×
ក្រុមហ៊ុន Yokohama យល់ព្រមគាំទ្រដល់កសិករដាំកៅស៊ូធម្មជាតិនៅប្រទេសថៃ
ក្រុមហ៊ុន Yokohama Rubber Co. Ltd (YRC) បានយល់ព្រមផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច ដល់កសិករដាំកៅស៊ូនៅក្នុងប្រទេសថៃ និងកែលម្អប្រភពវត្ថុធាតុដើមដើម្បីធានាបាននូវតម្លាភាពនិងភាពប្រសើរឡើងនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
ការសន្យារបស់ក្រុមហ៊ុន Yokohama កំពុងត្រូវបានសម្របសម្រួលតាមរយៈអាជ្ញាធរកៅស៊ូថៃ ដែលជាសហគ្រាសរដ្ឋស្ថិតក្រោមយុត្តាធិការរបស់ក្រសួងកសិកម្មនិងសហករណ៍ប្រទេសថៃនិងកំពុងចងភ្ជាប់ទៅនឹង ”គោនយោបាយ លទ្ធកម្មសម្រាប់និរន្តរភាពកៅស៊ូ” របស់ក្រុមហ៊ុន។
ក្រុមហ៊ុន YRC បាននិយាយថា កិច្ចព្រម ព្រៀងនេះ គឺជាការបន្តតាមដានសិក្សាស្រាវជ្រាវពីចម្ការកៅស៊ូធម្មជាតិនៅស្រុក Surat Thani ប្រទេសថៃដោយរោងចក្រកែច្នៃ Y.T. Rubber Co. Ltd. (YTRC) ដែលទទួលបានការឧបត្ថម្ភធនពីក្រុមហ៊ុន YRC ចាប់តាំងពីចុងខែមិថុនាឆ្នាំមុន។
ក្រុមហ៊ុន​ YTRC បានសម្ភាសន៍កសិករប្រហែល៧០នាក់ និងមានគម្រោងបន្តតាមដាន សិក្សាស្រាវជ្រាវលើកសិករប្រមាណ៥០០នាក់ នៅដំណាច់ឆ្នាំ២០២១។ ក្រុមហ៊ុន YRC គ្រោងនឹងប្រើលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ដើម្បីវិភាគបញ្ហាកំពុងប្រឈមនឹងការដាំដំណាំកៅស៊ូ ដើម្បីចូលរួមដល់ការដាំដុះកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពនិងកែលម្អប្រភពវត្ថុធាតុដើម។
ក្រុមហ៊ុន YRC បានបន្ថែមថា កំណើនតម្រូវការកៅស៊ូធម្មជាតិប៉ុន្មានឆ្នាំថ្មីៗនេះ ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងបណ្តាប្រទេសនិងតំបន់ផលិតកៅស៊ូធម្មជាតិអំពីបញ្ហាជាច្រើនរួមមាន៖ ការកាប់បំផ្លាញព្រៃឈើ ការកេងប្រវ័ញ្ចដីធ្លី ការរំលោភសិទ្ធិមនុស្ស និងផលប៉ះពាល់អវិជ្ជមានលើជីវចម្រុះ ហេតុនេះ ដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ YRC កំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយក្រុមសិក្សាកៅស៊ូអន្តរជាតិ។ YRC ក៏សកម្មក្នុងនាមជាសមាជិកស្ថាបនិកនៃវេទិកាពិភពលោកសម្រាប់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពដែលបានបើកដំណើរការនៅខែតុលា ឆ្នាំ២០១៨ កន្លងមក។

ក្នុងចំណោមសកម្មភាពដែលក្រុមហ៊ុន YRC បានអនុវត្តដើម្បីធានានិរន្តរភាពកៅស៊ូធម្មជាតិមាន៖

  • ការស្រាវជ្រាវរួមគ្នាលើកៅស៊ូធម្មជាតិជាមួយសាកលវិទ្យាល័យ
  • ជំរុញការប្រើប្រាស់ “កសិរុក្ខកម្ម” ឲ្យបានទំលំទូលាយដែលរួមចំណែកដល់ប្រាក់ចំណូលធ្វើឲ្យមានស្ថេរ ភាពជាងមុនសម្រាប់កសិករដាំកៅស៊ូក្នុងប្រទេសនិង
  • ការគ្រប់គ្រងអ្នកផ្គត់ផ្គង់កៅស៊ូធម្មជាតិឲ្យបានទៀងទាត់៕

