×
ថ្លៃកៅស៊ូអាចកើនឡើងដល់១០០បាត/គីឡូក្រាម

អាជ្ញាធរកៅស៊ូថៃបានព្យាករថា ​ថ្លៃកៅស៊ូអាចឡើងដល់១០០បាត/គីឡូក្រាមនាពេលឆាប់ៗដែលជាថ្លៃខ្ពស់ជាងថ្លៃកំណត់ដោយរដ្ឋាភិបាល បន្ទាប់ពីប្រទេសផលិតកៅស៊ូជាច្រើនបានរងគ្រោះទឹកជំនន់ ស្របពេលដែលតម្រូវការពីប្រទេសចិនបានកើនឡើង ដោយសារតែរដ្ឋាភិបាលក្នុងតំបន់បានលើកកម្ពស់ឲ្យមានការប្រើប្រាស់យានយន្តតូចៗ។

លោក Nakorn Tangavirapat អភិបាលនៃអាជ្ញាធរថៃនិយាយថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថ្លៃកៅស៊ូប្រភេទ RSS-3 នៅខេត្ត Nakhon Si Thammarat មានតម្លៃ ៧៧,៧២បាត/គ.ក្រ គឺខ្ពស់ជាង ៣០% ថ្លៃកំណត់របស់រដ្ឋាភិបាលដែលមានត្រឹម៦០បាត/គ.ក្រ រីឯថ្លៃជ័រទឹកគឺ ៦៨,៥បាត/ គ.ក្រ ខ្ពស់ជាង២០% នៃថ្លៃកំណត់ដែលមានត្រឹមតែ ៥៧បាត/គ.ក្រ។ តម្លៃទាំងនេះ គឺឡើងខ្ពស់ក្នុង រយៈពេល៣ឆ្នាំនិង៨ខែ ដែលអាចកើនឡើងលើសពី៨០បាត/គ.ក្រ និងអាចបន្តកើនដល់ ៩០-១០០ បាត/គ.ក្រ។

មូលហេតុដែលធ្វើឲ្យថ្លៃកៅស៊ូកើនឡើងគឺការកាត់បន្ថយផលលិតផលកៅស៊ូដោយសារតែទឹកជំនន់ ជាពិសេសនៅភាគខាងត្បូងប្រទេសចិននិងវៀតណាមបានជះឥទ្ធិពលដល់ប្រទេសផលិតកៅស៊ូជាច្រើនដែលផលិតកៅស៊ូធម្មជាតិ។ ប្រទេសថៃបានរាយការណ៍ថា ផលលិតផលកៅស៊ូសរុបរបស់ខ្លួនបានធ្លាក់ចុះ ១០% ដោយសារមានភ្លៀងធ្លាក់ជាញឹកញាប់នៅភាគខាងត្បូងដែលបានរារាំងមិនឲ្យកសិករប្រមូលផលជ័របាន។

លើសពីនេះទៅទៀត តម្រូវការកៅស៊ូនៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីរដ្ឋាភិបាលនៅក្នុងតំបន់បានចាប់ផ្តើមលើកកម្ពស់ការប្រើប្រាស់រថយន្តធុនតូចៗ ដែលជំរុញឱ្យក្រុមហ៊ុនផលិតសំបកកង់បង្កើនបរិមាណផលិតកម្មរបស់ខ្លួនជិត ៣ដង។

លោកបានបន្ថែមថា បរិមាណនៃការនាំចេញជ័រកៅស៊ូនៅឆ្នាំនេះប្រហាក់ប្រហែលនឹងឆ្នាំមុន ដែលមានចំនួន៤,១លានតោន ប៉ុន្តែថ្លៃបានកើនឡើងខ្ពស់ជាង៣០% នៃតម្លៃនាំចេញសរុបកាលពីឆ្នាំមុន ដែលមានទឹកប្រាក់ចំនួន១៨៧,១២ ពាន់លានបាត៕

ព័ត៌មានចុងក្រោយ