អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ (International Monetary Fund : IMF) បានព្យាករណ៍ថា ការផលិតបានវ៉ាក់សាំងទប់ស្កាត់ COVID-19 នឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ នៅឆ្នាំ២០២១នេះ។ IMF ដែលមានប្រទេសជាសមាជិកចំនួន១៩០ បានព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៥,៥% នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ ៣,៥% នៅឆ្នាំ២០២០ ដែលជាឆ្នាំដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
វ៉ាក់សាំងអាចទប់ស្កាត់ការរីករាលដាលវិរ៉ុស Covide-19 ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលនានានៅជុំវិញពិភពលោកបានបន្ធូរបន្ថយការបិទប្រទេស និងលើកទឹកចិត្តឱ្យមានការវិលត្រឡប់ ទៅរកសកម្មភាពសេដ្ឋកិច្ចធម្មតាវិញ។ កាលពីចុងឆ្នាំមុន សេដ្ឋកិច្ចពិភពលោកក៏ទទួលផលពីកម្មវិធីជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនៅសហរដ្ឋអាមេរិកនិងជប៉ុន។
ប៉ុន្តែ IMF បានឲ្យដឹងថាសេដ្ឋកិច្ចពិភពលោកត្រូវការការគាំទ្រពីរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិក ដើម្បីទូទាត់ផលប៉ះពាល់ពីការរាតត្បាតនៃជំងឺ និងព្រមានថាការបំប្លែងរូបរាងថ្មីរបស់វីរ៉ុសកូរ៉ូណាអាចរារាំងដល់ចក្ខុវិស័យសុខាភិបាលនិងចក្ខុវិស័យកំណើនសេដ្ឋកិច្ចពិភពលោក។
ក្នុងរបាយការណ៍ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក IMF បានរំពឹងថា សេដ្ឋកិច្ចអាម៉េរិកនឹងកើនឡើង ៥,១% នៅឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះ ៣,៤% នៅឆ្នាំ២០២០ បន្ទាប់មកសេដ្ឋកិច្ច លំដាប់លេខ២ គឺប្រទេសចិននឹងមានកំណើន ៨,១% បន្ទាប់ពីការកើនឡើង២,៣% ក្នុងឆ្នាំ២០២០ ។
IMF បានបន្តថា ប្រទេសចំនួន១៩ នៅអឺរ៉ុបដែលមានភាគហ៊ុនជារូបិយប័ណ្ណអ៊ឺរ៉ូនឹងនឹងមានកំណើន ៤,២% នៅឆ្នាំ២០២១ បន្ទាប់ពីផលសេដ្ឋកិច្ចបានធ្លាក់ចុះ៧,២% ក្នុងឆ្នាំ២០២០។ សេដ្ឋកិច្ចជប៉ុនព្យាករណ៍ថា នឹងកើនឡើង៣,១% បន្ទាប់ពីបានធ្លាក់ចុះ៥,១% នៅឆ្នាំ២០២០។ សេដ្ឋកិច្ចប្រទេសឥណ្ឌាកើនឡើងលឿន ដោយសារការងើបឡើងវិញយ៉ាងលឿននៅ តាមរោងចក្រនិងចម្ការ នឹងរំពឹងថានឹងកើនឡើង១១,៥% នៅឆ្នាំ២០២១ ដែលកើនលឿនបំផុតក្នុងចំណោមសេដ្ឋកិច្ចនៃបណ្តាប្រទេសធំៗ ក្រោយពីបានធ្លាក់ចុះ៨% នៅឆ្នាំ២០២០។ ទន្ទឹមនឹងនោះ ពាណិជ្ជកម្មពិភពលោកនឹងងើបឡើងវិញនៅឆ្នាំ២០២១នេះ ជាមួយនឹងកំណើន៨,១% បន្ទាប់ពីបានធ្លាក់ចុះ ៩,៦% កាលពីឆ្នាំមុន៕