ការនាំចេញរថយន្តទៅកាន់ប្រទេសវៀតណាមរំពឹងថា ប្រឈមនឹងរបាំងមិនគិតពន្ធ បន្ទាប់ពីប្រទេសនេះក្លាយជាប្រទេសនាំចូលរថយន្តដឹកទំនិញនិងរថយន្តដឹកអ្នកដំណើរមកពីប្រទេសថៃធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ានត្រៀមនឹងអនុវត្តស្តង់ដារបំភាយថ្មី Euro 5 ថ្មី (ការបញ្ចេញកាបូនម៉ូណូអុក-ស៊ីតអតិបរមាត្រឹម១០០០មីលីក្រាម/គ.ម) ចាប់ពីថ្ងៃទី១ ខែមករា នៅឆ្នាំក្រោយ។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តបានលើកឡើងថា មិនអាចកែតម្រូវទៅតាមស្តង់ដារបរិស្ថានដ៏តឹងរឹងនេះបានឡើយ ដែលធ្វើឱ្យការលក់ធ្លាក់ចុះ។ ហើយសមាគមផលិតរថយន្តរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI: The Federation of Thai Industries) កំពុងធ្វើការស្ទង់មតិក្រុមហ៊ុនផលិតរថយន្តអំពីរបៀបដែលពួកគេនឹងឆ្លើយតបទៅនឹងច្បាប់ពាណិជ្ជកម្មថ្មីនេះ។
លោក Surapong Paisitpatanapong អនុប្រធាននិងជាអ្នកនាំពាក្យរបស់សមាគមផលិតរថយន្តនៃសហព័ន្ធឧស្សាហកម្មថៃបានបញ្ជាក់ថា ក្រុមផលិតរថយន្តមានការព្រួយបារម្ភអំពីការនាំចេញរថយន្តអាចនឹងរងផលប៉ះពាល់ ប៉ុន្តែពួកគេក៏មិនអាចព្យាករអំពីបញ្ហានេះបានទេនៅពេលនេះ។ ទន្ទឹមនឹងនេះ លោករំពឹងដែរថានឹងទទួលបានការឆ្លើយតបក្រុមហ៊ុនផលិតឆាប់ៗនេះ ដែលនឹងអនុញ្ញាតឱ្យ សមាគមអាចវាយតម្លៃអំពីស្ថានភាពនេះបាន។ ពីព្រោះ FTI ក៏ដឹងដែរថា ការអនុវត្តវិធានការស្តង់ដារ Euro 5 ត្រូវបានប្រើប្រាស់ដោយប្រទេសនានាដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេ ។
លោក Pisit Rangsaritwutikul ប្រធានផ្នែករថយន្តថៃបាននិយាយថា ផលប៉ះពាល់នឹងមិនធ្ងន់ធ្ងរទេពីព្រោះលោកជឿជាក់ថារដ្ឋាភិបាលថៃនិងប្រទេសវៀតណាមអាចចរចាគ្នាដើម្បីរកដំណោះស្រាយ។ ជាមួយគ្នានេះដែរ វិទ្យាស្ថានស្ដង់ដារឧស្សាហកម្មថៃបានឲ្យដឹងថា ស្តង់ដារ Euro 5 នឹងត្រូវបានលើកឡើងដោយមន្រ្តីថៃក្នុងអំឡុងកិច្ចប្រជុំរបាំងបច្ចេកទេសរបស់អង្គការពាណិជ្ជកម្មពិភពលោកទៅកាន់គណៈកម្មាធិការពាណិជ្ជកម្មនៅទីក្រុង Geneva ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក Pisit បានបន្តថា ការនាំចេញរថយន្តទៅកាន់ប្រទេសវៀតណាមចាត់ទុកថានៅមានកម្រិតទាប បើប្រៀបធៀបជាមួយនឹងបរិមាណលក់នៅទីផ្សារបរទេសផ្សេងៗទៀត។ តាមការពិភាក្សានាពេលថ្មីៗនេះ រវាងវិទ្យាស្ថានផ្នែករថយន្តថៃជាមួយនឹងសមាគមផលិតរថយន្តមួយចំនួនបានរកឃើញថា ពួកគេបានត្រៀមខ្លួនរួចរាល់ ដើម្បីផលិតរថយន្តដែលអាចបំពេញតាមស្តង់ដារបំភាយ Euro 6 (ការកាត់បន្ថយកម្រិតបំភាយនៃរថយន្តដែលបង្កគ្រោះថ្នាក់ដោយប្រើសាំងនិងប្រេងម៉ាសូត) ដែលថ្មីៗនេះ កំពុងប្រើប្រាស់នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប។ បញ្ហាមួយទៀតគឺរោងចក្រចម្រាញ់ប្រេងក្នុងស្រុកដែល ផលិតប្រេងឥន្ធនៈតាមស្តង់ដារ Euro 4 (រថយន្ត ដែលប្រើប្រាស់ឥន្ធនៈមានស្ពាន់ធ័រទាប ០,០០៥% និង Benzene អតិបរមា១%) កំពុងតែកែសម្រួលទិន្នផលរបស់ខ្លួន ដើម្បីផលិតប្រេងឥន្ធនៈតាមស្តង់ ដារ Euro 5 នេះ ហើយរោងចក្រចម្រាញ់ប្រេងផលិតប្រេងឥន្ទនៈតាមស្តង់ដារ Euro 5 អាចចំណាយ ពេល៥-៦ឆ្នាំ ទើបទទួលបានជោគជ័យ១០០% ពីព្រោះការផ្លាស់ប្តូរឆ្ពោះទៅរកប្រេងស្អាតបានចាប់ ផ្តើមតាំងពីឆ្នាំ២០១៨មកម្លេះ។ ទន្ទឹមនឹងនេះ កាលពីឆ្នាំមុនក្រុមប្រឹក្សាបរិស្ថានជាតិបានប្រកាសថា ប្រទេសថៃមានផែនការអនុវត្តស្តង់ដារប្រេងឥន្ធនៈ Euro 5 ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