាងកកនៅពាក់កណ្តាលចុងខែកញ្ញា។ ខណៈពេលដែលមានរបាយការណ៍ថា ថ្លៃកៅស៊ូប្រភេទ RSS3 នៅទីក្រុងបាងកកគឺជាថ្លៃអត្រា FOB ដែលរួមបញ្ចូលពន្ធនិងអាករ រួមនឹងការចំណាយផ្សេងៗទៀត ហើយថ្លៃកៅស៊ូប្រភេទ RSS4 នៅឯ Kottayam វិញ គឺជាអត្រាតម្លៃក្នុងស្រុកដោយមិនទាន់រាប់បញ្ចូលពន្ធកាតព្វកិច្ចឬអាករនិងការចំណាយផ្សេងៗទៀតនោះទេ។ ពួកកសិករលក់ជ័រនៅកសិដ្ឋានរបស់ពួកគេផ្ទាល់មានតម្លៃប្រហែល ៩៥% នៃតម្លៃដែលបានរាយការណ៍នៅទីផ្សារក្នុងស្រុកនៅ Kottayam (ឥណ្ឌា)។
  6. នៅក្នុងទីផ្សារក្នុងស្រុក Kottayam ថ្លៃកៅស៊ូប្រភេទ RSS4 នៅក្នុងពាក់កណ្តាលចុងខែកញ្ញា ជាមធ្យមទាបជាងប្រមាណ៣,៩% បើធៀបទៅនឹងពាក់កណ្តាលដើមខែដដែល ប្រការនេះគឺបណ្តាលមកពីកត្តាដូចខាងក្រោម៖
  1. រដូវផលិតផលជ័រកើនខ្ពស់បានចាប់ផ្តើមនៅក្នុងបណ្តាប្រទេសដាំកៅស៊ូប្រពៃណី។ រយៈពេលប្រាំខែដោយចាប់ផ្តើមពីខែកញ្ញារហូតដល់ខែមករា ពោលគឺនឹងអាចមានបរិមាណកៅស៊ូប្រមាណ ៥៥% ទៅ ៦០% នៃទិន្នផលកៅស៊ូធម្មជាតិប្រចាំឆ្នាំរបស់ប្រទេសទាំងនោះ។
  2. ការដកចេញវិញនូវបម្រាមរឹតត្បិតប្រឆាំងទល់នឹង COVID-19 នៅក្នុងរដ្ឋ Kerala បានជួយសម្រួលដល់ប្រតិបត្តិការគ្រប់គ្រង កសិដ្ឋានប្រសើឡើងវិញ លទ្ធភាពកម្លាំងពលកម្មគ្រប់គ្រាន់និងជួយឱ្យមានបណ្តាញផ្គត់ផ្គង់ល្អ។
  3. ក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏លេចធ្លោរបស់ប្រទេសឥណ្ឌាមិនសូវសកម្មក្នុងការទិញកៅស៊ូពីទីផ្សារក្នុងស្រុកនោះទេ ដោយសារតែ ពេលនេះស្តុកសំបកកង់យានយន្តនៅរោងចក្ររបស់ពួកគេកើនខ្ពស់ និងការផលិតរថយន្តទំនងជិតបញ្ឈប់មួយរយៈសិននៅក្នុងប្រទេស ដោយសារតែកង្វះឧបករណ៍បន្ទះឈីប។
  4. ការនាំចូលជ័រកៅស៊ូធម្មជាតិចូលក្នុងប្រទេសឥណ្ឌានៅតែមានកម្រិតខ្ពស់ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២១ បើទោះបីជាការផ្គត់ផ្គង់ក្នុងស្រុកមានភាពប្រសើរឡើងនៅក្នុងកំឡុងខែនេះក៏ដោយ។ ផ្អែកលើការប៉ាន់ស្មានបឋមឥណ្ឌាបាននាំចូលកៅស៊ូធម្មជាតិចំនួន៤១ ០០០ តោន នៅក្នុងខែកញ្ញា ធៀបនឹងការនាំចូលចំនួន ៣៥ ១០០តោន កាលនៅខែកក្កដា និងចំនួន ៤០ ៥០០តោន កាលនៅក្នុងខែសីហា៕
ព័ត៌មានចុងក្រោយ