×
ថ្លៃកៅស៊ូពិភពលោកនឹងកើនឡើងនៅឆមាសទី២ ឆ្នាំ២០២១

ថ្លៃកៅស៊ូពិភពលោករំពឹងថា នឹងមាននិន្នាការកើនឡើងនៅឆមាសទី២ ឆ្នាំ២០២១ ដែលអាចនឹងឡើងដល់២,៤៥ ដុល្លារ/គ.ក្រ នៅដើមឆ្នាំ២០២២។

លោក Dar Wong ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុនប្រឹក្សាយោបល់របស់ក្រុមហ៊ុន ALA បាននិយាយថា ថ្លៃកៅស៊ូទំនងជានឹងធ្លាក់ចុះម្តងទៀតនៅពាក់កណ្តាលឆ្នាំ២០២១ ប៉ុន្តែនឹងងើបឡើងខ្លាំងវិញនៅឆមាសទី២ ឆ្នាំ២០២១។ ចាប់ពីពេលនេះរហូតដល់ខែមករា ឆ្នាំ២០២១ ថ្លៃកៅស៊ូរំពឹងថានឹងកើនឡើងចន្លោះពី១,៣០-១,៧០ដុល្លារ/គ.ក្រ។ នៅពេលដែលទីផ្សារឡើងដល់១,៧០ដុល្លារ​/គ.ក្រ តម្លៃ កៅស៊ូនឹងចាប់ផ្តើមឡើងថ្លៃ។ ប្រសិនបើថ្លៃកៅស៊ូចាប់ផ្តើមងើបឡើងវិញនៅឆ្នាំ២០២១ ប្រៀបដូចជារលកសញ្ញាមួយដែលអាចនឹងឡើងដល់កម្រិតខ្ពស់នៅចន្លោះឆ្នាំ២០២២ ដល់ដើមឆ្នាំ២០២៤ ។

នៅក្នុងសន្និសីទកៅស៊ូពិភពលោកឆ្នាំ២០២០ (Global Rubber Conference: GRC 2020) ដែលបានធ្វើឡើងតាមរយៈប្រព័ន្ធ Via hybrid មានទាំងអ្នកចូលរួមផ្ទាល់និងពីចម្ងាយ លោក Dar Wong បានបន្ថែមទៀតថា ថ្លៃកៅស៊ូនឹងឈានដល់កម្រិតមួយខ្ពស់ជាងអ្វីដែលយើងធ្លាប់បានឃើញកាលពីឆ្នាំ២០១១។ នាពេលអនាគតថ្លៃ​ទំនិញពាណិជ្ជកម្មរួមទាំងកៅស៊ូនឹងផ្លាស់ប្តូរការទូទាត់ជាប្រាក់ដុល្លារសហរដ្ឋអាម៉េរិកវិញ។ នៅពេលដែលប្រាក់ដុល្លារធ្លាក់ថ្លៃជាងមុនអាចជំរុញឲ្យរាល់ទំនិញដែលគិតជាប្រាក់ដុល្លារបានថ្លៃ ហើយថ្លៃកៅស៊ូនឹងងើបឡើងវិញ ឬឈានដល់កម្រិតខ្ពស់ថ្មីមួយ។ ថ្លៃកៅស៊ូនឹងកើនឡើងជាបណ្តើរៗនៅពេលដែលប្រធានាធិបតីអាម៉េរិកថ្មីរៀបចំថវិកាថ្មី ដើម្បីទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចនៅខែមីនា ឬមេសា ឆ្នាំក្រោយ។

ទន្ទឹមនឹងនេះដែរ អគ្គលេខាធិការនៃសមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) លោក Premadasa បាននិយាយថា ផលិតកម្មកៅស៊ូពិភពលោកនឹងកើនឡើងរហូតដល់ឆ្នាំ២០២៣ ហើយនឹងនៅទ្រឹងនៅឆ្នាំបន្តបន្ទាប់។

ប្រសិនបើ ថ្លៃកៅស៊ូត្រលប់មកឡើងថ្លៃវិញ គួបផ្សំនឹងការថយផ្ទៃដីចៀរជ័រនៅចន្លោះឆ្នាំ២០២៣ និង២០២៤ នោះកសិកររំពឹងថា នឹងអនុវត្តវិធានការរយៈពេលខ្លីដើម្បីបង្កើនទិន្នផលពីចម្ការកៅស៊ូដែលមានស្រាប់។ ក្នុងករណីនេះ ទិន្នផលជាមធ្យមពីចម្ការកៅស៊ូដែលមានស្រាប់អាចនឹងកើនឡើងនៅឆ្នាំក្រោយ។

លោកបានបន្តទៀតថា ការ​ផ្គត់ផ្គង់លើទីផ្សារនឹងថយចុះចាប់ពីឆ្នាំ២០២៤ ឬ ២០២៥ ទោះបី តម្រូវការកើនឡើងក្នុងកំណើនធម្មតាក៏ដោយ។ ផលិតកម្មកៅស៊ូពិភពលោកសម្រាប់ឆ្នាំនេះរំពឹងថា ​នឹងធ្លាក់ចុះ៦,៨% មកនៅត្រឹមចំនួន១២,៩០លាន​​តោន បើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន១៣, ៨៤លានតោន ខណៈដែលការប្រើប្រាស់កៅស៊ូនឹងធ្លាក់ចុះ៧,៣% ចាប់ពី ១៣,៧៧លានតោនមកនៅត្រឹមតែ ១២,៧៦លានតោន៕

ព័ត៌មានចុងក្រោយ