×
ផលិតកម្មកៅស៊ូធម្មជាតិរបស់ឥណ្ឌានៅឆ្នាំ២០២០ បានថយចុះចំនួន៤២ ០០០តោន

លោក RB Premadasa អគ្គលេខាធិការនៃសមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បាននិយាយថា ក្នុងខែកញ្ញា ឆ្នាំ២០២០ តម្លៃកៅស៊ូធម្មជាតិមានភាពប្រសើរឡើង។

របាយការណ៍របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិបានឲ្យដឹងថា ផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសឥណ្ឌានៅឆ្នាំ២០២០ បានថយចុះចំនួន ៤២ ០០០តោន មកនៅត្រឹមតែ ៦៦៨ ០០០តោន ដោយសារតែនៅរដ្ឋ Kerala មានការផ្ទុះឡើងនៃចំនួនករណីថ្មីប្រចាំថ្ងៃនៃ Covid-19 ចាប់តាំងពីដើមខែកញ្ញា និងការជ្រុះស្លឹកកៅស៊ូដែល       បណ្តាលមកពីការផ្ទុះឡើងនៃជំងឺ Phytophthora ក្នុងខែកក្កដានិងខែសីហា។

ANRPC បានបន្ថែមថា ប្រទេសឥណ្ឌាបានបង្កើនការប្រើប្រាស់កៅស៊ូនៅឆ្នាំ២០២០នេះ ចាប់ពី៩០០ ០០០

តោនដល់ ៩២៣ ០០០តោន ដោយសារតែការកើនឡើងនៃការលក់រថយន្ត។ ការលក់រថយន្តដឹកអ្នកដំណើរក្នុងស្រុកបានកើនឡើង៣១,៣% បើធៀបនឹងខែកញ្ញាឆ្នាំមុន ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេល២៧ខែកន្លងមកនេះ។     រថយន្តត្រូវបានប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួននៅក្នុងកំឡុងពេលមានការរីករាលដាលនៃ Covid-19 ការបើកទីផ្សារជា បណ្តើរៗ ការបន្ធូរសង្វាក់ផ្គត់ផ្គង់ និងការចាប់អារម្មណ៍លើការបើកដំណើរការរថយន្តថ្មី។

ប្រទេសឥណ្ឌាតម្លៃកៅស៊ូក្នុងស្រុក RSS4 នៅ Kottayam ស្ទើរតែមានលំនឹងនៅអំឡុងខែកញ្ញានេះ ដែលមានតម្លៃជាមធ្យម ១ ៨២៧ដុល្លារ/តោន គឺកើនឡើង៣,៥% បើធៀបនឹងខែសីហាដែលមានតម្លៃ ១ ៧៦៦ដុល្លារ/តោន។

ផលិតកម្មកៅស៊ូធម្មជាតិក្នុងពិភពលោកក្នុងរយៈពេលពេញមួយឆ្នាំ២០២០ រំពឹងថា នឹងមានចំនួន១២,៩០១ លានតោន ដែលបានធ្លាក់ចុះ៦,៨% បើធៀបនឹងឆ្នាំមុន។ ការផ្គត់ផ្គង់កៅស៊ូពិភពលោកមានការធ្លាក់ចុះ គឺភាគច្រើនដោយសារតែការថយចុះនៅប្រទេសថៃនិងឥណ្ឌា។ ផលិតកម្មកៅស៊ូរបស់ប្រទេសថៃបានថយចុះចំនួន ៣៣២ ០០០តោននៅសល់ត្រឹមតែ ៤,៤៧៨លានតោន។

ការប្រើប្រាស់កៅស៊ូពិភពលោកពេញមួយឆ្នាំ២០២០ បានកើនឡើង៦៧ ០០០តោន ស្មើនឹង ១២,៦១១លានតោន ប៉ុន្តែបានធ្លាក់ចុះ៨,៤% បើប្រៀបធៀបនឹងឆ្នាំមុន។ ចំណែកឯ ប្រទេសចិនការប្រើប្រាស់កៅស៊ូនៅឆ្នាំ២០២០ បានកើនឡើងជាងការព្យាករពីមុនដែលរំពឹងលើការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច។

តម្រូវការកៅស៊ូធម្មជាតិពិភពលោកនៅតែមានឧបសគ្គ ដោយសារភាពមិនល្អមួយចំនួនដែលបានជះឥទ្ធិពលដល់ការស្ទុះងើបនៃសេដ្ឋកិច្ចសកលដូចជា ការកើនឡើងថ្មីនៃចំនួនករណីឆ្លងវីរុស វិធានការទប់ស្កាត់និងការដាក់ប្រទេសក្នុងគ្រាអាសន្នទំនងជាអាចពន្យារពេលយូរដល់ការផលិតវ៉ាក់សាំង៕

ព័ត៌មានចុងក្រោយ