អាជ្ញាធរកៅស៊ូថៃ (The Rubber Authority of Thailand :RAOT) បានរាយការណ៍ពីការកើនឡើងនៃតម្លៃជ័រ ដោយសារតែតម្រូវការស្រោមដៃកៅស៊ូនិងស្រោមអនាម័យកើនឡើង។
លោក Praphan Boonyakiat អភិបាលនៃអាជ្ញាធរកៅស៊ូថៃបាននិយាយថា ថ្លៃជ័រកៅស៊ូនៅខែមិថុនាមានតម្លៃ៤៤,៥២បាត/គីឡូក្រាមបានកើន ឡើង៤,៤៤បាត ស្មើនឹង១០,៨៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើន៦,៤៦% ធៀបនឹងខែមុន។ វិបត្តិជំងឺ Covid-19 បានជំរុញឲ្យមានតម្រូវការលើស្រោមដៃកៅស៊ូសម្រាប់វិស័យ វេជ្ជសាស្រ្តក៏ដូចជាស្រោមអនាម័យផងដែរ។
លោក Praphan បានបន្ថែមថា ក្រុមហ៊ុនផលិតផលិតផលសម្រេចពីកៅស៊ូជាច្រើននៅអឺរ៉ុបនិងសហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការបង្កើតរោងចក្រនៅក្នុងប្រទេសថៃ ដោយសារតែចង់ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19នេះ។ ពួកគេបានព្យាករណ៍ថា ស្ថានភាពនេះនឹងទ្រទ្រង់ដល់តម្រូវការស្រោមដៃពេទ្យយ៉ាងហោចណាស់៣ ទៅ៥ឆ្នាំដែរ។ ប្រសិនបើនិន្នាការនេះ នៅតែបន្តនេះគឺជាលើកដំបូងហើយដែលថ្លៃទឹកជ័រកៅស៊ូខាប់ខ្ពស់ជាងកៅស៊ូសន្លឹក។
អាជ្ញាធរកៅស៊ូថៃបានឲ្យដឹងថា ការនាំចេញកៅស៊ូក្នុងរយៈពេល៥ខែមានចំនួន១ ៦៨៦ ៩៩២ តោនបានធ្លាក់ចុះ៣,៥១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ១ ៧៤៨ ៤០៥តោន។ វិបត្តិកូរ៉ូណាវីរុសបានបង្ខំឲ្យប្រទេសជាច្រើនបិទប្រទេស។
ក្នុងចំណោមអ្នកនាំចូលកៅស៊ូថៃ ប្រទេសចិនជាប្រទេសតែមួយគត់ដែលបានទិញផលិតផលកៅស៊ូចំនួន ១ ០៦៩ ៨៨៩តោន គឺបានកើនឡើង ១០,០៣% ពីការនាំចូលកាលពីឆ្នាំមុនដែលចំនួន៩៧២ ៣៨៩តោន។ ការនាំចេញកៅស៊ូទៅកាន់ប្រទេសយក្សនៅអាស៊ីមានចំនួន៦៣,៤២% នៃការនាំចេញកៅស៊ូសរុបរបស់ប្រទេសថៃ។
ក្នុងរយៈពេល៥ខែចុងក្រោយនេះ ប្រទេសម៉ាឡេស៊ីបាននាំចូលកៅស៊ូចំនួន ១៤៨ ៩១៩,៤តោន បានធ្លាក់ចុះ៨,៨% បើធៀបទៅឆ្នាំនឹងមុន។ សហរដ្ឋអាម៉េរិកបានទិញកៅស៊ូចំនួន ៧៧ ៥៤៩, ៨៩តោន បានធ្លាក់ចុះ២៧,៨% ជប៉ុនទិញកៅស៊ូចំនួន៨០ ៩៩៧,៧៣តោន បានធ្លាក់ចុះ១៣,៥% និងកូរ៉េខាងត្បូងបាននាំចូលកៅស៊ូចំនួន៣៩ ០៦៤, ៣៥ តោនបានធ្លាក់ចុះ១៩,៦៨%៕