បើយោងតាមក្រសួងចម្ការឧស្សាហកម្មនិងមុខទំនិញបានឲ្យដឹងថា ភាគរយនៃកសិករកៅស៊ូគ្រួសារដែលដាក់ពាក្យស្នើសុំគម្រោងលើកទឹកចិត្តផលិតកម្មកៅស៊ូ (Rubber Production Incentive :IPG) រំពឹងថានឹងកើនឡើងនៅឆ្នាំនេះ ដែលនាំឲ្យប្រាក់ចំណូលប្រចាំខែរបស់កសិករកៅស៊ូគ្រួសារនឹងកើនឡើង២៥%។
ឯកឧត្តមបណ្ឌិត Mohd Khairuddin Aman Razali រដ្ឋមន្រ្តីក្រសួងចម្ការឧស្សាហកម្មនិងមុខទំនិញបានបញ្ជាក់ថា ជំនួយឧបត្ថម្ភលើកទឹកចិត្តផលិតកម្មកៅស៊ូនឹងត្រូវផ្តល់ជូនដោយផ្ទាល់ ដល់កសិករកៅស៊ូគ្រួសារ ដោយមិនចំបាច់ដាក់ពាក្យស្នើសុំដោយផ្ទាល់ទេ បន្ទាប់ពីឈ្មួញកណ្តាលនិងអ្នកទិញកៅស៊ូតម្រូវឱ្យប្រើកម្មវិធី RRIMniaga ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ដោយមានជំនួយឧបត្ថម្ភពីគម្រោង IPG ប្រាក់ចំណូលប្រចាំខែរបស់កសិករកៅស៊ូគ្រួសាររំពឹងថា នឹងកើនឡើង២៥% ចាប់ពី២៣០ដុល្លារ ដល់ ២៨៨ដុល្លារ។ ជំនួយឧបត្ថម្ភនេះផ្អែកទៅទំហំផ្ទៃដីមធ្យម២ហិកតា/គ្រួសារ និងតម្លៃជ័រចាននៅមាត់ចម្ការគឺ០,៥០ដុល្លារ/គ.ក្រ ។
លោកបានបន្តថា កាលពីឆ្នាំ២០២០ កសិករកៅស៊ូគ្រួសារសរុបចំនួន៣០,១៦% ដែលចូលរួមក្នុងគម្រោង Rubber Transaction Authorisation Permit :PAT-G នឹងទទួលបានជំនួយពី គម្រោងឧបត្ថម្ភលើកទឹកចិត្ត IPG នេះ។ ចំនួនកសិករដែលបានដាក់ពាក្យស្នើសុំមានចំនួន ១៣៥ ៦៣២នាក់ ក្នុងចំណោម ៤៩៥ ២៩៦នាក់ ដែលមានប័ណ្ណ PAT-G បានដាំដុះកៅស៊ូ លើផ្ទៃដីទំហំ២៩៤ ០៩៥, ៧៩ហ.ត “រដ្ឋាភិបាលតែងតែជួយកសិករកៅស៊ូគ្រួសារជានិច្ច ជាពិសេសនៅពេលដែលតម្លៃកៅស៊ូធា្លក់ចុះ”។
គម្រោង IPG និងការប្រើប្រាស់កម្មវិធី RRIMniaga ស្ថិតក្នុងចំណោមគំនិតផ្តួចផ្តើមរបស់ក្រសួងនិងក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី ដើម្បីជួយទប់ស្កាត់ផលប៉ះពាល់ការធ្លាក់ចុះតម្លៃនិងធានា ដំណើរការផលិតកម្មមុខទំនិញផ្សេងៗ ព្រមទាំងធានាស្ថេរភាពចំណូលរបស់កសិករកកៅស៊ូគ្រួសារ។
កម្មវិធី RRIMniaga ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីកាលពីដើមឆ្នាំកន្លងទៅ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការកៅស៊ូដែលពាក់ព័ន្ធនឹងអ្នកទិញនិងឈ្មួញកណ្តាល។ ថវិកានៅក្នុងឆ្នាំ២០២១ ការត្រៀមបំរុងថវិកាមូលនិធិ IPG បានកើនឡើងទ្វេដងរហូតដល់ ៣០០លានរីងហ្គីតធៀបនឹងឆ្នាំកន្លងទៅ។
កសិករកៅស៊ូចំនួនជាង៤៥០ ០០០គ្រួសារនៅតែព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចដ៏លំបាកដែលកាន់តែអាក្រក់ទៅៗ ដោយសារតែការរាតត្បាតនៃជំងឺ Covid-19 តាំងពីឆ្នាំ២០២០កន្លង ទៅ៕