សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិបាននិយាយថា ការរីករាលដាល Covid-19 កំពុងបន្តកើតមាននៅក្នុងប្រទេសឥណ្ឌា គួបផ្សំនឹងវឌ្ឍនភាពយឺតនៃការចាក់វ៉ាក់សាំងអាចជះឥទ្ធិពលដល់កំណើនតម្រូវការ ព្រមទាំងការងើបឡើងវិញនៃតម្លៃកៅស៊ូធម្មជាតិនិងបានព្យាករថាការផ្គត់ផ្គង់នឹងកើនឡើងចាប់ផ្តើមពីខែមិថុនា ហើយបង្កើនសម្ពាធទៅលើថ្លៃ កៅស៊ូផងដែរ។
ផលិតផលកៅស៊ូធម្មជាតិជាមធ្យមប្រចាំខែនៅក្នុងប្រទេសឥណ្ឌាចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២១ មានចំនួន៤៣ ០០០តោន ហើយរំពឹងថានឹងធ្លាក់ចុះដល់២៨ ០០០តោន នៅខែសភា ឆ្នាំ២០២១ ប៉ុន្តែនឹងកើនឡើងវិញចំនួន៤៤ ០០០ តោននៅឆ្នាំ២០២១ ។ រដ្ឋ Kerala មានកៅស៊ូជិត ៨០% នៃផលិតផលកៅស៊ូសរុបរបស់ប្រទេសឥណ្ឌា។
រលកទី២នៃ Covid-19 បានកាត់បន្ថយដល់តម្រូវការកៅស៊ូធម្មជាតិនៅប្រទេសឥណ្ឌា។ ករណីឆ្លងប្រចាំថ្ងៃនៅប្រទេសឥណ្ឌាបានកើនឡើងដល់ជាង៤០ម៉ឺននាក់ ស្មើនឹង៤៦% នៃករណីឆ្លងសកល និង ២៥% នៃអ្នកស្លាប់ទូទាំងពិភពលោកដែលបានរាយការណ៍ក្នុងសប្តាហ៍ទី៤ ខែមេសានេះ។ ទោះជា តម្រូវការកៅស៊ូធម្មជាតិបានធ្លាក់ចុះខ្លាំងនៅប្រទេសឥណ្ឌា ប៉ុន្តែគេរំពឹងថាការប្រើប្រាស់កៅស៊ូកើនឡើងនៅប្រទេសចិន អាម៉េរិក និងអឺរ៉ុប ដែលនឹងជំរុញឲ្យសេដ្ឋកិច្ចងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីមានវឌ្ឍនភាពល្អដែលសម្រេចបានពី ការចាក់វ៉ាក់សាំង។
ការផ្គត់ផ្គង់កៅស៊ូធម្មជាតិតាមរដូវបានបញ្ចប់ស្របគ្នាដែលរដូវត្រជាក់ព្យាករថា នឹងបញ្ចប់ត្រឹមសប្តាហ៍ទី២ ខែឧសភា ឆ្នាំ២០២១ នៅក្នុងបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ ភាគច្រើន។ ការផ្គត់ផ្គង់កៅស៊ូធម្មជាតិពិភពលោករំពឹងថា នឹងល្អប្រសើរឡើងវិញចាប់ពីសប្តាហ៍ទី៤ ខែឧសភា ដោយសារតែកត្តារដូវកាល។ ទោះយ៉ាងណា ការកើនឡើងនៃការផ្គត់ផ្គង់ រំពឹងថានឹងមានបញ្ហាតិចតួច ដោយសារកត្តាមួយចំនួនរួមមាន៖ (១)ការរំខានដែលបណ្តាលមកពីការកើនឡើងនៃការរាលត្បាតថ្មីៗនៃ Covid-19 នៅក្នុងប្រទេសថៃ ឥណ្ឌា ម៉ាឡេស៊ី កម្ពុជា និងស្រីលង្កា (២) ផលប៉ះពាល់អវិជ្ជមាននៃជំងឺស្លឹកដែលមានឥទ្ធិពលលើផ្ទៃដីចៀរជ័រសរុបប្រហែលចជា០,៦ លានហិកតា នៅប្រទេសឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងនៅតាមតំបន់ ខ្លះនៅប្រទេសស្រីលង្កានិងឥណ្ឌា (៣) រដូវ Ramzan នៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងភាគខាងត្បូងនៃប្រទេសថៃ ៕