១.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែឧសភា ឆ្នាំ២០២១
បន្ទាប់ពីថ្ងៃឈប់សម្រាប់មួយសប្តាហ៍នៅប្រទេសចិន ទីផ្សារហ៊ុនសៀងហៃនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០១ ថ្លៃកៅស៊ូទិញលក់តាម កិច្ចសន្យាសម្រាប់ខែសីហា ឆ្នាំ២០២១ មានតម្លៃ១៤ ២៩៥យ័ន/តោន ចំណែកឯថ្លៃកៅស៊ូកាលពីចុងខែឧសភា ឆ្នាំ២០២១ មានតម្លៃ ១៣ ៤៨៥យ័ន/តោន។ ថ្លៃកៅស៊ូជាមធ្យមប្រចាំខែឧសភា ឆ្នាំ២០២១ បានកើនឡើង១% ស្មើនឹង ១៣ ៧៨៧យ័ន/តោនបើធៀបនឹងខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ ១៣ ៦៥៧យ័ន/តោន។
នៅចុងសប្តាហ៍ទី៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលចិនបានប្តេជ្ញាដាក់វិធានការណ៍ប្រឆាំងមោះមុត (Zero-tolerance Approach) ចំពោះរោងចក្រទំនិញពាណិជ្ជកម្មដែលមានឥរិយាបថផ្តាច់មុខ (Monoply Behavior) និងទិញទំនិញលើសតម្រូវការមកស្តុកទុក (Hoarding) ជាមូលហេតុធ្វើឲ្យតម្លៃវត្ថុធាតុដើមឡើងខ្ពស់ហួសពីការស្មាន និងអាចធ្វើឲ្យអតិផរណាកើនឡើងខ្ពស់ផងដែរ។
លើសពីនេះទៀត អាជ្ញាធរមានបទប្បញ្ញត្តិពាក់ព័ន្ធនឹងការតាមដានយ៉ាងដិតដល់នូវនិន្នាការតម្លៃមុខទំនិញ ពង្រឹងការត្រួតពិនិត្យរួមគ្នាលើ មុខទំនិញទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗ អនុវត្តវិធានការណ៍ប្រឆាំងមោះមុតចំពោះសកម្មភាពខុសច្បាប់ បន្តពង្រឹងការ អនុវត្តច្បាប់អធិការកិច្ចស៊ើបអង្កេតប្រតិបត្តិការមិនប្រក្រតី និងប្រមើលរកភាពអយុត្តិធម៌។ យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានប្រកាសថា តម្លៃមុខទំនិញពាណិជ្ជកម្មឧស្សាហកម្មរបស់ប្រទេសចិនបានធ្លាក់ចុះ ជាពិសេសការធ្វើពាណិជ្ជកម្មរ៉ែដែក Dalian តាមកិច្ចសន្យាបានធ្លាក់ចុះ ៩,៥%។ កត្តានេះក៏មានឥទ្ធិពលដល់ការធ្លាក់ចុះតម្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ បន្ទាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
ក្រាហ្វិកទី១នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូប្រចាំថ្ងៃ ទិញលក់តាមកិច្ចសន្យាសម្រាប់ខែសីហា ឆ្នាំ២០២១ នៅក្នុងទីផ្សារហ៊ុនសៀងហៃក្នុងអំឡុង ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ក្រាហ្វិកទី១)
២.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែឧសភា ឆ្នាំ២០២១
នៅក្នុងអំឡុងថ្ងៃទី៣-៣១ ខែឧសភា ឆ្នាំ២០២១ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាគិតជាមធ្យមនៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែ កក្កដា ឆ្នាំ២០២១ នឹងបង្ហាញនៅក្នុងក្រាហ្វិកខាងក្រោម។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃមាននិន្នាការប្រហាក់ ប្រហែលគ្នាទៅនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរី ក្នុងកំឡុងពេលដូចគ្នានេះ។ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីគឺ ១,៦៩ដុល្លារ/គ.ក្រនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ និងមានតម្លៃ១,៦៨ដុល្លារ/គ.ក្រ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ប៉ុន្តែថ្លៃកៅស៊ូ TSR-20 ជាមធ្យមប្រចាំខែឧសភា ឆ្នាំ២០២១ ស្មើនឹង ១,៦៩ដុល្លារ/គ.ក្រ គឺបានកើនឡើង ២,៧% បើធៀបនឹងខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ ១,៦៥ដុល្លារ/គ.ក្រ។ (ក្រាហ្វិកទី២)
៣.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែឧសភា ឆ្នាំ២០២១
ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅក្នុងទីផ្សារហ៊ុនអូសាកាសម្រាប់ខែតុលា ឆ្នាំ២០២១ ចាប់ពីថ្ងៃទី៣-៣១ ខែឧសភា ឆ្នាំ២០២១។ ថ្លៃកៅស៊ូទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា មាននិន្នាការប្រហាក់ប្រហែលគ្នា ទៅនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃនិងទីផ្សារហ៊ុនសឹង្ហបុរី។ នៅទីផ្សារហ៊ុនអូសាកាបានចាប់ផ្តើមពាណិជ្ជកម្ម របស់ខ្លួនឡើងវិញ បន្ទាប់ពីឈប់សម្រាកបុណ្យជាតិរយៈវែង រីឯថ្លៃកៅស៊ូ RSS-3 ទិញ-លក់តាមកិច្ចសន្យានៅថ្ងៃទី១ ខែឧសភា មានតម្លៃ ២៥៧,៩០យេន/គ.ក្រ និងនៅថ្ងៃទី៣១ ខែឧសភា មានតម្លៃ ២៤៥,៣០យេន/គ.ក្រ)។ ថ្លៃកៅស៊ូ RSS-3 ជាមធ្យមប្រចាំខែឧសភា ឆ្នា២០២១ ស្មើនឹង២៥២ យេន/គ.ក្រ បានកើនឡើង៥,៣% បើធៀបនឹងខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ២៣៩យេន/ គ.ក្រ។ (ក្រាហ្វិកទី៣)