កៅស៊ូគឺជាដំណាំសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃដែលពាក់ព័ន្ធនឹងប្រជាជនក្នុងស្រុកជាង៦លាននាក់រួមមាន៖ កសិករកៅស៊ូគ្រួសារ និយោជិក មន្រ្តីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀត (ប្រហែល១លានគ្រួសារ)។ ការនាំចេញផលិតផលកៅស៊ូកែច្នៃអាចរកប្រាក់ចំណូលឲ្យប្រទេសថៃបានជាង ២០០ ០០០លានបាត/ឆ្នាំ។ ប្រទេសថៃបានក្លាយជាប្រទេសផលិតនិងនាំចេញកៅស៊ូធម្មជាតិ និងផលិតផលសម្រេចពីកៅស៊ូធំជាងគេបំផុតនៅលើពិភពលោកចាប់តាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ ក្នុងឆ្នាំ២០២០ ផលិតកៅស៊ូបានចំនួន ៤,២៤លានតោន ហើយបាននាំចេញកៅស៊ូចំនួន ៣,៧៩លានតោន (៨៩% នៃផលិតកម្មកៅស៊ូសរុប) និងការប្រើប្រាស់កៅស៊ូក្នុងស្រុកមានចំនួន ៦៨៧ ០០០តោន (១៦% នៃផលិតកម្មកៅស៊ូ)។ ប្រទេសថៃភាគច្រើនពឹងផ្អែកលើទីផ្សារនាំចេញដូចជាប្រទេសចិននិងម៉ាឡេស៊ី។ រីឯការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េភាគច្រើនជាផលិតផលកៅស៊ូកែច្នៃ។ នៅក្នុងឆ្នាំ២០២០ ប្រទេសថៃបាននាំចេញកៅស៊ូសមាស ៤០,៦០% កៅស៊ូប្រភេទ STR ២៨,៨៧% ទឹកជ័រ ១៧,៨០% កៅស៊ូប្រភេទ RSS ១០,០២% និងប្រភេទផ្សេងៗទៀត ២,៧២% (អាជ្ញាធរកៅស៊ូថៃៈ RAOT, ២០២១) ។
បញ្ហាសំខាន់ៗនៅក្នុងយុទ្ធសាស្ត្រកៅស៊ូរយៈពេល២០ឆ្នាំនៅប្រទេសថៃ (២០១៨-២០៣៧) មាន៥យុទ្ធសាស្ត្រ៖ (១)ដើម្បីកសាងភាពខ្លាំងដល់កសិករ កៅស៊ូគ្រួសារនិងវិទ្យាស្ថានរបស់កសិករកៅស៊ូគ្រួសារ (២)ដើម្បីបង្កើនប្រសិទ្ធភាពនិងកែលម្អគុណភាពនិងស្តង់ដារ (៣)ការស្រាវជ្រាវនិងការអភិវឌ្ឍន៍នៃបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មី (នវានុវត្តន៍) (៤) ដើម្បីបង្កើតទីផ្សារនិងបណ្តាញចែកចាយនិង (៥) ការអភិវឌ្ឍកត្តាគាំទ្រ។ ដើម្បីជំរុញយុទ្ធសាស្ត្ររយៈពេល២០ឆ្នាំនេះ ប្រទេសថៃបានបង្កើតក្រុមការងារចំនួន ៥ក្រុមមាន៖ (១) ក្រុមពង្រឹងកសិករកៅស៊ូគ្រួសារនិងវិទ្យាស្ថានរបស់កសិករកៅស៊ូគ្រួសារមានអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញសហករណ៍ជាប្រធាន (២)ក្រុមបង្កើនប្រសិទ្ធភាពនិងកែលម្អស្តង់ដារគុណភាព មានអគ្គនាយកនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយកសិកម្មជាប្រធាន (៣)ក្រុមស្រាវជ្រាវនិងការអភិវឌ្ឍនៃបច្ចេកវិទ្យានិងនវានុវត្តន៍និងការអភិវឌ្ឍ កត្តាគាំទ្រដឹកនាំដោយប្រធានក្រុមប្រឹក្សាស្រាវជ្រាវជាតិថៃ (NRCT) (៤)ក្រុមបង្កើតទីផ្សារនិងបណ្តាញចែកចាយមានអភិបាលនៃអាជ្ញាធរកៅស៊ូថៃ (RAOT) ជាប្រធាននិង (៥)ក្រុមត្រួតពិនិត្យយុទ្ធសាស្ត្ររយៈពេល២០ឆ្នាំ ដឹកនាំដោយអភិបាលនៃអាជ្ញាធរកៅស៊ូថៃ។
ប្រធានសមាគមកៅស៊ូថៃមានកិត្តិយសបានចូលរួមជាអនុគណៈកម្មាធិការយុទ្ធសាស្ត្រកៅស៊ូ រយៈពេល២០ឆ្នាំ និងក្រុមការងារបង្កើតទីផ្សារនិងបណ្តាញចែកចាយ។ សូចនាករនៃយុទ្ធសាស្ត្រកៅស៊ូរយៈពេល២០ឆ្នាំ មានសូចនាករ៥ រួមមាន៖ (១) ផ្ទៃដីចម្ការកៅស៊ូចំនួន១៨,៤លានរ៉ៃ(២,៩លានហិក តា) (២)ទិន្នផលកៅស៊ូចំនួន៣៦០គ.ក្រ/រ៉ៃ/ឆ្នាំ (៣) ចំណែកនៃការប្រើប្រាស់កៅស៊ូក្នុងស្រុក៣៥% (៤) ចំណូលពីការនាំចេញផលិតផលសម្រេចពីកៅស៊ូចំនួន ៨ ០០០ ០០០លានបាតនិង (៥)ចំណូលពីចម្ការកៅស៊ូគឺ ១៩ ៨០០បាត/រ៉ៃ/ឆ្នាំ និងមានសូចនាករចំនួន២១ផ្សេងទៀត តាមគោលដៅនៃយុទ្ធសាស្ត្រនីមួយៗ។ ទោះយ៉ាងណា លទ្ធផលចុងក្រោយនៃការអនុវត្តយុទ្ធសាស្រ្តនេះនៅតែដាច់ឆ្ងាយពីគោលដៅដែលបានកំណត់ ដោយសារតែកត្តាផ្សេងៗជាច្រើន ជាពិសេសបញ្ហានៃការផ្ទុះឡើងនៃ Covid-19 ។
សមាគមកៅស៊ូថៃរំពឹងថា កិច្ចសហការរួមគ្នារវាងគ្រប់វិស័យពាក់ព័ន្ធមានរដ្ឋាភិបាល វិស័យឯកជន និងកសិករកៅស៊ូគ្រួសារនឹងផ្តល់ជាលទ្ធផលតាមរយៈការអនុវត្តយុទ្ធសាស្ត្រកៅស៊ូរយៈពេល២០ឆ្នាំ ដើម្បីសម្រេចគោលដៅក្នុងការអភិវឌ្ឍកំណើនកៅស៊ូរបស់ប្រទេសថៃប្រកបដោយចីរភាព៕