សមាគមអ្នកផលិតស្រោមដៃកៅស៊ូម៉ាឡេស៊ីគ្រោងនឹងផលិតស្រោមដៃកៅស៊ូបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកំពុងតែកើនឡើងនៅទីក្រុងវ៉ូហាន ភាគកណ្តាលប្រទេសចិន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
លោក Dr.Supramaniam Shanmugam អនុប្រធានសមាគមក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូម៉ាឡេស៊ីបាននិយាយថា តម្រូវការស្រោមដៃកៅស៊ូបានកើនឡើង១០០% នៅទូទាំងពិភពលោក ដោយសារតែប្រទេសមួយចំនួនកំពុងតែអនុវត្តយុទ្ធសាស្ត្រ ការពារនិងទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា។ ជារួមប្រសិនបើ ពិនិត្យមើលទៅលើការផលិតស្រោមដៃ វិញគឺស្ថិតក្នុងស្ថានភាពល្អប្រសើរមានន័យថា យើងអាចផលិតស្រោមដៃបន្ថែមទៀតបាន។ ប៉ុន្តែ យើងត្រូវតែពិនិត្យ ពិចារណាទៅលើបញ្ហាប្រឈម និងការប្ដេជ្ញាធានាការផលិតយ៉ាងហោចណាស់ឲ្យបានជាង ១០% លើសការផលិតនាពេលបច្ចុប្បន្ន។ បើតាមការសន្យារបស់រដ្ឋាភិបាលនឹងបរិច្ចាគចំនួន១៨លាន ស្រោមដៃទៅដល់បុគ្គលិកថែទាំសុខភាពនៅទីក្រុងវ៉ូហាន ដែលម្ចាស់ជំនួយឧបត្ថម្ភក្នុងការផលិតមាន៖ ក្រុមហ៊ុន Smart Glove Corp Sdn Bhd ក្រុមហ៊ុន Top Glove Corp Bhd ក្រុមហ៊ុន Hartalega Holdings Bhd ក្រុមហ៊ុន Supermax Corp Bhd និងក្រុមហ៊ុន Kossan Latex Industries (M) Sdn Bhd ។
កាលពីសប្តាហ៍មុនស្រោមដៃប្រមាណជា ៣ លានត្រូវបានទៅដល់ប្រទេសចិន ចំណែកស្រោមដៃនៅសល់នឹងត្រូវផ្តល់ក្នុងរយៈពេលមួយសប្តាហ៍ទៀត ដោយសង្ឃឹមថា ការរីករាលដាលនៃជំងឺនេះ នឹងអាចទប់ស្កាត់បានឆាប់ៗ។
លោកបន្ថែមថា ការបង្កើនផលិតកម្មស្រោមដៃរំពឹងថា នឹងត្រូវរក្សាដដែលនៅក្នុងរយៈពេល៤ ទៅ៥សប្តាហ៍បន្ទាប់ទៀត នៅពេលដែលសមាគមកត់សម្គាល់ឃើញពីកំណើនតម្រូវការសកល។ ការប្រើប្រាស់របស់មនុស្សម្នាក់ៗនៅប្រទេសចិនគឺ៥គូ ស្មើនឹង១០ស្រោមដៃក្នុងចំណោមប្រជាជន១,៦ពាន់លាននាក់។ បច្ចុប្បន្ននេះ ប្រសិនបើការប្រើប្រាស់របស់មនុស្សម្នាក់កើនឡើង៥០% មានន័យថា តម្រូវការស្រោមដៃកើនពី៥ - ៦ ពាន់លាន ដោយសារតែការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរនៃវីរុសកូរ៉ូណា និងការប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោកដែលធ្វើឲ្យតម្រូវការឡើងខ្ពស់។
ទន្ទឹមនឹងនេះ បើតាមការសន្យារបស់លោក Teresa Kok រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មបាននិយាយថា ខណៈពេលដែលប្រជាជនម៉ាឡេស៊ីមានការព្រួយបារម្ភអំពីការរីករាលដាលនៃមេរោគនេះ។ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ចំពោះប្រទេសចិនផងដែរ ដោយសារតែទំនាក់ទំនងវប្បធម៌និងធុរកិច្ចរបស់ប្រទេសទាំងពីរដែលបានកសាងឡើងអស់ជាច្រើនទសវត្ស។ ប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នាលើផ្នែកពាណិជ្ជកម្មដែលបានកើនឡើង ៨,១% ស្មើនឹងទឹកប្រាក់៣១៣,៨ពាន់លានរីងហ្គីត នៅក្នុងឆ្នាំ២០១៨ ។
លោកបានបន្ថែមទៀតថា មន្ទីរពេទ្យនៅទីក្រុងវ៉ូហានកំពុងអំពាវនាវរកសម្ភារៈបរិក្ខាការពារផ្នែកសុខាភិបាលជាច្រើនដូចជា៖ ម៉ាស់ សំលៀកបំពាក់ និងស្រោមដៃដែលកំពុងតែខ្វះខាត។ ក្រុមប្រឹក្សាជំរុញការនាំចេញកៅស៊ូនិងក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូម៉ាឡេស៊ីបានសន្យាបរិច្ចាគស្រោម ដៃពេទ្យចំនួន១៨លាន ទៅកាន់ទីក្រុងវ៉ូហាននៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ដើម្បីរួមចំណែកជួយដល់ប្រទេសចិនក្នុងការខិតខំព្យាបាលអ្នកជំងឺនៅទីនោះ។
ស្រោមដៃពេទ្យ នឹងត្រូវបញ្ជូនដំបូងទៅកាន់ទីក្រុងវ៉ូហាន នៃប្រទេសចិនដោយក្រុមហ៊ុនពីរគឺ Top Glove និង Supermax ដែលបានបរិច្ចាគចំនួន ២,៣លានស្រោមដៃ។
បច្ចុប្បន្ននេះ ប្រទេសម៉ាឡេស៊ីជាប្រទេសដែលនាំមុខគេលើផលិតនិងនាំចេញស្រោមដៃពេទ្យទូទាំងពិភពលោក ដែលមានចំនួន១៨០ពាន់លានស្រោមដៃ៕