ប្រទេសថៃនិងរុស្ស៊ីបានព្រមព្រៀងបង្កើនពាណិជ្ជកម្មទ្វេភាគីនូវទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ដែលជាផ្នែកមួយដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការផ្ទុះឡើងនៃ Covid-19 ។
លោក Vladimir Ilichev អនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីបានឲ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី៤ ស្តីពីការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ដែលប្រទេសរុស្ស៊ីជាម្ចាស់ផ្ទះ ដឹកនាំដោយលោក Jurin Laksanawisit រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិយាយថា ភាគីទាំងពីរមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីដែល មានទឹកប្រាក់១ពាន់លានដុល្លារនៅឆ្នាំ២០២៣ ឬជាមធ្យម ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។
កាលពីឆ្នាំមុនប្រទេសរុស្ស៊ីជាដៃគូពាណិជ្ជកម្មទ្វេភាគីធំទី៣០ របស់ប្រទេសថៃដែលមានទឹកប្រាក់ចំនួន៣,១៣ពាន់លានដុល្លារ។ ការនាំចេញរបស់ថៃទៅកាន់ប្រទេសរុស្ស៊ីមានទឹកប្រាក់សរុបចំនួន ៩៥៨លានដុល្លារ ដែលមានទំនិញនាំចេញសំខាន់ៗរួមមាន៖ រថយន្ត គ្រឿងបន្លាស់ និងកៅស៊ូ រីឯការនាំចូលមានទឹកប្រាក់ចំនួន ២,១៧ពាន់លានដុល្លារមាន៖ ប្រេងឆៅ ដែកថែប អាវុធ និងជី។
ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០ ប្រទេសរុស្ស៊ីជាដៃគូពាណិជ្ជកម្មទ្វេភាគីធំទី២៨ របស់ប្រទេសថៃដែលមានទឹកប្រាក់សរុបចំនួន ១,៨ពាន់លានដុល្លារ បានធ្លាក់ចុះ៣២,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញពីប្រទេសថៃមានទឹកប្រាក់ ៥២៨,៣លានដុល្លារ បានធ្លាក់ចុះ៣០,៧% រីឯការនាំចូលមានទឹកប្រាក់១,២២ពាន់លានដុល្លារ បានធ្លាក់ចុះ៣២,៧% បើធៀបនឹងឆ្នាំមុន។
លោក Jurin បានបន្ថែមថា ប្រទេសថៃបានជំរុញឲ្យប្រទេសរុស្ស៊ីជួយបង្កើនការនាំចូលផលិតផលកសិកម្មមាន៖ សាច់មាន់ បង្គា និងកៅស៊ូ។
ប្រទេសថៃក៏បានស្នើដល់ក្រុមហ៊ុន Rostec ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយប្រទេសរុស្ស៊ីឲ្យជួយពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរកៅស៊ូថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកៅស៊ូរវាងភាគីទាំងពីរនិងជំរុញការនាំចេញកៅស៊ូ។ ចំណែកឯប្រទេសរុស្ស៊ីក៏បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវ៉ាក់សាំង Covid-19 ដោយរុស្ស៊ីបានអះអាងថាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ប្រទេសទាំងពីរនឹងធ្វើការលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងការតាំងពិព័រណ៍ពាណិជ្ជកម្មbតាមរយៈប្រព័ន្ធអ៊ិនធឺរណែតនិងការធ្វើអាជីវកម្មបន្ថែមលើកិច្ចសហប្រតិបត្តិការពហុភាគីរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរុស្ស៊ី និង អាស៊ាន៕