ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី (The Malaysian Rubber Council :MRC) បានអោយដឹងថា នៅក្នុងត្រីមាស១ ឆ្នាំ២០២១នេះ ការនាំចេញនៃឧស្សាហកម្មកៅស៊ូម៉ាឡេស៊ីបានកើនឡើង១៦៩,៦% មានទឹកប្រាក់គឺចាប់ពី៨,១លានរីងហ្គីដ (កាលពីមួយឆ្នាំ មុន) ដល់២១,៨៤លានរីងហ្គីដ។
MRC ក៏បានកត់សម្គាល់ឃើញថា ឧស្សាហកម្មផលិតផលកៅស៊ូផ្នែកលំហូរខាងក្រោមមានប្រហែល ៨៩,៥% នៃការនាំចេញសរុប បានកើនឡើងដល់២១៣,៨% ដោយ សារតែការកើនឡើងនៅក្នុងវិស័យទំនិញទឹកជ័រ។ ម្យ៉ាងទៀត អនុវិស័យស្រោមដៃនៅតែជាការនាំចេញធំបំផុតសម្រាប់ឧស្សាហកម្មនេះ គឺកើនឡើង ២៦៥,៧% ដែលគិត ជាទឹកប្រាក់មានចំនួន១,៧៨ពាន់លានរីងហ្គីដ នៅត្រីមាសទី១ ឆ្នាំ២០២១ ។
សំបកកង់គឺជាការនាំចេញធំជាងគេនៅក្នុងវិស័យផលិតផលកៅស៊ូស្ងួតបានកត់សម្គាល់ឃើញ ថាកើនឡើង ២៤,៦% គិតជាទឹកប្រាក់ដល់៤៣១,៥លានរីងហ្គីដនៅ ត្រីមាសទី១ ឆ្នាំ២០២១ ធៀបនឹង រយៈពេលដូចគ្នាដែលមានទឹកប្រាក់ចំនួន ៣៤៦,២លានរីងហ្គីដ។ ការនាំចេញសរុបនៃឧស្សាហកម្មផលិតផលទំនិញពីកៅស៊ូ សម្រាប់វិស័យ យានយន្ត រ៉ែ និងសំណង់កើនឡើង ២៩,២% ស្មើនឹងទឹកប្រាក់ ៣០៦,៣លានរីងហ្គីដ។
MRC ក៏បានព្យាករថា បរិមាណតម្រូវការស្រោមដៃកៅស៊ូពិភពលោកទំនងនៅតែរក្សាបានកំណើនចន្លោះពី១២% - ១៥% នៅឆ្នាំ២០២១ ដែលជំរុញដោយការប្រើប្រាស់ខ្ពស់នៅក្នុងទីផ្សារនាំចេញធំៗរបស់ម៉ាឡេស៊ីដូចជា សហរដ្ឋអាម៉េរិកនិងអឺរ៉ុប ព្រមទាំងទីផ្សារកំពុងរីកចម្រើននៅក្នុងតំបន់អាស៊ានជាដើម។
ទន្ទឹមនឹងនេះ លោក Nurul Islam Moham-med Yusoff ប្រធានប្រតិបត្តិនៃ MRC បានឲ្យដឹងថា គំនិតផ្តួចផ្តើមនាពេលថ្មីៗនេះគឺឆ្ពោះទៅរកការបង្កើតគុណតម្លៃសម្រាប់ឧស្សាហកម្មកៅស៊ូម៉ាឡេស៊ី ដើម្បីធានាថាវានៅតែមានភាពធន់រឹងមាំអាចប្រកួតប្រជែង និងមាននិរន្តរភាព។ លទ្ធផលដែលបានគ្រោងទុកគឺដើម្បីលើកកម្ពស់ឧស្សាហកម្មនេះ ឲ្យ ឆ្ពោះទៅរកខ្សែច្រវ៉ាក់តម្លៃពិភពលោកក្នុងការធានានូវសក្តានុពល ខណៈពេលដែលការពង្រឹងឧស្សាហកម្មកៅស៊ូដើម្បីដោះស្រាយការរាំងស្ទះអភិបាលកិច្ចនិងបញ្ហាកេរ្តិ៍ឈ្មោះ។
លោកបានបន្តថា ដូច្នេះឧស្សាហកម្មកៅស៊ូត្រូវការបង្កើនខ្សែច្រវ៉ាក់តម្លៃពិភពលោក ហើយក្រុមហ៊ុនផលិតកៅស៊ូត្រូវតែរិះរកមធ្យោបាយសម្រាប់ផលិតផលរបស់ខ្លួនដើម្បីផ្សារភ្ជាប់ជាមួយនឹងគោលបំណងធំដែលទីបំផុតនឹងទទួលបានការទទួលស្គាល់ជាអន្តរជាតិ៕