កំណើនតម្រូវការកៅស៊ូនឹងត្រលប់ទៅរកភាពវិជ្ជមានឡើងវិញ

នៅខែមិថុនា ឆ្នាំ២០២០ កំណើនតម្រូវការកៅស៊ូពិភពលោករំពឹងថានឹងត្រឡប់ទៅរកភាពវិជ្ជមានឡើងវិញដោយ​ រំពឹងថា ការប្រើប្រាស់កៅស៊ូធម្មជាតិនឹងកើនឡើង០,៤% បន្ទាប់ពីបានធ្លាក់ចុះ២៣,១% ក្នុងខែមេសា និង១០,១%    ក្នុងខែឧសភា។ យោងតាមក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីបានឲ្យដឹងថា តម្រូវការកៅស៊ូពិភពលោកកើនឡើង ដោយសារតែ មានកំណើនក្នុងវិស័យយានយន្តនៅក្នុងប្រទេសចិនដែលជាប្រទេសប្រើប្រាស់កៅស៊ូធម្មជាតិធំជាងគេលើពិភពលោក។

ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីបានឲ្យដឹងទៀតថា ក្នុងខែមេសា ឆ្នាំ២០២០ ប្រទេសចិនបានលក់រថយន្តកើនឡើង៤,៤%បើធៀបនឹងឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល២១ខែកន្លងមកនេះ។ ក្នុងអំឡុងនៃការផ្ទុះឡើងនូវជំងឺ Covid-19 ប្រជាជននៅក្នុងប្រទេសចិននិយមប្រើប្រាស់យានយន្តផ្ទាល់ខ្លួនជាជាងសេវាដឹកជញ្ជូនសាធារណៈ។

ស្ថានភាពនេះ ឆ្លុះបញ្ចាំងពីទីផ្សារកៅស៊ូកំពុងឈានទៅរកភាពវិជ្ជមានបន្តិចម្តងៗជាមួយនឹងការកើនឡើងតម្រូវការកៅស៊ូធម្មជាតិពិភពលោក ខណៈពេលដែលប្រទេសភាគច្រើននៅជុំវិញពិភពលោកបានបន្ធូរបន្ថយការបិទប្រទេស និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។

ស្ថានភាពនេះគឺជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់បណ្តាញសេដ្ឋកិច្ចពិភពលោករួមមានទីផ្សារនិងតម្រូវការកៅស៊ូ ធម្មជាតិ។ កាលពីថ្ងៃទី២ ខែមេសា ថ្លៃកៅស៊ូបានធ្លាក់ចុះខ្លាំង ប៉ុន្តែចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ថ្លៃកៅស៊ូ SMR 20 បានងើបឡើងវិញចន្លោះពី ៤,៦០រីងហ្គីត /គីឡូក្រាម ទៅ ៤,៩៥រីងហ្គីត/គីឡូក្រាម។

កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលគាំទ្រដល់និន្នាការថ្លៃកៅស៊ូ មកពីកំណើនតម្រូវការកៅស៊ូធម្មជាតិពិភពលោក ដោយសារការបន្ធូរបន្ថយការបិទ​ប្រទេស​នៅប្រទេសមួយចំនួន  ពិសេស​ប្រទេស​ចិនដែលបានចាប់ផ្តើមដំណើរ​ការឧស្សាហកម្មកម្មន្ដសាលឡើងវិញ បន្ទាប់ពីបានបិទប្រទេស​ចាប់តាំង​ពីចុងខែមករាមក ដោយសារតែការ​រាតត្បាត​នៃជំងឺ Covid-19 និងកំណើនវិជ្ជមាននៃទីផ្សារប្រេងឆៅពិភពលោកដែលមានតម្លៃប្រមាណ ៣៥ដុល្លារអាម៉េរិក/បារ៉ែល។

ម្យ៉ាងទៀត ការផ្គត់ផ្គង់កៅស៊ូធម្មជាតិ​ទូទាំង​ពិភពលោកបានធ្លាក់ចុះដោយសារផលិតកម្ម​កៅស៊ូ​ពិភពលោករំពឹងថា នឹងធ្លាក់ចុះ២,៣% ស្មើ​នឹង​១៣,៤៣លានតោនក្នុងឆ្នាំ២០២០ បើ​ធៀប​ទៅ​​នឹងឆ្នាំមុន មកពីបទបញ្ជាត្រួតពិនិត្យការផ្លាស់ទី (MCO: the​ Movement Control Order) នៅប្រទេស ម៉ាឡេស៊ីដែល​ជាប្រទេសផលិតកៅស៊ូធំជាងគេមួយនៅលើពិភពលោក។

រដ្ឋាភិបាលនឹងបន្តការពារសុខុមាលភាពរបស់កសិករកៅស៊ូគ្រួសារ ដោយបន្ត​អនុវត្តការលើកទឹកចិត្តផលិតកម្មកៅស៊ូ​ដើម្បីជួយ​សម្រាលបន្ទុករបស់ពួកគាត់ក្នុងកំឡុង​ពេលដែលកៅស៊ូ​ធ្លាក់ថ្លៃ៕

ព័ត៌មានចុងក្រោយ