ក្រុមហ៊ុនផលិតផលកៅស៊ូឈានមុខគេមួយនៅប្រទេសស្រីលង្កាបាននិយាយថា វិស័យកៅស៊ូរបស់ប្រទេសស្រីលង្កាទាមទារឱ្យមានការវិនិយោគនិងកិច្ចសហការកាន់តែច្រើនក្នុងចំណោមវិស័យឧស្សាហកម្មផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់ក្នុងទីផ្សារពិភពលោកលើកៅស៊ូធម្មជាតិ ដែលមានគុណភាពខ្ពស់និងនាំមុខគេរបស់ប្រទេស ស្រីលង្កា។
ក្រុមហ៊ុន Samson International PLC ដែលជាផ្នែកមួយនៃក្រុមហ៊ុន DSI Samson Group បានរាយការណ៍នៅក្នុងរបាយការណ៍ប្រចាំឆ្នាំថា វិស័យកៅស៊ូត្រូវការការវិនិយោគបន្ថែមទៀតទាំងផ្នែកឯកជននិងរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុក និងមានការ ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មរួមកាន់តែល្អប្រសើរឡើង។ ការសហការគ្នាក្នុងចំណោមវិស័យឧស្សាហកម្មផ្សេងទៀតក្នុងវិស័យដែលមិនមានលក្ខណៈប្រកួតប្រជែងនឹងនាំឱ្យមានផលប៉ះពាល់ដល់ដំណើរការឧស្សាហកម្ម។ កៅស៊ូធម្មជាតិរបស់ប្រទេសស្រីលង្កាមានតម្រូវការខ្ពស់នៅក្នុងទីផ្សារពិភពលោក ដោយសារលក្ខណៈសម្បត្តិពិសេសរបស់វា។
ក្រុមហ៊ុនក៏បានសម្គាល់ឃើញថា ប្រទេសស្រីលង្កាមានប្រភេទកៅស៊ូធម្មជាតិដែលមានគុណភាពខ្ពស់ត្រូវបានគេស្គាល់ថាជា Lankaprene ដែលមិនមានក្លិន មានពណ៌ស្រាល និងថ្លាគឺសមស្របសម្រាប់ផលិតជាឧបករណ៍វេជ្ជសាស្រ្ត និងទទួលបានតម្លៃបន្ថែមពីទីផ្សារ។
ទោះយ៉ាងណា បើតាមការព្យាករណ៍ពីមុនទិន្នផលកៅស៊ូជាមធ្យមរបស់ប្រទេសស្រីលង្ការំពឹងថាមិនមានការប្រែប្រួលឡើយ ដោយបច្ចុប្បន្នទិន្នផលទាបគឺ១ ០៤២គ.ក្រ/ហិកតារហូតដល់ឆ្នាំ២០២៤។ លើសពីនេះទៀត ផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសស្រីលង្កាដែលមាននិន្នាការធ្លាក់ចុះរំពឹងថា នឹងបន្តធ្លាក់ចុះ១% ទៀតនៅឆ្នាំ២០២៤។
ថ្លៃកៅស៊ូនឹងមិនឡើងខ្ពស់ឡើយ នៅទីផ្សារអន្តរជាតិនាពេលអនាគត ពីព្រោះតម្រូវការកៅស៊ូធម្មជាតិបានធ្លាក់ចុះនៅក្នុងទីផ្សារសំខាន់ៗដូចជនៅអាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុបជាដើម។
ប្រទេសស្រីលង្កាផលិតកៅស៊ូបាន៨១ ០០០តោន/ឆ្នាំ ស្មើនឹង០,៦% នៃផលិតផលកៅស៊ូធម្មជាតិពិភពលោកនិងបាននាំចេញកៅស៊ូធម្មជាតិស្ទើរតែគ្រប់ប្រភេទទៅលក់នៅលើទីផ្សាររួមមាន៖ កៅស៊ូសន្លឹកសម្ងួតដោយមានផ្សែង (RSS) កៅស៊ូក្រែបផលិតចេញពីទឹកជ័រ (Latex Crepe Rubber) កៅស៊ូក្រែបផលិតចេញពីជ័រកក (Scrap Crepe) កៅស៊ូ បញ្ជាក់តាមលក្ខណៈបច្ចេកទេស (TSR: Technically Specified Rubber) ទឹកជ័រកៅស៊ូខាប់ (Centrifuged Latex) និងប្រភេទកៅស៊ូសំខាន់ផ្សេងៗទៀត។
ទោះយ៉ាងណាក៏ដោយ ប្រទេសនេះក៏បាននាំចូលកៅស៊ូធម្មជាតិនិងកៅស៊ូសំយោគមួយចំនួនធំផងដែលសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងបន្ថែមតម្លៃនាំចេញ។ ក្រុមហ៊ុន Samson International អាចរកចំណូលបានជាង ៦០០លានរូពី/ឆ្នាំ ពីការនាំចេញផលិតផលកៅស៊ូដូចជា៖ រ៉ងទ្រនាប់ បំពង់ទឹកក្តៅ កន្ទេល និងកំរាលជ័រ។ល៕